សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពល​រដ្ឋរាប់រយនាក់ភៀសខ្លួនពីព្រំដែនខេត្តព្រះវិហារ​ដោយបារម្ភ​ថា អាចមានការប៉ះទង្គិចជាមួយថៃសារជាថ្មី

បុរស​ម្នាក់កំពុង​ចាក់ប្រេង​ចូលម៉ាស៊ីនគោយន្ត​ពេល​កំពុង​ធ្វើ​ដំណើរទៅ​កាន់ទីសុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ។ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/វ៉ា សុភានុត)
បុរស​ម្នាក់កំពុង​ចាក់ប្រេង​ចូលម៉ាស៊ីនគោយន្ត​ពេល​កំពុង​ធ្វើ​ដំណើរទៅ​កាន់ទីសុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ។ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/វ៉ា សុភានុត)

មន្ត្រីបាន​​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៦ ខែកញ្ញាថា មាន​​ប្រជា​ពល​រដ្ឋ​ជិត​៣០០​គ្រួសារ​បាន​​វិល​ពីលំនៅ​ដ្ឋានរបស់ពួកគេនៅ​ជាប់​ព្រំ​ដែន​កម្ពុជា-ថៃ មក​កាន់​ជំរំភៀស​សឹកចាស់វិញ​។ ការ​វិល​ត្រឡប់​វិញ​នេះ កើត​ឡើង​​ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថ្មីៗ​ថា ​មាន​ឮស្នូរគ្រាប់កាំភ្លើង និងថាមានការ​បង្កើន​ចំនួន​កងទ័ពតាមព្រំ​ដែន​។​​​

កម្ពុជា​បាន​បញ្ជាក់ថា​ស្នូរផ្ទុះ​អាវុធនោះ​គឺជា​«ការរាលកៃ​ដោយអចេតនា» នៅ​ជិត​ព្រំ​ដែន​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃអង្គារ​ ហើយ​ថា​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ភ្លាមៗ​ផង​ដែរ។ ក្រសួងការពារ​ជាតិ​កម្ពុជា ក្រោយ​មក​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ទៀត​នៅ​ថ្ងៃព្រហស្បតិ៍ ដោយ​បាន​លើក​ឡើង​ថាមាន​ការ​ឮសំឡេង​កាំភ្លើង​បួនដងផ្សេងទៀត​ ប៉ុន្តែ​ក្រ​សួង​អះអាង​ថាសំឡេង​នោះ​នៅ​ក្នុង​ទឹក​ដី​ថៃ​។​

ទាហាន​ថៃ​នៅ​សប្ដាហ៍​នេះ​ក៏​បាន​ចោទ​ប្រកាន់​ទាហានកម្ពុជាថា​បាន​បង្ហោះ​ដ្រូន បង្កើន​ចំនួន អាវុធ​នៅ​ជិត​ប្រាសាទព្រះវិហារ និង​បាន​គប់​គ្រាប់​បែក​ទៅ​ជិត​ព្រំ​ដែន​ខេត្ត​សុរិន្ទ​របស់​ថៃ​។ កម្ពុជា ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។ ក្រោមកិច្ច​ព្រម​ព្រៀង​​បទ​ឈប់​បាញ់​​ ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​បញ្ឈប់​ការ​បង្កើន​កម្លាំង​យោធា​នៅ​តាមព្រំ​ដែន ហើយ​រដ្ឋមន្ត្រី​ក្រ​សួង​ការ​បរទេស​ថៃ​ថ្មី​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​វត្តមាន​កងទ័ព​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំងពីរ​។​

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​ខេមបូចា​ថា ​ពួកគេ​បាន​ត្រឡប់​មក​កាន់​ជំរំភៀស​សឹក​វិញ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ និងចូល​ទៅ​ធ្វើ​ស្រែចម្ការ​នៅ​តាមព្រំ​ដែន​វិញ​កាល​ពី​ដើមខែនេះ គិត​តាំង​ពី​មាន​ការ​ផ្ទុះ​អាវុធ​កាលពី​ខែកក្កដា មក​។​

អ្នកស្រី កាំ មឿន វ័យ​៦៣​ឆ្នាំ រស់​នៅភូមិឈើទាលគង ប្រហែល​១០​គីឡូម៉ែត្រ​ពីព្រំដែន​ថៃ ជា​មួយ​សមាជិកគ្រួសារ​ប្រាំពីរ​នាក់ បាន​ឲ្យ​ដឹង​ថា​​អ្នកស្រី​ និង​អ្នកភូមិ​​​បាន​ឃើញ​ការ​បង្ហោះ​ផ្សាយ​លើ​ហ្វេស​ប៊ុក​នានា​​ថា​អាច​នឹង​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​ថ្ងៃសុក្រ​នេះ​។​

អ្នកស្រី​ឲ្យ​ដឹង​ថា​៖ «មូលហេតុខ្លាច អត់ហ៊ាននៅ យើងស្ដាប់ព័ត៌មានទៅសភាពការណ៍អត់ស្រួល »។ អ្នកស្រី​នបន្ថែមថាគ្រួសារ​អ្នកស្រី​នឹង​ត្រឡប់ទៅ​ផ្ទះ​វិញនៅដើមខែតុលា បើ​សិន​ជាមិន​មានការ​ប៉ះទង្គិច​គ្នា​កើត​ឡើង​នេះទេ។​

ព័ត៌មាន​មិន​ច្បាស់​លាស់​ជាច្រើន​បាន​កើត​មាន​ដោយ​ថា​ថៃ​នឹង​វាយ​ប្រហារជាថ្មី ទោះ​មាន​បទឈប់បាញ់ ប៉ុន្តែ​មិន​ដែលមានហេតុការណ៍​បែបនេះ​កើត​ឡើង​នោះទេ ហើយវាគ្រាន់តែ​បានធ្វើ​ឲ្យ​ប្រជាពល​រដ្ឋនៅ​តាមព្រំ​ដែន​បារម្ភ​ប៉ុណ្ណោះ​។​

ឪពុក​របស់​អ្នកស្រីសុខា កំពុង​សម្រាក​លើ​គោយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីសុវត្ថិភាព។ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

អ្នកស្រី មឿន ក៏​ដូច​ជា​អ្នក​ផ្សេង​ដែរ បាន​វិល​ត្រឡប់​ទៅ​កាន់ជំរំ​ភៀស​សឹក​វិញ។​ អ្នកស្រី​ថា​ខ្លួន​បារម្ភ​ពី​សត្វចិញ្ចឹម និង​ដំណាំ ដែល​ត្រូវ​ទុក​ចោល​ តាំងពី​មាន​ជម្លោះ​កើត​ឡើង​មក​។​

អ្នកស្រី អ៊ូច សុខា កសិករ​នៅ​ឃុំស្រអែម បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំមិនចង់មកបានយូរអង្វែងទេ ព្រោះអី ស្រូវ អង្ករយើងចង់ចេញ[ទុំ]ដែរហើយ »។ អ្នកស្រី​បន្ថែម​ថាអ្នកស្រី​អស់​ប្រាក់​ដើម្បី​ទិញ​ប្រេងឥន្ធនៈ​សម្រាប់​ចាក់ធ្វើដំណើរ​ត្រឡប់​ទៅ​មក​មើល​ថែ​ដំណាំ​​ហើយ​គិត​តាំងពី​ផ្ទុះ​អាវុធឡើង​ដំបូង​មក​។​

អ្នកស្រី​ថា៖ «​បើអត់មានអ្នកមើលថែមិនកើតទេ ខូចអស់ហើយ ស្រូវវិញបើទុំអត់មានអ្នកច្រូតមិនចោល»

លោក ម៉ុល កុសល រស់នៅក្នុងឃុំជាមួយ​អ្នកស្រី សុខា ដែរ បាន​ឲ្យ​ដឹងថា ​ឪពុក​របស់​លោក ជា​ទាហាន​ឈរជើង​នៅ​ព្រំ​ដែន បាន​ប្រាប់កាលពី​ថ្ងៃពុធ​​ឲ្យ​លោក​ចាកចេញ​ពី​ផ្ទះទៅ​​រក​កន្លែង​សុវត្ថិភាព​ ខណៈ​​តំបន់​ជួរ​ភ្នំដង​រែកស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

លោក គឹម ចាន់​បញ្ញា អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​វិហារ បាន​ឲ្យ​ដឹងថា ​ប្រជាពល​រដ្ឋ​ប្រហែល​៣០០​គ្រួសារ មាន​គ្នា​ប្រហែល​៨០០​នាក់ ​ដែល​ទើប​ភៀស​សឹក​ថ្មីៗ​នេះ​​ ភាគច្រើនកំពុង​ស្នាក់​នៅ​វត្ត​កំពង់សង្កែ ក្នុងស្រុក​ឆែប ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​។​

លោក ចាន់បញ្ញា ឲ្យ​ដឹងទៀត​ថា នៅ​ក្នុ​ខេត្ត​ព្រះវិហារ មាន​«មណ្ឌល​សុវត្ថិភាព»​​ចំនួន​បួន បន្តបើកទ្វារ និង​មានពល​រដ្ឋ​ជាង​២ពាន់គ្រួសារកំពុង​ស្នាក់​នៅ​​។​ លោក​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ស្ដាប់​ព័ត៌មាន​ដែល​មាន​ប្រភព​ពី​អាជ្ញាធរ​ទាក់ទង​នឹង​បញ្ហា​ព្រំ​ដែន ហើយ​ថា​នៅ​មណ្ឌល​សុវត្ថិភាព​មាន​សម្ភារៈគ្រប់គ្រាន់សម្រាប់​​ផ្គត់ផ្គង់​ជនភៀស​សឹក​។​

យ៉ាងណា​ក៏​មាន​សេចក្ដី​រាយការណ៍​ថា​នៅ​ជំរំភៀស​សឹក​មាន​បញ្ហា​ខ្វះ​ស្បៀង កន្លែង​ស្នាក់​នៅ​មិន​សមរម្យ និង​មាន​ការ​បៀន​បៀន​ផ្លូវ​ភេទ​ផង​ដែរ​។​

ភរិយាលោក ម៉ុល កុសល និង​កូន កំពុង​អង្គុយ​ក្នុង​គោយន្ត​ខណៈ​ពេល​ធ្វើដំណើរទៅ​កាន់​កន្លែងសុវត្ថិភាព។​ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/វ៉ា សុភានុត)

ខណៈដែល​ភាគី​កម្ពុជា-ថៃ ចោទគ្នាទៅ​វិញ​ទៅ​មក​ថាបា​​នបំពាន​បទឈប់បាញ់ ក្រុម​អ្នកសង្កេតការណ៍​ដឹកនាំ​ដោយ​ម៉ាឡេស៊ី បាន​ចុះទៅ​ពិនិត្យ​ភូមិ​ជោគជ័យ តាមបណ្ដោយ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​នៅថ្ងៃសុក្រនេះ​។​

ភូមិ និង​តំបន់​នៅជុំវិញ​នោះ មិនមែនជា​តំបន់ជម្លោះទេ​នាពេល​កន្លងមក​ តែវាបានក្លាយ​ជា​តំបន់​ប្រឈម​មុខគ្នា​ខ្លាំង​កាលពី​ជាង​មួយ​ខែ​មុន ដោយ​ភាគី​ថៃ​បាន​រាយ​បន្លាលួសកាត់​ដីភូមិ​និង​ចម្ការ​អ្នកស្រុក​ ​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ហិង្សា​ជាមួយ​អ្នក​ស្រុក។

ទន្ទឹមនឹងនោះ អ្នកវិភាគតំបន់បានប៉ាន់ស្មានថា ការប៉ះទង្គិចកាន់តែធំរវាងកម្ពុជា និងថៃ ទំនងជាមិនអាចទៅរួចនោះទេ ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី នឹង​ត្រូវរៀបចំឡើង​ត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds Flee Preah Vihear Border Amid Fears of Renewed Clashes with Thailand

ព័ត៌មានថ្មី

អត្ថបទពេញនិយម