សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករ​ខ្មែរ​នៅ​​អារ៉ាប៊ីសាអូឌីតចំនួន​៣០​នាក់ ស្នើពន្លឿន​ការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ ខណៈរង់ចាំបួនខែមកហើយ

ពលករចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្នើឱ្យអាជ្ញាធរកម្ពុជាពន្លឿនដំណើរការនាំពួកគេត្រឡប់មកផ្ទះវិញ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ពលករចំណាកស្រុកម្នាក់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ពលករចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្នើឱ្យអាជ្ញាធរកម្ពុជាពន្លឿនដំណើរការនាំពួកគេត្រឡប់មកផ្ទះវិញ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ពលករចំណាកស្រុកម្នាក់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

អស់​រយៈពេល៤ខែមកហើយ ប៉ុន្តែ​ពលករខ្មែរចំនួន៣០នាក់ នៅតែស្ថិតក្នុងប្រ​ទេស​អារ៉ាប៊ីសាអូឌីតនៅឡើយ​ ខណៈពួកគេបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿន​ដំណើរការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ​ នេះបើយោងតាមការបង្ហោះសារ​នៅលើ​ហ្វេសប៊ុករបស់ពលករ​ម្នាក់​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

កាលពីខែមេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានអះ​អា​ង​ថា ខ្លួននឹងសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅ​ប្រទេសអេហ្ស៊ីប ដើម្បីជួយ​សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពល​ករចំនួន៧៨នាក់ ដែលតាម​ចោទថា ត្រូវ​បាន​បង្ខំឱ្យធ្វើការច្រើនម៉ោង និងទទួល​បាន​អាហារតិចតួចនៅក្នុងប្រទេសអារ៉ាប៊ីសា​អូឌីត។

អ្នកស្រី ឯម បុប្ផា អាយុ៤៤ឆ្នាំ ដែលអះអាងថា អ្នកស្រី​គឺ​ជាជនរងគ្រោះនៅប្រ​ទេស​អារ៉ាប៊ីសាអូឌីត បានប្រាប់ខេមបូចានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថា ចាប់​តាំងពីថ្ងៃទី១៩ ខែមេសា រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ​ច្បាស់លាស់ពីក្រសួងនៅឡើយ។ អ្នកស្រី​​បាន​ពណ៌នា​ពី​ស្ថានភាព​របស់​ពលករ​​ថា ​ពិបាក ​ព្រោះ​ពួកគាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញ​​ទៅ​ណា​ឡើយ «សូម្បី​ចេញ​ក្រៅ​បន្ទប់​ក៏មិន​អនុញ្ញាត​ដែរ» ពួកគាត់​ក៏ត្រូវ​ចំណាយ «ប្រាក់ច្រើន»ដើម្បីទិញរបស់ប្រើប្រាស់សម្រាប់ផ្ទាល់​ខ្លួនពួកគាត់​ផងដែរ។

អ្នក​ស្រី ឯម បុប្ផា ​បាន​និយាយ​ថា ពួក​គាត់​​​ទៅធ្វើ​ការ​នៅ​​ប្រទេស​អារ៉ាប៊ីសាអូឌីត​​តាម​រយៈ​ក្រុម​ហ៊ុន​ Cambodian Firm Fatina Manpower Co Ltd។ ពលករ​ចំនួន​២៦​នាក់​ក្នុង​ចំណោម​ពួក​គេ ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Jeddah នៅឡើយ​។

អ្នកស្រី​​បាន​និយាយ​ថា ក្រុម​របស់​អ្នក​ស្រី​ជួប​ការ​​លំបាក​​នៅ​ពេល​ពួក​គាត់​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ ហើយ​អ៊ីនធឺណិត​ត្រូវ​បាន​កាត់​ផ្តាច់ ហើយ​ពួក​​គាត់​​មិន​អាច​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា។

អ្នកស្រី ឯម បុប្ផា បាន​និយាយ​ថា៖​ «ដោយសារ​វ៉ាយហ្វាយ​ត្រូវ​បាន​ផ្ដាច់ ខ្ញុំ​សុំ​លុយ​ពី​​គ្រួសារ​ខ្ញុំ​នៅ​កម្ពុជា​ដើម្បី​ទិញ [ទិន្នន័យ]» ដោយ​អ្នកស្រីបាន​បន្ថែម​ថា ​អ្នកស្រី​បាន​ចំ​ណាយ​ប្រាក់​ពី ១២៥ ០០០ រៀល ទៅ ១៣៥ ០០០ រៀល ដើម្បី​ទិញ​អ៊ីនធឺណិត​ប្រើប្រាស់។

ខណៈ​ទទូច​​ឱ្យ​ស្ថានទូត​ពន្លឿន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ អ្នក​ស្រី​​បាន​និយាយ​ថា គ្រួសារ​របស់​អ្នកស្រី​​ជំពាក់​ធនាគារ​ឯកជន​ចំនួន ៣ ០០០ ដុល្លារ ហើយ​​រស់​​នៅ​​ផ្ទះ​ជួល។

អ្នក​ស្រី ឯម បុប្ផា បាន​និយាយថា៖ «នៅពេលខ្ញុំមកធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ខ្ញុំគិតថា វាជាការងារល្អ ហើយមិនដែលគិតថា ខ្ញុំត្រូវធ្វើការរហូតដល់១៦ ម៉ោងក្នុងមួយថ្ងៃនោះទេ។ ខ្ញុំក៏ធ្លាប់គិតដែរថា ខ្ញុំអាចរកប្រាក់បានច្រើន ដើម្បីសងបំណុលរបស់​ខ្ញុំ​ និងសម្រាប់​ការសិក្សារបស់កូនៗ ប៉ុន្តែ នេះគឺផ្ទុយពីអ្វីដែលខ្ញុំបានគិត»។

លោក ស៊ឹម ចាន់​សម្ផស្ស ដែលជាស្វាមីរបស់អ្នក​ស្រី បុប្ផា បានសម្តែងការមិនពេញចិត្តចំពោះចំណាត់ការពន្យារពេលរបស់ក្រសួង​ការ​ងារ​ ក្នុងការនាំភរិយា និងពល​ករផ្សេងទៀតត្រឡប់​មកផ្ទះវិញ។

ក្រសួង​ការងារ​បានសន្យាថា នឹងបញ្ជូនពល​ករត្រឡប់​មកវិញតាំងពី៣ទៅ៤ខែមុនម៉្លេះ​ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។ លោក​បាន​ទាក់ទង​ទៅ​ក្រសួង​ជាច្រើនលើ​ក ​ដើម្បី​សួរ​នាំ​អំពី​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​រង់ចាំ​ដំណោះស្រាយ។ លោក ចាន់សម្ផស្ស បាន​និយាយ​ថា​ «សូម្បីតែក្រសួង​ឥឡូវលែង​​លើក​ទូរសព្ទ​ខ្ញុំ​​ហើយ​»។

ដូចគ្នានេះដែរ អ្នកស្រី ម៉ រស់​ អាយុ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយដែលមានកូនពីរនាក់អាយុ១៧ឆ្នាំ និង៤ឆ្នាំ ស្រមៃថា នៅពេលដែលអ្នកស្រី​មកធ្វើការ អ្នក​ស្រី​នឹងអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ផ្គត់​ផ្គង់​កូនៗរបស់អ្នកស្រី​ ផ្ទុយទៅវិញអ្នក​ស្រី​បានក្លាយជាជនរងគ្រោះនៃការ​ធ្វើ​ចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីត​។

អ្នក​ស្រី​​បារម្ភ​ថា កូន​ទាំង​ពីរ​របស់​អ្នកស្រី​​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​នៅ​កម្ពុជា។ ថ្វីត្បិត​តែកូនស្រីច្បងរបស់អ្នកស្រីឡើង​ថ្នាក់ទី១២ក៏ដោយ ក៏កូនៗរបស់អ្នកស្រី​បាន​បោះបង់ការ​សិក្សា​ ដោយសារពួកគេខ្វះថវិកា​ ដើម្បីបន្តការសិក្សា។

អ្នកស្រី ម៉ រស់ បាន​និយាយថា៖ «ខ្ញុំ​គ្មាន​​គ្រួសារ ដើម្បី​​​ពឹង​ពាក់​​នោះ​ទេ។ ខ្ញុំ​បាន​បញ្ជូន​កូន​ទៅ​ឱ្យ​អ្នក​ផ្សេង​ជួយ​​មើល​ថែ ប៉ុន្តែ​ឥឡូវ​ពួកគេ​មិន​បាន​រៀន​ទេ»។

អ្នកស្រីបានបន្ថែមថា៖ «កូន​របស់​ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​ទី១២ នៅ​ឆ្នាំ​នេះ ប៉ុន្តែ​លែង​មាន​លុយសម្រាប់​​ឱ្យ​ទៅ​រៀន​ទៀត​ហើយ។ ខ្ញុំ​សង្ឃឹម​មក​ទី​នេះ [អារ៉ាប៊ីសាអូឌីត] ដើម្បី​រក​ប្រាក់​ឱ្យ​កូន​ខ្ញុំ ​ដើម្បី​ឱ្យ​ពួក​គេ​អាចបន្តការសិក្សា​​​»។

អ្នកស្រី​បាន​ទទូច​​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បញ្ជូន​ពួកគាត់​ត្រឡប់​​មក​ស្រុក​កំ​ណើត​​វិញ ដើម្បី​ឲ្យ​អ្នកស្រី​បាន​ឃើញ​កូន​ទាំង​ពីរ​នៅ​ស្រុក​កំណើត និង​រក​ប្រាក់​ដើម្បី​សង​កម្ចី​ធនាគារ​ចំនួន ១០០០ដុល្លារ។

លោកស្រី ស៊ុន ម៉ាលីន ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិ​មនុស្ស​អាដហុក ដែលបាននិងកំពុងតាមដានករណីពលករចំណាកស្រុកកម្ពុជានៅ​អារ៉ាប៊ីសាអូឌីត បានទទូច​ឱ្យរដ្ឋាភិបាល ជាពិសេសក្រសួង​ការ​ងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈពន្លឿនដំណើរការធ្វើមាតុភូមិនិវត្តន៍ ដើម្បីកុំឱ្យពួកគាត់​មានបញ្ហា​តទៅទៀត។

មុនពេលចេញទៅក្រៅប្រទេស ប្រជាជនមិនមានប្រាក់ ឬចំណូលសម្រាប់ផ្គត់ផ្គង់​គ្រួសារ ការចំណាយ​លើ​ការ​សិក្សារបស់​កូនៗ និងការចំណាយ​លើ​សេវា​សុខភាព ហើយត្រូវសងប្រាក់កម្ចីធនាគារ។ ដោយ​សារ​ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និង​ភាពក្រីក្រ ពួកគេបានជ្រើសរើសយក​ការ​ធ្វើចំណាកស្រុក។

នៅពេលដែលពួកគេជួបប្រទះបញ្ហា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវទទួលបន្ទុកដ៏ធំនេះ។

លោកស្រីបានមានប្រសាសន៍ថា៖ «អ្វីដែលបងដឹង ទាក់ទងនឹងតម្រូវការរបស់គាត់ ទាក់ទងនឹង​២០នាក់ជាងដែលត្រូវមក ចំណាយសំបុត្រយន្តហោះវាជាបន្ទុក ដែលបងគិតថាវាមិនច្រើនទេសម្រាប់រដ្ឋាភិបាល»។ ដោយទទូច​ឱ្យរដ្ឋាភិបាលពន្លឿនការធ្វើមាតុភូមិនិវត្តន៍ពលករចំណាក​ស្រុកមកកម្ពុជាវិញ​។

លោក កត្តា អ៊​ន អ្នកនាំពាក្យក្រសួងការ​ងារ​បានប្រាប់ខេមបូចាថា ពលករខ្មែរចំនួន៧៨នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានត្រឡប់មកកម្ពុជាវិញហើយ​ ខណៈ​ចំនួន៣០នាក់ទៀត​ កំពុងរង់ចាំការវិលត្រឡប់មកវិញ។ ក្រសួង​​កំពុង​ធ្វើ​ការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​សម្រួល​ដល់​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

លោក កត្តា អ៊ន បានមានប្រសាសន៍ថា៖ «ដោយមន្រ្តី និងភាគី​ពាក់ព័ន្ធបានប្រឹងប្រែងខ្លាំងណាស់ក្នុងការសម្របសម្រួលឱ្យពលករយើងបានវិលត្រឡប់មកវិញ ប៉ុន្តែយើងក៏ត្រូវគោរពបែបបទ និងនីតិវិធីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ»។

លោកបានបន្ថែមថា ក្រសួងបានយកចិត្តទុកដាក់ដល់កម្មករ រួមទាំងការផ្តល់​កន្លែង​ស្នាក់នៅ និងអាហារ ក៏ដូចជាការថែទាំសុខភាពផ្លូវចិត្តនិង​ផ្លូវ​កាយ​របស់ពួកគេ។

ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុន Fatina Manpower លោក កត្តា អ៊​ន បានមានប្រសាសន៍ថា៖«ក្រសួងបាន និងកំពុងស៊ើបអង្កេតក្រុមហ៊ុនបញ្ជូនពលករ។ នៅពេល​បិទការស៊ើបអង្កេត​ ក្រសួងនឹងមានចំណាត់ការតាមច្បាប់  បើសិនរកឃើញថាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមានកំហុស»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Months On, 30 Cambodian Migrant Workers in Saudi Arabia Wait To Come Home

214 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម