អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរធ្វើការលើរឿងមនុស្សធម៌ បាននិយាយថាពួកគេទទួលជោគជ័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាសេវាផ្ទេរប្រាក់ដើម្បីផ្ដល់ជំនួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះប្រមាណ៥០០គ្រួសារ នៅខេត្តសៀមរាប និងបាត់ដំបង។
អង្គការទាំងពីរគឺអង្គការ People in Need (PIN) និងអង្គការ Dan Church Aid (DCA) បានរាយការណ៍ថាបានធ្វើការផ្ទេរប្រាក់ទៅកាន់ប្រជាពលរដ្ឋ៥០០គ្រួសារក្នុងខេត្តចំនួនពីរ តាមរយៈបច្ចេកវិទ្យាអនឡាញ ដោយថាជួយផ្ដល់មូលនិធិបានលឿន។ អង្គការទាំងពីរបានផ្ទេរប្រាក់ចំនួន២០ ០០០ដុល្លារ ទៅកាន់ប្រជាពលរដ្ឋប្រហែល៥០០គ្រួសារ ដោយមួយគ្រួសារបានទទួលថវិកាចំនួន៤៣ដុល្លារ។ អង្គការដដែលបញ្ជាក់ថា វានឹងចំណាយពេលយូរបើសិនជាការផ្ដល់ជំនួយធ្វើឡើងដោយផ្ទាល់ដៃ។
លោក ណុប ប៉ូលីន អ្នកសម្របសម្រួលកម្មវិធីអង្គការ Dan Church Aid បានមានប្រសាសន៍ថា៖ «ការចុះផ្ដល់ជំនួយដោយផ្ទាល់ស៊ីពេលច្រើន បើប្រៀបធៀបទៅនឹងការផ្ដល់តាមរយៈសេវាផ្ទេរប្រាក់»។
លោកបន្តថាការប្រើប្រព័ន្ធបច្ចេកវិទ្យាបានជួយកាត់បន្ថយហានិភ័យបានច្រើន ដូចជាលួចបន្លំ ឬត្រូវបញ្ជូនបុគ្គលិកទៅតាមខេត្តដោយផ្ទាល់។
បើតាមរបាយការណ៍គណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថាទឹកជំនន់ដែលបានកើតឡើងកាលពីខែកញ្ញា និងខែតុលា បានធ្វើឲ្យមនុស្សចំនួន៣៦នាក់ស្លាប់ និងប្រជាពលរដ្ឋជាង១១ ០០០គ្រួសារទៀតត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព។
គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះចំនួន១០០ ០០០ខ្នង និងសាលារៀនចំនួន៧០៧ខ្នង ក្នុងខេត្តចំនួន១៩។ ស្រែស្រូវប្រហែល២៣០ ០០០ហិកតា និងដំណាំផ្សេងៗ៨០ ០០០ហិកតាផ្សេងទៀតត្រូវរងការខូចខាតដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ភ្នំពេញ និងពោធិ៍សាត់។
អ្នកស្រី មិន វណ្ណី ដែលជាអ្នកបានទទួលជំនួយមនុស្សធម៌តាមរយៈការផ្ទេរប្រាក់នេះ បានឲ្យដឹងថាអ្នកស្រីបានទទួលប្រាក់ចំនួន៤៣ដុល្លារ ពីអង្គការទាំងពីរ ដែលចំនួននេះបានជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រីបន្តថា៖ «ខ្ញុំសប្បាយចិត្តទោះវាជាចំនួនតិចតួច តែវាបានជួយដោះស្រាយជីវភាពខ្ញុំបានមួយរយៈ»។
អ្នកស្រី វណ្ណី មានវ័យ៣៤ឆ្នាំ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ អ្នកស្រីមានស្រូវ និងពោតចំនួនបួនហិកតារងការខូចខាតដោយសារទឹកជំនន់។ អ្នកស្រីថា នៅសង្ឃឹមអាចប្រមូលផលស្រូវដែលនៅសេសសល់ពីរហិកតាទៀតនៅពេលឆាប់ៗខាងមុខ ដែលអាចផ្ដល់ជាចំណូលខ្លះដល់អ្នកស្រី។
អ្នកស្រីឲ្យដឹងដែរថា អាជ្ញាធរមូលដ្ឋានបានចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ តែអ្នកស្រីមិនបានទទួលអំណោយនោះទេ ដោយថាពេលនោះអ្នកស្រីមិននៅផ្ទះ។
លោក វឿន ឌិញ មេឃុំចែងមានជ័យ មានប្រសាសន៍ថាអង្គការសង្គមស៊ីវិលបាននាំយកជំនួយមកជួយដល់គ្រួសារក្រីក្រ។
លោកមានប្រសាសន៍ថា៖ «បាទ វាមានតម្លាភាពពេលប្រជាពលរដ្ឋទទួលប្រាក់ ព្រោះពួកគេទៅយកដោយខ្លួនឯងនៅវីង»។
លោកបន្ថែមថាប្រជាពលរដ្ឋក្រីក្រជាងគេនៅតែទទួលបានបណ្ណក្រីក្រ ផ្ដល់ប្រាក់ដោយរដ្ឋាភិបាល ហើយថាអាជ្ញាបានធ្វើការជាមួយអ្នកនៅមូលដ្ឋានដើម្បីកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បដិសេធធ្វើអត្ថាធិប្បាយ ដោយថាលោកមិនបានអានរបាយការណ៍ និងតួលេខទឹកជំនន់ចុងក្រោយ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News