សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អក្ខរកម្មប្រព័ន្ធឌីជីថលជាបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងការស្វែងយល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោត

កញ្ញា លេខ ការី ជនជាតិដើមភាគតិចព្រៅ មកពីស្រុកតាវែង ខេត្តរតនគិរី កំពុងឆែកមើលហ្វេសប៊ុកផេកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី
កញ្ញា លេខ ការី ជនជាតិដើមភាគតិចព្រៅ មកពីស្រុកតាវែង ខេត្តរតនគិរី កំពុងឆែកមើលហ្វេសប៊ុកផេកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

ជនជាតិដើមភាគតិចកំពុងតែមានបញ្ហាប្រឈមនឹងអក្ខរកម្មឌីជីថល ដោយសារពួកគាត់​មានការយល់ដឹងតិចតួចពីការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីស្វែងយល់ព័ត៌មានពីការបោះ​ឆ្នោត​ ខណៈពេលដែលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣កាន់តែ​ខិតជិតមកដល់ យោងតាម​ការលើកឡើងរបស់ជនជាតិដើមភាគតិច។

ជនជាតិដើមភាគតិច និងបញ្ហាប្រឈមនៃអក្ខរកម្មឌីជីថល

ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយដែលគ្រប់គ្រង​ដោយគណបក្សកាន់អំណាច​ជាង​បី​ទសវត្សរ៍ ការណ៍នេះបានធ្វើឱ្យអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន​ចង់ឱ្យ​មាន​​​សំឡេងពហុបក្សក្នុងរដ្ឋ​សភា​សម្រាប់ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣។

កំពុងតែអង្គុយនៅក្នុងហាងកាហ្វេនៅក្បែរវិទ្យាស្ថានវ៉ាន់ដា កញ្ញា លេខ ការី អាយុ១៩ឆ្នាំ​ ជាជនជាតិដើមភាគតិចព្រៅ មកពីភូមិកិចកួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានរៀបរាប់ប្រាប់ថា នាងទើបតែប្រើប្រាស់ស្មាតហ្វូនប្រហែលជាងពីរឆ្នាំ ដោយសារ​តែ​សាលាតម្រូវឱ្យរៀនតាមប្រព័ន្ធអនឡាញអំឡុងពេលកូវីដ-១៩​ យ៉ាងណាក្តីក្មេងស្រី​ជនជាតិ​ដើម​ភាគតិចម្នាក់នេះប្រាប់ថា នាងមានចំណេះដឹងឌីជីថលតិចតួចបើប្រៀបធៀបនឹងក្មេងៗ នៅទីក្រុង។

លេខ ការី កំពុងឆែកទូរស័ព្ទនិយាយថា៖ «ខ្ញុំគិតថាខ្លួនឯងនៅមានកម្រិតទាប [ប្រព័ន្ធឌីជីថល] និយាយទៅខ្ញុំទើបតែប្រើប្រាស់ប្រព័ន្ធឌីជីថលហ្នឹងទើបតែមួយឆ្នាំទេថ្មីនេះទេ»។

ពាក់អាវយឺតពណ៌ផ្កាឈូកចាស់ ខោពណ៌ផ្ទៃមេឃស្រាលបន្តិច ចងសក់ឡើងលើ​ឃើញផ្ទៃមុខ​ច្បាស់ៗ អមជាមួយនឹងស្នាមញញឹម ក្មេងស្រីជនជាតិដើមភាគតិចរូបនេះទើបតែចេញ​ពីកម្មវិធី​បណ្តុះបណ្តាលអ្នកកសាងសន្តិភាពវ័យក្មេងចម្រុះជាតិសាសន៍ពីអង្គការសន្តិភាពនារី​។

លេខ ការី និយាយថា៖ «បណ្តាញសង្គមរាល់ថ្ងៃខ្ញុំប្រើតែ Facebook, YouTube ហើយនិង Google, Telegram ក៏ខ្ញុំប្រើដែរ។ IG ខ្ញុំស្គាល់ប៉ុន្តែខ្ញុំអត់ប្រើទេ Tik Tok ស្គាល់ប៉ុន្តែអត់ប្រើទេ Twitter អត់ស្គាល់ទេ LinkedIn អត់ស្គាល់ទេ Signal ស្គាល់»។

រយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនភ្ជាប់ជាមួយនឹងបណ្តាញសង្គម​យុវតីជនជាតិដើម​ភាគតិច ដែលជាអតីតទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នារបស់អង្គការ Plan International Cambodia រូបនេះ​សង្កេតឃើញថា​ មានព័ត៌មានប្លែកៗ ជាច្រើនតាមរយៈ​ព្រឹត្តិការណ៍ប្រចាំថ្ងៃនៅតាមបណ្តាញសង្គម ដោយមិនសូវមានចំណេះដឹងផ្នែកឌីជីថលដូច្នេះ កញ្ញា ការី អាចយល់ដឹងពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានតិចតួចនៅលើបណ្តាញសង្គម។

កញ្ញាបន្តថា៖ «យើងមើលដែរ ឧទាហរណ៍បើសិនជាគេនិយាយពីរឿងបោះឆ្នោះ គឺមើល​សិន​នៅតាមផេកផ្សេងៗ វាមានដែលគេផុសតាមរយៈសារព័ត៌មាន ផេកគណៈកម្មការ​ដែល​គាត់​រៀប​ចំការបោះឆ្នោត បើសិនជាមាន យើងយកមក Compare [ប្រៀបធៀប] ទៅឃើញ​ថា​វាជាការពិត»

យុវជនជនជាតិដើមភាគតិចចារ៉ាយម្នាក់ទៀតអាយុ២៦ឆ្នាំ លោក សេវ វ៉ានលី ចាប់ផ្តើមប្រើ​ប្រាស់​ស្មាតហ្វូននៅឆ្នាំ២០១៥ ដោយភ្ជាប់ជាមួយនឹងបណ្តាញសង្គម​មួយចំនួនកំពុងតែ​ពេញ​និយមនៅក្នុងប្រទេស បើទោះបីជាមានស្មាតហ្វូនប្រើប្រាស់បានប្រមាណជាង៨ឆ្នាំ​ តែ វ៉ានលី ហាក់មានចំណេះដឹងអក្ខរកម្មឌីជីថលតិចតួចនៅឡើយ។

សេវ វ៉ានលី ប្រាប់ថា៖ «កាលពី២០០៨ ក៏ខ្ញុំប្រើទូរស័ព្ទហើយក៏ប៉ុន្តែមិនទាន់ស្គាល់ Facebook […] រាល់ថ្ងៃខ្ញុំ Facebook, Telegram, Instagram តែប៉ុណ្ណឹងទេ YouTube ហើយព័ត៌មាន​ទាក់ទង់ Apps ព័ត៌មាន»។

លោក វ៉ានលី បន្ថែមថា៖«សហគមន៍បងប្អូនជនជាតិដើមអត់ទាន់ស្គាល់ បើថាក្នុងភូមិបាន​តែប៉ុន្មាននាក់ទេ ប្រើ Facebook […] បើអ្នកភូមិកាលហ្នឹងសឹងតែ ១០% ប្រើទូរស័ព្ទ​ក្នុង​សហគមន៍ដែលខ្ញុំនៅរាល់ថ្ងៃហ្នឹង»។

ឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទបុរសជនជាតិដើមភាគតិចរស់នៅភូមិកងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានចំណងចំណូលចិត្តតាមដានព័ត៌មានតាមប្រព័ន្ធស្មាតហ្វូន និងមាន​កម្រិត​អក្ខរកម្មឌីជីថលតិចតួច​ លោកថាមិនសូវមានទំនុកចិត្តជាមួយនឹងព័ត៌មាន​ដែលបាន​ផ្សព្វ​ផ្សាយ​​នៅលើបណ្តាញសង្គម។

លោក​ វ៉ានលី បន្ថែមថា៖ «ជួនកាលពេលខ្លះវាពិត ខ្លះជួនកាលពិត៥០% មិនពិត៥០% អ៊ីចឹងណា! ជាធម្មតាយើងធ្លាប់មើលព័ត៌មានធ្លាប់ផ្សាយពីមុនមក ពត៌មានខ្លះ​មិនប្រក្រតី​អ៊ីចឹងណា ចាត់ទុករាល់គេផ្សាយអត់ទុកចិត្តដែរ​ ជួនកាលក៏ផ្សាយពិត ព័ត៌មានវគ្គ​ក្រោយ​ទៀតជួនកាលក៏ផ្សាយមិនពិត»។

យោងតាម EngageMedia រួមបញ្ចូលរបាយការណ៍ពីមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ក្នុងរបាយការណ៍សង្កត់ធ្ងន់ថាជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជាងាយ​រង​គ្រោះ​ដោយ​ការ​រើសអើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និងទទួលការវាយប្រហារក្រោម​ហេតុផល​កង្វះការអប់រំជុំវិញប្រព័ន្ធផ្សព្វផ្សាយសង្គម និងជំនាញឌីជីថល កង្វះប្រភពព័ត៌មាន​ដែលអាច​ជឿទុកចិត្តបាន និងងាយយល់ ហើយនិងការវាយប្រហារពីអត្តសញ្ញាណជនជាតិដើមភាគតិច​របស់​ពួកគាត់។ ចំណែកឯកម្រិតជំនាញ ICT របស់ជនជាតិដើមភាគតិច​ក្នុងសហគមន៍មាន​យុវជន​ប្រាំបួននាក់មានចំណេះដឹង «សូន្យ» ឬក៏ «ខ្សោយខ្លាំង» បើទោះបីជារបាយការណ៍​បង្ហាញថា​ពួកគេ គឺជាជនរងគ្រោះយ៉ាងណាក៏ដោយក៏ពួកគេហាក់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​រៀនពី​គន្លឹះ​ថែ​រក្សា​សុវត្ថិភាព​ឌីជីថល​។

កញ្ញា ហុក លីដា មន្រ្តីសម្របសម្រួលអក្ខរកម្មផ្សព្វផ្សាយព័ត៌មាន​នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ផ្តល់បទសម្ភាសន៍ជាមួយនឹអ្នកសារព័ត៌មាន​ស្តីពីការបណ្តុះបណ្តាលអក្ខរកម្មផ្សព្វផ្សាយនៅសណ្ឋាគារសាន់វ៉េ។ រូបថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ រូបថតដោយ៖ ទុយ អេងលី

កញ្ញា ហុក លីដា មន្រ្តីសម្របសម្រួលអក្ខរកម្មផ្សព្វផ្សាយ​ព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានប្រាប់ឱ្យដឹងថា គម្រោងមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោតហៅកាត់​ថា (IFES) បានផ្តល់ការ​បណ្តុះ​​បណ្តាលអក្ខរកម្មផ្សព្វផ្សាយទៅយុវជននៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដោយ​ឡែក​គម្រោងក៏ផ្តោតសំខាន់ផ្តល់ការបណ្តុះបណ្តាលដល់ជនជាតិដើមភាគតិចនៅខេត្ត​មណ្ឌលគិរី​ និងខេត្តរតនគិរីផងដែរ។

នៅក្នុងកម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពឌីជីថល កញ្ញា ហុក លីដា បានលើឡើងថា ក្រុម​ជន​ជាតិ​​ដើមភាគតិចកំពុងតែជួបប្រទះបញ្ហាអក្ខរកម្មផ្សព្វផ្សាយ ដោយជនជាតិដើមភាគតិច​រស់​នៅ​តំបន់ដាច់ស្រយាលមិនមានលទ្ធភាពក្នុងការប្រើប្រាស់​ឧបករណ៍​ឌីជីថល​ដូចជា​ស្មាត​ហ្វូន​ជាដើម ម្យ៉ាងវិញទៀតសេវាអ៊ីនធឺណិតក៏ជាបញ្ហាផងដែរ ចំណែកឯជំនាញ ITC របស់ជនជាតិ​ដើម​​ភាគតិចនៅមានកម្រិតទាបបើធៀបនឹងយុវជនដែលរស់នៅក្នុងតំបន់ទីក្រុង។

កញ្ញា ហុក លីដា និយាយថា៖ «ដោយសារគាត់នៅឆ្ងាយ ទីមួយគាត់អត់អាច afford ​[មាន​លទ្ធភាព] ទៅលើ digital devices [ឧបករណ៍ឌីជីថល] ហើយបើសិនជាគាត់​មានក៏គាត់​មាន​បញ្ហាអ៊ីនធឺណិត។ អ៊ីចឹង ITC skill [ជំនាញបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង] បើយើង compare [ប្រៀបធៀប] យុវជនដែលគាត់ជាជនជាតិដើមភាគតិចនៅក្នុងខេត្តឆ្ងាយហ្នឹង ជា​មួយ​នឹងយុវជនដែលគាត់នៅក្រុង​គឺ level [កម្រិត] នៃ knowledge level [កម្រិតចំណេះដឹង] នៃ understanding [ការយល់ដឹង] រាងខុសគ្នា»។

ការបោះឆ្នោតឆ្នាំ២០២៣ កំពុងតែខិតជិតមកដល់

របាយការណ៍ បញ្ហាប្រឈមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងឆ្នាំ២០២១ ចំណុច៥.៧ស្តី​ពីព័ត៌មានក្លែងក្លាយ និងសុន្ទរកថាសាធារណៈ បានបង្ហាញថា ការរីកលូតលាស់​នៃបណ្តាញ​អ៊ីនធឺណិតផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនមានឱកាសប្រើប្រាស់ស្មាតហ្វូន និង​ទទួលបានព័ត៌មានពីប្រភពផ្សេងៗ ជាច្រើន ដូចជាបណ្តាញផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ បណ្តាញផ្សព្វផ្សាយដែលមានជាប់ពាក់ព័ន្ធជាមួយគណបក្សកាន់អំណាច។ ទោះជាយ៉ាង​ណាក៏ដោយអ៊ីនធឺណិតក៏ជាបង្អួចមួយសម្រាប់ «ព័ត៌មានក្លែងក្លាយ» ដែលជាបញ្ហា​ប្រឈម​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។

ក្នុងរបាយការណ៍ថា ជាង៦០%ពិបាកកំណត់អត្តសញ្ញារវាងព័ត៌មានដែលអាចទុកចិត្តបាន និងជាព័ត៌មានក្លែងក្លាយ​ ចំណែកឯ ៨៦% ព័ត៌មានក្លែងក្លាយកំពុងធ្វើឱ្យប៉ះពាល់ដល់​សាធារណៈ និងប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។

កញ្ញា ហុក លីដា បន្ថែមទៀតថា គម្រោងហ្នឹង ផ្តល់​ការ​បណ្តុះបណ្តាលយុវជន និងជនជាតិដើមភាគតិចឱ្យស្វែងយល់ និងអាចជួយការពារខ្លួន​ពីប្រភពព័ត៌មានក្លែងក្លាយ ព័ត៌មានផ្សាយមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងបន្លំ​ពីក្រុម​ណាមួយ ដោយ លីដា សង្កត់ធ្ងន់ថា ពិសេសនៅឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជានឹងមានការ​បោះឆ្នោតថ្នាក់ជាតិនឹងមានព្រឹត្តិការណ៍មិនប្រក្រតីជាច្រើនកើតមានក្នុងអំឡុងពេល​គណបក្សនយោបាយរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត។

កញ្ញា លីដា បន្តថា៖ «ឱ្យគាត់ចេះ distinguish​ [បែងចែក] រវាងព័ត៌មានពិត និងព័ត៌មាន​ក្លែង​ក្លាយ អ៊ីចឹងទោះបីជាគាត់ spot [ជួបប្រទះ] ឬក៏គាត់ជួបប្រទះប្រភេទព័ត៌មានណា​ដែលគាត់​គិតថាជា misinformation [ព័ត៌មានខុស] disinformation [ព័ត៌មានមិនពិត] ឬក៏ fake news [ព័ត៌មានក្លែងក្លាយ] អីហ្នឹង គឺគាត់អាចកំណត់ដឹង​ ផ្ទៀងផ្ទាត់ និងសម្រេចថាគាត់គួរតែទុកចិត្ត ឬក៏អត់»។

កញ្ញាបន្ថែមថា៖ «បើសិនជាអំឡុងពេលនៃការបោះឆ្នោត ប្រាកដជាមាន disinformation campaign [យុទ្ធនាការព័ត៌មានមិនពិត] ទាំងព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាម ឬការ​បោក​ប្រាស់ទាក់ទងនឹងការបោះឆ្នោតអីហ្នឹង ដូច្នេះបើគាត់មានចំណេះដឹងទាក់ទងនឹងអក្ខរកម្ម​ប្រព័ន្ធផ្សព្វផ្សាយ គាត់ក៏អាចដឹងពីគោលបំណងខាងក្រោយនៃប្រភេទព័ត៌មាននោះ»។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិល ហុក​ លីដា បង្ហាញក្តីកង្វល់​ពាក់ព័ន្ធជាមួយនឹងយុវជនក៏ដូចជាជនជាតិដើមភាគតិចមិនមានចំណេះដឹងផ្នែកឌីជីថល ដោយនាងអះអាងថាជនជាតិដើមភាគតិចជាក្រុមមនុស្សស្ថិតនៅជួរមុខគេដែលងាយនឹងរងគ្រោះពីគណបក្សនយោបាយណាមួយ។

កញ្ញា លីដា បង្ហាញការព្រួយបារម្ភថា៖ «សម្រាប់ខ្ញុំ personally [ខ្លួនឯងផ្ទាល់] ខ្ញុំមានការព្រួយ​បារម្ភ ដូចខ្ញុំបាននិយាយមុនហ្នឹងអ៊ីចឹង ព្រោះគាត់នៅឆ្ងាយអាច​នឹងងាយចាញ់បោក​នូវ​គោល​នយោបាយរបស់គណបក្សនីមួយៗ គាត់អាចជាជនរងគ្រោះ ជាអ្នកដែលនៅ front line [ជួរមុខ] ងាយរងគ្រោះច្រើនជាង»។

និយ័តករទូរគមនាគមន៍កម្ពុជា អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​មាន​ចំនួន​ជិត១៩លាន នាក់ (១៩៥,៩៥០,៨៣) គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២​ ខណៈ​អ្នក​ចុះ​ឈ្មោះ​ប្រើ​អ៊ីន​ធឺណិត​ចំនួន​ជិត១៨លាននាក់​ (១៨០,០៨២,២៥នាក់)​។

របាយការណ៍ Datareportal គិតត្រឹមខែមករា ឆ្នាំ២០២២ នេះ កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទ​ចល័ត​ចំនួន​ប្រមាណជាង២២លាននាក់ ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត​ជិត១៣លាននៃ​ប្រជាជន​សរុបប្រមាណជាង១៧លាននាក់។ អ្នកប្រើប្រាស់បណ្តាញសង្គមមានជាង១២លាននាក់ ក្នុង​នោះមានហ្វេសប៊ុកជាង១១លាននាក់ Instagram ជាង២លាននាក់ Tik Tok ជិត៧លាន​នាក់ សារហ្វេសប៊ុកជិត៨លាននាក់ LinkedIn ៤៦០ពាន់នាក់ និងTwitter ២២០ពាន់នាក់។

លោក ង៉ែត  ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល កំពុងតែផ្តល់ការ​បណ្តុះបណ្តាល​សុវត្ថិភាពឌីជីថល​​ដល់យុវជន និងជនជាតិដើមភាគតិចនៅឯសណ្ឋាគារសាន់វ៉េ។ រូបថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ រូបថតដោយ៖ ទុយ អេងលី

លោក ង៉ែត  ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខ ឌីជីថល បានបង្ហាញការយល់ឃើញ​អំពីព័ត៌មាន​ក្លែងបន្លំរួមជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិតកើតមានស្ទើរតែគ្រប់ប្រទេស​ ជាពិសេស​នារដូវកាលបោះឆ្នោត​​ ក៏ប៉ុន្តែដោយសារកម្រិត​នៃអ្នកយល់ដឹងរបស់ប្រជាពលរដ្ឋ​នៅតាម​ប្រទេស​​នីមួយៗ ខុសៗគ្នា ដូច្នេះប្រជាពលរដ្ឋមានលទ្ធភាពអាចបែកចែកព័ត៌មាន និងធ្វើការ​សម្រេចចិត្តត្រឹមត្រូវទៅតាមកម្រិតចំណេះដឹងឌីជីថលរបស់គេ។

ងាកមកបញ្ហាប្រឈមពាក់ព័ន្ធជាមួយនឹងឌីជីថលលោក ង៉ែត  ម៉ូសេ​ បានផ្តល់យោលបល់ថា មនុស្សវ័យ​ចំណាស់ គឺក្រុមមនុស្សស្ថិតនៅក្នុងតំបន់ហានិភ័យ ដោយក្រុមមនុស្សវ័យចំណាស់​ប្រើប្រាស់បណ្តាញសង្គមជារៀងរាល់ថ្ងៃមានដូចជា Tik Tok Facebook YouTube លោកថា​ពួក​គាត់គួរតែមានវេបសាយសារព័ត៌មានណាមួយដែលមានប្រភពច្បាស់លាស់ និង​អាចជឿ​ទុក​ចិត្ត​ដើម្បីកាត់បន្ថយការចែករំលែកព័ត៌មានមិនពិត។

លោក ម៉ូសេ​ ថ្លែងថា៖ «យោលបល់របស់ខ្ញុំយល់ល្អហ្នឹង គឺថាប្រសិនជាប្រជាពលរដ្ឋជា​ពិសេស​ គឺអ៊ុំៗ ចាស់ៗ ហ្នឹង មីងៗ ចាស់ៗ ដែលគាត់នៅលើបណ្តាយសង្គមហ្នឹងណា គាត់​ប្រើប្រាស់​ទូរស័ព្ទដៃដែលគាត់មាន Tik Tok គាត់មាន Facebook គាត់មើលតាមដានព័ត៌មាន គាត់មាន YouTube ហ្នឹងណា! អ៊ីចឹងគាត់ត្រូវតែមានប្រភពព័ត៌មានដែលគាត់ទុកចិត្តឱ្យហើយ ជាវេបសាយព័ត៌មានពិតប្រាកដផ្លូវ»។

លោកបានបន្ថែមការបោះឆ្នោតជាតិឆ្នាំ២០២៣នឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ ចំណែកការផ្សព្វផ្សាយឃោសនាបោះឆ្នោតលាយឡំជាមួយនឹងព័ត៌មានក្លែងបន្លំក៏មានកាន់តែច្រើន ដូច្នេះលោកលើកទឹកចិត្តប្រជាពលរដ្ឋជនជាតិដើមភាគតិចគួរតែ​ស្វែងរកព័ត៌មាន​ឱ្យ​បាន​​ទូលំទូលាយ លោកសង្កត់ធ្ងន់ថា ប្រសិនជាអាចគួរតែមាន​ព័ត៌មានជាភាសា​ជនជាតិ​ដើម​ភាគតិច ឬក៏បង្កើតជាក្រុមសហគមន៍ដើម្បីធ្វើការបណ្តុះបណ្តាលពួកគាត់​ឱ្យយល់ពី​ដំណើរ​នៃការបោះឆ្នោត។

លោក ម៉ូសេ​ បន្តថា៖ «ខ្ញុំគ្រាន់តែជាសារទូទៅជា recommendation [អនុសាសន៍] ទូទៅហ្នឹង ការបោះឆ្នោតហ្នឹងគួរតែផ្សព្វផ្សាយព័ត៌មានស្តីពីការបោះឆ្នោតហ្នឹងណាឱ្យបានកាន់តែទូលំ​ទូលាយ! បើសិនជាជនជាតិដើមភាគតិចគាត់ខ្វះព័ត៌មានហ្នឹង គាត់គួរតែមាន​ព័ត៌មាន​ស្តីពី​ការ​បោះឆ្នោតជាភាសារគាត់ ឬក៏បង្កើតសហគមន៍ដើម្បីពន្យល់គាត់ពីនីតិវិធីនៃការបោះឆ្នោត ឬក៏គូរសន្លឹកបោះឆ្នោត»។

លើសពីនេះ លោកបន្ថែមថាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត​ជាបេក្ខភាព​គួរតែមានវិធីសាស្រ្តផ្សេង ណាមួយក្រៅពីការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយ​បេក្ខជន​​អាចចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ដើម្បីធ្វើការពន្យល់បន្ថែម។​ ក្រៅពីនេះ​គណៈកម្មាធិការ​​​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ជាផ្នែកមួយសំខាន់​ដែលត្រូវធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បោះ​ឆ្នោតជូនដល់ប្រជាពលរដ្ឋក៏ដូចជាជនជាតិដើមភាគតិច​រស់នៅ​តំបន់​ដាច់​ស្រយាលផងដែរ។

លោក ម៉ូសេ​ បន្ថែមថា៖ «គ.ជ.ប ខ្លួនឯងត្រូវតែផ្សព្វផ្សាយព័ត៌មានបោះឆ្នោតហ្នឹងឱ្យបាន​ទូលំ​ទូលាយតាមដែលអាចធ្វើទៅបានអ៊ីចឹងណាទីមួយ! ទីពីរទៀតគណបក្សនយោបាយ​ខ្លួនឯង​ក៏ដូចគ្នាដែរ គួរតែមានការឃោសនា ហើយគួរតែរកវិធីសាស្រ្តក្រៅតែពីផ្សព្វផ្សាយ​នៅលើ​បណ្តាញសង្គមហ្នឹង គួរតែមានវិធីសាស្រ្តទៅជួបដល់ជនជាតិដើមភាគតិច​ដើម្បីប្រាប់​ពួកគាត់​អ៊ីចឹងណា»។

មិនខុសពីលោកម៉ូសេ  មន្រ្តីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជាហៅ​កាត់​ថាខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធធ្វើការជជែកវែកញ៉ែករកដំណោះស្រាយដែលអាច​បង្កើតព័ត៌មានសម្បូរបែប ជាពិសេសព័ត៌មានជាអក្សរជនជាតិដើមភាគតិច​ដើម្បីផ្តល់ភាព​ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។

លោក សាវាង្ស​ លើកឡើងថា៖ «ប្រជាពលរដ្ឋដែលលោកជាជនជាតិដើមភាគគិចហ្នឹង ភាគ​ច្រើន​គឺថាអក្សរខ្មែរលោកអត់ចេះទេ! ស្តាប់ភាសាក៏ប៉ុន្តែអ្វីដែលខ្ញុំដឹងហ្នឹង​កន្លងមក​មាន​អ្នកសារព័ត៌មានជាជនជាតិដើមភាគតិច គេអាចសរសេរជាទម្រង់របស់ជនជាតិ គឺជាការ​លើក​ទឹកចិត្តពីភាគីពាក់ព័ន្ធទាំងក្រសួងក្តី ឬក៏អជ្ញាធរធ្វើម៉េច ធ្វើការជជែកបង្កើតឱ្យមា​ន! ធ្វើម៉េចគេ​ហៅ​ថាសម្បូរបែបព័ត៌មានដល់គ្រប់ភាគីហ្នឹងដល់គ្រប់មជ្ឈដ្ឋាន»

លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាននាឱកាសកិច្ចពិភាក្សាស្ដីពី «ការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រក្នុងនីតិកាលទី៦ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣»។ រូបថតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

កង្វះខាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​

យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃ​ក្រសួង​ព័ត៌មានបានឱ្យដឹងថា កម្ពុជានៅពេលនេះមានគេហទំព័រ និងទូរទស្សន៍អនឡាញ​សរុប​រហូត​ដល់ទៅ៨៧០អង្គភាព កាសែត៤៤៦ អង្គភាព ទស្សនាវដ្តី១៩៣ អង្គភាពព្រឹត្តិបត្រ ២២​អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង ២៦អង្គភាព ស្ថានីយវិទ្យុ FM ចំនួន​៨៣​ស្ថានីយនៅរាជធានី និងតាមបណ្តាខេត្ត១៣៧ស្ថានីយ ទូរទស្សន៍​អាណាឡូក​១៩​ស្ថានីយ ទូរទស្សន៍ឌីជីថល ៨ស្ថានីយ ទូរទស្សន៍ខ្សែកាប ២១២ស្ថានីយ ហើយនៅមាន​តាម​ប្រព័ន្ធ OTT និងប្រព័ន្ធផ្កាយរណបទៀត។ កម្ពុជាមានសមាគមអ្នកសារព័ត៌មាន​សរុប​ចំនួន៥១​អង្គភាព នៅក្នុងនោះមានអ្នកសារព័ត៌មានដែលចេញប័ណ្ណដោយ​ក្រសួងព័ត៌មាន​ប្រមាណជា ៥០០០នាក់។

កត្តាកង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបណ្តាលឱ្យប្រជាពលរដ្ឋប្រឈមនឹងការទទួលបាន​ព័ត៌មានដែលអាចទុកចិត្តបាន​ ជាក់ស្តែងប្រទេសកម្ពុជាមានបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និង​សមាគមអ្នកសារព័ត៌មានប្រមាណជាង ២០០០ស្ថាប័ន បើទោះជាយ៉ាងនេះក្តីនៅក្នុង​ចំណោម​ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ភាគច្រើនមាននិន្នាការទៅរកគណបក្សកាន់អំណាច ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យដ៏តិចតួចក៏កំពុងតែទទួលរងការគំរាមគំហែងផងដែរ។

តាមរបាយការណ៍ បញ្ហាប្រឈមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងឆ្នាំ២០២១ ពី មជ្ឈមណ្ឌល​កម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រសួងព័ត៌មានបានដក​ហូត​អាជ្ញា​ប័ណ្ណអង្គភាពសារព័ត៌មានចំនួន១៥ ពីបទបំពានច្បាប់ ឬមិនបន្តដោយម្ចាស់ក្រុមហ៊ុន​ ចំណែក​ឯថ្មីៗ នេះ VOD ជាភាសាខ្មែរ និង VOD ជាភាសាអង់គ្លេស​ ត្រូវបានក្រសួងព័ត៌មាន​ដកហូត​អាជ្ញាប័ណ្ណ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញផ្សាយ របាយការណ៍​ឃ្លាំមើលប្រចាំត្រីមាសស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា​ មានករណីយាយីចំនួន៦​ករណី​លើអ្នកសារព័ត៌មានចំនួន១០រូប ក្នុងនោះមានស្រី្តចំនួន ២រូបផងដែរ។ អ្នកសារព័ត៌មាន​ចំនួនប្រាំមួយរូបក្នុងចំណោមនេះបានរងការយាយី រើសអើង ឬគំរាមកំហែង និងមានបីរូប​ផ្សេង​ទៀតត្រូវបានចាប់ខ្លួន និងម្នាក់ប្រឈមនឹងវិធានការផ្លូវច្បាប់។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លើកឡើងថា បើតាមតួលេខ​ដែល​ចេញផ្សាយដោយក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កន្លងមក ប្រជាពលរដ្ឋកម្ពុជាមាន​ចំណេះដឹង​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថលកម្រិត​​មូលដ្ឋានប្រមាណជាង ៣០% ​ដែលជា​ចំនួនតិចតួចបំផុត។ ម្យ៉ាងវិញទៀតភាគច្រើនជនជាតិដើមភាគតិច គឺ​រស់នៅតែតំបន់ឆ្ងាយៗ ពីទីប្រជុំជនដូចនៅខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងស្ទឹងត្រែងជាដើម​ ដែល​ក្រុមពួកគាត់ប្រឈមនឹងបញ្ហាប្រព័ន្ធសេវាអ៊ីនធឺណិត។

លោក ណុប វី លើកឡើងថា៖ «ទីមួយការ Access [ការចូលប្រើ] ប្រព័ន្ធអ៊ីនធឺណិតហ្នឹងមាន​ការលំបាកសម្រាប់ពួកគាត់ហើយ ហើយ Speed [ល្បឿន] នៃអ៊ីនធឺណិត​ក៏វាមិន​អំណោយ​ផលសម្រាប់ការប្រើប្រាស់ឌីជីថលរបស់គាត់ហ្នឹង ទាំងអស់ហ្នឹង គឺសុទ្ធតែជា​ឧបសគ្គ​ធ្វើឱ្យ​ពួកគាត់ហ្នឹងដែលមិនសូវទទួលបាននូវការអប់រំ ឬមួយក៏មិនសូវមាន​ឱកាសក្នុង​ការប្រើ​ប្រាស់ប្រព័ន្ធឌីជីថលទេ»។

លោកបន្ថែមថា ដើម្បីផ្តល់ឱកាសឱ្យជនជាតិដើមភាគតិចទទួលបានសិទ្ធិ​ក្នុងការ​ចូលរួម​នៃ​ដំណើរការនៃការបោះឆ្នោត លុះត្រាណាតែពង្រឹងការផ្សព្វផ្សាយ និងការបណ្តុះបណ្តាល​ការ​អប់រំជាក់លាក់ទៅកាន់ក្រុមគោលដៅដែលជាជនជាតិដើមភាគតិចឱ្យទទួលបានព័ត៌មានទាក់ទងការបោះឆ្នោតតាមការប្រព័ន្ធឌីជីថល។ លើសពីនេះលោកអំពាវនាវ​ឱ្យភាគីពាក់ព័ន្ធ​ដែល​រួម​មាន​ដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) ក្រសួងស្ថានប័នរបស់​រដ្ឋាភិបាល បណ្តាញផ្សព្វផ្សាយព័ត៌មាននានា រួមទាំងរដ្ឋ ឯកជន អង្គការសង្គមស៊ីវិល​ត្រូវចូល​រួម​ជួយពង្រឹងកម្រិតសម្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

លោក ណុប វី បន្ថែមថា៖ «បណ្តុះបណ្តាលអំពីរឿងចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងព័ត៌មានទៅដល់ជនជាតិដើមភាគតិច ហើយការឆ្លើយតបហ្នឹង គឺដែលតាមរយៈ​កិច្ច​សហប្រតិ្តការណ៍ជាមួយនឹងស្ថានប័នដែលមានជំនាញនៅក្នុងការផ្តល់ចំណេះដឹងរឿង​ឌីជីថល រឿងសុវត្ថិភាពនៃការប្រើប្រាស់នៃប្រព័ន្ធឌីជីថល ហើយនិងរឿងព័ត៌មានហ្នឹង»។

តាមរយៈលិខិតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសវេទិកាប្រចាំឆ្នាំលើកទី២​ស្ដីពី​តួនាទី​ប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការ​បោះឆ្នោត​ជាតិ​​២០២៣ តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មាន​ក្នុងដំណើរ​ការ​បោះឆ្នោតជាតិ២០២៣ ចេញផ្សាយដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សង្គមស៊ីវិលជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបាន​ទទូច​ឱ្យគណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរសាធារណៈធានាពីសេរីភាព​របស់អ្នកសារព័ត៌មាន​ក្នុង​ការ​ផលិតព័ត៌មានទាក់ទងនឹងដំណើរការបោះឆ្នោតដោយមិនមានការគំរាមកំហែង និង​រើសអើង ដើម្បីបង្ហាញថាកម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត។

លោក កន សាវាង្ស លើកឡើងពីសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយស្តីពី​ដំណើរការនៃការ​ផ្សព្វ​ផ្សាយ​​ព័ត៌មានបោះឆ្នោតត្រូវតែធ្វើការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ បើទោះបីជាស្ថាប័ន ឬក៏អ្នកសារព័ត៌មានស្ថិតនៅក្នុងនិន្នាការគណបក្សនយោបាយណាមួយក៏ដោយ ដូច្នេះ​​រដ្ឋាភិបាលត្រូវតែបើកលំហផ្តល់សិទ្ធិសេរីភាពឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មាន​សម្រាប់ជាមូលដ្ឋានឱ្យប្រជាពលរដ្ឋធ្វើការវិភាគ។

លោក សាវាង្ស លើកឡើងថា៖ «អ៊ីចឹងព័ត៌មានគ្រប់ជ្រុងជ្រោយហ្នឹង គឺជាការល្អណាស់​ដែលគាត់ត្រូវទទួលដឹង រដ្ឋាភិបាលត្រូវតែធ្វើម៉េចបើកលំហ ជាពិសេសការបោះឆ្នោតហ្នឹង គឺថាពិនិត្យមើលលក្ខខណ្ឌនៅក្នុងផ្លូវច្បាប់សម្រាប់ផ្តល់ព័ត៌មាន»

លោកមើលឃើញថា កន្លងមកនីតិវិធីដែល គ.ជ.ប តម្រូវឱ្យអ្នកសារព័ត៌មាន​ស្នើសុំកាត​ដើម្បី​ចុះយកព័ត៌មាននៅតាមមណ្ឌលបោះឆ្នោតនីមួយៗ វាមិនអនុលោម​ទៅតាមប្រព័ន្ធ​ច្បាប់​នៃ​ការ​បោះឆ្នោតនោះទេ លោកថាដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន​យកទៅវិភាគទាល់​តែ​រាជរដ្ឋាភិបាល ឬក៏អ្នកពាក់ព័ន្ធទាំងអស់ពិនិត្យមើលចំណុចទាំងខ្វះខាត និងស្តារស្ថានភាព​ឱ្យ​ប្រសើរឡើងវិញ។ 

លោក សាវាង្ស បន្ថែមថា៖ «នៅក្នុងនីតិវិធីរបស់ គ.ជ.ប ហ្នឹង គឺថាមានកំណត់​ឱ្យមាន​ការ​សុំកាត ឬក៏សិទ្ធិនៅក្នុងការយកព័ត៌មាន វាមិនអនុលោមទៅតាមផ្លូវច្បាប់នោះទេ ពីព្រោះ​ច្បាប់​មិនបានតំណត់ថាត្រូវទៅសុំកាតពី គ.ជ.ប ទេ»

យោងតាម​របាយការណ៍របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ចេញ​ផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (World Press Freedom day) បានឱ្យដឹងថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅឆ្នាំ២០២២នេះ ស្ថិតនៅ​លេខ​រៀង​ទី១៤២ លើ១៨០ប្រទេសនៅលើពិភពលោកដែលមានពិន្ទុ ៤៣,៤៨។

ឧបសគ្គអក្ខរកម្មឌីជីថល

ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៃរដ្ឋសភា​កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សសង្រ្គោះជាតិ គណបក្ស​ប្រជាជនកម្ពុជានៅពេលនោះ​ទទួលបានសំឡេងឆ្នោត​ច្រើនលើសលុប គឺទទួលបាន​អាសនៈ​ទាំង១២៥នៅក្នុងរដ្ឋសភា។

សេវ ផាច ជនជាតិដើមភាគតិចចារ៉ាយ មកពីស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី កំពុងតែឆែកមើល​ព័ត៌មានស្តីពីការបោះឆ្នោតនៅលើហ្គូហ្គលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រូបថតនៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

យុវតីជនជាតិដើមភាគតិចចារ៉ាយមកពីឃុំលំជ័រ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី កញ្ញា សេវ ផាច អាយុ២១ រៀននៅថ្នាក់ទី១១ នៃវិទ្យាល័យសមធំ ដែលទើបតែមានបទពិសោធន៍ថ្មីថ្មោង​ក្នុង​ការ​បោះឆ្នោតឃុំ-សង្កាត់​ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានប្រាប់ឱ្យដឹងថា ​សហគមន៍​ជនជាតិដើមភាគតិចមិនសូវទទួលបានព័ត៌មានស្តីពីការបោះឆ្នោត ដោយនាងសង្កេតឃើញ​ថា គណបក្សប្រជាជនកម្ពុជាមានយុទ្ធនាការផ្សព្វផ្សាយច្រើនជាងគណបក្សដទៃទៀត ហើយ​ក៏មានអាជ្ញាធរមូលដ្ឋានចុះផ្តល់ព័ត៌មានដល់ផ្ទះផងដែរ។

កញ្ញា សេវ ផាច និយាយថា៖ «ដោយសារតែទទួលបានព័ត៌មានទៅវាអត់សូវទូលំទូលាយ ណាមួយពេលគេទៅហ្នឹងគេប្រាប់ដល់ផ្ទះ ឧទាហរណ៍ថាជំទប់ឃុំអ៊ីចឹង គាត់ទៅប្រាប់ថា​ថ្ងៃ​នេះ​យើងត្រូវការបោះឆ្នោតអ៊ីចឹង មុនហ្នឹងគេប្រជុំឡើងច្រើន ឡើងពីរបីដងអ៊ីចឹង​យើងត្រូវ​ការ​គណបក្សនេះ យើងបោះអ៊ីចេះទៅ ដើម្បីជួយសហគមន៍យើងទៅថ្ងៃមុខ»។

សេវ ផាច បន្តថា៖ «អត់មានការទទួលគ្រប់គ្រាន់ទេដោយសារ​ទីមួយអ្នកខ្លះ​គាត់ពេល​បោះ​ឆ្នោត​​ហ្នឹងតាមកន្លងមកគេប្រាប់តៗគ្នា! អូ! យើងត្រូវការបោះឱ្យគណបក្សនេះ ដើម្បី​គាត់​ជួយទៅមួយឆ្នាំទៀតគាត់ជួយកសាងផ្លូវឱ្យយើងអ៊ីចឹងណា»។

កម្រិតអក្ខរកម្មឌីជីថល គឺជាបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច​ដែលរស់នៅតំបន់​ដាច់​ស្រយាល លើលពីនេះទៀតនោះកម្រិតនៃការចេះបែងចែកព័ត៌មាន និងទទួលបានព័ត៌មាន​ដែលមានតម្លាភាពកាន់តែប្រឈមសម្រាប់ក្រុមងាយរងគ្រោះមួយក្រុមនេះ សេវ ផាច បាន​បន្ថែមថាប្រជាពលរដ្ឋនៅក្នុងសហគមន៍មិនសូវជាខ្វល់ខ្វាយនឹងរឿងនយោបាយ​ និង​យកចិត្ត​ទុកដាក់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងនោះទេ។

សេវ ផាច បន្ថែមថា៖ «នៅសហគមន៍របស់ខ្ញុំគិតថារឿងហ្នឹងគាត់អត់សូវខ្វល់ខ្វាយទេ បោះ​ទៅ​ណាបោះទៅ សម្រាប់អ្នកដែលគាត់មានចំណេះដឹងគាត់រាងដូចថាការគិតអ៊ីចឹងណា តែនោះតាមគ្នាច្រើន! ភាគច្រើនតាមគ្នា ឧទាហរណ៍ថាបងមិត្តភក្តិជាមួយខ្ញុំគិតថាបោះហ្នឹងទៅ គិតថាបោះអាហ្នឹងអ៊ីចឹងណា»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍​នៅក្នុង​ឱកាសខួប២០ឆ្នាំនៃការបង្កើតសំឡេងប្រជាធិបតេយ្យ VOD នៅក្នុងបរិវេណ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី។ រូបថតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ រូបថតដោយ៖ ហ៊ាន រង្សី

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាទទួលស្គាល់ថា ​ប្រជាពលរដ្ឋ​ជនជាតិដើមភាគតិចនៃភូមិភាគឦសានប្រឈមនឹងបញ្ហាអក្ខរកម្មឌីជីថលរួមជាមួយនឹងការ​ទទួលបានព័ត៌មានស្តីពីដំណើរការបោះឆ្នោត ក៏ប៉ុន្តែលោកជឿជាក់ទៅលើការ​អភិវឌ្ឍ​របស់​គណបក្សប្រជាជនកម្ពុជា ដោយលោកផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​ពីទីក្រុងទៅទីតំបន់​ជនបទដាច់ស្រយាល។

លោក សុខ ឥសាន ថ្លៃងថា៖ «អា! សំណួរនេះវាជាបញ្ហាប្រឈមដែលយើងកំពុងតែជួបប្រទះ ពីព្រោះបងប្អូនទីមួយកាលណាមានទូរស័ព្ទប្រើ! ទូរស័ព្ទទំនើបប្រើហើយ វានៅអ្នកប្រើប្រាស់​ទៀតថា​តើគាត់…អឺ! មានលទ្ធភាពក្នុងការប្រើប្រាស់បានឬអត់ ហ្នឹងចំណុចទីមួយ ចំណុចទីពីរ​តើបងប្អូននៅស្រុកស្រែចម្ការ វាឆ្ងាយដាច់ស្រយាលអ៊ីចឹង! ការអភិវឌ្ឍ​ដូច​ផ្ការីក​អ៊ីចឹង យើង​ដេញ​ពីទីក្រុង ដេញពីទីប្រជុំជនទៅទីជនបទ»

សម្រាប់ព័ត៌មានស្តីពីការបោះឆ្នោតលោក សុខ ឥសាន បានប្រាប់បន្ថែមថា ​គណបក្ស​ប្រជាជន​បានឃោសនាតាមរយៈមេភូមិ មេឃុំនៅតាមតំបន់ដើម្បី​សម្របសម្រួល​ព័ត៌មាន​ជាភាសាជនជាតិដើមភាគតិច ចំណែកឯពាក់ព័ន្ធជាមួយនឹងការលើកឡើង​របស់មន្រ្តី​អង្គការ​សង្គមស៊ីវិលចង់ឱ្យមានព័ត៌មានជាភាសាជនជាតិដើមភាគតិចលោក សុខ ឥសាន បានប្រាប់​ឱ្យដឹងថា មិនទាន់មានលទ្ធភាពក្នុងការផលិតព័ត៌មានជាភាសាជនជាតិ​ដើមភាគតិចនោះទេ។

លោកបន្ថែមថា៖ «យើងដឹងហើយថាមេភូមិ មេឃុំមួយចំនួនហ្នឹងជាជនជាតិដើមភាគតិច អ៊ីចឹងទេតាមរយៈមេភូមិ មេឃុំហ្នឹងគាត់ចេះខ្មែរ អ៊ីចឹងទេគាត់មកទទួលយកកម្មវិធី​នយោបាយពីគណបក្សថ្នាក់កណ្តាលយកទៅផ្សព្វផ្សាយ អាហ្នឹងរួមផ្សំក្រុមការងារ​របស់គណបក្ស ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះទៅហ្នឹងមិនមានបញ្ហា​អីលំបាក​ដោះស្រាយទេករណីនេះ»។

លោក សុខ ឥសាន បន្ថែមថា៖ «មិនទាន់មានលទ្ធភាពក្នុងការផលិតស្ព័តជា Radio [វិទ្យុ] ជាទូរទស្សន៍ជាភាសាជនជាតិដើមទេ យើងផលិតជាខ្មែរសុទ្ធសាធ ហើយដល់ទៅ​ផ្សព្វផ្សាយ​ទៅ! ណែនាំឱ្យគ្នាគាត់បកប្រែទៅ អាហ្នឹងវាមានតែប៉ុណ្ណឹង»។

ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តជាលើកដំបូងនៅឆ្នាំ១៩៩៣ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ឬហៅថាអ៊ុនតាក់ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ការបោះ​ឆ្នោតនៅក្នុងអាណត្តិទី១នោះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានទទួល​ជ័យ​ជម្នះ​លើ​គណបក្សប្រជាជនកម្ពុជា និងក្រោយមកបក្សទាំងពីរបានព្រមព្រៀង​នយោបាយ​បង្កើត​ជា​រដ្ឋាភិបាលចម្រុះ ដោយមាននាយករដ្ឋមន្រ្តីចំនួន២រូប គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។ ការបោះឆ្នោត​នៅពេល​នោះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាងគេសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្សគណបក្សភ្លើងទៀនថា គោលនយោបាយរបស់បក្សផ្តោត​សំខាន់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាអាទិភាពជាងបច្ចេកវិទ្យា​ ដោយលោកយល់ឃើញថា ​ជនជាតិដើមភាគតិចវ័យចំណាស់​ជាច្រើនមិនមាន​ចំណេះដឹង​ព័ត៌មានវិទ្យា​ និងប្រព័ន្ធផ្សព្វផ្សាយ។

លោក គីមសួរ ភីរិទ្ធ លើកឡើងថា៖ «និយាយរួមទៅយើងមិនសូវជាផ្តោតខាងប្រព័ន្ធ​ IT​ ហ្នឹង​ទេណា ប្រព័ន្ធព័ត៌មានវិទ្យាហ្នឹងទេ ពីព្រោះអីដោយសារប្រជាពលរដ្ឋយើង ចំណេះ​ដឹង​គាត់​នៅ​មានកម្រិត បញ្ហាសំខាន់ដែលយើង Focus [ផ្តោត] ផ្តោតសំខាន់បំផុតនោះ គឺជីវភាពប្រចាំ​ថ្ងៃ​របស់ពួកគាត់ជាពិសេស គឺកសិករ កម្មករ ហើយនិងជាមួយ​យុវជនការអប់រំរៀនសូត្រ​គាត់​មានចំណេះវិជ្ជាខ្ពស់»។​

កម្រិតចំណេះដឹងរបស់ជនជាតិដើមភាគតិច ជាមួយនឹងការផ្សព្វផ្សាយយុទ្ធនាការបោះឆ្នោត​តាមបណ្តាញសង្គមហាក់មិនសូវមានប្រសិទ្ធភាពដូចទៅនឹងការចុះផ្សព្វផ្សាយផ្ទាល់ទៅតាម​តំបន់គោលដៅដោយមានការជួបជុំ និងអនុវត្តន៍សកម្មភាពនយោបាយ​នៅទីស្នាក់ការ​គណបក្ស​ផ្ទាល់។ លោកបន្ថែមថា ប្រសិនបើចង់​ឱ្យប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា លុះត្រាណាតែជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរ។

លោកបន្ថែមថា៖ «ដើម្បីឱ្យគាត់មានជីវភាពគ្រប់គ្រាន់ទៅ គាត់មានឱកាសសប្បាយចិត្ត​នឹង​ស្តាប់​ព័ត៌មានតាមវិទ្យុតាមអី! ដែលគេហៅថាមានចិត្តចង់ស្វែងយល់ពីការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មានវិទ្យាតាម Network [បណ្តាញ] អីហ្នឹង បណ្តាញសង្គមហ្នឹង»

លោកទទួលស្គាល់បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច ដែលពិបាកទទួលបាន​ព័ត៌មាន​បោះឆ្នោត​ពីគណបក្សភ្លើងទៀន ដោយលោកថា ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច​រស់​នៅ​ឆ្ងាយពីមជ្ឈមណ្ឌលព័ត៌មាន ហើយតែងតែទទួលរងការគំរាមកំហែង និងសម្ពាធ​នយោបាយ​​ពីគណបក្សកាន់អំណាច តែទោះបីជាជួបឧបគ្គស​យ៉ាងណាក្តីក៏​គណបក្ស​ភ្លើងទៀនខិតខំអនុវត្តន៍សកម្មភាពគោលនយោបាយរបស់បក្សដើម្បីបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ពីការបោះឆ្នោត។

លោកបន្ថែមថា៖ «វាពិបាកបន្តិចហើយ ដោយសារនៅទីនោះវាកាន់តែ! យើងចង់និយាយថា វាកាន់តែជនបទដាច់ស្រយាលពីទីក្រុង កាលណាឆ្ងាយពីមជ្ឈមណ្ឌលព័ត៌មាន ការគំរាម​កំហែងផ្នែកនយោបាយ ការដាក់សម្ពោធផ្នែកនយោបាយទៅលើអ្នកបោះឆ្នោតក៏វាមានច្រើន […] ប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវតែដាក់ទិសដៅខិតខំធ្វើសកម្មភាព​ឱ្យអស់ពីលទ្ធភាព​ដើម្បី​ធ្វើម៉េចបញ្ជ្រាបគាត់ឱ្យយល់ពីគោលនយោបាយរបស់គណបក្សភ្លើងទៀន»។

អនាគតមិនច្បាស់លាស់

ងាកមកយុវជនជនជាតិដើមភាគតិចអំពាវនាវឱ្យមានសិទ្ធិសេរីភាពក្នុងការបោះឆ្នោត សិទ្ធិ​ទទួល​បានព័ត៌មាន និងតម្លាភាពនៃការធ្វើការឃោសនាបោះឆ្នោតកញ្ញា លេខ ការី៖ «អ្វីដែលត្រូវតែផ្លាស់ប្តូរហ្នឹង គឺទាក់ទងនឹងសិទ្ធិសេរីភាពនៃការបោះឆ្នោតហ្នឹងគឺត្រូវតែមាន ការផ្សព្វផ្សាយការបោះឆ្នោតហ្នឹងឯង»។

 ចំណែកឯសេវ ផាច ចង់ឱ្យមានតម្លាភាពនៃដំណើរការឃោសនាបោះឆ្នោត៖ «ការផ្សព្វផ្សាយ​ទូលំទូលាយ ឧទាហរណ៍ថាគណបក្សប្រជាជនគាត់ផ្សព្វផ្សាយ​យើងត្រូវការចូលរួម​ទាំងអស់​គ្នា ហើយគណបក្សភ្លើងទៀនផ្សព្វផ្សាយយើងត្រូវការចូលរួមទាំងអស់គ្នា កុំឱ្យមានការរើស​អើងគ្នា​ទៅវិញទៅមកអ៊ីចឹងណា»

ចំណាំ៖ រឿងនេះត្រូវបានផលិតឡើងក្រោមកម្មវិធី ANFREL Asian Media Fellowship on Election Reporting។

867 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម