សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រជាពលរដ្ឋរាប់រយគ្រួសារត្រឡប់ទៅកាន់ព្រំដែនខេត្តបន្ទាយមានជ័យវិញ ប៉ុន្តែថៃនៅមិនទាន់ដកបន្លាលួសចេញនៅឡើយ

ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីភូមិព្រៃចាន់ដែលមានជម្លោះស្នាក់នៅក្នុងជំរុំមួយក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងនៅតាមព្រំដែនបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងបីនាក់រងរបួស។ រូបថតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីភូមិព្រៃចាន់ដែលមានជម្លោះស្នាក់នៅក្នុងជំរុំមួយក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងនៅតាមព្រំដែនបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងបីនាក់រងរបួស។ រូបថតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

អាជ្ញាធរបានឱ្យដឹងនាថ្ងៃទី៤ ខែធ្នូថា ប្រមាណជាជិតមួយខែក្រោយពីកងទ័ពថៃបានបាញ់ប្រហារលើជនស៊ីវិលកម្ពុជាតាមបណ្តោយព្រំដែនខេត្តបន្ទាយមានជ័យដែលបង្ខំឱ្យពលរដ្ឋរាប់រយគ្រួសាររត់ភៀសខ្លួន ពេលនេះពួកគេភាគច្រើនបានវិលត្រឡប់មកភូមិរបស់ពួកគេវិញហើយ​។​

យ៉ាងណាក៏ដោយយ៉ាងហោចណាស់មានពលរដ្ឋ១២គ្រួសារនៅតែបន្តស្នាក់នៅក្នុងតង់ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីផ្ទះរបស់ពួកគេហើយនៅពីក្រោយបន្លាលួសដែលបានរាយដោយទាហានថៃ ដែលជារនាំងធ្វើឱ្យពួកគេមិនអាចឆ្លងកាត់ទៅផ្ទះរបស់ខ្លួនបានអស់រយៈពេលជិត៤ខែមកហើយ។ នេះបើតាមអភិបាលស្រុកមកពីតំបន់ដែលមានជម្លោះព្រំដែន លោក កែវ តារារស្មី។

ពលរដ្ឋជិត ៨៥០គ្រួសារមកពីភូមិជោគជ័យ និងព្រៃចាន់ដែលប្រទេសថៃអះអាងថា ជាទឹកដីរបស់ខ្លួនបានភៀសខ្លួនកាលពីខែវិច្ឆិកា បន្ទាប់ពីជនស៊ីវិលខ្មែរម្នាក់បានស្លាប់ និង៣នាក់រងរបួសដោយសារការបាញ់ប្រហាររបស់ថៃ។ ភាគីកម្ពុជាបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងដែលបង្កហេតុដោយកងកម្លាំងថៃដែលជាសេចក្តីថ្លែងការណ៍ដែលរដ្ឋាភិបាលក្រុងបាងកកបានបដិសេធដោយនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់តបវិញបន្ទាប់ពីទាហានកម្ពុជាបាញ់ចូលទឹកដីថៃ។

ហេតុការណ៍នេះ គឺជាឧប្បត្តិហេតុចុងក្រោយក្នុងចំណោមឧប្បត្តិហេតុជាបន្តបន្ទាប់ នៅតាមបណ្តោយតំបន់មានជម្លោះជាច្រើននៃព្រំដែនរួមគ្នាក្នុងឆ្នាំនេះ រួមទាំងការប្រយុទ្ធទ្រង់ទ្រាយធំ រយៈពេល៤ថ្ងៃ កាលពីខែកក្កដា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងធ្វើឱ្យប្រជាជនរាប់សែននាក់ ត្រូវផ្លាស់ទីលំនៅទាំងសងខាង មុនពេលបទឈប់បាញ់ចូលជាធរមាន។

មុន​នឹង​មាន​ករណី​បាញ់​ប្រហារ​កាល​ពី​ខែ​វិច្ឆិកា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ មានហេតុការណ៍ដាច់ដោយឡែកមួយផ្សេងទៀត គឺករណី​ផ្ទុះ​គ្រាប់​មីន​នៅ​តាម​បណ្ដោយ​ព្រំដែនខេត្ត​ព្រះវិហារ-ស៊ីសាកេត ដែល​បណ្ដាល​ឱ្យ​ទាហាន​ថៃ​រង​របួស ដែល​ជា​ហេតុ​ធ្វើ​ឱ្យថៃ​សម្រេច​ផ្អាក​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​។

អ្នកនាំពាក្យខេត្ត​បន្ទាយមានជ័យ លោក ណង វុទ្ធី បាន​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ ពេល​នេះ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​អស់​ហើយ​ ដោយសារ​ស្ថាន​ភាព​បាន​ស្ងប់​ស្ងាត់ ហើយ​អាជ្ញាធរ​ក៏​បាន​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​រួច​រាល់​ដែរ»។ លោកបាននិយាយដោយសំដៅទៅលើការងារវាស់វែងខណ្ឌសីមារួមនៅក្នុងតំបន់នោះដែលត្រូវបានគេមើលឃើញថាជាការបន្ធូរបន្ថយភាពតានតឹង ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ត្រូវ​បាន​លុប​ចោល ដែល​កិច្ច​ព្រម​ព្រៀង​នេះ ធ្លាប់​ត្រូវ​បាន​គេ​លើក​ឡើង​ថា ជា​ជំហាន​ឆ្ពោះ​ទៅ​រក​សន្តិភាព។

លោក កែវ តារារស្មី  អភិបាលស្រុកអូរជ្រៅ ដែលភូមិព្រៃចាន់ និងភូមិជោគជ័យ គឺស្ថិតក្នុងផែនទីកម្ពុជា បានយល់ស្របពីការវាយតម្លៃរបស់លោក វុទ្ធី ដែលថាតំបន់នោះបានស្ងប់ស្ងាត់  ដោយប្រជាជនបានវិលត្រឡប់មកវិញជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា​។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា អាជ្ញាធរមិនអាចដកបន្លាលួសដែលបានរាយដោយភាគីថៃដែលបន្តរារាំងមិនឱ្យគ្រួសារមួយចំនួនចូលទៅផ្ទះសម្បែង និងដីកសិកម្មដែលពួកគេបានរស់នៅ និងអាស្រ័យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះទេ។

លោកបានបង្វែរសំណួរពីដំណើរការនៃការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅក្នុងតំបន់ជម្លោះទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។​

អ្នកស្រី ហ៊ុល ម៉ាលីស ជាអ្នកភូមិព្រៃចាន់ ដែលផ្ទះរបស់គាត់នៅតែហ៊ុំព័ទ្ធដោយបន្លាលួស បាននិយាយថា អ្នកស្រីបានត្រឡប់មកពីជំរំមួយក្នុងខេត្តបន្ទាយមានជ័យ កាលពីមួយសប្តាហ៍មុន។

អ្នកស្រីបាននិយាយដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយបញ្ហានេះថា៖ «រហូតមកដល់ពេលនេះខ្ញុំនៅតែរស់នៅក្នុងតង់ព្រោះថៃមិនទាន់បានដកបន្លាលួសដែលព័ទ្ធជុំវិញផ្ទះរបស់ខ្ញុំចេញនៅឡើយទេ»។

អ្នកភូមិម្នាក់ទៀតមកពីភូមិជោគជ័យ លោក​ ហូល ផារ័ត្ន បាននិយាយថា លោកនិងក្រុមគ្រួសារបានវិលត្រឡប់ទៅផ្ទះវិញកាលពីសប្តាហ៍មុនបន្ទាប់ពីអាជ្ញាធរស្រុកអនុញ្ញាតឱ្យអ្នកភូមិមកផ្ទះវិញដោយសារតែស្ថានភាពបានស្ងប់ស្ងាត់។

លោក ផារ័ត្ន ដែលមានកូនអាយុទើបតែបាន២សប្តាហ៍ផងនោះ បាននិយាយថា៖ «មិនមានបញ្ហាអ្វីនៅក្នុងជំរំទេ ប៉ុន្តែការលំបាកនោះគឺថាប្រពន្ធខ្ញុំទើបតែសម្រាលកូន ហើយយើងមានកូនតូចៗទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds of Families Return to Banteay Meanchey Border, Homes Still Blocked

ព័ត៌មានថ្មី

អត្ថបទពេញនិយម