សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកវិភាគសង្គម និងអង្គការសង្គមស៊ីវិលមួយចំនួននៅតែចាត់ទុកបញ្ហាអំពើពុករលួយជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា

វេទិកាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង សុខមាន
វេទិកាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង សុខមាន

ថ្លែងនៅក្នុង«ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូឆ្នាំ២០២២» អ្នកវិភាគបញ្ហាសង្គម និង​អង្គការ​សង្គមស៊ីវិលនៅតែលើកបញ្ហាអំពើពុករលួយជាប្រធានបទចម្បងក្នុង​ប្រទេសដែល រដ្ឋាភិបាលគួរតែបន្ដប្រើយន្ដការបន្ថែមទៀតដើម្បីកាត់បន្ថយអំពើពុករលួយ ជាពិសេស​បញ្ហា​បក្ខពួកនិយម និងការសូកប៉ាន់ផ្សេងៗមិនគួរកើតមាន។

បើតាមលោក រ៉ូ វណ្ណៈ អ្នកតំណាងអង្គការតម្លាភាពកម្ពុជា និងក្រុមការងារប្រឆាំង​អំពើពុក​រលួយ បានថ្លែងក្នុងកម្មវិធីកាលពីថ្ងៃទី៨ ខែធ្នូ នេះថា ​អំពើពុករលួយបានបំផ្លាញការជឿ​ទុក​ចិត្ដនឹងបាត់បង់​ប្រជាធិបតេយ្យ​ចុះទន់ខ្សោយ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស​ធ្វើឱ្យ​វិសមភាព​សង្គម ភាពក្រីក្រ ការបែងចែកឋានៈសង្គម និងវិបត្ដិផ្សេងៗទៀតបន្ដកើតមាន​ជាហូរហែរ និង​ធ្ងន់ធ្ងរដោយសារតែអំពើពុករលួយនេះ។

លោកបានចាត់ទុក​ថា៖ «អំពើពុករលួយនេះបានធ្វើឱ្យមូលធនជាច្រើនហូរចូលក្នុងហោប៉ៅ​របស់​មន្ដ្រីមានអំណាចនយោបាយ ដើម្បីកេងប្រវ័ញ្ចទាក់ទាញយកសំណូក។ អំពើពុករលួយ​បានបង្កើតឱ្យមានពន្ធខ្ពស់ ហើយការបង្កើតពន្ធនេះវាបានធ្វើឱ្យប៉ះពាល់ដល់ចំណូល​របស់​ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប»

យ៉ាងណាមិញលោកក៏បានលើកបន្ថែមថា អំពើពុករលួយនេះបានធ្វើឱ្យមន្ដ្រីដែលមាន​ឥស្សរយសមួយចំនួនយកតួនាទីរបស់ខ្លួនប្រើក្នុងគោលបំណងកេងប្រវ័ញ្ចទ្រព្យសម្បតិ្ដពី​ប្រជាពលរដ្ឋ។ លោកថា អំពើពុករលួយក៏បានបំផ្លាញសណ្ដាប់ធ្នាប់នយោបាយផងដែរ។

លោក វណ្ណៈ បានអះអាងថា៖ «អំពើពុករលួយផ្នែកនយោបាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ទៅនឹងការលាងលុយកខ្វក់ដោយសារឥស្សរជនកំពុងកាន់អំណាច និងសហការីដែល​ធ្វើ​ជំនួញ​របស់ពួកគេទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពខុសច្បាប់បែបនេះ»

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១​ ដែល​ទើប​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​ ២០២២​ បាន​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​ថយជាង​ឆ្នាំ​មុន​បន្តិចដែល​មាន​ចំណាត់​ថ្នាក់១៦០។ យ៉ាង​ណា​ក្តី ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជាប្រទេស​ដែល​មាន​កម្រិត​ពុក​រលួយ​អាក្រក់​ជាង​គេបំផុត​ក្នុងចំណោម​ប្រទេស​ទាំង​១០នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន។​

ចំណែកឯ អ្នកស្រី អូឡូហ្វ៍សិន លេខាទីមួយនៃការិយាល័យស្ថានទូត ស៊ុយអែតប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា​ នៅក្នុងសង្គមប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់​ក្នុងការ​រាយការណ៍ពីអំពើពុករលួយបានគ្រប់គ្នាដោយមិនមានការភ័យខ្លាចនោះទេ។ អ្នកស្រីថា​ រដ្ឋាភិបាលត្រូវតែផ្ដល់កិច្ចការពារ និងសេវាកម្មជាមូលដ្ឋានមួយសម្រាប់អ្នករាយការណ៍​បញ្ហា​អំពើពុករលួយ ជាពិសេសធានាឱ្យបាននូវសុវត្ថិភាពសម្រាប់ពួកគាត់។

អ្នកស្រីបន្ថែមថា៖ «អំពើពុករលួយជាឧបសគ្គសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចិរភាព ដូច្នេះ​សាធារណៈជនមានតួនាទីរាយការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​ដោយខ្លួន​ឯង»

ក្រោយពីអង្គការតម្លាភាពអន្ដរជាតិកម្ពុជាបានចេញរបាយការណ៍ស្ដីអំពីអំពើពុករលួយរបស់​ប្រទេសកម្ពុជាថាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោម១៨០ប្រទេសលើពិភពលោក​ត្រូវ​បាន​អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានច្រានចោល​ និងបានលើកឡើងថា របាយការណ៍របស់អង្គការតម្លាភាពអន្ដរជាតិកម្ពុជាមិនត្រឹមត្រូវនឹងមានចេតនាបោកប្រាស់។

លោកបានហៅរបាយការណ៍នេះថា៖ «​ជារបាយការណ៍ប្រតិដ្ឋ[យោបល់ផ្ទាល់ខ្លួន] និងបោក​ប្រាស់ និងមិនតំណាងឱ្យការខិតខំប្រឹងប្រែងរបស់កម្ពុជានោះឡើយ»។ នេះបើយោង​តាមការ​ចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយកន្លងទៅ។

យុវតី កូនង៉ា និស្សិតឆ្នាំទី៤ផ្នែកច្បាប់នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងសេដ្ឋកិច្ចដែល​បានចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ បាននិយាយថា ការយល់ដឹងពីបញ្ហាសង្គម​ជារឿងសំខាន់ណាស់ដែលយុវជនគួរយល់ដឹង ជាពិសេសបញ្ហាអំពើពុករលួយ​ជាបញ្ហាធំ​ធ្វើ​ឱ្យសង្គមគ្មានការរីកចម្រើន ណាមួយខ្លួនត្រូវធ្វើសារណាបញ្ចប់ឆ្នាំអំពីអំពើពុករលួយនេះផង។

និស្សិតរូបនេះបន្ដថា៖ «អំពើពុករលួយនេះគឺវាប៉ះពាល់សង្គមខ្លាំងណាស់បង។ ខ្ញុំត្រូវធ្វើ​សារណា​បញ្ចប់ឆ្នាំដោយខ្ញុំយករឿងហ្នឹងជាប្រធានបទផងបង»

នៅក្នុងវេទិកានេះមិនមានការចូលរួមពីមន្ដ្រីនៃអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ យ៉ាង​ណា​ខេមបូចា បានទាក់ទងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ដើម្បី​សុំការអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ ប៉ុន្ដែមិនមានការឆ្លើយតបណាមួយ​នោះ​ទេ។

បើតាមលោក ហួ តុលា អនុប្រធានផ្នែកៃអគ្គលេខាធិការដ្ឋានក្រុមបឹ្រក្សាជាតិកម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន បានថ្លែងថា ពាក់ព័ន្ធបញ្ហាអំពើពុករលួយនេះលោកមិនមានការ​បក​ស្រាយ​នោះទេ ពីព្រោះវាជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ តែយ៉ាងណា​លោក​ថា ការចូលរួមរបស់យុវជន និងពលរដ្ឋខ្មែរគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ហើយរឿងការប្រើប្រាស់យន្ដការការពារក៏មាននៅក្នុងច្បាប់នីតិរដ្ឋរួចហើយ ដូច្នេះមិនគួរមានការភ័យខ្លាចក្នុងការរាយការណ៍បញ្ហាទាំងអស់ហ្នឹងនោះទេ។

លោក តុលា បន្ដថា៖ «យើងខ្ញុំក្នុងក្របខណ្ឌជាការងារនេះ សុំអនុញ្ញាតថាមិនអាចនិយាយ​បាន ពីព្រោះវាមិនមែនជាយន្ដការស្ថាប័នរបស់យើងជាអ្នកប្រតិបត្ដិផ្ទាល់»

តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ចែងថា​ អំពើពុករលួយគឺជាបទល្មើសដែលដាក់​ទោស​ទណ្ឌ​ទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើងក្រោមទម្រង់​សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិត​ទារ​ប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញតិ្ដរបស់ក្រមព្រហ្មទណ្ឌ។

អង្គភាពប្រឆាំងអំពើពុករលួយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ដោយរដ្ឋាភិបាលដោយមាន លោក​ ឱម យិនទៀង ជាប្រធានអង្គភាពមួយនេះ។

ជុំវិញបញ្ហាអំពើពុករលួយនេះត្រូវបានលោក មាស នី អ្នកវិភាគបញ្ហាសង្គម នយោបាយ បានចាត់ទុកថា អំពើពុករលួយនេះបានបង្កើតឱ្យមានបក្ខពួក និងការកេងប្រវ័ញ្ច ជាពិសេស​នៅពេលដែលចង់ដកអ្នកចាស់ណាម្នាក់ចេញដោយចង់ដាក់អ្នកថ្មីចូលគឺវាមិនងាយនឹងដក ហើយវាជាអ្វីលោកមានការព្រួយបារម្ភថានឹងបន្ដទៅគ្រប់ជំនាន់ទៀត ហើយការ​លើក​ឡើង​របស់លោក​គ្រាន់តែចង់ដាស់តឿនដល់រដ្ឋាភិបាលដើម្បីដោះស្រាយ​បញ្ហាទាំងអស់ហ្នឹង​ឱ្យទាន់ពេលវេលា។

លោកបានសង្កត់ធ្ងន់ថា៖ «កាលណាដោះស្រាយអត់ចេញ វាក្លាយជាកេរដំណែលមួយ នឹងអាច​បរាជ័យខ្លួនឯងក៏ថាបាន»

ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានទទួល​ស្គាល់ថា ប្រទេសនៅលើលោក គ្មានប្រទេសណាគ្មានអំពើពុករលួយទេ ទាំងប្រទេស​កំពុង​អភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ គ្រាន់តែតិចឬក៏ច្រើន។ ប៉ុន្ដែលោកថា ការរស់នៅក្នុងសង្គម​ត្រូវហ៊ានថា ហ៊ាននិយាយអំពីបញ្ហាទាំងអស់ហ្នឹង ពីព្រោះអំពើពុករលួយនេះ​វាបានបង្កការ​លំបាក​ជាច្រើនដល់សង្គម ជាពិសេសបញ្ហាជីវភាពរបស់ពលរដ្ឋខ្មែរ ដោយសារការប្រើតួនាទី និងអំណាច បក្ខពួកនិយម ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកបន្ថែមថា៖ «យើងត្រូវទទួលស្គាល់ថាប្រទេសយើងមានអំពើពុករលួយ ហើយអ្វីជា​អំពើ​ពុករលួយ?។ វាមិនអាចលុបបំបាត់បានទាំងស្រុងទេ ប៉ុន្ដែយើងក៏ត្រូវមានវិធីក្នុងការ​កាត់​បន្ថយ​​ឱ្យវានៅតិចតួចតាមដែលអាចធ្វើទៅបាន»។  

នៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ ឆ្នាំ២០២២នេះ ក៏មានការចូលរួមពីយុវជន និង​យុវតី អង្គការសង្គមស៊ីវិល និងពលរដ្ឋដែលចង់ស្វែងយល់ពីបញ្ហាអំពើពុករលួយ១៦០នាក់​ក្រោមប្រធានបទ«រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ»ផងដែរ។

ក្រៅតែពីបញ្ហាអំពើពុករលួយបានរារាំងកិច្ចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច​ និងនយោបាយ អំពើពុករលួយនេះក៏បានរារាំងនឹងផ្ដល់ផលលំបាកជាច្រើនដល់វិស័យសារព័ត៌មានក្នុងការ​ផ្សព្វផ្សាយអំពីបញ្ហាការប្រព្រឹត្ដអំពើពុករលួយផងដែរ។

បើតាម លោក ណុប វី នាយកប្រតិបត្ដិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានចាត់ទុកថា អំពើពុករលួយ​បានផ្ដល់បញ្ហាជាច្រើនដល់អ្នកសារព័ត៌មាន ដូចជាការស្នើសុំ​អាជ្ញាបណ្ណរបស់​អ្នកសារព័ត៌មានហាក់មានភាពយឺតយ៉ាវ​ បើសិនជាមានទំនាក់ទំនងល្អជាមួយក្រសួង​ទៅបាន​អាជ្ញាបណ្ណហ្នឹងលឿនចឹងទៅ។ លោកថា មិនត្រឹមតែអាជ្ញាធរថ្នាក់ជាតិទេ សូម្បីតែអាជ្ញាធរ​ថ្នាក់​មូលដ្ឋានក៏ប្រព្រឹត្ដនូវអំពើពុករលួយដែរ​។ លោកថា មានករណីជាច្រើនដូចជាករណី​ផ្សាយ​​ពីអ្នកជល់មាន់ ផ្សាយពីការទន្ទ្រានយកដី ការកាប់ព្រៃឈើ បែរជាអ្នកប្រព្រឹត្ដ​មិនត្រូវបាន​ចាប់​ខ្លួន​ទេ បែរជាអ្នកសារព័ត៌មានត្រូវរងបណ្ដឹងទៅវិញ រហូតត្រូវជាប់គុក អានេះគ្រាន់តែជាផ្នែក​តូច​មួយ​ប៉ុណ្ណោះ។

លោកថ្លែងថា៖ «សម្រាប់ខ្ញុំទាំងអស់ហ្នឹង សុទ្ធសឹងតែកើតចេញពីអំពើពុករលួយទាំងអស់។ ហើយអំពើពុករលួយនេះវាកើតចេញពីការអនុវត្ដតួនាទីភារកិច្ចរបស់មន្ដ្រីនៅមូលដ្ឋានដែលនាំឱ្យកើតបញ្ហាហ្នឹង»។ លោកបន្ថែមថា៖ «ដើម្បីបញ្ចប់បញ្ហាទាំងអស់ហ្នឹងបាន​មិនថាតែ​វិស័យ​សារព័ត៌មានទេ គ្រប់វិស័យទាំងអស់ វាទាល់តែមានការអនុវត្ដច្បាប់ឱ្យបានជាក់លាក់សម្រាប់​ធានាថា មិនមានអំពើពុករលួយតាមយន្ដការច្បាប់ដែលមានចែង»

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បញ្ហា​​ចំនួន២ គឺការដាក់កម្ពុជាឱ្យស្ថិតក្នុង«បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់ និងការទម្លាក់កម្ពុជាទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅ នៃការជួញដូរ​មនុស្ស​ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើមុខមាត់កម្ពុជា។

ការបញ្ជាក់បែបនេះរបស់លោកបានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំ​កម្ពស់​៣ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ស ខេង បានលើកឡើងបន្ថែមថា ប្រសិនបើមិនខិតខំប្រឹងប្រែងរំដោះកម្ពុជា ឱ្យចេញ​ពី​បញ្ជីប្រផេះនោះទេ វាអាចនឹងថ្ងៃណាមួយត្រូវបានទម្លាក់ចូលក្នុងបញ្ជីខ្មៅ នៃការចរាចរណ៍​លុយ​បន្ថែមទៀត ដែលអាចធ្វើការប្រើថវិកាទាំងរដ្ឋ និងឯកជនមានការលំបាក។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ​ក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការ​អាក់​សិន​អេតកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបាន​សហការ​ផលិតឡើងតាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ចាប់តាំងពីខែមករា ឆ្នាំ២០២០ ។ កម្មវិធី​ទូរសព្ទ​ដៃ រឺApp ដែល​មានឈ្មោះថា «មតិយើង»​ ត្រូវបានក្រសួងមហាផ្ទៃ និងសង្គម​ស៊ីវិល​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដាក់ពាក្យបណ្ដឹង ឬរិះ​គន់​ពី​ភាព​ខ្វះខាតរឺអសកម្មណាមួយអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិដោយរក្សា​ការ​​សម្ងាត់៕

394 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម