សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សវនាការជម្រះក្តីលោក កឹម សុខា បានបញ្ចប់ ហើយសាលក្រមនឹងត្រូវប្រកាសថ្ងៃទី៣ ខែមីនា

លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់សេចក្តីសន្និដ្ឋាននាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់សេចក្តីសន្និដ្ឋាននាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

បន្ទាប់ពីសវនាការរយៈពេល១៣ម៉ោងដែលធ្វើតាំងពីព្រឹកដល់យប់ ការជំនុំជម្រះក្តីក្នុងសំណុំក្បត់ជាតិរបស់អតីតមេដឹកបក្សប្រឆាំងលោក កឹម សុខា ដែលអូសបន្លាយអស់រយៈពេល៣ឆ្នាំ ត្រូវបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ។​

សាលក្រមក្នុងសំណុំរឿងនេះ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​ក្រោយ។

ខណៈដែលលោក កឹម សុខា និងមេធាវីរបស់លោកបានបដិសេធរាល់ការចោទប្រកាន់ហើយបានលើកហេតុផលថាសំណុំរឿងប្រឆាំងនឹងលោកគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ មេធាវីរបស់រដ្ឋាភិបាល និងព្រះរាជអាជ្ញាបានរក្សាពាក្យចោទប្រកាន់ដដែលថាលោក កឹម សុខា ជាប់ពាក់ព័ន្ធក្នុងគម្រោងដែលបានរៀបចំជាយូរដោយពីជួយជ្រៀតជ្រែកពីបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិដោយឃុបឃិតជាមួយមហាអំណាចបរទេសប្រឆាំងនឹងរដ្ឋាភិបាល។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ពីរ​ខែ​ក្រោយ​មក។

ព្រះរាជអាជ្ញាបានអះអាងក្នុងសេចក្តីសន្និដ្ឋានបញ្ចប់ថាលោក កឹម សុខា បានឈានដល់ការបង្កើត«អំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស» ដើម្បី«បង្កើតឱ្យមានអំពើប្រទូសសារ៉ាយ» ចន្លោះពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០១៧។

ព្រះរាជអាជ្ញារង ប្លង់ សុផល បានលើកឡើងថា៖ «តំណាងអយ្យការ បានស្នើឱ្យចៅក្រមដាក់ទោសឱ្យធ្ងន់ធ្ងរបំផុត[ប្រឆាំងនឹង] ជនជាប់ចោទ ព្រោះជាបទល្មើសឧក្រិដ្ឋពាក់ព័ន្ធក្បត់ជាតិ»។ លោក ក៏បានស្នើសុំឱ្យចៅក្រម«ដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរ»ពីលោក កឹម សុខា ផងដែរ។​

លោក សុផល បានលើក​ឡើង​ជា​ភស្តុតាង​នៃ​ពាក្យ​ស្លោក​ក្បត់​ជាតិ​របស់ កឹម សុខា ដូច​ជា «ហ៊ុនអើយចុះចេញទៅ» និង«បើមិនមានការប្រថុយ និងមិនមានផ្លាស់ប្តូរ»ក្នុង​ពេល​ធ្វើ​មហា​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ នៅ​ពេល​នោះ​អ្នក​តវ៉ា​ទាមទារ​ឱ្យ​មាន​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​​នៃលទ្ធផល​បោះឆ្នោត។

លោក សុផល បានបន្តថា៖ «ជនជាប់ចោទកឹម សុខា ស្តាប់បង្គាប់បញ្ជារបស់បរទេស»។

ព្រះរាជអាជ្ញា​ធ្លាប់​បាន​លើក​ឡើង​ថា​ពី​ភស្តុតាងនៃការ​បណ្តុះបណ្តាល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គេ​ចោទ​ថា​បាន​ទទួល​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ែប៊ី និង​អាមេរិក។ នៅក្នុងសេចក្តីសន្និដ្ឋានរបស់ពួកគេ អយ្យការបានអះអាងថា ការបង្កើតអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) របស់លោក កឹម សុខា និងក្រោយមកនៅឆ្នាំ២០២១មានការច្របាច់បញ្ចូលគ្នានៃគណបក្សសិទ្ធិមនុស្ស ជាមួយគណបក្សប្រឆាំងឈានមុខគេផ្សេងទៀតគឺគណបក្ស សម រង្ស៊ី គឺជាលទ្ធផលនៃការជ្រៀតជ្រែកពីបរទេស។

អ្នកគាំទ្រលោក កឹម សុខា ប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក សុផល អះអាង​ថា លោក កឹម សុខា បាន​បង្ក​ឱ្យមានភាពវឹកវរក្នុង​អំឡុង​ពេល​បាតុកម្ម​ឆ្នាំ ២០១៤ នៅ​ស្ទឹងមានជ័យ ដែល​មនុស្ស ៤ នាក់​បាន​ស្លាប់​បន្ទាប់​ពី​ហ្វូង​មនុស្ស​បាន​ដុត​រថយន្ត​យោធា។ លោក​ក៏​បាន​លើក​ឡើង​ពី​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដើម្បី​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​៥​នាក់​ដែល​ជាប់​ពន្ធនាគារផងដែរ។

មេធាវីរដ្ឋាភិបាលលោក គី តិច មានប្រសាសន៍ថា ចុងចោទ កឹម សុខា កៀរគរ «អំណាចប្រជាជន»ហើយមហាបាតុកម្មទាមទារលទ្ធផលបោះឆ្នោត គឺជាលេសដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅក្នុងអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលដឹកនាំដោយបរទេស។

មេធាវីរូបនេះបានចោទថា៖ «ជនបរទេសបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិ»។ លោក​ តិច បានហៅជនជាប់ចោទ កឹម សុខាថា «ខ្លួនខ្មែរ ប៉ុន្តែក្បាលបរទេស»។

នៅខាងក្រៅតុលាការ លោក តិច បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលនឹងដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី«ទាមទារសំណង»ពីលោក កឹម សុខា ដែលនេះជាលទ្ធផលនៃបាតុកម្មដែលដឹកនាំដោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់ថាបានបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន។

លោក តិច បានបន្តថា៖ «ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកយកព័ត៌មានបានទេថាតើវា [សំណង] ប៉ុន្មាន» ។

ដោយ​ប្រកាន់​ជំហរដដែល លោក កឹម សុខា បាន​បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទេ ហើយ​បាន​ជំរុញ​ឲ្យ​ចៅក្រម​ទម្លាក់​បទ​ចោទ​ទាំង​អស់​មក​លើ​រូប​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូមស្នើឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងអស់មកលើរូបខ្ញុំ ដើម្បីខ្ញុំមានឱកាសចូលរួមធ្វើការបម្រើជាតិ និងប្រជាជន។ ខ្ញុំ​គ្មាន​ចេតនា​ប្រព្រឹត្ត​ដូច​អ្វី​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ទេ»

មេធាវីការពារក្តីរបស់គាត់បានដាក់សេចក្តីថ្លែងការណ៍សន្និដ្ឋានចំនួន៥៣ ទំព័រទៅកាន់តុលាការ ហើយបានចំណាយពេលភាគច្រើននៃការធ្វើសេចក្តីសន្និដ្ឋានរយៈពេល៥ម៉ោងរបស់ពួកគេធ្វើឱ្យសំណុំរឿងចេញពីបរិបទនៃការចោទប្រកាន់ ហើយព្យាយាមពន្យល់ថាវីដេអូឃ្លីបដែលត្រូវបានប្រើប្រាស់ជាភស្តុតាងនោះត្រូវបានកាត់តដើម្បីបំភាន់ថាលោក កឹម សុខា ព្យាយាមផ្តួលរំលំរដ្ឋាភិបាល។

លោក អាង ឧត្តម មេធាវី​ការពារ​ក្តី​របស់ សុខា បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​និយាយ​ថា​វា​ជា​ភស្តុតាង​ក្លែងក្លាយ»។

លោក​ថ្លែង​ថា​៖ «​ភស្តុតាង​ដែល​ពួក​គេ​រឹប​អូស​បាន​ដូច​ជា​អត្តសញ្ញាណបណ្ណ​ខ្មែរ ទូរសព្ទ បណ្ណ​ឥណទាន​ធនាគារ មិន​បង្ហាញ​ពី​បទ​ល្មើស​​ឃុបឃិត​ជាមួយ​បរទេស​ទេ»

មេធាវីការពារក្តីបានអះអាងថា កូនក្តីរបស់ពួកគេគ្រាន់តែចូលរួមក្នុងមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៣ ប៉ុណ្ណោះ និងមិនពាក់ព័ន្ធនឹងបាតុកម្មដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ ឬអំពើហិង្សាឡើយ។

លោក ឧត្តម ថ្លែង​ថា​៖ «​វា​ជា​រឿង​នយោបាយ​ទាំង​ស្រុង ទុក​ឱ្យ​អ្នក​នយោបាយ​ដោះស្រាយ​ករណី​នេះទៅ​»

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមសវនាការបាននិយាយថា ភស្តុតាងភាគច្រើនបានមកពីបណ្តាញព័ត៌មាន Fresh News របស់រដ្ឋាភិបាល ហើយព័ត៌មានទាំងនេះគ្រាន់តែជាការឃោសនាប៉ុណ្ណោះ។

លោក​ថ្លែង​ថា​៖ «​លោក កឹម សុខា នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ​ប្រសិន​បើ​តុលាការ​សម្រេច​ដោយ​យុត្តិធម៌​ព្រោះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ប្រឆាំង​លោក កឹម សុខាទេ»។ ប៉ុន្តែលោកបន្ថែមថា៖ «​ប្រសិន​បើ​តុលាការ​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ លោក កឹម សុខា មិន​អាច​ត្រូវ​បាន​លើកលែង​ទេ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha Trial Hears Closing Arguments, Verdict Set for March 3

1,590 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម