ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសប្រហែល៨៥០នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីទាមទារឱ្យចាប់ខ្លួនម្ចាស់ក្រុមហ៊ុន លោក ហ៊ី គឹមហុង ជាថ្មី ក្រោយពីរង់ចាំដំណោះស្រាយជាងពីរឆ្នាំ ដែលបានធ្វើឱ្យបញ្ហាបំណុលរបស់ពួកគាត់បានកើនឡើងកាន់តែច្រើន។
លោក សេង ហាន វ័យ៤៤ឆ្នាំ ជាតំណាងឲ្យជនរងគ្រោះបានលើកឡើងថា ការតវ៉ានេះធ្វើឡើងសម្រាប់ជនរងគ្រោះ១ ៤២៦គ្រួសារ ដែលបានចាត់តាំងលោកជាតំណាងរបស់ពួកគេ។ លោកបន្តថា នៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតមិនបានចូលរួមតវ៉ា ព្រោះអ្នកទាំងនោះព្យាយាមរកវិធីដោះស្រាយផ្សេង។
ការតវ៉ានេះធ្វើឡើងដើម្បីជំរុញឲ្យតុលាការពន្លឿនសំណុំរឿងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនពិភពដីមាស កាលខែសីហា ឆ្នាំ២០២៣ ក៏ដូចជាចាប់ខ្លួនលោក ហ៊ី គឹមហុង និងបក្ខពួកជាថ្មី ព្រោះថាអ្នកទាំងនោះមិនត្រឹមតែបរាជ័យក្នុងការផ្ដល់សំណងប៉ុណ្ណោះទេ តែថែមទាំងគំរាមដល់អ្នកដែលហ៊ានតវ៉ាទៀតផង។
លោកឲ្យដឹងថា៖ «ប្រជាពលរដ្ឋចង់ឲ្យចាប់ខ្លួនលោក ហ៊ី គឹមហុង និងបក្ខពួក ដែលកំពុងនៅក្រៅឃុំបណ្ដោះអាសន្ននេះឡើងវិញជាបន្ទាន់ ព្រោះពួកគេបានគំរាមកំហែង[ប្រជាពលរដ្ឋ] និងបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកដែលហ៊ានតវ៉ា។ ក្រុមហ៊ុនបានឲ្យកម្មករគំរាមកំហែង[ប្រជាពលរដ្ឋ]។ ពួកគេបានប្ដឹងប្រជាពលរដ្ឋ ចេញសារព្រមានតាមតេឡេក្រាម និងហ្វេសប៊ុក ហើយក៏បានទៅតាមផ្ទះនៅពេលយប់ផងដែរ»។
ក្រុមប្រជាពលរដ្ឋដែលឡើងមកតវ៉ាបានទាមទារឲ្យតុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោក ហ៊ី គឹមហុង ជាបន្ទាន់ ព្រោះពួកគេឮថាលោក ហ៊ី គឹមហុង មានផ្ទះចំនួនបីកន្លែង ប៉ុន្តែថាទ្រព្យសម្បត្តិខ្លះបានផ្ទេរទៅឈ្មោះសាច់ញាតិហើយ។
បន្ថែមពីនេះ ក្រុមអ្នកតវ៉ាក៏បានស្នើសុំការជួយពីតុលាការដើម្បីឱ្យស្ថានមីក្រូហិរញ្ញវត្ថុពន្យារពេលសងបំណុល ខណៈដែលពួកគេមានបន្ទុកបំណុលរាប់ម៉ឺនដុល្លារ។ ប្រជាពលរដ្ឋរងគ្រោះខ្លះបានលក់ទ្រព្យសម្បត្តិរបស់ខ្លួន ហើយអ្នកខ្លះបានធ្វើអត្តឃាត ព្រោះពួកគាត់មិនអាចទ្រាំទ្រនឹងបន្ទុកបំណុលបាន។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋខ្លះបាត់បង់ផ្ទះសម្បែង ខណៈគ្រួសារខ្លះបែកបាក់គ្នាដោយសារតែជម្លោះ និងការលែងលះ។ មានប្រជាពលរដ្ឋ៣២នាក់បានស្លាប់ដោយសារតែជំពាក់បំណុលធនាគារ។ អ្នកខ្លះបានធ្លាក់ខ្លួនឈឺ ប៉ុន្តែគ្មានលុយព្យាបាល ដែលធ្វើឲ្យពួកគេឈានដល់ធ្វើអត្តឃាត»។
លោកបន្តថា លោក ហ៊ី គឹមហុង ធ្លាប់បានសន្យាម្ដងហើយម្ដងទៀតក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នកដាក់ទុន ប៉ុន្តែមិនដែលគោរពការសន្យារបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានបន្លំយកកិច្ចសន្យាដើម ដោយថាពួកគេនឹងធ្វើកិច្ចសន្យាថ្មីមួយទៀត ប៉ុន្តែវាគឺក្លែងក្លាយ។
លោកបន្តថា ជនរងគ្រោះទាំងអស់ជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចន្លោះពី ១៥ ០០០ដុល្លារ ទៅ៤សែនដុល្លារ ក្រោយដឹងថាចាញ់បោកក្រុមហ៊ុនពិភពដីមាស។ លោកផ្ទាល់ជំពាក់ស្ថាប័នផ្តល់កម្ចីចំនួន ១១ម៉ឺនដុល្លារ។
លោក ហុង ឈាង មកពីខេត្តកំពង់ចាម បានឲ្យដឹងថា លោក «ចាញ់បោក» ក្រុមហ៊ុនពិភពដីមាសទឹកអស់ប្រាក់ចំនួន ៦ម៉ឺនដុល្លារចាប់តាំងពីឆ្នាំ២០២៣ ហើយទឹកប្រាក់ទាំងនោះលោកខ្ចីពីធនាគារ ABA។
ការវិនិយោគឆបោកនេះបានធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរបស់លោក និងគូដណ្ដឹងដែលឈានដក់ការផ្ដាច់ពាក្យគ្នាវិញ។ ជាមួយគ្នានេះ លោកក៏ត្រូវខំរកការងារផ្សេងៗធ្វើដើម្បីបានប្រាក់សងការប្រាក់ទៅធនាគារ។
ទោះបីជាលោកមិនបានទទួលការប្រាក់ពីការវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស តែលោកត្រូវសងប្រាក់ទៅធនាគារ បើមិនដូចនេះទេលោកនឹងរងនូវចំណាត់ការផ្លូវច្បាប់។ ធនាគារបានចេញលិខិតមួយច្បាប់មកលោក ដោយតម្រូវឲ្យលោកសងប្រាក់នៅត្រឹមខែវិច្ឆិកានេះ។ លោកថា មន្ត្រីផ្នែកច្បាប់ខាងធនាគារក៏បានកោះហៅលោកទៅសាលាឃុំចំនួនបីដងរួចមកហើយ។
លោកបន្ថែមថា៖ «ពួកគេបានទៅគំរាមខ្ញុំដល់ផ្ទះ ដោយថាបើសិនជាខ្ញុំមិនសង គេនឹងចាត់ការតាមច្បាប់។ គេគំរាមប្ដឹងខ្ញុំ ហើយមេធាវីគេបានផ្ញើលិខិតមកខ្ញុំឲ្យសងប្រាក់»។
លោក ឈាង បន្តថា មន្ត្រីឥណទាន បានចុះមកមើលដីផ្ទះរបស់លោកនៅស្រុកបាធាយ ខេត្តកំពង់ចាម ជាប្រចាំ និងជាញឹកញាប់បានសួរនាំបងស្រីលោក ដែលជាអ្នកធានាផងដែរ។
ដោយសារតែមានសម្ពាធបែបនេះ បុរសវ័យ៣៤ឆ្នាំរូបនេះ ស្នើឲ្យរដ្ឋាភិបាល និងតុលាការចាប់ខ្លួនលោក ហ៊ី គឹមហុង និងគ្រួសារឡើងវិញ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិអ្នកទាំងនោះដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា បណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ខាងតុលាការបានពន្លឿនហើយ ប៉ុន្តែថា «ពួកគាត់នៅតែមានសំណើផ្សេងទៀត»។
លោកឲ្យដឹងថា៖ «យើងកំពុងបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញឲ្យបានឆាប់ហើយ ប៉ុន្តែពួកគាត់នៅតែមានសំណើផ្សេងទៀត»។

ពេលចេញជួបប្រជាពលរដ្ឋដែលមកតវ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត មានប្រសាសន៍ថា តុលាការយល់ព្រមទទួលសំណើរបស់ប្រជាពលរដ្ឋដើម្បីបន្តនីតិវិធី។
លោកបន្ថែមថា៖ «តុលាការទទួលយកសំណើរបស់បងប្អូន និងសន្យាបន្តនីតិវិធីផ្អែកទៅតាមច្បាប់។ សូមបងប្អូនរង់ចាំលទ្ធផល»។
លោក អំ សំអាត នាយកគ្រប់គ្រងកិច្ចការទូទៅរបស់អង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា បញ្ហានេះកើតឡើងជាច្រើនឆ្នាំមកហើយ ដែលអាចធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ។
លោកព្រមានថា ការតវ៉ាអាចនឹងរីកកាន់តែធំ បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនពន្លឿនលើការដោះស្រាយ។ លោកថា៖ «អាជ្ញាធរគួររកដំណោះស្រាយសមស្រមមួយសម្រាប់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់រងគ្រោះខ្លាំងជាងនេះ»។
លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងតុលាការរឹបអូសទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន ដើម្បីការពារប្រយោជន៍របស់ជនរងគ្រោះ ខណៈដែលជនរងគ្រោះបារម្ភពីការផ្ទេរទ្រព្យសម្បត្តិទៅកាន់សាច់ញ្ញាតិ។
លោក ហ៊ី គឹមហុង ត្រូវបានព្រះមហាក្សត្រដកងារជាឧកញ៉ា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោយប្រជាពលរដ្ឋរាប់ពាន់នាក់ចោទប្រកាន់លោកថាបានឆបោកប្រជាពលរដ្ឋលើគម្រោងវិនិយោគ។
អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួន និងឃុំខ្លួនលោក កាលពីខែសីហា ឆ្នាំ២០២៣ ដោយចោទប្រកាន់ថាបានឆបោកប្រាក់ប្រជាពលរដ្ឋជាង៧០០គ្រួសារនៅខេត្តកំពត ដែលគិតជាទឹកប្រាក់វិនិយោគរាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យ។
យ៉ាងណា នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ទាំងដែលបញ្ហាមិនទាន់បានដោះស្រាយនៅឡើយ។ នៅពេលនោះ អ្នកនាំពាក្យសាលាឧទ្ធណ៍រាជធានីភ្នំពេញបាននិយាយថាការដោះលែងនេះធ្វើឡើងតាមការទាមទាររបស់ជនរងគ្រោះដែលជាដើមបណ្ដឹង៕











