ស្ត្រីពលករខ្មែរ ដែលនៅសេសសល់នៅប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហោះវីដេអូនៅលើហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែឧសភា ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនដំណើរការបញ្ជូនពួកគាត់ត្រឡប់មកផ្ទះវិញ បន្ទាប់ពីរង់ចាំអស់រយៈពេលមួយខែ។
កាលពីខែមេសា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ខ្លួននឹងសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប ដើម្បីជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលករខ្មែរ៧៨នាក់ ដែលតាមចោទថា ត្រូវបានបង្ខំឲ្យធ្វើការច្រើនម៉ោង និងទទួលបានអាហារតិចតួចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ពលករខ្មែរទាំងនេះបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនកម្ពុជាឈ្មោះហ្វាទីណា មេនផៅវ័រ ឯ.ក (Fatina Manpower Co Ltd)។ នៅពេលនេះ មានពលករខ្មែរចំនួន២៨នាក់ ដែលបន្តស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះបាននិយាយថា ពួកគាត់បានបង្ហោះវីដេអូតាមបណ្តាញសង្គមសុំជំនួយតាំងពីថ្ងៃទី១៨ ខែមេសា ហើយវីដេអូនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចាត់វិធានការភ្លាមៗផងដែរ ដើម្បីបញ្ជូនពួកគេទៅកន្លែងមានសុវត្ថិភាព។ ស្ត្រីទាំងនោះឥឡូវស្ថិតនៅកន្លែងសុវត្ថិភាពដោយមានអាហារគ្រប់គ្រាន់ ប៉ុន្តែពួកគាត់អន្ទះសាចង់ត្រឡប់មកផ្ទះវិញ។
ស្ត្រីរូបនេះនិយាយថា ពលករខ្លះបានវិលត្រឡប់មកដល់កម្ពុជាហើយ លើកលែងតែក្រុមរបស់ខ្លួន ដែលមានគ្នាប្រមាណ២៨នាក់ ដែលគ្រោងនឹងធ្វើដំណើរត្រឡប់មកវិញនៅថ្ងៃទី១៩ ខែមេសា ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ ខែឧសភា ពួកគាត់នៅតែបន្តរង់ចាំការចាកចេញនៅឡើយ ដោយបានបន្ថែមថា ពួកគាត់បានបំពេញឯកសាររួចរាល់អស់ហើយ។
ស្ត្រីរូបនេះបាននិយាយថា៖ «ខ្ញុំចង់សុំឱ្យក្រុមហ៊ុននៅកម្ពុជាពន្យល់ថា ហេតុអ្វីបានជាខ្ញុំមិនទាន់អាចត្រឡប់ទៅកម្ពុជាវិញ។ ទោះបីជាយើងមានអាហារហូបចុកគ្រប់គ្រាន់នៅទីនេះ ប៉ុន្តែវាពិបាកណាស់ ព្រោះយើងមិនអាចចេញទៅណាបានទេ។ សូមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមជួយពួកយើងផង»។
«ខ្ញុំអាចនឹងមានបញ្ហាផ្លូវចិត្ត»
ស្ត្រីទាំងនោះក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារពួកគាត់ត្រូវចាប់ផ្តើមស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារ។
ស្ត្រីម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហានេះតាមរបៀបណាទេ។ សូមសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ជួយនាំពួកយើងត្រឡប់ទៅវិញផង។ សូមយកខ្ញុំត្រឡប់ទៅវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះអស់រយៈពេលមួយខែហើយ»។
ស្ត្រីដដែលនិយាយថា៖ «យើងក្រ យើងជំពាក់ធនាគារ។ យើងមានកូន។ វាពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំនៅនៅទីនេះនៅឡើយ ចំណែកគ្រួសារខ្ញុំកំពុងខ្វះខាត»។
អ្នកស្រី ផ្លែ សុម៉ាលី អាយុ៣០ឆ្នាំ ដែលអះអាងថា ខ្លួនជាជនរងគ្រោះម្នាក់ដោយសារបញ្ហាការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាប់ខេមបូចាថា ចាប់តាំងពីថ្ងៃទី១៩ ខែមេសា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានដំណោះស្រាយពិតប្រាកដនៅឡើយ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនអាចចេញទៅណាទេ សូម្បីតែក្រៅបន្ទប់។
អ្នកស្រីបាននិយាយថា៖ «យើងមិនទុកចិត្តក្រសួង ឬស្ថានទូតទេ ព្រោះពួកគាត់មិនមានផែនការជាក់លាក់ សូម្បីតែក្រុមហ៊ុនក៏ដោយ»។
ជាស្រ្តីម៉េម៉ាយ អ្នកស្រី សុម៉ាលី ចង់ឱ្យពន្លឿនដំណើរការធ្វើមាតុភូមិនិវត្តន៍ ព្រោះអ្នកស្រីត្រូវមើលថែកូនប្រុសអាយុមួយឆ្នាំ និងម្តាយចាស់ជរានៅស្រុកកំណើត។ អ្នកស្រីក៏ជំពាក់ធនាគារឯកជនចំនួន ៥០០០ដុល្លារផងដែរ ហើយទើបបង់បានត្រឹមតែ១០០០ដុល្លារប៉ុណ្ណោះ មកទល់ពេលនេះ។
អ្នកស្រីនិយាយថា៖ «អ្វីដែលយើងចង់បាន គឺត្រឡប់ទៅប្រទេសកម្ពុជាវិញ ព្រោះយើងមិនអាចស្នាក់នៅទីនេះទៀតទេ។ មូលហេតុ គឺដោយសារយើងជំពាក់ធនាគារ។ យើងគ្មានលុយ គ្មានទឹកដោះគោសម្រាប់កូនយើង។ សុខភាពរបស់ពួកគេចុះខ្សោយ ខណៈយើងទទួលទានអាហារត្រឹមពីរពេលក្នុងមួយថ្ងៃ»។
អ្នកស្រី សុម៉ាលី បាននិយាយថា៖ «ប្រសិនបើខ្ញុំស្នាក់នៅទីនេះ ខ្ញុំប្រហែលជាមានបញ្ហាផ្លូវចិត្ត ព្រោះខ្ញុំ [ជាប់] ក្នុងបន្ទប់»។
ស្របពេលជាមួយគ្នានេះដែរ អ្នកស្រីបានពន្យល់ថា បញ្ហានាពេលបច្ចុប្បន្ននេះ គឺក្រុមហ៊ុនហ្វាទីណា មេនផៅវ័រ ចោទប្រកាន់ក្រុមហ៊ុនអារ៉ាប់ថា មិនចេញទិដ្ឋាការឱ្យពលករ។ ប៉ុន្តែក្រុមហ៊ុនអារ៉ាប់អះអាងថា ពួកគេបានដោះស្រាយទិដ្ឋាការរួចហើយ ហើយកំពុងរង់ចាំការបង់ប្រាក់។ អ្នកស្រីបានបន្តថា ការចោទប្រកាន់មិនចេះចប់របស់ក្រុមហ៊ុនកំពុងធ្វើឲ្យមានការពន្យារពេលក្នុងការដោះស្រាយ។
ពលករខ្លះខ្វះការអត់ធ្មត់
យោងតាមលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា ពលករចំណាកស្រុកចំនួន ៩៧នាក់បានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ពលករប្រមាណ៥២នាក់បានត្រឡប់មកកម្ពុជាវិញ ចំណែក៤៥នាក់ទៀតកំពុងរង់ចាំការបញ្ជូនត្រឡប់មកវិញ។
ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ រួមទាំងស្ថានទូតកម្ពុជា ដើម្បីធានាថា ពលករទាំងនោះត្រឡប់មកកម្ពុជាវិញ ប៉ុន្តែបញ្ហា គឺថា ប្រទេសនីមួយៗមាននីតិវិធីខុសៗគ្នា។ ជាឧទាហរណ៍ អារ៉ាប៊ីសាអូឌីតនឹងត្រូវបំពេញតាមលក្ខខណ្ឌនៃការចូលប្រទេស ជាបញ្ហាដែលពួកគាត់ប្រឈម។ ដូច្នេះ ចាំបាច់ត្រូវមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការសមស្របរវាងប្រទេសនានា។
ទាក់ទិននឹងក្រុមហ៊ុនដែលបញ្ជូនពលករទៅនោះ លោក កត្តា អ៊ន បានប្រាប់ខេមបូចាថា ការស៊ើបអង្កេតនឹងបិទក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើក្រុមហ៊ុនបានបំពានច្បាប់ នឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកមានប្រសាសន៍ថា ពលករត្រូវតែមានការអត់ធ្មត់ ខណៈដែលបញ្ហាធំកំពុងត្រូវបានដោះស្រាយ ប៉ុន្តែពលករមួយចំនួនតូចខ្វះការអត់ធ្មត់ ហើយថតវីដេអូបង្ហោះតាមហ្វេសប៊ុក។
លោកបានមានប្រសាសន៍ថា៖ «ការធ្វើបែបនេះ គឺជាសេរីភាព [នៃការបញ្ចេញមតិ] ប៉ុន្តែប្រសិនបើការបង្ហោះនេះ ប៉ះពាល់ដល់ប្រទេសទាំងពីរ ឬបង្កបញ្ហាផ្សេងទៀត នោះ [ការធ្វើមាតុភូមិនិវត្តន៍] អាចនឹងត្រូវពន្យារពេល ដូច្នេះយើងតែងតែស្នើសុំឱ្យពួកគាត់សហការជាមួយស្ថានទូត [កម្ពុជា]»។
ត្រៀមខ្លួនសហការក្នុងការស៊ើបអង្កេត
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនកម្ពុជា ហ្វាទីណា មេនផៅវ័រ បានអះអាងថា បច្ចុប្បន្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ក្រសួងការងារកម្ពុជា និងក្រសួងពាក់ព័ន្ធរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងសម្របសម្រួលស្វែងរកដំណោះស្រាយ។
ក្រុមហ៊ុននេះបានប្រាប់ខេមបូចាតាមរយៈកម្មវិធីផ្ញើសារ Messenger ថា៖ «វិវាទការងារកន្លងមក ត្រូវបានដោះស្រាយជាដំណាក់កាល តាមនីតិវិធីរបស់ក្រសួងសាមីក្នុងប្រទេសពាក់ព័ន្ធ ដោយមានការចូលរួមពីឯកអគ្គរាជទូត»។
ក្រុមហ៊ុននេះបានបន្តថា៖ «បើតាមឯកអគ្គរាជទូត ពលករទាំងអស់អាចនឹងបញ្ចប់នីតិវិធីដោះស្រាយក្នុងពេលឆាប់ៗនេះ» ដោយបន្ថែមថា ក្រុមហ៊ុនបាននិងកំពុងសហការជាមួយស្ថានទូត និងកំពុងតាមដានស្ថានការណ៍ជាប្រចាំ។ ក្រុមហ៊ុនមិនបានឆ្លើយតបនឹងសំណួរថា តើខ្លួននឹងដោះស្រាយបញ្ហាពលករដោយរបៀបណានោះទេ ប៉ុន្តែបានអះអាងថា ខ្លួននឹងសហការជាមួយក្រសួងប្រសិនបើមានការស៊ើបអង្កេតផ្លូវការ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់ខេមបូចាថា ពលករដែលរងផលប៉ះពាល់ជាទូទៅទទូចឲ្យមានដំណោះស្រាយឆាប់រហ័ស ហើយស្វែងរកមធ្យោបាយផ្សេងដោយធ្វើយ៉ាងណាពួកគាត់អាចត្រឡប់មកស្រុកកំណើតដោយសុវត្ថិភាព។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលមាននីតិវិធីធ្វើមាតុភូមិនិវត្តន៍ និងកំពុងសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះនីតិវិធីនេះប្រើរយៈពេលយូរ។
លោកបានមានប្រសាសន៍ថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល យើងបន្តទទូចឱ្យរដ្ឋាភិបាលពិនិត្យមើលស្ថានភាព និងពិនិត្យមើលក្រុមហ៊ុនដែលមានអាជ្ញាបណ្ណនាំពលករទៅក្រៅប្រទេស ដើម្បីធានាថា ពួកគេតាមដានសុវត្ថិភាពកម្មករ និងមានការពិនិត្យសុខភាពសមស្របនៅកន្លែងធ្វើការ»។
លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់ គឺត្រូវដោះស្រាយនីតិវិធី [ធ្វើមាតុភូមិនិវត្តន៍] រវាងប្រទេសទាំងពីរ ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកវិញបានឆាប់តាមដែលអាចធ្វើទៅបាន។ នោះគឺជារឿងល្អ»។
លោក អំ សំអាត បានគូសបញ្ជាក់ថា មិនមានការសិក្សានៅក្នុងប្រទេសកម្ពុជាថា តើការរំលោភសិទ្ធិការងារប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពលករយ៉ាងដូចម្តេចទេ ព្រោះវាអាចធ្វើឱ្យមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Female Workers in Saudi Arabia Beg To Return Home Soon, Need To Find Jobs, Income