ប្រមុខដឹកនាំអាស៊ានបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ សម្រាប់ការរួបរួម ភាពធន់ និងប្រជាជនជំនាន់ក្រោយ ប៉ុន្តែអ្នកវិភាគព្រមានថា ការបែកបាក់ផ្ទៃក្នុងកាន់តែស៊ីជម្រៅ ជាពិសេសវិបត្តិនៅមីយ៉ានម៉ា និងការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនគំរាមកំហែងដល់មហិច្ឆតាទាំងនោះ។
កាលពីថ្ងៃចន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមេដឹកនាំអាស៊ានដទៃទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមប្រធានបទ អនាគតរួមរបស់យើង ដោយប្រកាន់យកនូវចក្ខុវិស័យរយៈពេលវែង ដែលត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភយុទ្ធសាស្ត្រចំនួនបួនគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់អាស៊ាន។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៦ ដល់ ២៧ ខែឧសភា បានកំណត់នូវមហិច្ឆតាសម្រាប់ភាពធន់ ភាពច្នៃប្រឌិត និងប្រជាជនជំនាន់ក្រោយក្នុងតំបន់។ កិច្ចប្រជុំកំពូលដែលមានមូលបទ «បរិយាបន្ន និងចីរភាព» ក៏បានកត់សម្គាល់ផងដែរនូវការវិលត្រឡប់នៃវិបត្តិដ៏ចម្រូងចម្រាសរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំនេះ ដែលតំណាងដោយមន្ត្រីជាន់ខ្ពស់បន្ទាប់ពីអវត្តមានជាយូរ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានពណ៌នាកិច្ចព្រមព្រៀងនេះ ជាការតាំងចិត្តរួមគ្នា ក្នុងការធ្វើឱ្យមានសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ លើកស្ទួយវិបុលភាពសមធម៌ និងកសាងអនាគតរួបរួមគ្នា ក្នុងការប្រឈមមុខនឹងបញ្ហាសកល។
លោក អាន់វ៉ា បានថ្លែងថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យស៊ីជម្រៅសមាហរណកម្មក្នុងតំបន់ លើកស្ទួយវិបុលភាពសមធម៌ និងកសាងអនាគតអាស៊ានដែលកាន់តែរួបរួម ធន់ និងប្រជាជនជំនាន់ក្រោយ»។
ចំណុចសំខាន់នៃចក្ខុវិស័យគឺរបៀបវារៈប្រកបដោយមហិច្ឆតារបស់ខ្លួនសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់។ វាបង្ហាញពីតម្រូវការក្នុងការដោះស្រាយទាំងការគំរាមកំហែងបែបប្រពៃណី និងមិនមែនប្រពៃណី រួមទាំងអំពើភេរវកម្ម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញ តាមរយៈសកម្មភាពសម្របសម្រួលក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមានមន្ទិលសង្ស័យថា គោលដៅបែបនេះអាចសម្រេចបានពេញលេញនៅឆ្នាំ២០៤៥ ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខដែលបន្ត និងចាក់ឫសយ៉ាងជ្រៅនៅទូទាំងតំបន់។
លោក សេង វ៉ាន់លី អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «បច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខដែលមិនត្រឹមតែមិនមែនជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រពៃណីផងដែរ»។ លោកបន្តថា៖ «វិបត្តិមីយ៉ាន់ម៉ានៅតែជាការឈឺក្បាលដ៏សំខាន់ដែលអាចបង្ខូចចក្ខុវិស័យរបស់តំបន់សម្រាប់អនាគតរួមគ្នា»។
លោក វ៉ាន់លី បានកត់សម្គាល់ថា ទោះបីជាសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានទទួលបានជោគជ័យក៏ដោយ ក៏ជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ានៅតែបន្តបែងចែកតំបន់ ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាស៊ានរួបរួមគ្នា និងសន្តិភាព។
ខណៈការបង្ហាញខ្លួនឡើងវិញរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលបានធ្វើឱ្យមានការភ្ញាក់ផ្អើល លោក វ៉ាន់លី បានស្វាគមន៍ថាវាជាជំហានមួយឆ្ពោះទៅរកកិច្ចសន្ទនាថ្នាក់តំបន់។ លោកបានសង្កត់ធ្ងន់ថា អាស៊ានត្រូវតែបង្កើតគោលជំហររួបរួមមួយចំពោះរបបយោធាមីយ៉ាន់ម៉ា មុននឹងចូលរួមជាមួយប្រទេសមហាអំណាចដូចជាអាមេរិក ចិន និងរុស្ស៊ី ដើម្បីគាំទ្រដំណោះស្រាយនយោបាយ។
លោកបន្ថែមថា៖ «ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ប៉ុន្តែជាដំបូង អាស៊ានត្រូវតែមានជំហររួមក្នុងការសម្របសម្រួលរបបយោធា ដើម្បីឱ្យមីយ៉ាន់ម៉ាអាចមកអាស៊ានដើម្បីពិភាក្សារកដំណោះស្រាយ»។
យ៉ាងណាមិញ អ្នកអត្ថាធិប្បាយនយោបាយ លោក រ៉ូ វណ្ណៈ បានលើកឡើងថា ការអនុញ្ញាតឱ្យតំណាងរបបយោធាចូលរួមក្នុងព្រឹត្តិការណ៍អាស៊ាន ធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ថ្នាក់តំបន់។
លោកបានថ្លែងថា៖ «វាជាការផ្ញើសារមួយដែលអាស៊ានបានអត់ឱនចំពោះការមិនគោរពតាមច្បាប់»។ លោកបន្តថា៖ «វាធ្វើឱ្យខូចដល់ជំហរសីលធម៌របស់អាស៊ាន ជាពិសេសជាមួយដៃគូប្រជាធិបតេយ្យ»។
យ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ការចូលរួមក៏អាចបើកកន្លែងសម្រាប់ជំនួយមនុស្សធម៌ និងការសន្ទនានយោបាយ ប្រសិនបើអាស៊ាន និងរបបយោធាបង្ហាញការប្តេជ្ញាចិត្តពិតប្រាកដក្នុងការដោះស្រាយជម្លោះនោះ។
ទោះបីជាមានសេចក្តីប្រាថ្នាទាំងនេះក៏ដោយ អ្នកវិភាគទាំងពីរបានសង្កត់ធ្ងន់ថា ចក្ខុវិស័យអាស៊ានសម្រាប់ឆ្នាំ២០៤៥ នឹងនៅតែមានការលំបាកក្នុងការអនុវត្តដោយការមិនដោះស្រាយបញ្ហាមូលដ្ឋាន។
ក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ លោក អាន់វ៉ា បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានសម្រេចគោលបំណងរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ លោកក៏បានកត់សម្គាល់ផងដែរអំពីវឌ្ឍនភាពលើវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយបង្ហាញពីការឯកភាពគ្នាក្នុងចំណោមសមាជិកអាស៊ាន ដើម្បីបន្តការចូលរួម។
លោកបានមានប្រសាសន៍ថា៖ «យើងបានឈានទៅដល់ដំណាក់កាលមួយដែលភាគីទាំងពីរកំពុងពិភាក្សាគ្នា។ ទោះបីជានៅកម្រិតគន្លឹះទាប និងគ្រាន់តែផ្តោតទៅលើការអូសបន្លាយបទឈប់បាញ់ ហើយបន្ទាប់មកជំនួយមនុស្សធម៌ និងបន្តការពិភាក្សាដំបូង»។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការសន្ទនាណាមួយត្រូវតែស្ថិតនៅគោលជំហរនៃមតិឯកភាពប្រាំចំណុចរបស់អាស៊ាន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសរសើរការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីចំពោះវិបត្តិមីយ៉ាន់ម៉ា និងបានគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការជំរុញការឯកភាពប្រាំចំណុច ដោយកត់សម្គាល់ថា ការសន្ទនានយោបាយអាចផ្តល់ជំនួយមនុស្សធម៌ និងត្រួសត្រាយផ្លូវសម្រាប់ការផ្សះផ្សាយូរអង្វែង។
លោក សុខុន ក៏បានលើកឡើងពីភាពបន្ទាន់នៃការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានក្របខ័ណ្ឌច្បាប់កាន់តែរឹងមាំ និងសមត្ថភាពបច្ចេកវិទ្យាទំនើប ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ការឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។
ត្រឡប់មក លោក វណ្ណៈ វិញ ក៏បានលើកឡើងពីបញ្ហាប្រឈមដ៏សំខាន់មួយទៀតក្នុងការប្រឈមមុខជាមួយអាស៊ាន ដែលជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តនៅសមុទ្រចិនខាងត្បូង។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ លោក អាន់វ៉ា បានចែករំលែកថា ក្នុងជំនួបកំពូលនោះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីចិន Li Qiang ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាពិសេសក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ។
មេដឹកនាំទាំងពីរបានពិភាក្សាអំពីជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ម៉ាឡេស៊ី ចិន និងអាស៊ានទាំងមូល។
យ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ខណៈដែលអាស៊ានប្រឈមមុខនឹងបញ្ហាសន្តិសុខបែបប្រពៃណី ក៏ត្រូវប្រឈមមុខកាន់តែខ្លាំងឡើងដោយការគំរាមកំហែងមិនប្រពៃណី។ ការកើនឡើងនៃករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងបណ្តាញបោកប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ កាន់តែគំរាមកំហែងដល់សមត្ថភាពរបស់តំបន់នេះក្នុងការរក្សាការប្តេជ្ញាចិត្តផ្នែកសន្តិសុខក្នុងតំបន់របស់ខ្លួន។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង ដោយមនុស្សរាប់សែននាក់ត្រូវបានជួញដូរទៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណេតទូទាំងតំបន់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន។
នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីមប្រាហ៊ីម បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើការជំរុញផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមគ្នា ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចែករំលែកទេ។
លោក វណ្ណៈ បានបន្ទរអំពីក្តីបារម្ភរបស់វ៉ាន់លី ដោយព្រមានថាបណ្តាញឧក្រិដ្ឋកម្មក្នុងតំបន់មាន «ឥទ្ធិពលខ្លាំងជាងអាជ្ញាធររដ្ឋមួយចំនួនទៅទៀត»។
លោក វណ្ណៈ បានថ្លែងថា៖ «ភាពចម្រុះក្នុងតំបន់ក្នុងប្រព័ន្ធអភិបាលកិច្ច របបនយោបាយ និងក្របខ័ណ្ឌច្បាប់រារាំងដល់សកម្មភាពស្អិតរមួត។ លោកបន្ថែម៖«ប៉ុន្តែប្រសិនបើអាស៊ានអាចពង្រឹងស្ថាប័នដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) និង ACTIP នោះវឌ្ឍនភាពគឺអាចទៅរួច»។
ទាំងលោក វ៉ាន់ លី និងលោក វណ្ណៈ បានសង្កត់ធ្ងន់ថា កង្វះឆន្ទៈនយោបាយក្នុងចំណោមសមាជិកអាស៊ានមួយចំនួន បានអនុញ្ញាតឱ្យសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការឆបោក ការលាងលុយកខ្វក់ និងការជួញដូរមានការរីកចម្រើន។ ពួកគេបាននិយាយថា ប្រទេសដូចជាកម្ពុជាត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ប្រសិនបើគោលដៅសន្តិសុខ និងការអភិវឌ្ឍរបស់អាស៊ានត្រូវសម្រេច។
លោក វ៉ាន់លី បានថ្លែងថា៖ «ប្រទេសមួយចំនួនត្រូវបានប្រើជាមជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់ឧក្រិដ្ឋកម្មទាំងនេះ»។ លោកសង្កត់ធ្ងន់ថា៖ «បើគ្មានកិច្ចសហប្រតិបត្តិការ និងការអនុវត្តកាន់តែខ្លាំងទេ អាស៊ាននឹងលំបាក្នុងការបង្កើតសហគមន៍ដែលមានសុវត្ថិភាព និងសមាហរណកម្ម»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ASEAN Summit 2025: Vision for Unity and Prosperity Clouded by Security and Political Challenges