ជាពលករដែលធ្លាប់ធ្វើការស៊ីឈ្នូលឱ្យគេ តាំងពីខ្លួននៅលីវ រហូតមានប្តី និងមានកូនស្រី២នាក់ អ្នកស្រី នួន សាតូត គ្មានបំណងវិលត្រឡប់ទៅធ្វើការ នៅប្រទេសថៃទៀតទេ។ អ្នកស្រីចង់មានមុខរបរផ្ទាល់ខ្លួនមួយ ដើម្បីរកចំណូលទៅតាមលទ្ធភាព ផ្គត់ផ្គង់គ្រួសារផង និងដោះបំណុលអង្គការផង។
ស្រ្តីវ័យ២៨ឆ្នាំ នួន សាតូត បានឱ្យដឹងថា អ្នកស្រីបានទៅធ្វើការងារ នៅប្រទេសថៃ តាំងពីអាយុ១៧ឆ្នាំ ចំណែកការប្រកបមុខរបររុញរទេះដើរលក់ការ៉ែម ជាមួយប្តីឈ្មោះ អឿន សុហ៊ឺ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំង២ អាចរកបានចំណូល ចន្លោះពី ២ម៉ឺនបាត ទៅ ៣ម៉ឺនបាត (២ ៥២៥ ០០០ ទៅ ៣ ៧៩០ ០០០រៀល) ក្នុង១ខែៗ តែបើខែភ្លៀង អាចរកបានជាង ១ ៥០០០បាតអីទេ។
ជាមួយប្រាក់ចំណូល ដែលទទួលបានពីការលក់ការ៉ែម នៅប្រទេសថៃនោះ អ្នកស្រី នួន សាតូត ថា អាចជួយផ្គត់ផ្គង់គ្រួសារបានគួរសម ប៉ុន្តែដោយសារការភ័យខ្លាចពីការធ្វើបាបរបស់ក្រុមជ្រុលនិយមរបស់ថៃ បានបង្ខំឱ្យប្តីប្រពន្ធ១គូនេះ ត្រឡប់មកផ្ទះវិញ ស្ថិតនៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុនពេលផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា។
អ្នកស្រីបានថ្លែងថា៖ «ការរុញរទេះដើរលក់ការ៉ែមនោះ ពួកខ្ញុំ អាចរកបានប្រាក់ចំណូលគួរសមដែរ គឺពេលភ្លៀង លក់មិនសូវដាច់ អាចបាន ១៥ ០០០បាត តែខែណាលក់ដាច់ បានដល់ ៣០ ០០០បាត ប៉ុន្តែបន្ទាប់ពីមានបញ្ហានៅព្រំដែន ប្រជាជនថៃមួយចំនួន ចាប់ផ្តើមមើលឃើញខ្មែរយើង និងនិយាយដៀមដាមដាក់យើងគ្រប់រឿង ដល់អ៊ីចឹងពួកខ្ញុំមានការឈឺចាប់ ហើយណាមួយក៏ភ័យខ្លាចកើតមានសង្រ្គាមទៀត ពួកខ្ញុំក៏សម្រេចវិលមកកម្ពុជាវិញទៅ»។
សម្រាប់ការវិលមករស់នៅស្រុកកំណើត អស់រយៈពេលចូល៣ខែមកនេះ អ្នកស្រី សាតូត និងប្តី មិនទាន់មានការងារធ្វើនោះទេ គឺបានត្រឹមនៅផ្ទះមើលថែកូនស្រីទាំង២នាក់ ជាមួយការធ្វើស្រែចម្ការបានតិចតួច។ ការណ៍នេះ បានធ្វើឱ្យស្ថានភាពរស់នៅរបស់ពួកគាត់ មានការលំបាក ដោយត្រូវខ្ចីលុយអ្នកជិតខាង ដើម្បីដោះទាល់ និងទិញទឹកដោះគោឱ្យកូនស្រីទី២អាយុ៣ឆ្នាំបៅ ដែល១ខែៗអស់ប្រមាណ ៣២០ ០០០រៀល។
អ្នកស្រី សាតូត បានប្រាប់ដោយមិនលាក់បាំងថា៖ «ពួកខ្ញុំ អត់ទាន់មានការងារធ្វើទេ ហើយគិតថា ក្រោយភ្ជុំបិណ្ឌហើយ នឹងចេញទៅរកការងារធ្វើ ព្រោះនៅផ្ទះមួយរយៈពេលនេះ ជីវភាពគ្រួសារយ៉ាប់ណាស់ គ្មានចំណូល អត់មានលុយចាយ។ ខ្ញុំបានខ្ចីលុយអ្នកស្រុកចាយដោះទាល់សិន ហើយខ្ញុំក៏ជំពាក់ធនាគារ ដែលត្រូវបង់ក្នុង១ខែៗ ចន្លោះពី៧០ទៅ៨០ម៉ឺនរៀលផងដែរ»។
យ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពដ៏លំបាកនេះ ប្តីប្រពន្ធ១គូនេះ គ្មានបំណងវិលត្រឡប់ទៅរកការងារធ្វើ នៅប្រទេសថៃទៀតនោះទេ។ «ពួកខ្ញុំផ្អាកទៅថៃហើយ ព្រោះពេលនេះ មិនដូចមុនទេ។ បើទោះបីជាទៅថ្ងៃមុខ ស្ថានភាពព្រំដែនធូរស្បើយវិញ ក៏ប្រជាជនថៃ នៅតែមើលងាយ និងស្អប់ខ្មែរយើងដដែលហ្នឹង មិនអាចទៅរកស៊ីបានទៀតឡើយ»។
អ្នកស្រី សាតូត បន្ថែមថា៖ «ខ្ញុំនិងប្តីគិតថា នឹងទៅរកការងាររោងចក្រធ្វើ នៅខេត្តកំពង់ស្ពឺ ព្រោះអ្នកស្រុកខ្ញុំ គឺពេលត្រឡប់មកពីថៃវិញ គេនាំគ្នាទៅធ្វើការងារ នៅខេត្តកំពង់ស្ពឺ និងនៅភ្នំពេញជិតអស់ហើយ នៅសល់តែពួកខ្ញុំប៉ុន្មាននាក់ហ្នឹងទេ អ៊ីចឹងបើមានអ្នកទៅមុនហើយ យើងទៅក្រោយគេទៅ ក្រែនបានការងារធ្វើដែរ»។
ការគ្រោងចេញទៅស្វែងរកការងារធ្វើនៅខេត្តកំពង់ស្ពឺ ក្រោយភ្ជុំបិណ្ឌរួចនេះ អ្នកស្រី សាតូត និងស្វាមី រំពឹងថា អាចទទួលបានប្រាក់ខែសមរម្យ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារផង និងសងបុលគេផង ហើយបើស្ថានភាពគ្រួសាររាងប្រសើរវិញ អ្នកស្រី ចង់បើកមុខរបរផ្ទាល់ខ្លួននៅផ្ទះ ដើម្បីបាននៅជុំគ្នា មើលថែកូន និងរកចំណូលចិញ្ចឹមក្រពះទៅតាមលទ្ធភាពជាក់ស្តែង។
អ្នកស្រី សាតូត បានបញ្ជាក់ថា៖ «បើមានដើមទុន ខ្ញុំចង់បើកមុខរបរផ្ទាល់ខ្លួននៅផ្ទះ ប៉ុន្តែពួកខ្ញុំ ត្រូវចេញទៅរកការងារធ្វើ រកលុយមកសងគេសិន។ បើមានលុយ សងគេហើយអស់ យើងមកស្រុក បើកមុខរបរខ្លួនឯងនៅផ្ទះយើង ដោយមិនបាច់ទៅឆ្ងាយកូន ឆ្ងាយម៉ែ ឆ្ងាយឪទៀតទេ! ការមានមុខរបរខ្លួនឯងនេះ យើងអាចរកចំណូលចិញ្ចឹមក្រពះបាន ទោះបានតិច ឬច្រើនក្តី ក៏ធូរចិត្តជាងស៊ីឈ្នួលគេដែរ»។

ចំណែកអ្នកស្រី ផល ចាន់ណាលី និងស្វាមី ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក៏មានបំណងចង់បង្កើតមុខរបរលក់ដូរនៅផ្ទះ។ ការធ្វើកម្មករខាងផ្នែកអគ្គិសនី នៅប្រទេសថៃអស់រយៈពេល២ឆ្នាំមកនេះ អ្នកទាំង២ អាចរកចំណូលបានជាង៨០០ដុល្លារក្នុង១ខែៗ ប៉ុន្តែការភ័យខ្លាច ពីការធ្វើបាបពីសំណាក់ក្រុមជ្រុលនិយមរបស់ថៃ បានបង្ខំឱ្យពួកគេ សម្រេចវិលត្រឡប់មកស្រុកកំណើតវិញ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។
គិតមកដល់នេះ ផល ចាន់ណាលី និងស្វាមី បានទៅធ្វើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺ ដោយមានប្រាក់ខែគោលចំនួន ២០៨ដុល្លារក្នុង១ខែៗ ប៉ុន្តែដោយសារប្តីប្រពន្ធនេះ ធ្វើការថែមម៉ោងបានច្រើន អ៊ីចឹងក្នុង១ខែៗ ម្នាក់ៗអាចរកបានចន្លោះពី ៣៣០ ទៅ២៥០ដុល្លារ ក្នុង១ខែ ហើយជាមួយចំណូលនេះ ចាន់ណាលី បានគិតថា ពួកគេមិនចាំបាច់វិលទៅធ្វើការនៅថៃទាំងភ័យខ្លាចទៀតនោះទេ។
ស្រ្តីវ័យ២៦ឆ្នាំ ចាន់ណាលី បាននិយាយថា៖ «ពួកខ្ញុំមិនវិលទៅធ្វើការនៅស្រុកថៃទៀតនោះទេ ព្រោះខ្លាចគេធ្វើបាប។ ខ្ញុំចង់បង្កើតមុខរបរលក់ចាប់ហួយនៅផ្ទះ ដើម្បីបានមើលថែកូនផង ប៉ុន្តែខ្ញុំមិនទាន់ប្រាកដថា នឹងអាចបើកមុខរបរនេះបាននៅពេលណាទេ ព្រោះខ្ញុំមិនទាន់មានដើមទុនឡើយ»។
ចាន់ណាលី បញ្ជាក់ថា៖ «សព្វថ្ងៃនេះ ក្រៅពីការចំណាយទៅលើកូនរៀន និងចំណាយទៅលើគ្រួសារ ពួកខ្ញុំត្រូវបង់ធនាគារក្នុង១ខែៗជិត៣០០ដុល្លារ ហេតុនេះ ពួកខ្ញុំមានតែទៅធ្វើការងារោងចក្រ នៅខេត្តកំពង់ស្ពឺ ដើម្បីយកប្រាក់មកដោះបំណុលសិន ហើយដោះរួចពេលណា ចាំគិតទៅដល់ការបង្កើតមុខរបរផ្ទាល់ខ្លួន ព្រោះយើងមិនអាចនៅធ្វើការងារឱ្យគេរហូតនោះទេ»។
ស្រដៀងគ្នានេះ លោក មាស សុភឿន ក៏មិនអាចវិលត្រឡប់ទៅប្រទេសថៃ ដើម្បីប្រកបមុខរបរជាអ្នកលក់ត្រី នៅផ្សាររុងក្លឿ ទៀតនោះដែរ។ សុភឿន បានប្រាប់ថា នៅមុនពេលស្ថានភាពព្រំដែនតានតឹងខ្លាំង រហូតមានការផ្ទុះប្រដាប់អាវុធ នៅថ្ងៃទី ២៤ ខែកក្កដា រូបគេតែងតែឡើងចុះ ទៅផ្សាររុងក្លឿ និងវិលត្រឡប់មកដេកនៅផ្ទះម្តាយក្មេកវិញនៅប៉ោយប៉ែត ប៉ុន្តែពេលនេះរូបគេ មិនអាចចូលទឹកដីថៃ បានទៀតទេ។
លោក សុភឿន និងមនុស្សប៉ុន្មាននាក់ផ្សេងទៀត ត្រូវបានកងកម្លាំងថៃថតជាប់ពីសកម្មភាពពួកគេ យកទំពក់ឈើទៅទាញបន្លាលួសរបស់ថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា។ ទោះបីជាសកម្មភាពរបស់ សុភឿន ត្រូវបានធ្វើឡើង ដើម្បីពារការដីម្តាយបង្កើតរបស់ខ្លួនដែលថៃបានរាំងបន្លាលួសរំលោភយកដោយខុសច្បាប់ តែទាហានថៃ បានថតសកម្មភាពទាំងអស់នេះទុកហើយ ដើម្បីចាត់វិធានការទៅតាមច្បាប់ព្រៃរបស់ខ្លួន។
លោក សុភឿន បានបញ្ជាក់ថា៖ «គេបានថតរូបខ្ញុំ និងអ្នកទាញបន្លាលួសផ្សេងទៀត គឺពួកខ្ញុំបានជាប់នៅក្នុងបញ្ជីឈ្មោះរបស់គេហើយ ហេតុនេះឱ្យតែខ្ញុំហានទៅចូលដីថៃ គេនឹងចាប់ខ្ញុំដាក់គុកភ្លាម»។ ប៉ុន្តែបុរសវ័យ២៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំក៏មិនទៅថៃទៀតនោះដែរ ព្រោះគេចង់បានទឹកដីយើងដល់ថ្នាក់ហ្នឹងហើយ តើយើងទៅប្រទេសគេធ្វើអីទៀត? ធ្វើការងារនៅស្រុកយើងវិញ ល្អជាង»។
យ៉ាងណាក៏ដោយ មាស សុភឿន ដែលបានដេកចាំការពារដីម្តាយ និងដីអ្នកភូមិ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនទាន់មានពេល ដើម្បីរកការងារធ្វើនៅឡើយទេ ខណៈប្រពន្ធរបស់ខ្លួន សារ៉ាយ សុភី ក៏ទើបឆ្លងទន្លេបាន៣ខែ មិនទាន់អាចធ្វើអ្វីបាន ប៉ុន្តែប្តីប្រពន្ធមួយគូនេះ មិនបានជំពាក់បំណុលធនាគារទេ។
លោក សុភឿន បញ្ជាក់ថា៖ «សព្វថ្ងៃ បានបងៗជួយម្តង ៥ទៅ៦ម៉ឺនរៀល គ្រាន់់ថានខ្ចូដើម្បីយកមកធ្វើដើមរកស៊ានមុខរបរផ្ផ្ញើឱ្យទៅប្រពន្ធទិញទឹកដោះគោឱ្យកូន ព្រោះខ្ញុំមិនទាន់មានអ្វីធ្វើទេ។ ខ្ញុំចង់មានមុខរបរផ្ទាល់ខ្លួន គឺអត់ចង់ធ្វើការស៊ីឈ្នួលគេទៀតឡើយ ហើយម្តាយក្មេកខ្ញុំប្រាប់ថា បើខ្ញុំចង់ធ្វើមែន គាត់នឹងជួយចងការលុយគេឱ្យខ្ញុំ ១ ០០០ដុល្លារ ដើម្បីយកមកធ្វើដើមរកស៊ី»។
លោកបន្ថែមថា៖ «ខ្ញុំចង់ជួលតូបគេក្នុងផ្សារស្ថិតនៅក្រុងប៉ោយប៉ែត ដើម្បីលក់ទឹកក្រូច និងភេសជ្ជៈផ្សេងទៀត ប៉ុន្តែត្រូវរងចាំដល់ពេលថៃ ឈប់រំលោភបំពានយកដីម្តាយខ្ញុំ និងអ្នកភូមិសិន ទើបខ្ញុំបានវិលត្រឡប់ទៅគិតគូរបើកមុខរបរនេះ។ ខ្ញុំមិនទាន់ដឹងថា វានឹងអាចដំណើរបានល្អឬយ៉ាងទេ ប៉ុន្តែឱ្យតែយើងព្យាយាម គង់តែអាចលក់បានដូចគេដែរ»។

ចំពោះអ្នកស្រី សំម៉េង ស្រិន ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃដែរនោះ ក៏មានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន នៅស្រុកកំណើត ខេត្តព្រៃវែង ប៉ុន្តែស្ថានភាពគ្រួសារមានការខ្វះខាត ហើយត្រូវបង់អង្គការជាប្រចាំខែទៀតនោះ វាបានបង្ខំឱ្យស្រ្តីម្នាក់នេះ សម្រេចចិត្តទៅធ្វើជាកម្មករសំណង់ ទោះមិនទាន់ដឹងថា បានប្រាក់ខែប៉ុន្មាន សំខាន់ឱ្យតែមានការងារធ្វើសិនទៅ។
សំម៉េង ស្រិន បាននិយាយថា៖ «ខ្ញុំចូលធ្វើជាងសំណង់បានជាង១០ថ្ងៃហើយ ផ្នែករៀបឥដ្ឋ និងបូក ហើយខ្ញុំក៏មិនដឹងថា បានប៉ុន្មានក្នុង១ខែនោះដែរ។ ខ្ញុំក៏ចង់មានមុខរបរផ្ទាល់ខ្លួន និងការងារល្អជាងនេះ ប៉ុន្តែធ្វើម៉េចរកមិនបាន អ៊ីចឹងមានតែមកធ្វើសំណង់នេះសិន ដើម្បីយកលុយបង់អង្គការ»។
លោក ជាង ពយ ដែលធ្លាប់ធ្វើជាកម្មករដាំម្នាស់នៅស្រុកថៃ អស់រយៈពេល១២ឆ្នាំ ហើយក៏ធ្លាប់ធ្វើការងារជាកម្មករធ្វើត្រីងៀត និងរោចក្រ នៅក្នុងស្រុកអស់រយៈពេលជាង១០ឆ្នាំផងនោះ បានកំពុងនឹងឈានទៅរកភាពជោគជ័យ នៅលើមុខរបរលក់ឆាក្តៅជាមួយប្រពន្ធឈ្មោះ ប៉ក់ ចន្ថា នៅតាមដងផ្លូវរថភ្លើង ក្បែរបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកទាំង២ បានចាប់ផ្តើមមុខរបរនេះ តាំងពីឆ្នាំ២០១៩ មុនពេលបិទមួយរយៈ ក្នុងពេលបិទខ្ទប់ការផ្ទុះជំងឺកូវីដខ្លាំង។ បើកលើកដំបូង លោក ជាង ពយ និងភរិយា ដែលធ្លាប់ធ្វើការជាកម្មការីរោងចក្រដែរនោះ អាចរកបានប្រាក់ចំណេញប្រមាណ២ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ថ្ងៃ ប៉ុន្តែទឹកដៃឆាក្តៅដ៏មានរស់ជាតិរបស់លោក បានទាក់ទាញភ្ញៀវបានកាន់តែច្រើន ទាំងការលក់នៅតូបផ្ទាល់ និងអ្នកទិញខ្ចប់។
រហូតមកដល់ពេលនេះ ប្តីប្រពន្ធមួយគូនេះ អាចរកបានចំណូល ចន្លោះពី២០ ទៅជាង៣០ម៉ឺនរៀល ពីការលក់ឆាក្តៅ រួមមានឆាក្តៅកង្កែប ឆាក្តៅអន្ទង់ ឆាក្តៅទា ភ្លាសាច់ត្រី និងភ្លាសាច់គោ ក្នុង១ថ្ងៃៗ ហើយចំណូលនេះ បានកែប្រែជីវភាពគ្រួសាររបស់អ្នកទាំង២ មានភាពល្អប្រសើរ ហើយពួកគេ ក៏ទើបទិញឡានថ្មី១គ្រឿងតម្លៃប្រមាណ ៤២ ៥០០ម៉ឺនដុល្លារផងដែរ។
នៅក្នុងបទសម្ភាសផ្ទាល់ជាមួយខេមបូជា លោក ជាង ពយ បាននិយាយថា៖ «ខ្ញុំទើបទិញឡាន១គ្រឿង ហើយសព្វថ្ងៃ ខ្ញុំបាននឹងកំពុងបង់រំលោះដី១កន្លែងតម្លៃជាង២ម៉ឺនដុល្លារផងដែរ។ លុយទាំងអស់នេះ បានពីការលក់ឆាក្តៅនេះឯង ហើយខ្ញុំខ្លួនឯង ក៏មិនស្មានថា មានថ្ងៃហ្នឹងដែរ ព្រោះមុននឹងចាប់យកមុខរបរនេះ ប្តីប្រពន្ធរបស់ខ្ញុំ ធ្លាប់ស៊ីឈ្នួលគេអស់ហើយ តែនៅមិនសល់អី»។
លោក ជាយ ពយ ដែលរៀនបានត្រឹមថ្នាក់ទី៥ ហើយធ្លាប់បួសជាព្រះសង្ឃ បាន១ព្រះវស្សាផងនោះ បានទម្លាយថា មុខរបរលក់ឆាក្តៅនេះ មានការហត់នឿយ ព្រោះត្រូវចំណាយពេលជាង១ព្រឹក ដើម្បីទិញម្ហូប និងធ្វើម្ហូប ហើយត្រូវលក់តាំងពីម៉ោង៣រសៀលរហូតដល់ម៉ោង១០ឬ១១យប់ អ៊ីចឹងទម្រាំបានដេក អាចចូលម៉ោង ១ ឬ ២យប់ ក៏មាន ប៉ុន្តែអាចរកចំណូលបានគួរសម ហើយគ្មានហានិភ័យអ្វីទេ។
បុរសវ័យ៤៥ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ដោយសារពេលនេះ ខ្ញុំមានម៉ូយស្គាល់ច្រើន អ៊ីចឹងទោះបីជាមានភ្លៀង ក៏ខ្ញុំនៅតែលក់ដាច់ គឺចំណូលអាចខុសគ្នាពីថ្ងៃធម្មតា ប្រមាណ៣០ភាគរយអីទេ។ មុខរបរនេះ វាជាឆ្នាំងបាយដ៏សំខាន់បំផុតរបស់ពួកខ្ញុំ ព្រោះចំណូលបានពីការលក់ឆាក្តៅនេះ ធ្វើឱ្យខ្ញុំមានជីវភាពធូរ មានលុយចាយ មានលុយឱ្យកូនរៀន មិនខ្វះខាតដូចពេលធ្វើការស៊ីឈ្នួលឱ្យគេនោះទេ»។
យ៉ាងណាក៏ដោយបុរសមកពីស្រុកគិរីវង់ ខេត្តតាកែវ លោក ជាង ពយ មិនចង់ឱ្យកូនស្រីទាំង២នាក់របស់លោក បន្តមុខរបរនេះពីលោកទេ។ «សម្រាប់ប្តីប្រពន្ធខ្ញុំ មិនបោះបង់ចោលមុខរបេរនេះ ព្រោះខ្ញុំរៀនបានទាប មិនអាចទៅធ្វើអ្វីផ្សេងនោះទេ ប៉ុន្តែសម្រាប់កូនស្រីទាំង២នាក់របស់ខ្ញុំ គឺខ្ញុំចង់ឱ្យគាត់រៀនបានខ្ពង់ខ្ពស់ ហើយប្រើចំណេះដឹង ដើម្បីចិញ្ចឹមជីវិត។ ខ្ញុំមិនចង់ឱ្យពួកគេ ចាប់មុខរបេរដូចខ្ញុំទេ ព្រោះបានលុយមែន តែវាហត់ណាស់»។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរប្រមាណ៩៣ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ក្នុងនោះ ៥ទៅ៦ម៉ឺននាក់ ជាកុមារ ចំណែកអ្នកមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ មានរហូតដល់ ២៥ម៉ឺននាក់ ហើយក្រៅពីនេះ ជាពលករពេញកម្លាំង និងបងប្អូន ជាពលករទៅធ្វើការងារតាមរដូវកាល នៅប្រទេសថៃ។
នៅក្នុងចំណោមពលករពេញកម្លាំងនេះ លោក មេសា បានគូសបង្ហាញថា អ្នករកបានការងារធ្វើ ដោយមានការចុះក្នុងប្រព័ន្ធ គឺមានចំនួន២២ម៉ឺននាក់ ហើយក៏មានអ្នកធ្វើការងារខាងសំណង់ ក្នុងរង្វង់ប្រមាណ ៥ទៅ៦ម៉ឺននាក់ និងមានអ្នកធ្វើការងារ នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) រាប់សិនម៉ឺននាក់ផ្សេងទៀត។
លោកបានបញ្ជាក់ថា៖ «មកដល់ពេលនេះ ក្រសួងការងារ បានរកការងារតាមរយៈយុទ្ធនាការរបស់ក្រសួង និងវិស័យឯកជន និងសហជីពមួយចំនួន ជូនដល់ពលកររបស់យើង បានប្រមាណជាង២២ម៉ឺននាក់ហើយ ប៉ុន្តែនៅក្នុងនោះ ក៏មានបងប្អូន នៅក្នុងវិស័យសំណង់ប្រមាណ ៥ទៅ៦ម៉ឺននាក់ ហើយអ្នកនៅក្នុងវិស័យសហគ្រាសធុនតូច និងមធម្យ រួមទាំងអាជីវកម្មមិនរៀបរយ (អាជីវកម្មមិនបានចុះបញ្ជីជាមួយក្រសួង) រាប់សិនម៉ឺននាក់ផ្សេងទៀត»។

ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានប្រាប់ថា នៅក្នុងចំណោមពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺអាចមានត្រឹម ២០ទៅ៣០ភាគរយប៉ុណ្ណោះ ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នកប្រកបរបរនេះច្រើនពេក ហើយមិនសូវមានអតិថិជនទិញ។
លោកបានបញ្ជាក់ថា៖ «វាពិបាកដែរ ព្រោះពួកគាត់ ធ្លាប់ធ្វើការឱ្យគេនៅថៃ ហើយពេលមកដល់ស្រុកយើង វាហាក់ដូចជាថ្មី សម្រាប់ពួកគាត់។ ម្យ៉ាងទៀត ការលក់ដូ នៅស្រុកយើង មិនចេះតែលក់នោះទេ កន្លែងខ្លះ ត្រូវអាជ្ញាធរហាមឃាត់ កន្លែងខ្លះ ត្រូវជួលថ្លៃ ចំណែកកន្លែងខ្លះទៀត មានការប្រកួតប្រជែងជាមួយបរទេស ដូចជានៅខេត្តព្រះសីហនុ មានចិនលក់ដូចយើងដែរ រីឯនៅខេត្តសៀមរាប មានបរទេសមួយចំនួនលក់ដែរ ដល់អ៊ីចឹងគ្នាមកថ្មី មិនដឹងលក់យ៉ាងម៉េច បើគេលក់អស់ហើយ»។
លោក វន់ ពៅ បានអះអាងបន្តថា កត្តាស្ថានភាព និងការគ្មានដើមទុន ក៏ជាកត្តាសំខាន់ ដែលមិនអាចឱ្យពលករទើបវិលត្រឡប់មកពីប្រទេសថៃ បើកមុខរបរខ្លួនឯង ព្រោះភាគច្រើន សុទ្ធតែជំពាក់ធនាគារ ហើយស្ថានភាពប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពេលនេះ ក៏ប្រឈមនឹងការខាតបង់ដូចគ្នា។
លោកបញ្ជាក់ថា៖ «យើងឃើញថា ពលករយើងទើបមកដល់មែន តែមិនមែនគាត់ទៅកើបលុយនៅស្រុកថៃឯណា! ទៅថៃហ្នឹង គាត់ជំពាក់ធនាគារ អ៊ីចឹងទៅធ្វើការ គ្រាន់តែសងធនាគារ និងផ្ញើមកអ្នកផ្ទះហ្នឹង ហើយដល់ពេលត្រឡប់មកកម្ពុជាវិញ ចង់បង្កើតមុខរបរថ្មី វាមិនមែនជាការងាយស្រួលនោះទេ»។
ប្រធានសមាគម IDEA រូបនេះ បានអះអាងថា អ្នកប្រកបមុខរបរមួយចំនួន បានដួលរលំ ដោយសារលក់មិនដាច់ ព្រោះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន មានការធ្លាក់ចុះដូចគ្នា។ ប៉ុន្តែលោកទទួលស្គាល់ថា ក៏មានអ្នកប្រកបមុខរបរផ្ទាល់ខ្លួនខ្លះ ក៏កាក់កប រកចំណូលបានសមរម្យ ដែលអាស្រ័យទៅលើកត្តាអំណោយផលផ្នែកទីតាំង ហើយអ្នកលក់ទាំងនោះ មានការច្នៃប្រឌិតទៅលើមុខរបរខ្លួនឯងបន្ថែម។
លោក វន់ ពៅ បន្ថែមថា៖ «យើងឃើញថា អ្នកដែលទទួលបានជោគជ័យ មានភាគរយតិចដែរទេ គឺទី១ គាត់លក់ទីតាំងល្អ ទី២ កន្លែងគាត់មានអនាម័យ ហើយគាត់លក់គុណភាពល្អ គេហៅថា របស់ឆ្ងាញ់ អ៊ីចឹងអតិថិជន គេស្កាត់រកហើយ ធ្វើឱ្យគាត់ទទួលបានជោគជ័យ។ បន្ថែមលើនេះ ការវិវឌ្ឍមុខទំនិញឱ្យទាន់តម្រូវការ រួមទាំងការកែច្នៃនូវមុខម្ហូបប្លែកៗ ដែលមានការទាក់ទាញ រួមទាំងការលក់តាម App ក៏ជាចំណុចរួមផ្សំ ធ្វើឱ្យមុខរបររបស់ពួកគាត់ ទទួលបានជោគជ័យផងដែរ»៕










