កម្ពុជាបានប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលពលកររាប់ពាន់នាក់ដែលត្រឡប់ពីប្រទេសថៃវិញដោយសារតែជម្លោះព្រំដែន បានបន្តជួបការលំបាកដោយសារបំណុល ការងារគ្មានស្ថិរភាព និងការទទួលបានជំនួយក៏មានកម្រិត។ សង្គមស៊ីវិលបានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការកាន់តែប្រសើរថែមទៀតដើម្បីជួយកសាងជីវភាពពលករខ្មែរទាំងនោះ និងជៀសវាងការធ្វើចំណាកស្រុកជាថ្មីដោយប្រថុយប្រថាន។
បើតាមអង្គការសង់ត្រាល់ទិវាអ្នកចំណាកស្រុកអន្តរជាតិឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«លើកកម្ពស់សុវត្ថិភាព ការងារសមរម្យ និងជំនួយសង្គម ដល់ពលករចំណាកស្រុក»។ វេទិកានេះធ្វើឡើងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពការធ្វើចំណាកស្រុក និងការការពារខ្លួនក្នុងអំឡុងពេលមានជម្លោះ។
អង្គការសង់ត្រាល់ក៏បានចេញការស្ទង់មតិមួយដែលបានរកឃើញថា ៣១ភាគរយនៃពលករដែលបានវិលមកកម្ពុជាវិញបានទទួលជំនួយ ដែលភាគច្រើនបានជំនួយពីរដ្ឋាភិបាល ខណៈដែលពលករជាច្រើនទៀតត្រូវចំណាយខ្ពស់លើថ្លៃធ្វើដំណើរជាមធ្យប៧៤ដុល្លារ ថ្លៃអាហារ១៤៥ដុល្លារ និងថ្លៃចំណាយក្រៅផ្លូវការផ្សេងៗ៥៦ដុល្លារ។
បញ្ហាបំណុលជាកត្តាប្រឈមដ៏ធំមួយដែលឥទ្ធិពលលើការសម្រេចចិត្តរបស់ពលករ។ ការស្ទង់មតិដដែលបានរកឃើញថា ៧១ភាគរយនៃពលករដែលត្រឡប់មកពីប្រទេសថៃ គឺមានជាប់បំណុល និងមាន៨៥ភាគរយមិនអាចមានលទ្ធភាពទូទាត់បំណុលដែលខ្លួនជំពាក់។ បំណុលដែលពលករទាំងនោះជំពាក់មានចាប់ពី ៣០,៨០ដុល្លារ រហូតដល់ ៣៥ ០០០ដុល្លារ ដែលគិតជាមធ្យមពលករម្នាក់មានបំណុល ៥ ៥០០ដុល្លារ និងត្រូវបង់សងប្រចាំខែរង្វង់២២០ដុល្លារ។
អ្នកស្រី កេង សុឃិត វ័យ៣០ឆ្នាំ ប្រាប់ សារព័ត៌ខេមបូចា ថា អ្នកស្រី និងស្វាមីបានត្រឡប់ពីថៃមកស្រុកកំណើតវិញតាំងពីមានជម្លោះព្រំដែនលើកទីមួយបានកើតឡើងក្នុងខែកក្កដា និងទើបតែទទួលបានការនៅរោងចក្រមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ ថ្វីបើប្រាក់ឈ្នួលនៅរោងចក្រកាត់ដេរមិនបានខ្ពស់ដូចកាលអ្នកស្រីធ្វើការនៅប្រទេសថៃ អ្នកស្រីថាស្ថានភាពបច្ចុប្បន្នធ្វើឲ្យការលំបាកក្នុងការចំណាកស្រុក និងថាអ្នកស្រីត្រូវការប្រាក់ដើម្បីទ្រទ្រង់គ្រួសារ និងសងបំណុលធនាគារផង។
អ្នកស្រីបន្ថែមថា ប្រាក់ឈ្នួលដែលរកបានទាំងពីរនាក់ប្ដីប្រពន្ធគឺប្រហែល៤០០ដុល្លារក្នុងមួយខែ។ បើសិនជាធ្វើការថែមម៉ោង អ្នកស្រីថាអាចរកបានច្រើនជាងនេះ។ អ្នកស្រីបន្តថា ខ្លួននិងស្វាមីខិតខំធ្វើការដើម្បីរកប្រាក់សងបំណុលធនាគារដែលបានខ្ចីដើម្បីទិញម៉ូតូ និងគោយន្តសម្រាប់ភ្ជួរស្រែ។ អ្នកស្រីបានសងធនាគាររួចមួយចំនួនហើយ និងនៅសល់តិចតួចទៀត។
អ្នកស្រី សុឃិត ជាអ្នករស់នៅខេត្តបន្ទាយមានជ័យ និងមកធ្វើការនៅខេត្តកំពង់ស្ពឺ។ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយធ្វើឲ្យប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរបានឡើងខ្ពស់ជាងសព្វថ្ងៃ និងធានាពីស្ថិរភាពការងារ។ អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំមិនត្រឡប់ទៅធ្វើការនៅថៃវិញទេ។ ខ្ញុំធ្វើការនៅខ្មែរ ប៉ុន្តែខ្ញុំចង់បានការងារមួយដែលមានស្ថិរភាព និងប្រាក់ខែសមរម្យ»។
កម្មករម្នាក់ទៀតគឺលោក យ៉ៃ រ៉ាឆាន់ វ័យ៤១ឆ្នាំ លោកបានធ្វើការនៅប្រទេសថៃអស់ពេល១០ឆ្នាំ។ ពេលត្រឡប់ពីថៃមកវិញ លោកជួបការលំបាកច្រើនក្នុងការរកប្រាក់សងធនាគារដែលមានទឹកប្រាក់កម្ចីចំនួន៦ ០០០ដុល្លារ ដែលលោកខ្ចីទិញដីសម្រាប់ធ្វើស្រែចម្ការ។ ដោយសារតែជម្លោះប្រដាប់អាវុធនៅតាមព្រំដែនបន្តកើតមានលោកមិនទាន់អាចអាស្រ័យផលលើដីនោះបានទេ។
បច្ចុប្បន្នលោកធ្វើការជាកម្មករសំណង់នៅការដ្ឋានមួយកន្លែងក្នុងខេត្តកណ្ដាល ដោយអាចរកប្រាក់បាន១២ដុល្លារក្នុងមួយថ្ងៃ។ យ៉ាងណាលោកថា ការងារជាកម្មករសំណង់មិនមានស្ថិរភាពដូចការងារដែលលោកធ្វើនៅប្រទេសថៃទេ និងថាកាលនោះលោករកបានជាង៦០០ដុល្លារក្នុងមួយខែ។
ថ្វីបើលោកថានឹងមិនត្រឡប់ទៅប្រទេសថៃវិញក្ដី លោកអាចពិចារណាទៅធ្វើការនៅប្រទេសផ្សេងទៀត។ លោកបន្តថា រដ្ឋាភិបាលគួរតែបង្កើតឱកាសការងារឲ្យបានច្រើនថែមទៀត ដូចនេះកម្មករនឹងមិនចំណាកស្រុកទៅប្រទេសផ្សេង។
លោកបន្ថែមថា៖ «ខ្ញុំក៏សង្ឃឹមថានឹងបានការងារ[ជាប់លាប់]មួយជាមួយនឹងប្រាក់ខែសមរម្យ។ យើងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចនេះការងារសំណង់សម្បូរ ប៉ុន្តែយើងត្រូវការការគាំពារ ព្រោះខ្ញុំឭថាកម្មករសំណង់ខ្លះមិនបានទទួលប្រាក់ឈ្នួល»។
លោកបន្តថា៖ «មានការងារដែលបានប្រាក់ខែ[សមរម្យ] នឹងជួយមិនឲ្យកម្មករត្រឡប់ទៅធ្វើការនៅថៃវិញ ព្រោះថានៅទីនោះមានបញ្ហាច្រើន រួមទាំងការរើសអើងជាតិសាសន៍ មានបែបបទច្រើន និងទទូលបានការគាំពារមិនស្មើភាព»។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីណែនាំមួយដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឲ្យជួយសម្រួលបន្ទុកបំណុលរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ធនាគារជាតិបានស្នើឲ្យគ្រឹះស្ថានទាំងនោះលើកលែងរាល់កម្រៃ និងការពិន័យពាក់ព័ន្ធនឹងឥណទាន លើកលែងការសងការប្រាក់ និងពន្យារពេលទូទាត់ប្រាក់ដើមរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ប្រាប់ សារព័ត៌មានខេមបូចា ថា គោលនយោបាយរៀបចំឥណទានឡើងវិញ គឺបានអនុវត្តតាំងពីពាក់កណ្ដាលឆ្នាំ២០២៥ ដើម្បីជួយដល់ពលករចំណាកស្រុកដែលត្រឡប់ពីប្រទេសថៃ ហើយគោលនយោបាយនេះនឹងត្រូវចប់នៅដំណាច់ឆ្នាំ២០២៥។
សម្រាប់ជម្លោះព្រំដែនលើកទីពីរនេះ លោកថាសមាគមនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីជួយពលករ និងជនភៀសសឹកឲ្យបានច្រើន ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
សម្រាប់ជនភៀសសឹកលោក តុងងី ឲ្យដឹងថា អ្នកទាំងនោះមិនបាច់បារម្ភនឹងបំណុល ឬឯកសារអ្វីនោះទេ ព្រោះថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងលើកការបង់ការប្រាក់ និងប្រាក់ដើមរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ លោកបន្តថា អ្វីដែលសំខាន់ប្រជាពលរដ្ឋដែលជាជនភៀសសឹកត្រូវខំថែទាំសុខភាព និងសុវត្ថិភាពរបស់ខ្លួន។ លោកបន្ថែមថា៖ «អ្នករកស៊ីចង់បានប្រាក់ចំណេញ ប៉ុន្តែក្នុងស្ថានភាពលំបាកបែបនេះ យើងត្រូវតែជួយគ្នា»។

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ពលករកម្ពុជាត្រឡប់ពីប្រទេសថៃមានចំនួន៩២ម៉ឺននាក់ ក្នុងចំណោមនោះរាប់ម៉ឺនាក់បានទទួលការគាំទ្រឲ្យមានការងារធ្វើនៅក្នុងស្រុកតាមរយៈក្រសួងការងារ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញព្រមានថាមានពលករត្រឡប់ពីថៃជាច្រើនផ្សេងទៀតកំពុងប្រឈមនឹងភាពអត់ការងារធ្វើដែរ។
ឆ្លើយតបទៅនឹងអ្វីដែលអង្គការសង់ត្រាល់បានរកឃើញ អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា ប្រាប់ សារព័ត៌មានខេមបូចា ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ដោយអាចមើលឃើញតាមរយៈការជួយជ្រោមជ្រែងរបស់ក្រសួងការងារដែលមានពលករត្រឡប់ពីថៃប្រហែលកន្លះលាននាក់បានស្វែងរកឱកាសការងារតាមរយៈក្រសួង និងភាគីពាក់ព័ន្ធ។
លោកបន្តថា ទីផ្សារការងារគឺមានសុវត្ថិភាព ហើយអត្ថប្រយោជន៍គឺសមរម្យ បើធៀបទៅនឹងប្រទេសថៃ ហើយថាកម្ពុជាបានអនុវត្តប្រព័ន្ធរបបបេឡាសន្តិសុខសង្គមផងដែរ។ លោករំពឹងថាកម្មករជាច្រើនទៀតដែលទើបត្រឡប់ពីប្រទេសថៃ និងបានធ្វើការនៅកម្ពុជានឹងមិនចំណាកស្រុកទៅធ្វើការនៅតំបន់គ្រោះថ្នាក់វិញទេ។
លោកបន្ថែមថា៖ «យើងលើកទឹកចិត្តឲ្យអ្នកដែលកំពុងជាប់បំណុលទាំងនោះស្វែងរកឱកាសការងារនៅក្នុងប្រទេស។ បើសិនជាគាត់អត់មានការងារធ្វើ សូមទាក់ទងមកក្រសួងការងារដើម្បីជួយស្វែងរកការងារក្នុងស្រុក មិនថាមានជំនាញអ្វីក៏ដោយ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍គឺល្អប្រសើរ និងប្រាក់ខែក៏មិនចាញ់នៅថៃដែរ»។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ មានប្រសាសន៍ថា ពលករកម្ពុជាជាច្រើនកំពុងមិនទាន់បានទទួលការគាំទ្រពេញលេញ ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
លោកបន្តថា៖ «ពួកគាត់ត្រឡប់មកស្រុកវិញដោយចេញថ្លៃចំណាយខ្លួនឯង និងទទួលបានជំនួយតិចតួច ខណៈបំណុលនៅបន្តជាកត្តាចម្បង និងមានឥទ្ធិពលលើការសម្រេចចិត្តចំណាកស្រុកជាថ្មី។ អ្នកចូលរួមក្នុងការស្ទង់មតិបានអំពាវនាឲ្យមានការងារសមរម្យ សម្រួលបន្ទុកបំណុលបណ្ដោះអាសន្ន ស្នើសុំឲ្យមានការផ្ដល់ជំនួយជាស្បៀងអាហារ និងអាចទទួលបានការគាំពារសង្គមឲ្យកាន់តែប្រសើរដើម្បីសមាហរណកម្មចូលក្នុងសង្គមវិញដោយសុវត្ថិភាព»។
បើតាមអង្គការសង់ត្រាល់ ពលករដែលត្រឡប់ពីថៃ បានស្នើឲ្យមានស្ថិរភាពការងារ និងប្រាក់ខែសមរម្យ រួមទាំងមានឱកាសការងារសម្រាប់អ្នកមានអាយុលើសពី៤០ឆ្នាំ ក៏ដូចជាការផ្ដល់ទុនសម្រាប់បង្កើតមុខរបរតូចតាច។ អ្នកទាំងនោះក៏បានជំរុញឲ្យរដ្ឋាភិបាលជួយបង្កើនតម្លៃទិញស្រូវ និងធានាការទទួលបានទីផ្សារដោយយុត្តិធម៌ ដើម្បីពង្រឹងជីវភាពកសិករក្នុងស្រុក។
ជាមួយគ្នានេះ អង្គការសង់ត្រាល់បានជំរុញដល់រដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុនានាឲ្យពង្រឹងកិច្ចសហការល្អ និងយកការរកឃើញនេះរៀបចំជាផែនការច្បាស់លាស់ក្នុងការជួយដល់ពលករត្រឡប់ពីប្រទេសថៃដែលកំពុងប្រឈមនឹងអស្ថិរភាពសេដ្ឋកិច្ច។
ដាច់ដោយឡែកមួយទៀត បណ្តាញទេសន្តប្រវេសន៍មេគង្គ (MMN) បានអំពាវនាវឲ្យភាគីពាក់ព័ន្ធរួមគ្នាទប់ស្ដាត់អំពើស្អប់ជនបរទេស និងការរើសអើង និងពង្រឹងគោលនយោបាយគាំពារសិទ្ធអ្នកចំណាកស្រុក។ បណ្ដាញដដែលនេះបន្តថាសេដ្ឋកិច្ចថៃបានពឹងផ្អែកជាយូរមកហើយលើកម្លាំងពលកម្មអ្នកចំណាកស្រុក។ ប៉ុន្តែថាការងារគឺមានលក្ខណៈបណ្តោះអាសន្ន និងមិនមានការការពារដោយសារតែនីតិវិធីចុះឈ្មោះមានភាពស្មុគស្មាញ ចំណែកស្ថានភាពផ្លូវច្បាប់ក៏មិនមានសុវត្ថិភាព និងការមិនរាប់បញ្ចូលពីសន្តិសុខសង្គម ហើយក៏បញ្ហាកាន់តែអាក្រក់ថែមទៀតដោយសារការបាត់បង់ឯកសារក្នុងអំឡុងពេលទឹកជំនន់ថ្មីៗនេះផង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Saddled With Debt, Job Insecurity: Migrant Workers Seek Stability at Home










