សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពបន្តទាមទារឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis គោរពកិច្ចសន្យានាពេលកន្លងមក

អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)
អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)

កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ថ្មតៀម​តូច​មួយ​ជាមួយ​ភរិយា និង​កូន​តូច​ពីរ​នាក់ ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពីស្ពាន​ក្រុង​តាខ្មៅ អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Giant Ibis Transport លោក​ ឱ ចាន់ធី ដែល​មាន​វ័យ​៤៥​ឆ្នាំ​ហើយ​នោះ​ កំពុង​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ​។​ កាល​ពី​ឆ្នាំ​២០២០ លោក ចាន់ធី ដែល​ជា​សមាជិក​សហជីព​ម្នាក់ក្នុង​ចំណោម​អ្នក​បើក​បរ៨០​នាក់ដទៃទៀត ​ត្រូវ​បាន​ក្រុម​ហ៊ុន​ព្យួរ​ការ​ងារដោយ​មិន​បាន​ទទួល​ប្រាក់​សំណង និង​ប្រាក់​អតីតភាព​ការងារ ពេល​ដែល​ក្រុម​ហ៊ុន​បាន​ផ្អាក​ដំណើរ​​ការ​ក្នុង​អំឡុង​វិបត្តិ​កូវីដ​-១៩។ ប្រាក់​បំណាច់​ និង​ប្រាក់​អតីត​ភាព​ការងារ​​ជា​អ្វី​ដែល​និយោជិត​ត្រូវ​ទទួល​បាន​តាម​ច្បាប់​ស្ដីពី​ការងារ។​ 

លោក ចាន់ធី ត្អូញត្អែរ​ថា៖ «​ជីវិត​របស់​ខ្ញុំ​កំពុងជួប​ការ​លំបាក​ខ្លាំង​ណាស់​តាំងពី​ខ្ញុំ​បាត់​បង់​ការងារ​​កន្លងមក ហើយ​មិន​អាច​ចូល​ធ្វើ​ការងារ​វិញ​បាន​​ទៀត។ ប្រាក់​ខែរបស់​ខ្ញុំ​បាន​រួម​ចំណែក​បំពេញ​បន្ថែម​លើ​របរ​កាត់​ដេរ​របស់​ប្រពន្ធ​ខ្ញុំ​ ប៉ុន្តែ​ដូច​​បាន​ឃើញ​អីចឹង ខ្ញុំ​គ្មាន​បាន​ទទួល​ប្រាក់​ពី​ក្រុម​ហ៊ុន​ទេតាំង​ពី​ពេល​ហ្នឹង​មក​ដល់​ឥឡូវ។ ​ខ្ញុំ​មិន​ដឹង​ថា​ក្រុម​ហ៊ុន​យ៉ាង​ម៉េច​ទេ [ប៉ុន្តែ]​ខ្ញុំ​ត្រូវ​ការ​ប្រាក់ទាំង​នោះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​»។​

នៅ​ប្រទេស​កម្ពុជា បុរស​ច្រើនដើរតួជា​មេគ្រួសារ ហើយ​មាន​ភារកិច្ច​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ ការ​បាត់​បង់​ការងារ​នៅ​ក្រុម​ហ៊ុន​ Giant Ibis ​មាន​ន័យ​ថា ​លោក​មិន​អាច​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ពេញ​លេញ​នោះទេ​។ ដោយសារតែ​ស្ថាន​ភាព​ដូច​សព្វ​ថ្ងៃ លោក​ក៏​បាន​ធ្វើ​ការជា​អ្នក​បើក​បរ​ឲ្យ​សេវាដឹក​ជញ្ជូន​ឯកជន​មួយ​នៅ​ក្នុង​ភូមិ​របស់​លោក ដែល​ត្រូវ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃពីភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ និង​ត្រឡប់​មក​វិញ​។ ការងារ​នេះ​បាន​ផ្ដល់​ចំណូល​ឲ្យ​លោក​ចំនួន​១៥​ដុល្លារ​​​ក្នុង​មួយ​ថ្ងៃ ដែល​ចំណូល​នេះ​​តិច​ជាង​អ្វី​ដែល​ក្រុម​ហ៊ុន​ Giant Ibis ធ្លាប់​ផ្ដល់ឲ្យ​លោក​នា​ពេល​កន្លង​មក​។​

ពេល​ដែល​អ្នក​សារព័ត៌មាន​ខេមបូចា​ទៅ​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា លោក​កំពុង​តែ​រៀបចំ​ធ្វើ​ដំណើរ​មក​ក្រុង​ភ្នំពេញ​ដើម្បី​ជួសជុល​គ្រឿងបន្លាស់​មួយ​ចំនួន និង​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការវិញ​នៅ​ថ្ងៃ​បន្ទាប់​។ កំពុង​អង្គុយ​នៅ​លើ​កៅ​អី លោក​និយាយទាំងទឹកមុខក្រៀមក្រំថា៖ «គ្មាន​វិធី​រក​ប្រាក់​ចំណូល​ឲ្យ​បាន​សមរម្យ​ជាង​នេះទេ។ ខ្ញុំ​មិន​អាច​រក​ការងារ​ជាក់​លាក់​ណា​មួយ​បាន​ទេ ព្រោះ​ក្រុម​ហ៊ុន​បាន​ព្រមាន​ខ្ញុំ​មិន​ឲ្យ​មាន​កិច្ច​សន្យាការងារ​ជា​មួយ​ក្រុម​ហ៊ុន​ផ្សេង​ទេ បើ​មិន​អីចឹង​ទេ​ខ្ញុំ​នឹង​មិន​ទទួល​បាន​ប្រាក់​បំណាច់ និង​ប្រាក់​អតីត​ភាព​ការងារ​ទេ​»។​

លោក ឱ ចាន់ធី សមាជិក​សហជីព​របស់​ក្រុម​ហ៊ុន Giant Ibis មាន​ប្រសាសន៍ថា​ថ្វី​បើ​លោក​មាន​ការ​ពិបាក​ខាង​ផ្នែក​លុយ​កាក់ លោក​ក៏​នឹង​បន្ត​តស៊ូ​ទាមទារ​សិទ្ធិ​រហូត​ដល់​ទី​បញ្ចប់។ (ខេមបូចា/ អ៊ឺង ស៊ា)

ថ្វី​បើ​លោក ចាន់ធី មើល​ទៅ​គឺ​ជា​មេគ្រួសារ និង​ជា​មនុស្ស​បង្គោល​ក្នុង​ការ​រក​ចំណូល​សម្រាប់​គ្រួសារ ប៉ុន្តែ​ពេល​នេះភរិយា​របស់​លោក​ដែល​ជា​មេផ្ទះ​វិញ​ទេ ដែល​ជា​អ្នក​រាប់​រង​លើ​ការ​ចំណាយ​របស់​គ្រួសារ​ជា​ចម្បង​។  ក្នុង​វ័យ​៤៣​ឆ្នាំ ភរិយា​របស់​លោក​រ៉ាប់​រង​លើ​ការ​ចំណាយ​ក្នុង​គ្រួសារ​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​រៀបចំថវិកា​ចំណាយ​ក្នុង​គ្រួសារ និង​សម្រាប់​ការ​សិក្សា​របស់​កូនៗ។

កាល​ពី​ជាង​១០​ឆ្នាំ​មុន អ្នកស្រី ស៊ីណា ភរិយាលោក​ ចាន់ធី បាន​ចាប់​ផ្ដើម​បើក​របរ​កាត់ដេរ​នៅ​ផ្ទះ។ អ្នកស្រី​រំឭក​ថា​មុនពេល​មាន​វិបត្តិ​កូវីដ-១៩ មុខរបរ​អ្នក​ស្រីកាក់​កប​ណាស់ អាច​រក​ប្រាក់​បាន​ប្រហែល​១០០០​ដុល្លារ​ក្នុង​មួយ​ខែ។ ពេល​នោះ​អ្នកស្រី​ថា​ទាំង​ខ្លួន​អ្នក​ស្រី និង​ស្វា​មីស្ទើរ​រក​ពេល​គេង​មិន​បាន​។​ អ្នកស្រី ស៊ីណា ជា​អ្នក​ដេរ​សម្លៀក​បំពាក់ ហើយ​លោក ​ចាន់ធី នៅ​ពេល​នោះមាន​ភារៈ​ជា​អ្នក​ជួយ​អ៊ុត​សម្លៀក​បំពាក់ទាំង​នោះ ដើម្បី​ឆាប់​បាន​ប្រគល់ទៅ​ឲ្យ​ភ្ញៀវ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់ពី​មាន​វិបត្តិ​កូវីដ-១៩ មុខរបរ​របស់​អ្នកស្រី​ក៏​ជួប​ការ​លំបាក​ខ្លាំង​ដូច​គ្នា​។ សព្វ​ថ្ងៃ​នេះ​អ្នកស្រី​រក​ប្រាក់​ពី​របរ​កាត់​ដេរ​មិន​បាន​១០០​ដុល្លារ​ផង​ក្នុង​មួយ​ខែ។​

អ្នកស្រី​រំឭក​ថា៖ «មុន​កូវីដ-១៩ យើង​អាច​រក​ប្រាក់​បាន​ច្រើន​គួរសម​ដែរ។ ប្ដី​របស់​ខ្ញុំ និង​ខ្ញុំ​ជួយ​ធ្វើ​ធ្វើ​ការគ្នា​រាល់​ថ្ងៃ ស្រប​ពេល​ប្ដី​ខ្ញុំ​ក៏​មាន​របរ​ជា​អ្នក​បើក​បរ​ដែរ​នៅពេល​នោះ។ យើង​រវល់​រក​តែ​ពេល​ដក​ដង្ហើម​មិន​ចង់​បាន»។ កំពុង​អង្គុយ​នៅ​មុខ​ម៉ាស៊ីន​ដេរ​របស់​ខ្លួន អ្នក​ស្រី​ស៊ីណា បាន​ដក​ដង្ហើម​ធំ និង​លើក​ឡើង​ទៀត​ថា៖ «ពេល​នេះ​ចំណូល​ធ្លាក់​ចុះ។ គេ​មិន​សូវ​ចំណាយ​លើ​អ្វី​ដែល​មិន​ចាំ​បាច់​ទេ ព្រោះ​ចំណូល​ក្នុង​គ្រួសារគេក៏​ថយ​ចុះដែរ»។​

ទន្ទឹម​នឹង​ជួប​ការ​លំបាក​ក្នុង​ជីវភាព មួយ​ផ្នែក​ដោយសារតែ​ស្វាមី​មិន​មាន​ការងារ​ជាប់លាប់ លោក​ស្រី ​ស៊ីណា ក៏​​មាន​អំរែក​មួយ​ទៀត​ដែរ​ គឺត្រូវ​ដោះ​បំណុល ១៣ ០០០​ដុល្លារដែល​​ខ្ចីពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់​១,៥​ភាគ​រយ​ក្នុង​មួយ​ខែ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ។​ កម្ចី​នេះ​អ្នកស្រី​បាន​ទទួល​ពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី(Active People’s Microfinance Institution Plc)។ ​ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុងជាប់​បំណុល ដែល​កន្លង​មក​ខ្ចី​ដើម្បី​ទិញ​ដី​ធ្វើ​ផ្ទះ​សម្រាប់​រស់​នៅ​សព្វ​ថ្ងៃ។ បច្ចុប្បន្ន​អ្នកស្រី និង​ស្វាមី​នៅ​ជំពាក់​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​​ចំនួន​ពីរ​ឆ្នាំ​ទៀត ដោយ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង់ ​៥ ០០០​ដុល្លារ ដែល​ចំនួន​នេះ​ស្ទើរ​តែ​ស្មើ​នឹង​ពីរ​ដង​នៃ​ចំណូល​ប្រចាំ​ឆ្នាំ​សរុប​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​។​

អ្នក​ស្រី​និយាយ​ទាំង​សោកសៅ​ថា៖ «ពេល​ខ្លះ​យើង​ត្រូវ​ខ្ចី​ប្រាក់ពី​អ្នក​ចង​ការ​ប្រាក់នៅ​ក្នុង​ភូមិ​ដើម្បី​​បង់​សង​ទៅ​កម្ចីពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ»។​ 

អ្នកស្រី​លើក​ឡើង​ទៀត​ថា៖ «ចាស វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ យើង​បាន​ជួប​ការ​លំបាក​ជា​ច្រើន​។ ដូច​នេះ ពេល​ប្ដី​បាត់​បង់​ការងារ គ្មានចំណូលត្រឹមត្រូវ យើង​ពិបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ»។ អ្នកស្រី​បន្ថែមថា ការ​ចំណាយ​ពេល​បច្ចុប្បន្ន​គឺ​ខ្ពស់​ជាង​ចំណូល ដែល​ធ្វើ​ឲ្យ​អ្នកស្រី​គ្មាន​ប្រាក់​សល់​ទេ។​

ភរិយាលោក ឱ ចាន់ធី ប្រកប​របរជាអ្នក​កាត់ដេរ​សម្លៀក​បំពាក់នៅ​ផ្ទះ​ដើម្បី​ជួយ​រក​ចំណូល​សម្រាប់គ្រួសារ ប៉ុន្តែ​តាំង​ពី​លោក​បាត់​បង់​ការងារ គ្រួសារ​បានជួប​វិបត្តិ​ហិរញ្ញវត្ថិ​ជាខ្លាំង។ (ខេមបូចា/ អ៊ឺង ស៊ា)

លោក រ៉ាន់ ប្រសើរ ជា​មាជិក​សហជីព​ម្នាក់​ទៀត​ក្នុង​ក្រុម​ហ៊ុន Giant Ibis ហើយ​លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ លោក​ថា លោក​បាត់​បង់​ការងារ​ដោយ​គ្មាន​ការធានាថាអាច​នឹង​បានចូល​ធ្វើ​ការវិញ ក៏​ដូច​ជា​ក្រុម​ហ៊ុន​ហ៊ុន​ហាក់​មិនចង់​ដោះស្រាយ​សំណង​តាម​ច្បាប់ ដែល​លោក​ត្រូវ​បាន​។ លោក ប្រសើរ បានបម្រើការ​នៅ​ក្រុម​ហ៊ុន​​ Giant Ibis អស់​រយៈពេល​បី​ឆ្នាំ មុន​ពេល​លោក​ត្រូវ​ព្យួរ​ការងារ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០​។​

ក្នុង​នាម​ជា​កូន​ទី​ប្រាំ​មួយ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​១០​នាក់ លោក​ ប្រសើរ មាន​ភារៈ​មើល​ថែ​ម្ដាយ​ឪពុក​ចាស់​ជរា ដែល​មាន​វ័យ​៦៥​ឆ្នាំ និង​៧០​ឆ្នាំ។ លោក​បាន​ចំណាយ​ពេល​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ធ្វើ​ចម្ការ​លើ​ដី​មួយ​ហិកតា និង​ចិញ្ចឹម​មាន់​ខ្លះ​ផង​សម្រាប់​លក់​ដូរ។​ លោក​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​មាន​​កាតព្វកិច្ច​មើល​ថែ​ម្ដាយ​ឪពុក​ចាស់​ជរា។ លោក​ថា​លោកមិនសប្បាយចិត្ត​ចំពោះ​ក្រុម​ហ៊ុន​ Giant Ibis ដែល​មិន​បាន​បំពេញ​កាតព្វ​កិច្ច​តាម​ច្បាប់​ស្ដីពីការងារ ហើយ​ទុក​ឲ្យ​បុគ្គលិក​ជា​ច្រើន​នាក់​អត់​ការងារ​ធ្វើ។​

លោក​ឲ្យ​ដឹង​ថា៖ «ក្រុម​ហ៊ុន​មិន​បាន​ផ្ដល់​សំណង​ដល់​ពួកយើងទេ សូម្បីតែ​មួយ​សេន​ក៏គ្មាន​ដែរ។ ពេ​ល​យើង​បាត់​បង់​ការងារ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់គ្រួសារ។ វា​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​មាន​ការ​ងារ​ធ្វើ​ដើម្បី​បាន​ចំណូល​»។ ក្រុម​ហ៊ុនទំនង​ជា​​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​ទៀត​នៅ​ក្រោយ​បុណ្យភ្ជុំបិណ្ឌ ប៉ុន្តែ​លោក​ប្រសើរ មិន​មាន​ជំនឿ​នោះទេ។ លោក​ថា៖ «​ខ្ញុំ​បាន​បាត់​បង់ជំនឿ​លើ​ការ​សន្យា​របស់​ក្រុម​ហ៊ុន​ហើយ»។​

តស៊ូមតិដើម្បីសិទ្ធិសហជីព និង​ដំណោះស្រាយលើប្រាក់សំណង

ក្រុម​ហ៊ុន​ Giant Ibis ថា​ខ្លួន​បាន​ខាត ហើយ​ក៏​បាន​ដួល​រលំ​ដោយសារតែវិបត្តិកូវីដ-១៩ និង​មិន​អាច​បន្ត​ដំណើរ​ការ​ទៀត​បាន​។ ដោយសារតែ​ហេតុ​នេះ ក្រុម​ហ៊ុន​ព្យួរការងារ​បុគ្គលិក​ ហើយ​បុគ្គលិក​ត្រូវ​រការងារ​ផ្សេង​ដើម្បី​ចិញ្ចឹម​ជីវិត។ បុគ្គលិក​អាក់​ខាន​ក្នុង​ការ​រក​ប្រាក់​ចំណូលការ​ប្រកប​ការងារ ក៏​ដោយសារតែ​ការ​ព្យួរការងារ​យូរ​ពេក​មក​លើសហជីព។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សៀម ម៉ូរ៉ាឌី។

កាល​ពី​ខែ​មេសា ឆ្នាំ​២០២០ មេដឹកនាំ​សហជីពនៅ​ក្រុម​ហ៊ុន​ Giant Ibis លោក សៀម ម៉ូរ៉ាឌី និង​​បុគ្គលិក​៨០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ផ្អាកពីការងារ​។ នៅ​ពេល​នោះ​ក្រុម​ហ៊ុន​បាន​ផ្ដល់​ជម្រើស​​ឲ្យ​អ្នក​ទាំង​នោះឲ្យ​បាន​ចូល​ធ្វើ​ការ​ងារ​វិញ​នៅ​ពេល​ក្រោយ​ ប៉ុន្តែ​ពេល​សម្រាក​ការងារ​មិន​មាន​ប្រាក់​ឈ្នួល​នោះទេ ដែល​អ្វី​ទាំង​នេះ​គឺ​ផ្ទុយ​នឹង​ច្បាប់​។ ដូច​គ្នា​ដែរ​ក៏​មាន​ការអះអាង​ថា​ក្រុម​ហ៊ុន​បាន​ប្រាប់​ទៅ​សមាជិក​សហជីព​ថា​ពួកគេ​អាច​នឹង «ត្រូវ​បញ្ឈប់​តែ​ម្ដង​ដោយ​ផ្ដល់​សំណង​​ជា​រួម​​១ ០០០​ដុល្លារ»។ ប៉ុន្តែ​លោក ម៉ូរ៉ាឌី ថា​បើ​តាម​ច្បាប់ និយោជិត​ម្នាក់ៗ​ដែល​ត្រូវ​ព្យួរ​ការងារ​គួរ​តែ​ទទួល​បាន​ប្រាក់​​ពី​៧ ០០០​ទៅ​៨ ០០០​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ដែល​ត្រូវ​ព្យួរ​ការងារ​។​

​លោក​អះអាងថា៖ «ក្រុម​ហ៊ុន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ទាំង​ស្រុង ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​អត្ថ​ប្រយោជន៍​ និង​ប្រាក់​សំណង​នានា​អំឡុងពេល​ព្យួរ​ការងារ​»។ លោកបន្តថា៖«ហើយ​វា​ក៏​អាច​ជា​ចេតនា​​របស់​ពួកគេ​ធ្វើ​ឲ្យ​ពួក​យើង​ឈប់​ដោយ​ខ្លួន​ឯង ក្រោយ​ពីក្រុម​ហ៊ុន​ប្រតិបត្តិ​ការឡើង​វិញ [ដើម​ឆ្នាំ​២០២២ ក្រោយ​កូវីដ-១៩] ពីព្រោះ​ពួកគេ​មិន​ទទួល​ពួក​យើ​ង​វិញ​ទេ»។​

សហជីព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ូរ៉ាឌី និង​អ្នក​រូម​ការងារ​ផ្សេង​ទៀត​នៅ​ខែ​ឧសភា ឆ្នាំ​២០២០ គឺ​មួយ​ខែ​ក្រោយ​បុគ្គលិក​ត្រូវ​ព្យួរការងារ និង​នៅ​​ខែ​តុលា ក្នុង​ឆ្នាំ​ដដែល សហជីព​ក៏​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រសួង​ការងារ។ នេះ​បើតាម​វិញ្ញាបនបត្រ​ដែល​ក្រសួង​ការងារ​បាន​ទទួល​ស្គាល់ និង​លោក ​ម៉ូរ៉ាឌី បាន​បង្ហាញ​ដល់អ្នក​សារព័ត៌មាន​។​

ការ​តវ៉ា​លើក​ដំបូង​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែមេសា ​ក្នុង​ឆ្នាំ​នេះ នៅ​មុខ​ស្នាក់​ការ​កណ្ដាល​​របស់​ក្រុម​ហ៊ុន​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ក្រុម​អ្នក​តវ៉ា​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ផ្ដល់​ប្រាក់​បំណាច់ និង​ប្រាក់អតីត​ភាព​ការងារ​។ ប៉ុន្តែ​ការ​តវ៉ាទាមទារ​នេះ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​តែ​គ្មាន​ការ​សម្រប​​សម្រួល​ណា​មួយ​ទេ​នៅ​ពេល​នោះ​។​

នៅ​ថ្ងៃទី​១៣ ខែឧសភា ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​យល់​ព្រម​ថា​នឹងដោះ​ស្រាយប្រាក់​សំណង​នៅ​ថ្ងៃទី​២២ ខែឧសភា និង​បាន​សន្យាថា​នឹង​អនុវត្ត​ស្រប​តាម​ច្បាប់​។  ដូច​គ្នា​ដែរ ក្រុម​ហ៊ុន​ក៏​បាន​សន្យា​ថា​នឹង​ផ្ដល់សំណង​ដល់​សមាជិក​សហជីពចំនួន​៣០​នាក់​ដែលត្រូវ​ព្យួរ​ការងារផង ដែរ ប៉ុន្តែ​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ។ នេះ​បើ​តាមលោក ម៉ូរ៉ាឌី។ លោក​បន្ថែម​ថា៖ «យ៉ាងណា​ក្រុម​ហ៊ុន​ Giant Ibis បាន​ហាក់ព្រងើយកន្តើយ​តាំងពី​ថ្ងៃដែល​បាន​ព្រម​ព្រៀង​គ្នា ហើយ​ក្រោយ​មក​ក៏​បាន​សុំ​លើក​ទៅ​ពេល​ក្រោយ​វិញជាញឹកញាប់»។​

ចុង​ក្រោយ​ការ​ចរ​ចា​ហាក់​ដូច​ជា​នៅ​ទ្រឹង​ ដោយក្រ​សួង​ការងារ ដែ​លជាស្ថាប័នសម្រប​សម្រួល​លើ​ការ​ចរចា​ហាក់​ដូច​ជា​មិន​មានការ​សម្រេច​ច្បាស់​លាស់​ក្នុង​ការ​បង្ខំឲ្យ​ក្រុម​ហ៊ុន Giant Ibis ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ប្រាកដ​ប្រជា​។​ បន្ទាប់​ពី​នោះ​មក សហជីព​របស់​លោក​ មូរ៉ាឌី ក៏​បាន​ទុក​ «ឱកាសចុងក្រោយ​» ឲ្យទៅ​ភាគីក្រុម​ហ៊ុន ដើម្បី​គិតគូរ និង​ផ្ដល់​សំណង និង​ប្រាក់​អត្ថ​ប្រយោជន៍​នានា​ដល់​បុគ្គលិក​ដែល​ក្រុម​ហ៊ុន​បានជំពាក់​នាពេល​កន្លង​មកត្រឹម​ថ្ងៃទី​២៣ ខែ​កក្កដា។ សហជីព​ក៏​បាន​បោះ​បង់​ការ​ចរចា ដែល​ផ្ដួចផ្ដើម​ដំបូង​ដោយ​ភាគី​ក្រ​សួង ជាមួយ​នឹង​ក្រុម​ហ៊ុន​ Giant Ibis ដោយ​ថា​ «វាគ្រាន់​តែជាល្បិច»។​

លោក​ម៉ូរ៉ាឌី និយាយ​ទៀត​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ថា​ក្រ​សួង​ការងារ​ធ្វើ​បែប​នេះ​ដាក់​ពួក​យើង​នោះ​ទេ​។ ក្រ​សួង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន ប៉ុន្តែ​ជាក់​ស្ដែង​ពួក​គេ​មិន​ដោះ​ស្រាយ​បញ្ហាបាន»។​

សមាជិក​សហជីព​ពីរភាគ​បី​បាន​ដក​ខ្លួន​ពី​ការ​ខិត​ខំ​របស់​ខ្លួន​ក្នុង​ការ​ទាម​ទារ​នូវ​អ្វី​ដែល​ក្រុម​ហ៊ុន​ជំពាក់ ដោយសារ​ថា​ពួកគាត់​មិន​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ភ្នំពេញ និង​ខេត្ត​។ អ្នក​ទាំង​នោះ​ក៏​ត្រូវ​រក​ការងារ​ថ្មី​ដើម្បី​បាន​ចំណូល​ចិញ្ចឹម​គ្រួសារ​ផង​ដែរ​។ បច្ចុប្បន្ន លោក ម៉ូរ៉ាឌី បាន​ឲ្យ​ដឹងថា ​នៅ​មាន​សមាជិក​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​​សហជីព និង​បន្ត​ទាម​ទារ​ជា​ទៀង​ទាត់​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​បាន​។​ លោកលើកឡើង​ថា៖ «យើង​នឹង​នៅ​តែ​បន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ពួកយើង រហូត​យើង​ទទួល​បាន​យុត្តិធម៌សម្រាប់​សមាជិក​»។​

បើ​តាម​លោក ម៉ូរ៉ាឌី ពេល​ដែល​សមាជិ​ក​សហជីព​ពី​តាម​ខេត្ត​ឡើង​មក​ភ្នំពេញ អ្នក​ទាំង​នោះ​បាន​ស្នាក់​នៅ​ផ្ទះ​របស់​លោក និង​ថា​លោក​បាន​ត្រឹម​តែ​ផ្ដល់​កន្លែង​ស្នាក់​នៅ​និង​អាហារ​បន្តិច​បន្តួច​។ លោក​បន្ថែម​ថា៖ «ពេល​ខ្លះ​យើង​ស្ងោរ​ពងទាហូបជាមួយ​គ្នា។ យើង​នឹង​បន្ត​គោរព​គោលការណ៍​​របស់​យើង និង​រៀប​ចំ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​យើង​រហូត​ដល់ទី​បញ្ចប់​»។​

ដូច​ទៅ​នឹង​សមាជិក​សហជីព​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​ព្យួរ​ការងារដែរ លោក ចាន់​ធី បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រ​សួង​ការងារ​ដែល​ថា​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ Giant Ibis អនុវត្ត​ច្បាប់​បាន​។​ លោក​បាន​ប្រាប់​ខេមបូចាថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​បាន​ជាប់​គាំង​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន និង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ «អំពើ​ពុក​រលួយ​ច្រើន​បំផុត​មួយ​នៅ​ក្នុង​ប្រទេស»​​។​ ចំពោះ​ការ​ចរចា​របស់​សហជីព​ជាមួយ​នឹង​ក្រ​សួង លោក ​ចាន់ធី បាន​ង្ហាញ​ពី​ការអស់ជំនឿ ដោយ​ថា៖ «​យុត្តិធម៌ និង​ការ​ដោះ​ស្រាយ​ដោយ​មិន​លំអៀងលើ​បណ្ដឹង​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​មួយ​នេះ​គឺ​មិន​សូវ​ទទួល​បាន​ផល​ទេ»។​

លោក​បន្ត​ថា៖ «ពួកគេ​ហាក់​មាន​ទំនោរ​ទៅ​រក​ក្រុម​ហ៊ុន​ដែល​មាន​អំណាច។ ប្រព័ន្ធ​នេះ​បង្កើត​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​វិនិច្ឆ័យលើ​រឿង​អ្វី​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព»។​

អ្នកស្រី​ ស៊ីណា ដែល​ជា​ភរិយា តែង​តែ​ឈរ​នៅ​ជាមួយ​លោក ចាន់ធី ​ជានិច្ច និង​មិន​ដែល​រអ៊ូ​រទាំ​ពី​សកម្ម​ភាព​របស់​លោក​នោះទេ ជំនួស​មក​វិញ​អ្នក​ស្រី​តែង​តែ​លើក​ទឹក​ចិត្ត​ស្វាមីឲ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹម​ត្រូវ បើ​ទោះ​បី​ជា​ពួក​គាត់​ទាំង​ពីរ​កំពុង​ប្រ​ឈម​ការ​លំបាកលើ​ប្រាក់​ចំណូល​ក្ដី​។​

អ្នកស្រី​ប្រាប់ ​ខេមបូចា ​ថា៖ «ទោះបីជា​ប្ដី​ខ្ញុំ​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​ពេល​កន្លង​មក ខ្ញុំ​ក៏​មិនខឹង​នឹង​គាត់​ដែរ​។ ខ្ញុំ​នៅ​តែ​ឈរ​ខាង​គាត់ និង​តស៊ូ​ជាមួយ​ក្រុម​ហ៊ុន​ដែល​បំពាន​លើ​ពួក​យើង»។​

​រដ្ឋមន្ត្រី​ក្រ​សួង​ការងារ លោក ហេង សួរ មិន​បាន​ឆ្លើយ​តប​នឹង​សំណើរ​សុំ​អត្ថាធិប្បាយពី​ខេមបូចា​នោះទេ។ យ៉ាងណា កាលពីខែ​មិថុនា លោក ហេង សួរ ​ដែល​កាល​នោះ​នៅ​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​នៅ​ឡើយ បាន​ប្រាប់ ​ខេមបូចា ​ថា «​ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​អនុវត្ត​អ្វី​ដែល​បាន​ព្រម​ព្រៀងគ្នា» និង​ផ្ដល់​សំណង​។ ថ្វី​បើ​មាន​ការ​លើក​ឡើង​បែប​នេះ​ពី​ក្រ​សួង​ក្ដី ក៏​ភាគីក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ទៅ​តាម​ការ​សន្យា​​ក្នុង​ការ​ដោះ​ស្រាយ​ដែរ ដែល​ការ​ដោះ​ស្រាយ​នេះ​នឹង​ត្រូវ​ធ្វើ​តាំង​ពី​ចុង​ខែឧសភា​។​

លោក អាត់ ធន់ ប្រធានសហភាព​ការងារ​កម្ពុជា ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ឲ្យ​សមាជិក​ក្រុម​ហ៊ុន Giant Ibis បាន​ចុះ​បញ្ជី​បង្កើត​សហជីពក្នុង​ឆ្នាំ២០២០ មាន​ប្រ​សាសន៍​ថា​ ការ​អះអាង​របស់​​ក្រុម​ហ៊ុន​ថា ​បាន​គណនា​ខុស​លើ​ប្រាក់​បំណាច់ និង​ប្រាក់​អតីត​ភាព​ការងារ​សម្រាប់​បុគ្គលិក​ដែល​ត្រូវ​ព្យួរ​ការងារ​នោះ គឺ​គ្រាន់​តែ​ជាលេស​ដែលវាមិន​សមហេតុផលទាល់តែ​សោះ។​

លោក​ប្រាប់ ​ខេមបូចា ​ថា៖ ​«ក្រុម​ហ៊ុន​ត្រូវ​តែ​ពិចារណា​ផ្ដល់​ប្រាក់​ទាំង​នោះ​ទៅ​ឲ្យ​សហជីព​ស្រប​ទៅ​តាម​ច្បាប់​។ ពេល​ពួកគាត់គ្មាន​ការងារ​ធ្វើ វា​ប៉ះពាល់​ណាស់​ដល់​ជីវភាព​។ ហេតុ​នេះ​ហើយ សហជីព​ត្រូវ​តែ​បន្ត​ទាម​ទារ​ទៀតតាមអ្វីដែរអាចធ្វើបាន»។​

លោក ធន់ ​លើក​ឡើងថា វា​ជា​សិទ្ធិ​ដែល​​សហជីព​បាន​បន្ត​តស៊ូ​ឥតឈប់ឈរទាម​ទារ​រក​យុត្តិធម៌​​បែប​នេះ ហើយ​លោក​ជឿ​ថា​ក្រុម​ហ៊ុន​បាន​បំពាន​ច្បាប់ ហើយ​ក្រ​សួង​ការងារ «មិន​បាន​ធ្វើ​ការ​គ្រប់​គ្រាន់» ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ឲ្យ​អនុវត្ត​ច្បាប់​។

បើ​តាម​មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពីការងារ «កម្មករ​និយោជិត​ដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​នោះ ត្រូវ​​បាន​រក្សា​ទុក​រវាងពីរ​ឆ្នាំ​​ជា​អាទិភាពក្នុង​កា​រទទួល​មក​ធ្វើ​ការងារ​វិញ​ ក្នុង​មុខងារ​ប្រភេទ​ដូច​គ្នា​ក្នុង​សហគ្រាស​។​ និយោជក​ត្រូវ​បង់​ប្រាក់បំណាច់ និង​ប្រាក់អតីតភាព​ការងារនៅ​ពេល​ដែល​បញ្ឈប់ ក៏​ដូច​ជា​ការ​ខូច​ខាត​នានា​ក្នុង​កិច្ច​សន្យាការងារដែល​ត្រូវ​បាន​បញ្ចប់ ឬការបំពានកិច្ចសន្យាណាមួយ»។

ម្ចាស់​ក្រុម​ហ៊ុន Giant Ibis និងការចោទប្រកាន់ពីការរំលោភបំពាន

ក្រុម​ហ៊ុន​ Giant Ibis បាន​ហៅ​ខ្លួន​ឯង​ថា «ជាក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឈាន​មុខ​គេ​មួយ» នៅ​កម្ពុជា ហើយ​ក្រុម​ហ៊ុន​នេះ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​កាលពី​ឆ្នាំ​២០១១ ដោយ​ក្រុម​ហ៊ុន​ Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង​។​ ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​​ក្នុង​ស្រុក​រហូត​ដល់​ឆ្នាំ​២០១២ មុន​នឹង​បន្ត​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ​។​

ទាំង​លោក​ គិត ម៉េង និង​ក្រុម​ហ៊ុន​ Royal Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​នោះទេ។ ដូច​គ្នា​ដែរ ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ Giant Ibis ក៏​មិន​អាច​ទាក់​ទងសុំ​ការអត្ថាធិប្បាយ​បាន​ដែរ។​

បើ​តាម​កំណត់​ត្រា​អូស្រ្តាលី បាន​ដាក់​ឈ្មោះ​លោក Jacob Monstross ជា​ «ស្ថាបនិក និង​ជាអ្នកគ្រប់​គ្រង​ដៃគូអាជីវកម្ម» របស់​ក្រុម​ហ៊ុន​ Giant Ibis។ កំណត់​ត្រា​ដដែល​ក៏​បាន​បញ្ជាក់​ថា​ឈ្មោះ​ Jacob Monstross គឺជា​សមាជិក​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ Royal Group។​

យ៉ាងណា​ក៏​គ្មាន​ឯកសារសាធារណៈណា​បង្ហាញ​ពី​ទំនាក់ទំនង​ក្នុង​សាជីវកម្ម​នេះ​ដែរ។ ហើយ​ក៏​គ្មាន​កំណត់​ត្រា​ពី​ការ​ផ្ទេរ​ម្ចាស់​កម្មសិទ្ធិ ឬ​លក់​ក្រុម​ហ៊ុន​ Giant Ibis ពី​វិបសាយ​របស់​ក្រុម​ហ៊ុន Royal Group ឬក្រ​សួង​ពាណិជ្ជកម្ម​ដែរ។​

ប៉ុន្តែ​សម្រាប់​ការ​ចុះបញ្ជី​នៅ​ក្រ​សួង​ពាណិជ្ជកម្ម មាន​ដាក់​ឈ្មោះ «ង៉ែត បូរ៉ា» ជា​ប្រធានក្រុម​ប្រឹក្សា​ភិបាល ហើយ​លោក​ ម៉ូរ៉ាឌី ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរថា​ឈ្មោះ​នេះ​ជា​ភរិយា​របស់​លោក Jacob Monstross​​។ លោក​ស្រី ង៉ែត បូរ៉ា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​។​

ក្រុម​អ្នក​បើក​បរ​របស់​ក្រុម​ហ៊ុន​Giant Ibis ដែល​ត្រូវព្យួរ​ការងារ​បាន​មក​តវ៉ា​នៅ​ថ្ងៃទី៧ ខែឧសភា នៅ​មុខ​ស្នាក់​ការកណ្ដាល​របស់​ក្រុម​ហ៊ុន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បីស្វែង​រក​ប្រាក់​សំណង​ដែល​មិន​ទាន់​ទទួល​បាន​។​ (រូបភាពផ្ដល់​ឱ្យ​)

លោក ​ម៉ូរ៉ាឌី បាន​ឲ្យ ​ខេមបូចា ​ដឹង​ថា បច្ចុប្បន្ន​លោក Monstross គឺ​ជា​នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​ Royal Cambodian Limousine Service​ ដែល​ជា​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុម​ហ៊ុន​ Royal Group។​

លោក ម៉ូរ៉ាឌី និង​សហការី​របស់​លោក បាន​លើក​ឡើង​ថាក្រុម​ហ៊ុន​ Giant Ibis របស់​លោក Monstross បាន​បន្ត​ធ្វើ​សកម្ម​ភាព​បំពាន​មក​លើ​សហជីព​។ ពួកគេ​បាន​អះអាង​ក្រុម​ហ៊ុន «មិន​ខ្វល់ពី​អត្ថប្រយោជន៍​របស់​បុគ្គលិក​ដែលព្យួរការងារនោះទេ» និង​លោក​ថា ក្រុម​ហ៊ុនបាន​ធ្វើ​សកម្ម​ភាព​យ៉ាងច្រើន​ក្នុងការ «រារាំងសកម្ម​ភាព​របស់​សហជីព»។​

លោក​បន្ថែម​ទៀត​ថា៖ «ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​អ្នក​បើក​បរ​ថ្មី​ជំនួស​ឲ្យ​អ្នក​បើក​បរ​ដែល​ព្យួរ​ការងារ។ ​វាជា​ការ​បំពាន​ទៅ​លើ​ច្បាប់​ស្ដីពី​ការងារ និង​សិទ្ធិ​របស់​ពួកយើង។ ពួកគេ​មិន​ផ្ដល់​ប្រាក់​សំណង [ទោះបី​] ធ្លាប់​បាន​សន្យាអនុវត្ត​តាម​ [ការណែនាំរបស់] ក្រសួង​»។​

លោក ​មូរ៉ាឌី បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ Giant Ibis ថា ​ហាក់​ដូ​ចជា​មើល​ស្រាល​លើ​គោល​ការណ៍​សហជីព ដោយ​បាន​ប្រាប់​ក្រុមហសជីពថា៖ «ថ្ងៃមួយ​អ្នក​ឯង [សហជីព] រំសាយ​ដោយ​ខ្លួន​ឯង ពេល​អ្នក​ឯង​អស់​កម្លាំង»។ លោកបន្តថា៖ «​ខ្ញុំ​បាន​ឮ​លោក Jacob Monstross ​ស្រែក​ទៅ​កាន់​សមាជិក​សហជីព​បែប​នេះ»។​

អ៊ូ ផានី តំណាង​ឲ្យ​ក្រុម​ហ៊ុន Giant Ibis ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​សកម្មភាព​មិន​សមរម្យ​ដាក់​ក្រុម​សហជីព និង​បាន​ប្រមាថ​លើ​ក្រុម​ហសជីព​ពេល​កំពុង​តវ៉ា ក៏​មិន​អាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ។ យ៉ាងណា​ពេល​ខេមបូចា​ទាក់ទង​ទៅ​លោក កាលពីខែ​ឧសភា លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

​អ្នក​នាំពាក្យ​ក្រ​សួង​ការងារ លោក កត្តា អ៊ន បាន​ប្រាប់ ​ខេមបូចា ​ថា នាយកដ្ឋាន​ដោះ​ស្រាយ​វិវាទ​បាន​សម្រប​សម្រួល​លើ​ការ​ចរចា​រវាងភាគី​ទាំងពី​រចំនួនបី​ដង​រួច​ហើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែភាគី​ទាំងពីរ​មិនបាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​នៅឡើយទេ»។​

លោក​បន្ថែម​ថា​តាំងពី​ពេល​នោះមក​ «ក៏គ្មាន​សំណើ​ចរចា» ពីភាគីណា​មួយ​ដាក់​មក​នាយក​ដ្ឋាន​​របស់​លោក​ទៀត​ដែរ។​

តស៊ូ​ដល់​ដង្ហើម​ចុង​ក្រោយ​ 

លោក ហៃ សំអុល សមាជិក​សហជីព​ម្នាក់ បាន​ស្លាប់​កាលពី​ខែ​មិថុនា ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម ប៉ុន្តែ​ឆន្ទៈ​នៃ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​ការងារ​របស់​លោក​នៅ​តែ​បន្ត​ដក់​ជាប់​ក្នុង​ចិត្ត​មិត្ត​រួម​ក្រុម​។ ការ​តស៊ូ​មិន​ឈប់​ឈរ​របស់​លោក បាន​ញ៉ាំង​ឲ្យ​សមាជិក​ផ្សេង​ទៀត​បន្ត​ស្វែង​រក​យុត្តិ​ធម៌​ដែរ។​

ការងារ​តស៊ូ​មតិ​របស់​លោក​ត្រូវ​សហជីព​ចាត់​ទុក​ថា​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សង្គម​ប្រជា​ធិបតេយ្យ ដែល​មាន​ន័យ​ថា​ប្រ​ជាពល​រដ្ឋ​តវ៉ា​ដើម្បី​សេរីភាព​នៅ​ក្នុង​សង្គម​មួយ​ដើម្បី​មាន​ភាព​ស្មើ​គ្នា និង​មាន​ន័យថា​កម្មករ​បាន​ខំ​ការពារ​សិទ្ធិ​របស់​ខ្លួន។ កម្មករ​និយោជិត​ទាំង​អស់​គួរ​ទទួល​បាន​ការងារ​​មួយ​សមរម្យ ហើយ​ពួកគេ​ក៏គួរ​ទទួល​បាន​ការ​គោរព និង​មាន​សេចក្ដី​ថ្លៃថ្នូរ​។​

លោក ម៉ូរ៉ាឌី ឲ្យ​ដឹង​ទៀត​ថា៖ «យើង​រក្សា​ជំហរ​ការពារ​សិទ្ធិ​របស់​យើង និង​បង្កើត​សហជីព​ដើម្បី​ធានា​ជីវិត​ល្អ​ប្រសើរសម្រាប់​យើង និង​ក្រុម​គ្រួសារ។ សហជីពក្រុ​ម​ហ៊ុន​ Giant Ibis ធ្វើ​ការ​ជា​សកម្មជន​តស៊ូ​មតិ ការពារ​សិទ្ធិ​និយោជិត ចែករំលែកពត៌មានអំពីសហជីព និង​ផ្ដល់​ការ​គាំទ្រ​ដល់​សហជីព​ដែល​កំពុង​ជួប​ការលំបាក»។ លោក ម៉ូរ៉ាឌី រំឭកថា លោក សំអុល ខិត​ខំ​ណាស់​សម្រាប់​សហជីព​។ លោក​ថា លោក​សំអុល​ជា​សម្មជនសហជីពដែល​គួរ​ឲ្យ​ស្ញប់​ស្ញែងម្នាក់​។​

លោក​ សំអុល បានធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​តាំង​ពីពេល​បើក​ដំណើរ​ការ​ឆ្នាំ​២០១២។ ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​គេ​ព្យួរការងារ​ផ្សេង​ទៀត លោក សំអុល បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​របស់​សហជីព ជាមួយ​លោក ម៉ូរ៉ាឌី​។​

លោក​ សំអុល បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត ជា​កន្លែង​ដែល​លោក​ត្រូវ​ចំណាយ​ថ្លៃព្យាបាល​ជា​ច្រើន​។ ​គ្រួសារ​របស់​លោក​ពិបាក​ក្នុង​ការ​រក​ប្រាក់​បង់​ថ្លៃ​ព្យាបាល ពួកគេ​ក៏​មាន​ចេតនាស្វែង​រក​ការ​ផ្ដល់​សំណង​មិន​សមាមាត្រ​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បានពី​ក្រុម​ហ៊ុន Giant Ibis។ ក្រុម​គ្រួសារ​បាន​ទទួល​ប្រាក់​សំណង​ប្រហែល ​២ ០០០​ដុល្លារ តិចជាង​មួយ​ភាគ​បី​ពី​អ្វី​ដែល​ត្រូវ​ទទួល​បាន​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​។​

ភរិយាលោក សំអុល អ្នកស្រី​ ពិល មុនី បាន​សន្លប់​បាត់​ស្មារតីពេល​ដឹង​ថា​ប្ដី​អ្នក​ស្រី​បាន​ស្លាប់។ ពេល​និយាយ​ដល់​ស្វាមី ​អ្នកស្រី​មាន​ភាពក្ដុក​ក្ដួល​ក្នុង​ចិត្ត។ អ្នកស្រី​លើក​ឡើងថា៖ «គាត់ខំ​ណាស់​​​ដើម្បី​សហជីព។ ទោះបីជា​គាត់​កំពុង​សម្រាក​ព្យាបាល​ទៅ​ហើយ​ក្ដី ក៏​គាត់នៅតែ​ចង់ដឹង​ព័ត៌មាន​ពី​ដំណើរ​ការនៃ​ការ​តវ៉ា។ គាត់​បាន​តស៊ូ​ដើម្បី​សហជីពរហូត​ដល់​ដង្ហើម​ចុង​ក្រោយ»៕​

442 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម