សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃ​ស្រូវចុះថោក និងទាមទារឱ្យ​រដ្ឋាភិបាលជួយដោះស្រាយ

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាកសិករ​ប្រហែល​ជា​២០​នាក់​នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង បាន​បិទផ្លូវជាតិ​លេខ​៥ រយៈពេល​ខ្លី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​តម្លៃ​ស្រូវ​លើ​ទីផ្សារ ក្រោយពីពួក​គាត់បាន​ប្រមូលផល​ហើយ តែតម្លៃស្រូវ​បែរជា​ធ្លាក់ថ្លៃ​ ខណៈ​ក្រ​សួងកសិកម្ម​អះអាងថា​ពូជ​ស្រូវ​​អូអឹម​ដែល​កសិករកំពុង​ដាំដុះ​នេះមាន​តម្លៃទាប​សម្រាប់​ការនាំចេញ​។​

កសិករ​អះអាង​ថា ​ឈ្មួញ​ទិញ​ស្រូវ​ពួក​គាត់​ក្នុង​តម្លៃ​​ទាប ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ប្រទះបញ្ហា​ហិរញ្ញវត្ថុ និង​មិនមាន​លទ្ធភាព​សងបំណុល ហើយ​​មាន​កសិករ​ខ្លះថា​ខ្លួន​អាច​នឹង​ត្រូវ​ចំណាក​ស្រុក​រក​ការងារធ្វើ​នៅ​ប្រទេស​ថៃ​ បើ​តម្លៃ​ស្រូវ​នៅ​តែ​ទាប​បែបនេះ​។​

ជា​មួយ​គ្នា​នេះ​ដែរ ក្រ​សួងកសិកម្ម​បាន​លើក​ឡើងថា ​ពូជ​ស្រូវ​អូអឹម​ដែល​កសិករ​ដំាំដុះជា​ពូជ​របស់​វៀតណាម និង​មាន​តម្លៃទាប​បើ​ធៀប​នឹង​ពូជ​ស្រូវ​ក្រអូប​ដែល​ជា​ពូជ​របស់​ខ្មែរ​និងមាន​តម្រូវការខ្ពស់​​នៅ​ទីផ្សារ​អន្តរជាតិ​។ កសិករកំពុងអំពាវនាវឱ្យរដ្ឋជួយរក្សាស្ថិរភាពតម្លៃសម្រាប់ទិន្នផលបច្ចុប្បន្នរបស់ពួកគេ និងស្វែងរកការគាំទ្របន្ថែមទៀតតាមរយៈគម្រោងនានាក្នុងគោលបំណងកសាងឧស្សាហកម្មស្រូវប្រកបដោយប្រសិទ្ធភាពពាណិជ្ជកម្ម។​

តាម​រយៈវីដេអូ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក អ្នក​តវ៉ា​ជា​កសិករ​ម្នាក់​បាន​និយាយថា៖ «​យើង​ស្នើ​ដល់​ក្រសួង​កសិកម្ម​ក្នុង​ខេត្ត​បាត់​ដំបង​ជួយ​បង្កើន​តម្លៃ​ស្រូវ។ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ ដើម្បី​ដោះស្រាយ​បំណុល សូម​ជួយ​ខ្ញុំផង»។​

កសិករ​ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​ បាន​និយាយ​ថា ​តម្លៃជី ថ្លៃ​ថ្នាំ​ និងថ្លៃ​ប្រេង​ឥន្ធនៈ មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​តម្លៃ​ស្រូវ​នៅ​តែទាប ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​បាន​ប្រាក់​ចំណេញ និង​ធ្វើ​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំណុល​។​

កសិករ​ដដែលបាន​លើក​ឡើង​តាម​រយៈហ្វេស​ប៊ុក​​ទៀតថា៖ «​បើសិនជា​តម្លៃស្រូវ​ថោក កសិករ​​មិន​អាច​រស់បានទេ។ បើសិនជា​ខ្ញុំមិន​អាច​សងបំណុល​បាន ខ្ញុំ​នឹង​នាំកូន​ទៅធ្វើ​ការ​នៅ​ថៃ»។​

កសិករ​នៅ​ខេត្ត​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​កង្វល់​របស់​ពួក​គាត់​តាម​រយៈបណ្ដាញ​សង្គម​​កាលពី​សប្ដាហ៍​កន្លងទៅ​ដែរថា​ឈ្មួញ​ទិញ​ស្រូវ​ក្នុង​តម្លៃទាប ហើយ​ពួក​គាត់​អ្នក​ផលិត​ស្រូវ​ប្រាំង​ប្រភេទ​អូអឹម​។​

កសិករ​ប្រហែល​២០នាក់​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ខេត្ត​បាត់​ដំបង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២៥ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាលទាក់ទង​នឹង​តម្លៃ​ស្រូវ​ចុះថោក។ (រូបភាព screenshot ពីហ្វេសប៊ុក/ LyLy Nel)។

ចំណែក អ្នកស្រី កែវ វីណា កសិករ​នៅ​ខេត្ត​បន្ទាយ​មានជ័យក៏​បាន​ឲ្យ​ដឹង​ដែរថា តម្លៃ​ស្រូវក្រអូបពូជនាងខុន ដែល​ជាប្រភេទ​ស្រូវ​មាន​តម្លៃ​ល្អសម្រាប់​ការនាំចេញ​នោះ ក៏​ធ្លាក់ថ្លៃ​ដែរ ដោយ​អ្នកស្រី​ថា​ស្រូវ​នេះ​ធ្លាក់ពី​១០ ០០០បាត(២៨៨​ដុល្លារ​) ក្នុង​មួយ​តោន មក​នៅ​ត្រឹម​៦ ០០០​បាត(១៧៣ដុល្លារ) ក្នុង​មួយ​តោន​។

អ្នកស្រី​លើកឡើង​ថា៖ «​តម្លៃស្រូវ​១០ ០០០បាតក្នុង​មួយ​តោនអាច​ទប់​ទល់​នឹង​តម្លៃជី​បាន ដោយ​ជីមួយ​បាវ​តម្លៃ​១៥០០​បាត»។​ អ្នកស្រីបន្តថា៖ ​«យើង​ត្រូវការជីច្រើន​បាវ​ក្នុង​មួយ​ហិកតា បូកថ្លៃថ្នាំគីមី និង​ចំណាយ​ផ្សេងៗ។ បើ​ស្រូវ​លក់​បាន​តម្លៃ​ទាប យើង​នឹង​ពិបាក​ក្នុង​ការ​ចាត់​ចែង​លើ​ការ​ចំណាយ​ផ្សេងៗ​»។​

អ្នកស្រីបន្តទៀតថា ​ខ្លួនមាន​បំណង​ខ្ចី​លុយ​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុបន្ថែមទៀត បើទោះបីជា​មាន​សេចក្ដីរាយការណ៍​ថា​កម្ចីទាំងនោះមានការប្រាក់ខ្ពស់ ឬ​ប្រឈម​នឹង​ការ​រឹប​អូស​ដី​ធ្លី​ក៏ដោយ​។ អ្នកស្រីបន្ថែម​ថា ​គ្រួសារអ្នកស្រីនឹង​ត្រូវ​ចំណាក​ស្រុកមិនខាន បើ​តម្លៃ​ស្រូវ​នៅ​តែ​មិន​ឡើង​ថ្លៃ​។​

បើ​ទោះ​បីជា​មាន​ការណែ​នាំជាច្រើនដងច្រើនសារពីក្រ​សួង​កសិកម្មអំពីពូជស្រូវ​ដែល​ត្រូវ​ដាំ និង​មាន​តម្លៃ​ល្អ​លើ​ទីផ្សារ​ក៏ដោយ ក៏​កសិករ​ដែល​ខេមបូចាបានជួប​សម្ភាសន៍​ហាក់នៅ​បង្ហាញ​ការ​មិន​ទុកចិត្ត​ទៅលើ​ពូជស្រូវ​ដែលក្រ​សួង​ណែនាំ​នេះ​។​

​អ្នកខ្លះ​បារម្ភ​ថា ​បើសិន​ជា​ពូជ​ស្រូវ​ដែល​ក្រ​សួង​ណែនាំ​ងាយ​នឹង​មាន​ជំងឺ ពួកគាត់​នឹង​មិន​ទទួល​បានការគាំទ្រអ្វីទេ ហើយអាច​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​បាន​តិច​ផង​ដែរ។ អ្នកខ្លះ​ថា បើ​សិនជា​ពូជ​ស្រូវ ដែល​ក្រ​សួង​ណែនាំ​ធ្លាក់ថ្លៃទៀត ក្រ​សួងអាចនឹងណែនាំ​ពូជថ្មី ជាជាង​រក​វិធី​ដោះស្រាយបញ្ហា​តម្លៃលើ​ទីផ្សារ។​

តម្លៃ​អង្កររបស់​កម្ពុជា​នៅ​លើ​ទីផ្សារ​មិនមាន​ស្ថិរភាព​នោះទេ​ជា​ច្រើន​ឆ្នាំ​មក​នេះ ទោះ​បី​ជាមាន​ការ​នាំ​ចេញ​បាន​ច្រើន​ជាង​មួយ​ទសវត្សមុន​តាម​រយៈ​ជំនួយ​គាំទ្រ​ពីធនាគារអភិវឌ្ឍន៍ក៏​ដោយ​​។​

ស្រប​ពេល​ដែល​កម្ពុជា​ពុំ​មាន​ស្ថាប័នណា​មួយ​​មានអំណាច​ក្នុង​ការ​កំណត់​តម្លៃ​ស្រូវ រដ្ឋាភិបាល​អន្តរាគមន៍​តម្លៃ​ស្រូវ​លើ​ទីផ្សារ​តាម​រយៈសហព័ន្ធស្រូវអង្ករកម្ពុជា ហៅកាត់ថា​ CRF។​

ប៉ុន្តែ​ក្នុង​ករណី​ខ្លះ រដ្ឋាភិបាល​បាន​អន្តរាគមន៍​តាម​រយៈការបញ្ជាទិញ​ស្រូវ​ដោយ​ផ្ទាល់ពីកសិករ​ដើម្បី​ជួយ​រក្សា​តម្លៃ​ស្រូវ ឬ​ធានា​ដល់សន្តិសុខស្បៀង​នៅពេល​មាន​គ្រោះអាសន្ន​។​

បើ​តាម​របាយការណ៍​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា​ក្នុង​ឆ្នាំ២០២៤ កម្ពុជានាំអង្ករចេញ​៦៥២ ០០០​តោន និង​គិតជា​ទឹកប្រាក់​បាន​៤៩១​លាន​ដុល្លារ​។ អង្ករកម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ចំនួន​៦៨​រួម​មាន​២៦​ប្រទេស​នៅអឺរ៉ុប។ អង្ករនាំចេញ​៧៦​ភាគរយ ជា​ប្រភេទអង្ករ​ក្រអូប​។ ក្នុង​ឆ្នាំ២០២៣ តម្លៃអង្ករនាំចេញ​កើនឡើង​១៣​ភាគរយ និង​បរិមាណនាំចេញ​កើន​៣ភាគរយ ដោយ​កាលនោះនាំអង្ករចេញ​បាន​៦៥៦ ០០០​តោន គិតជា​ទឹកប្រាក់​៤៦៦​លាន​ដុល្លារ​។ នេះបើតាម​សហព័ន្ធស្រូវអង្ករដដែល​។​

កសិករ​មក​ពីឃុំ​កំពង់ព្រៀង ខេត្ត​បាត់​ដំបង ​ឲ្យ​ដឹងថា ​ពូជ​ស្រូវអូអឹម ដែល​គេស្គាល់ថា​ជា​ប្រភេទ​ស្រូវ​អង្ករស បាន​ក្លាយជា​ទីពេញនិយម​ដាំ​ដុះរបស់​កសិករ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេង​ទៀត ដោយថា​ពូជ​នេះធន់នឹង​ជំងឺ អាចដាំដុះបានល្អនៅរដូវ​ប្រាំង និង​បានទិន្នផលខ្ពស់​ទៀត​ផង ដោយថា​ខុសពីពូជស្រូវ​ក្រអូប ដែល​ងាយ​នឹងកើតជំងឺ ហើយ​ត្រូវ​ការលក្ខខណ្ឌដាំដុះល្អ​នៅ​រដូវ​វស្សា​។​​

លោក ទេព ហ៊ន អភិបាល​ស្រុក​មោងឫស្សី មាន​ប្រសាសន៍ថា កសិករ​ដែល​តវ៉ា​រឿង​តម្លៃស្រូវ​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម​នៅថ្ងៃបន្ទាប់​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​។ លោក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​កសិករ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មុនពេល​ច្រូតកាត់ ដើម្បី​ឲ្យ​មន្ទីរ​ពាក់ព័ន្ធជួយ​រក​អ្នក​ទិញ​។​

លោក​បន្ថែម​ថា៖ «​ទោះ​យ៉ាងណា យើង​មិន​អាច​កំណត់​តម្លៃស្រូវ​បានទេ ព្រោះវាជាទីផ្សារ​សេរី»។ លោក​បន្តថា​អាជ្ញាធរ​ក៏​បាន​តាមដាន​លើ​ឈ្មួញ​កណ្ដាល ដើម្បី​ដឹងថា​​អ្នកទាំង​នោះ​​ទិញ​ក្នុង​តម្លៃទាប​ពេកឬយ៉ាងណា​​។​

រដ្ឋមន្ត្រីក្រ​សួង​កសិកម្មលោក ឌិត ទីណា បាន​ពន្យល់ថា​ស្រូវ​អូអឹម​មាន​តម្លៃទាប​ ក៏ព្រោះថា​វាជា​ពូជ​ស្រូវ​បរទេស ហើយ​ទីផ្សារ​នៅវៀតណាម​ពេញ​អស់​ហើយ​ដែរ ខណៈ​ដែល​ពូជស្រូវ​ក្រអូប​របស់​កម្ពុជា​នៅ​រក្សា​តម្លៃ​បាន​ល្អ មិន​ដូច​ស្រូវ​អូអឹម ដែល​វា​ពឹង​លើ​ទីផ្សារ​វៀតណាម​។​

លោក​បន្ត​ថា៖ «បញ្ហា​ចំពោះ​ស្រូវ​ប្រាំង​កើត​ឡើង​ក៏ព្រោះ​តែ​ប្រជាកសិករ​ផ្ដោត​តែ​លើ​ប្រាក់។ ឆ្នាំនេះ តួលេខ​បង្ហាញថា​មាន​ផ្ទៃដីជាង​៧០០ ០០០ហិកតា​កំពុង​ដាំដុះ​ស្រូវ​ប្រាំង​នៅ​កម្ពុជា ហើយអាច​ផលិត​ស្រូវ​បាន​ជិត​ប្រាំលានតោន ដែលភាគច្រើនជា​ពូជ​ស្រូវអូអឹម​»។​

លោក​បន្ថែមថា៖ «ប្រជាពល​រដ្ឋ​ខ្លះ ពេល​មន្ត្រីណែនាំ​ឲ្យ​ពួក​គាត់​ដាំដុះ​ស្រូវ​ក្រអូប គាត់​នៅ​តែជ្រើសរើសស្រូវ​ពូជ​អូអឹម ហើយ​យើង​គោរពការ​សម្រេចចិត្ត​របស់ពូកគាត់។ ពេលត្រូវការទឹក យើងជួយ។ ឥឡូវ​យើងឃើញ​ថា​តម្លៃស្រូវអូអឹមអាច​នឹង​មិន​ឡើង​ថ្លៃទេ​រហូត​ដល់​ការ​ប្រមូល​ផល​ចប់។ យើង​ត្រៀម​ជួយ​ពួកគាត់​ក្នុង​កម្រិតជាក់លាក់​មួយ​ ប៉ុន្តែ​មិន​អាច​ជួយ​ឲ្យ​បាន​ដូច​អ្នកធ្វើ​ពូជ​ស្រូវ​ខ្មែរ​នោះទេ ដែល​ពូជ​ស្រូវ​ខ្មែរ​មាន​ទីផ្សារ​ក្នុង​ស្រុក»។​

ដើម្បីជា​ដំណោះសា្រយ​យូរអង្វែង លោក ឌិត ទីណា ស្នើ​ឲ្យ​កសិករ​ចងក្រង​គ្នា​ជា​សហគមន៍កសិកម្ម​ទំនើប​។ លោក​ថា​ក្រ​សួង​នឹង​ជួយ​កសិករ​ផ្លាស់ប្ដូរពូជស្រូវ​ពី​អូអឹម ទៅជា​ពូជ​ស្រូវ​ក្រអូប ដែល​មាន​ទីផ្សារ​ក្នុង​ស្រុក និង​មានការគាំទ្រ​ពី​ក្រ​សួង។ សម្រាប់​រដូវ​ដាំដុះថ្មី កសិករ​ដែល​ចូល​ក្នុង​សហគមន៍​អាច​វិនិយោគ​លើ​ផ្ទៃដី​ដាំ​ដុះ​ម្ដង​១ ០០០​ហិកតា ដោយ​ក្រ​សួង​នឹង​ផ្ដល់​កម្ចី​ ដើម្បីជួយ​ជំរុញ​ដល់​ការ​ផលិត ហើយ​ត្រូវ​សង​ត្រឡប់វិញ​នៅ​ក្រោយ​ប្រមូល​ផល​។​

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម​ខេត្ត​បាត់​ដំបង ប្រាប់ សារព័ត៌មានខេមបូចា ថា ​ទិន្នផល​ស្រូវ​សម្រាប់​ដើម​ឆ្នាំ២០២៥ នេះស្ទើរតែទាំងអស់ជា​ស្រូវ​អូអឹម ដែលមានច្រើនជាង​ពាក់កណ្ដាលនៃទិន្នផល​ស្រូវ​ទាំងអស់​។​

បន្ទាប់ពីកសិករនៅខេត្តបាត់ដំបងផ្ទុះការតវ៉ាពាក់ព័ន្ធនឹងតម្លៃស្រូវនៅថ្ងៃទី១៣ ខែមករា លោករដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានចុះទៅជួបជាមួយកសិករ ហើយក្រោយមកទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

លោក ទីណា បានថ្លែងក្នុងសន្និសីទថា កសិករត្រូវគ្រប់គ្រងបរិមាណ និងគ្រប់គ្រងគុណភាពស្រូវរបស់ខ្លួន​ឱ្យបានល្អ ទើបអាចកាត់បន្ថយថ្លៃដើមបាន។ លោកបន្តថា ការបង្កើត​ជាសហគមន៏ក៏អាចជួយឱ្យកសិករចំណាយដើមតិច។​

លោកបានលើកឡើងថា៖ «ការកាត់បន្ថយថ្លៃដើមត្រូវធ្វើយ៉ាងណាឱ្យមានសេច្ចកិច្ចមាត្រដ្ឋាន ដូច្នេះហើយទើបខ្ញុំលើកថា យើងធ្វើមួយហិកតា ចំណាយអស់ច្រើន បើធ្វើមួយពាន់ហិកតា​ យើង​ចំណាយអស់តិចជាង មូលហេតុដែលអស់តិចជាង មិនត្រឹមតែទិញជីថ្នាំ​ក្នុង​ទំហំធំ បាន​តម្លៃល្អ ការព្យួររាស់ក៏អាចចរចាបានតម្លៃល្អ»

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម មានប្រសាសន៍ថា រដ្ឋាភិបាល​​បានទម្លាក់ទុនពិសេសរយៈពេល​៥លើក ​ដើម្បីទ្រទ្រង់​ទៅលើ​វិស័យ​កសិកម្ម​ឱ្យបានមានការអភិវឌ្ឍ និងជួយឱ្យមានស្ថិរភាពថ្លៃ។ លោកបន្តថា អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម​ ARDB​ បានទម្លាក់លុយនៅក្មុង​វិស័យស្រូវអង្ករប្រហែល២០៨លានដុល្លារ ដោយក្នុងទុន​វិនិយោគ​ប្រហែល​៣០លានដុល្លា។​

កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន កត់សម្គាល់ថា ​ការ​ធ្លាក់ចុះនៃតម្លៃអង្ករស ជានិន្នាការអន្តរជាតិ មិនមែន​មានបញ្ហាតែនៅកម្ពុជាទេ​។ លោក​ថាតម្លៃបានធ្លាក់ចុះចន្លោះពី​២០ទៅ​៣០ភាគរយ បើធៀ​ប​នឹង​ពីរ​ឆ្នាំ​កន្លងទៅ​ជា​ពេល​ដែល​ប្រទេស​មួយចំនួន​មាន​គ្រោះរាំងស្ងួត ​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ហក់ឡើង​។ លោក​បន្ថែមថា​សហព័ន្ធ​ស្រូវអង្ករកម្ពុជា​កំពុង​ធ្វើ​ការ​ងារច្រើន​ដើម្បី​ស្វែង​រក​ទីផ្សារ​ផ្សេង​ទៀតទាំងនៅ​អាស៊ាន និងនៅ​អឺរ៉ុប​សម្រាប់​ពពួក​អង្ករ​ដែល​មិន​មែន​ជា​អង្ករក្រអូប​។​

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវ​ជ្រាវ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់​សារសំខាន់​ដល់សហគមន៍​កសិកម្ម​ទំនើប ដោយថា​អាចជួយ​ធានាការ​ទិញស្រូវ​ពីកសិករ​ដែល​ធ្លាប់តែពិបាក​លក់ចេញ​។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បញ្ជាទិញ​ផលិត​ផល​ក្នុង​ស្រុក និង​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើនទៀត​​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​កែច្នៃ​ទំនិញ​ដែល​​លក់​មិនចេញ មក​ជា​ទំនិញ​សម្រាប់បំពេញ​តម្រូវ​ការ​ប្រជាជន​ក្នុង​ស្រុក​។​

លោក​បន្ថែមថា កម្ពុជា​ពឹង​ផ្អែក​លើ​អង្ករ​មាន​តម្លៃ​ថោក​របស់​ប្រទេសជិត​ខាង​ដើម្បី​ផលិតជា​ម្សៅ ឬមី ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ​អង្ករ​ក្នុងស្រុក​នៅ​មាន​កម្រិត។ លោក​ថា​កម្ពុជា​ក៏​មិន​ទាន់​​ផលិត​​ជីកសិកម្ម​ដោយ​ខ្លួន​ឯ​ងដែរ ដែល​នាំឲ្យ​កសិករ​ចំណាយ​ថ្លៃដើម​ផលិត​ខ្ពស់​។ លោក​បន្ថែម​ថា រឿង​ស្រូវ​ចុះ​ថោក​មិន​មែនជា​បញ្ហា​ចម្បងទេ តែ​បញ្ហា​ធំ​គឺ​ជី​មាន​តម្លៃថ្លៃ ធ្វើ​ឲ្យ​ប៉ះពាល់​ចំណូល​របស់​កសិករ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Low Rice Prices Spark Protests in Battambang, Farmers Demand Government Help

342 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម