កម្មករកាត់ដេរបានអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ដើម្បីធានាថាម្ចាស់ផ្ទះជួលមិនយកថ្លៃពីអ្នកជួលផ្ទះលើសពីថ្លៃទឹកថេរគឺ៨០០រៀលក្នុងមួយម៉ែត្រគូបដែលបានកំណត់កាលពី៤ឆ្នាំមុន ដោយនិយាយថា ពួកគេកំពុងតែជួបការពិបាកក្នុងការបង់ថ្លៃទឹកភ្លើងខ្ពស់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយសមាគមមជ្ឈមណ្ឌលព័ត៌មានកម្មករ កញ្ញា ច្រឹក ដាវី អាយុ២៤ឆ្នាំជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ម្ចាស់ផ្ទះជួលរបស់នាងយកថ្លៃទឹក ២០០០រៀលក្នុងមួយម៉ែត្រគូប។
កញ្ញា បាននិយាយថា៖ «ខ្ញុំប្រើអស់បីម៉ែត្រគូបក្នុងមួយខែ។ វាជាចំនួនតិចតួចមួយព្រោះខ្ញុំសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ហើយខ្ញុំប្រើទឹកតែពេលព្រឹកនិងពេលល្ងាចប៉ុណ្ណោះ ព្រោះខ្ញុំទៅធ្វើការរាល់ថ្ងៃ»។
កញ្ញា ដាវី បាននិយាយថា នាងមិនហ៊ានប្រើទឹកលើសពីនេះទេ ដោយបារម្ភពីការចំណាយ។
ដាវី បាននិយាយថា៖ «ប្រសិនបើម្ចាស់ផ្ទះជួលគិតថ្លៃទឹកតាមតម្លៃរដ្ឋ៨០០រៀល ខ្ញុំត្រូវចំណាយត្រឹមតែ២៤០០រៀលក្នុងមួយខែ ដូច្នេះខ្ញុំអាចទុក៣៦០០រៀលទៀតសម្រាប់ការចំណាយលើថ្លៃម្ហូបអាហារ»។
កញ្ញា ដាវី បាននិយាយថា ក្រសួងឧស្សាហកម្មបានប្រកាសតម្លៃទឹក ៨០០រៀល ក្នុងមួយម៉ែត្រគូបកាលពីជាង៤ឆ្នាំមុន។ បើទោះជាយ៉ាងនេះក៏ដោយ ក៏គ្មានច្បាប់រារាំងម្ចាស់ផ្ទះជួលមិនឲ្យយកថ្លៃលើសពីអ្នកជួលផ្ទះដែរ។ ប្រសិនបើនាងគណនាលុយដែលនាងបានបង់លើសពីតម្លៃទឹករដ្ឋតាំងពីឆ្នាំ២០១៧មក ដាវី បាននិយាយថា កញ្ញានឹងសន្សំបានជាង៤០ដុល្លារក្នុងមួយឆ្នាំៗ។
កញ្ញា ដាវី បាននិយាយថា៖ «លុយនេះមិនច្រើនទេ សម្រាប់អ្នកផ្សេង ប៉ុន្តែសម្រាប់ខ្ញុំវាជាចំនួនច្រើន ព្រោះខ្ញុំត្រូវខំប្រឹងខ្លាំងណាស់ដើម្បីរកលុយបានប៉ុណ្ណេះ»។
ដាវី បាននិយាយថា ជាមួយនឹងការចំណាយលើថ្លៃទឹកខ្ពស់ នាងក៏ត្រូវការសងធនាគារជាង១០០ដុល្លារក្នុងមួយខែបន្ថែមពីលើការចំណាយផ្សេងទៀត។
កញ្ញា ដាវី បានបន្ថែមថា៖ «ខ្ញុំត្រូវបង់៥០ដុល្លារសម្រាប់ថ្លៃបន្ទប់ជួលនិងថ្លៃទឹក២០០០រៀលក្នុងមួយម៉ែត្រគូបហើយបង់ថ្លៃភ្លើង ដូច្នេះខ្ញុំត្រូវចំណាយប្រាក់ខែរបស់ខ្ញុំទាំងអស់វិញភ្លាមតែម្តង»។
កញ្ញា ឆន ចន្ធី អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាននិយាយថា នាងរស់នៅក្នុងបន្ទប់ជួលមួយក្នុងចំណោមបន្ទប់ជួល ៣០០បន្ទប់ ដែលជាកម្មសិទ្ធិរបស់ម្ចាស់តែមួយ។ នាងបាននិយាយថា នាងត្រូវការចំណាយ៧៥០០រៀលជារៀងរាល់ខែទៅលើថ្លៃទឹក។
កញ្ញា ចន្ធី ស្នាក់នៅតែក្នុងបន្ទប់ជួលរបស់នាងនៅពេលដែលអាជ្ញាធរក្រុងភ្នំពេញប្រកាសដាក់ខណ្ឌពោធិ៍សែនជ័យជាតំបន់ក្រហមកាលពីខែមេសាឆ្នាំនេះ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩។ កញ្ញា បាននិយាយថា អំឡុងពេលនោះ រដ្ឋាភិបាលបានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ឲ្យបញ្ចុះថ្លៃឈ្នួលប្រចាំខែ ហេតុដូច្នេះ កញ្ញា ចន្ធី និងកម្មករផ្សេងទៀត បានទៅចរចាជាមួយម្ចាស់ផ្ទះជួលឲ្យបញ្ចុះថ្លៃឈ្នួលផ្ទះមកពាក់កណ្តាលបានរយៈពេលបីខែ។
កញ្ញា បាននិយាយថា៖ «ទោះបីយ៉ាងណា ម្ចាស់ផ្ទះជួលនៅតែយកថ្លៃទឹកនិងថ្លៃភ្លើងពីកម្មករដដែល» ។
កញ្ញា ចន្ធី បាននិយាយថា ទោះបីជារដ្ឋាភិបាលបានប្រកាសថា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហមគួរត្រូវបានលើកលែងពីការបង់ថ្លៃទឹកនិងភ្លើងរយៈពេល៣ខែក៏ដោយ ក៏នាងនិងកម្មករផ្សេងទៀត នៅតែត្រូវបានម្ចាស់ផ្ទះជួលយកថ្លៃទឹកភ្លើងពីពួកគេដដែល។
កញ្ញា បាននិយាយថា៖ «អំឡុងពេលបិទខ្ទប់ ខ្ញុំបានប្រើទឹកនិងអគ្គិសនីទ្វេដង ព្រោះយើងអត់បានទៅធ្វើការហើយយើងស្នាក់នៅតែក្នុងបន្ទប់រាល់ថ្ងៃ»។
កញ្ញា ចន្ធី បានបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាឡើងបានត្រឹមតែ២ដុល្លារសម្រាប់ឆ្នាំ២០២២ លើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នចំនួន១៩២ដុល្លារ ប៉ុន្តែការចំណាយលើការរស់នៅនិងទំនិញបានបន្តកើនឡើង។
លោក តាំង គីមស្រេង ជាម្ចាស់ផ្ទះជួលនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានប្រាប់ខេមបូចាថា ថ្លៃទឹកសម្រាប់ផ្ទះជួលរបស់លោកគឺ២០០០រៀល ព្រោះលោកត្រូវ ប្រើម៉ូទ័រ ដើម្បីបូមទឹកទៅអាងស្តុកទឹកនៅជាន់ខាងលើ ដើម្បីចែកចាយទឹកតាមបន្ទប់ជួលនីមួយៗជាង២០បន្ទប់នៅក្នុងផ្ទះជួលរបស់គាត់។
លោកបាននិយាយថា៖ «ប្រសិនបើ [កម្មករណា] គិតថា ថ្លៃទឹកវាថ្លៃ ពួកគាត់អាចទៅស្នាក់នៅជាមួយម្ចាស់ផ្ទះជួលផ្សេងទៀតបាន» ។
ម្ចាស់ផ្ទះជួលម្នាក់ទៀតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក គួយ វាសនា បាននិយាយថា តម្លៃទឹកនៅផ្ទះជួលរបស់លោកគឺចន្លោះពី១.០០០រៀលទៅ១.៥០០រៀលក្នុងមួយម៉ែត្រគូប។
លោកបាននិយាយថា៖ «វាមិនចំណេញទេ សម្រាប់តម្លៃនេះ ព្រោះខ្ញុំត្រូវបូមទឹកពីជាន់ ផ្ទាល់ដីចូលអាងស្តុកទឹកខាងលើ ដូច្នេះខ្ញុំត្រូវបង់ថ្លៃអគ្គិសនីបន្ថែម»។
លោក វាសនា បាននិយាយថា ប្រសិនបើរដ្ឋអាចដោះស្រាយបាន កម្មករទាំងអស់គួរតែបង់ថ្លៃទឹកជាមួយរដ្ឋដោយផ្ទាល់ ដោយអះអាងថា កម្មករខ្លះដែលស្នាក់នៅបន្ទប់ជួលរបស់លោកបានលួចចាកចេញពីបន្ទប់ជួលដោយមិនបានបង់ថ្លៃជួលផ្ទះឬថ្លៃទឹកភ្លើងក៏មានដែរ។
លោកបាននិយាយថា៖ «វាជាការល្អ ប្រសិនបើអាជ្ញាធរអាចរៀបចំការផ្គត់ផ្គង់ទឹកដូចអគ្គិសនី»។
កញ្ញា សុត ផង ជាបុគ្គលិកកម្មវិធីគាំទ្រនៅមជ្ឈមណ្ឌលព័ត៌មានកម្មករ បាននិយាយថា សមាគមនិងកម្មករបានរៀបចំវេទិកាជាច្រើន ដោយអញ្ជើញទាំងមន្ត្រីរដ្ឋាករទឹកនិងមន្រ្តីពាក់ព័ន្ធ។ សមាគមក៏បានផ្ញើលិខិតផ្លូវការមួយទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃនិងទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
កញ្ញា សុត ផង បានិយាយថា៖ «រដ្ឋាករទឹកស្វយ័ត បានប្រាប់យើងថា គាត់បានតភ្ជាប់ទឹកស្អាតជូនកម្មករចំនួន៥០ម៉ឺននាក់តាមផ្ទះជួលចំនួន៤.៨៨៦ទីតាំង»។
កញ្ញា សុត ផង បានបន្តទៀតថា លើសពីនេះ សមាគមបានផ្ញើលិខិតជាមួយនឹងការស្ទង់មតិកម្មករដែលរស់នៅជាង៤១ប្លុកក្នុងរាជធានីភ្នំពេញទៅកាន់រដ្ឋាករទឹកស្វយ័ត ប៉ុន្តែស្ថាប័ននេះបានទៅពិនិត្យមើលកម្មករតែ២៣ប្លុកប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តី កញ្ញា បានបន្ថែមថា គាត់បានទទួលស្គាល់ថា តម្លៃទឹកពិតជាខុសពីតម្លៃទឹករដ្ឋដែលមានចាប់ពី១០០០រៀលទៅ៣០០០រៀលក្នុងមួយម៉ែត្រគូប។
កញ្ញា សុត ផង បាននិយាយថា៖ «យើងសប្បាយចិត្តជាមួយនឹងការអន្តរាគមន៍ពីរដ្ឋាករទឹកស្វយ័ត ប៉ុន្តែទន្ទឹមនឹងនេះ កម្មករខ្លះក៏មានបញ្ហាខ្លះជាមួយម្ចាស់ផ្ទះជួលដែរ»។ កញ្ញា អះអាងថា កម្មករខ្លះត្រូវបានគេបណ្តេញចេញ បន្ទាប់ពីមានការអន្តរាគមន៍ពីរដ្ឋាករទឹក។
កញ្ញា សុត ផង បានឲ្យដឹងបន្ថែមថា មានករណីមួយម្ចាស់ផ្ទះជួលម្នាក់បានផ្លាស់ប្តូរការយកថ្លៃទឹកពី១៥០០រៀលក្នុងមួយម៉ែត្រគូបទៅជា៥.០០០រៀលក្នុងម្នាក់ដោយសារតែប្តឹងទៅអាជ្ញាធរឲ្យអន្តរាគមន៍។
កញ្ញា និយាយថា៖ «ខ្ញុំបានសួរនាំពួកគាត់ថា ហេតុអ្វីបានជាពួកគាត់ផ្លាស់ប្តូរតម្លៃដូចនេះ ហើយពួកគាត់បាននិយាយថា ពួកគាត់ផ្លាស់ប្តូរតម្លៃពីព្រោះកម្មករបានដាក់ពាក្យបណ្តឹងដែលធ្វើឲ្យពួកគាត់អាម៉ាស់មុខ»។ កញ្ញា បានអះអាងថា ម្ចាស់ផ្ទះជួលម្នាក់ទៀតបានដំឡើងថ្លៃទឹកទ្វេដង បន្ទាប់ពីមានអន្តរាគមន៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានសម្របសម្រួលជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំថ្លៃអគ្គិសនីសម្រាប់កម្មករទាំងអស់ដែលត្រូវបង់ថ្លៃភ្លើងដោយផ្ទាល់ជាជាងតាមរយៈម្ចាស់ផ្ទះជួល។
លោកបានមានប្រសាសន៍ថា៖«ប្រសិនបើមានសំណើ ខ្ញុំជឿថា រដ្ឋាករទឹកស្វយ័តនឹងពិចារណា ហើយពួកគេនឹងដោះស្រាយជូនដូចជាបញ្ហាអគ្គិសនីដែរ»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគ្រាន់តែស្នើសុំឲ្យរដ្ឋាករទឹកស្វយ័តដែលជាអង្គភាពស្វយ័តសូមពិចារណា [សំណើនេះ] ពីព្រោះរដ្ឋាភិបាលបានបង្ហាញពីវិធីដោះស្រាយអំពីបញ្ហាអគ្គិសនី»។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនិងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment workers call on government to tackle high water prices