សកម្មជនជាច្រើននាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយសារការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធនឹងករណីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលទទួលបានការសរសើរពីក្រុមសង្គមស៊ីវិល។ សង្គមស៊ីវិលបានអំពាវនាវឱ្យដោះលែងពួកគេជាច្រើនដង ខណៈដែលរដ្ឋាភិបាលបានសម្រេចចិត្តដកខ្លួនចេញពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់រយៈពេល២០ឆ្នាំ។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់ពីការដោះលែងមនុស្សចំនួន ១៧នាក់ ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិត ដោយយោងទៅលើមន្ត្រីតុលាការដែលជាអ្នកសម្រេចដោះលែងពួកគេទៅវិញ។
ប្រធានមណ្ឌលកែប្រែទី១នៃពន្ធនាគារព្រៃស លោក នុត សវនា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលទាក់ទងតាមរយៈតេឡេក្រាម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមករា លោកបានលើកឡើងថា សកម្មជនទាំងនោះត្រូវបានដោះលែងបន្ទាប់ពីមានការអនុញ្ញាតពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយលោកក៏ជាប្រធានគណបក្សប្រជាជនកម្ពុជាដែរ។
សវនា បានអបអរសាទរសកម្មជន និងជូនពរពួកគេឱ្យទទួលបានអនាគតល្អ និងជៀសឱ្យឆ្ងាយពី «ក្រុមជ្រុលនិយម» ដែលទំនងជាលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
យោងតាមសម្ព័ន្ធកម្ពុជាសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស លីកាដូ មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ដោយមានជាង៦០នាក់ត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារពីបទបង្ហាញទស្សនៈអំពី CLV-DTA នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគ្រោងនឹងប្រមូលផ្តុំ។
នាយកទទួកបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក សំ សំអាត បានស្វាគមន៍ចំពោះការដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិអំពី CLV-DTA ។
លោកបានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមសង្គមស៊ីវិល យើងគិតថាអ្នកដែលត្រូវបានចាប់ខ្លួនដោយសារ CLV-DTA គួរតែត្រូវបានដោះលែង ពីព្រោះករណីហ្នឹងរដ្ឋាភិបាលបានបញ្ចាប់ពីកិច្ចព្រមព្រៀងរួចហើយ»។
លោក សំអាត បានថ្លែងបន្តថា៖ «ប្រសិនបើអ្នកជាប់ឃុំដោយសារករណី CLV ត្រូវបានដោះលែងឱ្យមានសេរីភាពទាំងអស់វិញ វានឹងបង្ហាញថា [រដ្ឋាភិបាល] គោរពគោលការណ៍សិទ្ធិមនុស្ស ឫ [ចង់ដោះស្រាយ] ការបន្ធូបន្ថយស្ថានភាពតានតឹងផ្នែកសិទ្ធិមនុស្ស»។
យោងតាមលោក សំអាត មនុស្ស២១នាក់ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ទី២០ ខែមករា។
កាលពីខែធ្នូកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមជំនុំជម្រះជនជាប់ចោទ ៣៧នាក់ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យបញ្ចេញមតិលើ CLV-DTA។ សកម្មជនទាំងនោះរួមមាន លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នៅពេលនោះ សវនាការរបស់តុលាការបានជាប់គាំង ខណៈដែលមេធាវីការពារក្តីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបំបែកសំណុំរឿងជាប្រាំ។
លោក សឺន ជុំជួន មេធាវីម្នាក់ការពារក្តីឱ្យជនជាប់ចោទបានមានប្រសាសន៍ថា៖ «ឥឡូវនេះយើងកំពុងរង់ចាំការសម្រេចពីសាលាឧទ្ធរណ៍» ដោយលោកបន្ថែមថា សាលាឧទ្ធរណ៍មិនទាន់កំណត់ពេលសវនាការនៅឡើយ។
លោក ជុំជួន បានជំរុញឱ្យតុលាការពិចារណាផ្តល់ការធានាឱ្យនៅក្រៅឃុំដល់អ្នកជាប់ឃុំផ្សេងទៀតដែលត្រូវបានចាប់ខ្លួនពីបទ «ការបញ្ចេញមតិរបស់ពួកគេ» ទាក់ទងនឹងសំណុំរឿង CLV-DTA។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានបន្ទរជំហររបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលក្នុងការដោះលែងសកម្មជន។ លោកក៏បានជំរុញឲ្យតុលាការដោះលែងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅគ្រួសារវិញ។
លោកបានថ្លែងថា៖ «យើងចង់ឃើញអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង ក៏ដូចជាការបើកលំហប្រជាធិបតេយ្យឡើងវិញ និងអនុញ្ញាតឱ្យមានសេរីភាពក្នុងសកម្មភាពនយោបាយ ដោយមិនមានការគំរាមកំហែងពីបុគ្គលដែលមានអំណាច»។
CLV-DTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។ នៅក្នុងប្រទេសកម្ពុជា ខេត្តជាប់ព្រំដែនដែលជាតំបន់អភិវឌ្ឍន៍ត្រីកោណ រួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានដាក់បញ្ជូលដំបូងដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង។
សារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេកាលពីថ្ងៃទី២១ ខែមករា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court Releases 38 CLV-DTA Activists on Bail Amid CSOs Call to Free Them