ពលការិនីចំណាកស្រុក ២៦នាក់ ដែលគេអះអាងថាបានធ្វើការងារច្រើនម៉ោងដោយពុំមានអាហារហូបគ្រប់គ្រាន់នោះ ឥឡូវ បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីជាប់គាំងរយៈពេល៤ខែនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។ ចំណែកពលការិនី៤នាក់ផ្សេងទៀតកំពុងស្ថិតនៅទីនោះនៅឡើយ ប៉ុន្តែ នឹងត្រូវបញ្ជូនមកវិញក្នុងពេលឆាប់ៗ ។
កាលពីថ្ងៃទី១៨ ខែមេសា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ry Single បានបង្ហោះឃ្លីបវីដេអូមួយដែលបានលើកទ្បើងថា កិច្ចសន្យាការងាររបស់ពួកគេជាមួយក្រុមហ៊ុនកម្ពុជា Fatina Manpower Co., Ltd បានតម្រូវឱ្យពួកគេធ្វើការងារបោសសម្អាតជាក្រុមក្នុងមួយថ្ងៃ ៨ម៉ោង នៅឯប្រទេសមជ្ឈិមបូព៌ា ដោយទទួលប្រាក់ខែ ១៥,០០០ riyal (ស្មើនឹង ៤០០ដុល្លារអាមេរិក) ក្នុងមួយខែ ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាបញ្ជា្កក់ថា ក្រសួងបានសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលការិនីទាំងនេះមកកម្ពុជាវិញនៅពីថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ការមកដល់នៃពលការិនីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងមន្ត្រីក្រសួងការងារនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ពលការិនីទាំងអស់ក៏ត្រូវបានផ្ដល់ការពិនិត្យសុខភាព រួមជាមួយនឹងការណែនាំពីឱកាសការងារ និងការអនុញ្ញាតឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅដល់គេហដ្ឋានរៀងៗខ្លួន ។
គិតមកត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យបងប្អូនពលការិនីវិលត្រទ្បប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។ នេះបើតាមការលើកឡើងរបស់ក្រសួងការងារនៅក្នុងប្រកាសព័ត៌មានមួយ នៅថ្ងៃអង្គារ ។
អ្នកស្រី ឯម បុប្ផា អាយុ ៤៤ឆ្នាំ ដែលបាននិយាយថា អ្នកស្រីជាជនរងគ្រោះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាប់ ខេមបូចា ថាអ្នកស្រីពិតជា«សប្បាយចិត្តណាស់»ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៥ ខែសីហា ។
អ្នកស្រី បុប្ផា បាននិយាយថា ក្រសួងបានរៀបចំផ្ដល់ការពិនិត្យសុខភាពដល់អ្នកគ្រប់គ្នា និងបានផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ ១៨០.០០០រៀល និងគ្រឿងហូបចុកមួយចំនួន ។
អ្នកស្រីក៏បានស្នើឱ្យក្រុមហ៊ុន Fatina Manpower ជួយដោះស្រាយស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេតាមរយៈការផ្ដល់សំណងផង បន្ទាប់ពីមានបញ្ហាកិច្ចសន្យាការងារអូសបន្លាយពេលជាច្រើនខែ ។ អ្នកស្រីនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យអ្នកដែលចង់ចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេស សូមគិតឱ្យបានហ្មត់ចត់នៅមុនពេលចេញទៅ ដោយសារខ្ញុំមានបទពិសោធន៍ហើយ ។ ខ្ញុំមិនបានគិតគូរច្បាស់លាស់មុនពេលចេញទៅ ទើបបណ្ដាលឱ្យមានការលំបាក»។
អ្នកស្រីបាននិយាយថា បញ្ហាគឺដោយសារតែក្រុមហ៊ុន«មានការយឺតយ៉ាវក្នុងការផ្ដល់លុយទៅឱ្យភាគីខាងអារ៉ាប៊ីសាអូឌីត»។
ស្រដៀងគ្នានេះដែរ ពលការិនីខ្មែរម្នាក់ទៀត ឈ្មោះ សឿន មុន្នី បានសម្ដែងការសប្បាយចិត្តដែលបានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីអស់សង្ឃឹម«រស់នៅក្នុងតែបន្ទប់»អស់រយៈពេល ៤ខែ ។
កញ្ញា បានប្រាប់សារព័ត៌មាន ខេមបូចា ថា ក្រសួងបានយកចិត្តទុកដាក់ចំពោះពួកគេដោយផ្ដល់ជាថវិកា ការពិនិត្យសុខភាព និងឱកាសការងារ ។
កញ្ញា មុន្នី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលចង់ទៅធ្វើការ ឬសិក្សានៅក្រៅប្រទេស សូមស្វែងយល់ពីច្បាប់និងគោលការណ៍ច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាង«ការឈឺចាប់»ដូចពួកគេ ។
កញ្ញាមិនទាន់បានសម្រេចចិត្តថាត្រូវធ្វើការ ឬយ៉ាងណានៅឡើយទេ បន្ទាប់ពីត្រឡប់មកដល់ប្រទេសវិញ ដោយសារតែក្រុមហ៊ុនបានសន្យាថាសងប្រាក់ខែដែលនៅជំពាក់គិតចាប់តាំងពីពេលដែលអ្នកនាងបានធ្វើការមក ។ ដោយសារ កញ្ញាមានបំណុលធនាគារដែលត្រូវសង ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បាននិយាយថា ក្រសួងបានសហការជាមួយក្រសួងការបរទេស និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្របសម្រួលឱ្យពលការិនី ១០៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ នៅសល់ពលការិនី ៤នាក់ទៀតដែលកំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅឡើយ និងកំពុងរង់ចាំការបញ្ជូនមកវិញ ។
លោក កត្តា អ៊ន បានលើកឡើងថា បច្ចុប្បន្ន មានពលការិនី ២៧នាក់កំពុងធ្វើការនៅទីនោះ ដែលអ្នកទាំងនោះពុំជាប់ទាក់ទងនឹងបញ្ហានេះទេ ។
លោកបាននិយាយថា៖ «ក្រសួងកំពុងស៊ើបអង្កេតបញ្ហានេះនៅឡើយ ។ វាជាការសំខាន់ដែលក្រសួងត្រូវសហការជាមួយពលករជាអាទិភាពសំខាន់ ដើម្បីនាំយកពួកគេវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។
ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក លោក នី សុខា បានស្វាគមន៍កិច្ចប្រឹងប្រែងនាំពលការិនីកម្ពុជាវិលត្រឡប់មកប្រទេសវិញ ប៉ុន្តែ បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ទៅលើវិធានការច្បាប់ពាក់ព័ន្ធនឹងការជ្រើសរើសពលករកម្ពុជាពីសំណាក់ក្រុមហ៊ុននានាដើម្បីបញ្ជូនឱ្យទៅធ្វើការងារនៅក្រៅប្រទេស ។
លោកបាននិយាយថា៖ «នេះជា[ករណី]កេងប្រវ័ញ្ចពលកម្ម ពីព្រោះពួកគេទៅទីនោះដោយផ្អែកតាមកិច្ចសន្យាការងារ ប៉ុន្តែ នៅពេលទៅដល់ គេមិនបានអនុវត្តកិច្ចសន្យាការងារនោះទេ» ។
លោក សុខា បានបលើកទ្បើងថា ច្បាប់ត្រូវតែអនុវត្តឱ្យតឹងរ៉ឹងចំពោះក្រុមហ៊ុនទាំងឡាយ ឬបុគ្គលទាំងឡាយ ដែលជ្រើសរើសមនុស្សឱ្យទៅធ្វើការនៅក្រៅប្រទេស ។
លោកបានបន្ថែមថា៖ «ប្រសិនបើអ្នកទាំងនោះត្រូវបានអនុញ្ញាតឱ្យរួចខ្លួន[នៅក្រោមច្បាប់] វានឹងមិនលុបបំបាត់រឿងទាំងអស់ហ្នឹងបានទេ ហើយវានៅតែបន្តកើតឡើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Labor Ministry Brings Home 26 Cambodian Migrant Workers Stuck in Saudi Arabia For Months