សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ផែនការវិនិយោគនៅភូមិភាគឦសានធ្វើឱ្យសហគមន៍ជនជាតិដើម​ភាគ​តិចភ័យខ្លាចឡើងវិញពីការរំលោភដីធ្លី

ញ៉យ ពីង ស្ត្រីជនជាតិដើមភាគតិចទំពួនម្នាក់ ដែលបានលក់ទំនិញនៅបឹងយក្សឡោមអស់​រយៈ​ពេលមួយទសវត្សរ៍មកហើយកំពុងរៀបចំអាហារសម្រន់នៅតូបរបស់អ្នកស្រីនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ញ៉យ ពីង ស្ត្រីជនជាតិដើមភាគតិចទំពួនម្នាក់ ដែលបានលក់ទំនិញនៅបឹងយក្សឡោមអស់​រយៈ​ពេលមួយទសវត្សរ៍មកហើយកំពុងរៀបចំអាហារសម្រន់នៅតូបរបស់អ្នកស្រីនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
សង្ខេប
  • បឹងយក្សឡោម និងតំបន់ព្រៃជុំវិញទំហំ២២៥ហិកតា ជាទីអាស្រ័យរបស់ជនជាតិដើមភាគតិចទំពួនរាប់ពាន់នាក់ ហើយត្រូវបានការពារតាំងពីឆ្នាំ២០១៩។
  • សហគមន៍មូលដ្ឋានបារម្ភថា គម្រោងវិនិយោគថ្មីៗនៅភូមិភាគឦសាន ដែលក្នុងនោះមានទាំងទេសចរណ៍ និងកសិឧស្សាហកម្ម អាចនាំឱ្យមា​នការរំលោភយកដីធ្លីកើតឡើងវិញ។
  • មន្ត្រីរដ្ឋាភិបាលបដិសេធថាមិនមានផែនការវិនិយោគលើបឹងយក្សឡោមទេ ប៉ុន្តែបញ្ជាក់ថាប្រសិនបើមានគម្រោងនៅពេលខាងមុខណាមួយត្រូវតែមានការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន។

ជិតមួយទសវត្សរ៍ក្រោយពីផែនការអភិវឌ្ឍន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោមស្ថិតក្នុងខេត្តរតនគិរី ត្រូវបានរារាំង សហគមន៍ជនជាតិដើមភាគតិចកំពុងមានការព្រួយបារម្ភថាការជំរុញវិនិយោគថ្មីៗនៅ​ភាគឦសានប្រទេសកម្ពុជា ដែលសន្យាថានឹងនាំមកនូវទុនវិនិយោគរាប់រយលានដុល្លារ និងការងាររាប់ពាន់កន្លែងក្នុងវិស័យទេសចរណ៍ និងកសិឧស្សាហកម្មនោះ អាចនាំឱ្យមានការរំលោភយកដីធ្លីកើតឡើងវិញ។

បឹងដែលកើតឡើងពីបន្ទុះភ្នំភ្លើង និងមានព្រៃឈើព័ទ្ធជុំវិញចំនួន២២៥ហិកតានេះ មានទីតាំងនៅជាយក្រុងបានលុង ជាទីអាស្រ័យរបស់ជនជាតិដើមភាគតិចទំពួនរាប់ពាន់នាក់។ ខណៈដែលត្រូវបានការពារជាផ្លូវការចាប់តាំងពីឆ្នាំ២០១៩ និងត្រូវបានលើកកម្ពស់ជាតំបន់ទេសចរណ៍ដ៏សំខាន់រួចទៅហើយក្តី ក៏សមាជិកសហគមន៍លើកឡើងថា តំបន់នេះមានសារៈសំខាន់ច្រើនជាងនេះ ពោលគឺខាងវប្បធម៌ និងប្រពៃណី។

លោក វេន ចឹ អនុប្រធានគណៈកម្មការបឹងយក្សឡោមបានប្រាប់សារព័ត៌មានខេមបូចាថា សហគមន៍បានគ្រប់គ្រងតំបន់នេះតាំងពីឆ្នាំ១៩៩៨។ លោកបានរំឭកពីការប៉ុនប៉ងកាលពីឆ្នាំ២០១៨ដើម្បីប្រែក្លាយបឹងនេះជាកម្មសិទ្ធិឯកជន សម្រាប់គម្រោងរមណីយដ្ឋានមួយ ប៉ុន្តែត្រូវបានបដិសេធក្រោយមក។ នៅពេលនោះពលរដ្ឋជាច្រើនភ័យខ្លាចថា តំបន់ការពារសហគមន៍នេះអាចមានវាសនាដូចភ្នំយោលនៅក្បែរនោះដែលជាទីសក្ការៈមួយទៀតរបស់ជនជាតិដើមភាគតិចទំពួន ដែលត្រូវបានជួលឱ្យក្រុមហ៊ុនខ្នាតយក្ស BVB ក្នុងឆ្នាំ២០០៨ សម្រាប់បម្រើវិស័យទេសចរណ៍។

តាមលោក​ ចឹ គម្រោងនោះត្រូវបានជាប់គាំងអស់រយៈពេលជិតពីរទសវត្សរ៍ ហើយសហគមន៍ជនជាតិដើមភាគតិចនៅតែប្រឈមនឹងការរឹតត្បិតការចូលប្រើប្រាស់ដីព្រៃ និងអនុផលព្រៃឈើ។

ឥឡូវនេះ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (SPIN Program) របស់រដ្ឋាភិបាល ដែលមានរយៈពេល ៣ ឆ្នាំ និងមានគោលដៅទាក់ទាញគម្រោងកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី បាននិងកំពុងដំណើរការជិតមួយឆ្នាំហើយ។ ផលប៉ះពាល់ទាំងផ្នែកសង្គម និងបរិស្ថានដែលធ្លាប់កើតមានពីគម្រោងអភិវឌ្ឍន៍ស្រដៀងគ្នាពីមុន កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនមូលដ្ឋាន។

លោក វេន ចឹ អនុប្រធានគណៈកម្មាធិការបឹងយក្សឡោម និងលោក សេង ថុង ចៅសង្កាត់រងទី១ ដែលជាសមាជិកសហគមន៍ជនជាតិដើមភាគតិចទំពួនពិភាក្សាពីបញ្ហាក្នុងតំបន់នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក ចឹ បាននិយាយថា ការភ័យខ្លាចបានកើតឡើងវិញបន្ទាប់ពីមន្ត្រីបានលើកឡើងពីលទ្ធភាពនៃការប្រគល់បឹងនេះទៅឱ្យក្រុមហ៊ុនឯកជនមួយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដែលក្រសួងនេះដឹកនាំកម្មវិធី SPIN បានបដិសេធថា គ្មានផែនការវិនិយោគសម្រាប់បឹងយក្សឡោមទេ ហើយថាការអភិវឌ្ឍណាមួយនាពេលអនាគត ត្រូវតែមានការពិគ្រោះយោបល់ និងការយល់ព្រមពីសហគមន៍។

ក្រសួងបរិស្ថានបាននិយាយថា ខ្លួនមិនមានព័ត៌មានទេ ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន្ទ ក៏បានបដិសេធផងដែរនូវគម្រោងវិនិយោគណាមួយនៅក្នុងតំបន់ការពារនេះ។

អាជ្ញាធរផ្សព្វផ្សាយថា កម្មវិធី SPIN នេះអាចបង្កើតការងារច្រើនជាង ១២ ៧០០កន្លែង និងទាក់ទាញវិនិយោគប្រមាណ ៦៦៧លានដុល្លារ ទៅកាន់ខេត្តទាំងបួន។

តាមការបង្ហោះលើទំព័ហ្វេសប៊ុករបស់ SPIN  គម្រោងចំនួន១៣ ត្រូវបានអនុម័តចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមនៅឆ្នាំ២០២៥ ដែលភាគច្រើនក្នុងវិស័យកសិឧស្សាហកម្ម ហើយគ្រោងចាប់ផ្តើមអនុវត្តក្នុងឆ្នាំនេះ។

កាលពីខែសីហាឆ្នាំមុន ក្រុមការងារបានត្រួតពិនិត្យទីតាំងសក្តានុពលសម្រាប់គម្រោងវិនិយោគចំនួន ៣ នៅក្នុងខេត្តរតនគិរី។

ទីតាំងមួយដែលត្រូវបានត្រួតពិនិត្យគឺនៅភូមិជ្រី ក្នុងសង្កាត់យក្សឡោម ដែលជាភូមិមួយក្នុងចំណោមភូមិចំនួន ៥ ដែលនៅជុំវិញបឹង ដែលអ្នកស្រុកមានសិទ្ធិគ្រប់គ្រង និងការពារតំបន់នេះ។

លោក  ចឹ និងចៅសង្កាត់រងទី១ លោក សេង ថុង បានប្រាប់ថា គណៈកម្មាធិការមិនបានដឹងពីការត្រួតពិនិត្យនោះទេ និងមិនត្រូវបានជូនដំណឹងពីផែនការវិនិយោគពាក់ព័ន្ធណាមួយដែរ។

ក្រុមសិទ្ធិមនុស្សបាននិយាយថា ការពិគ្រោះយោបល់មានកម្រិត និងការរំលោភយកដីធ្លីនៅក្នុងសហគមន៍ជនជាតិដើមភាគតិច សហគមន៍ជនបទ និងតំបន់ការពារសម្រាប់គម្រោងពាណិជ្ជកម្ម គឺជាបញ្ហាដែលកើតឡើងជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលបណ្តាលឱ្យមានការខូចខាតបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

នៅខេត្តរតនគិរី ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងតំបន់ការពារមួយចំនួនធំ ត្រូវបានគ្របដណ្តប់ដោយចម្ការដាំដំណាំ និងឧស្សាហកម្មទាញយកធនធានពីក្នុងដី។ ចម្ការទ្រង់ទ្រាយធំៗក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីការកាប់បំផ្លាញព្រៃឈើ និងការចោទប្រកាន់ពីលក្ខខណ្ឌការងារមិនមានសុវត្ថិភាពផងដែរ។

គម្រោង SPIN ចំនួនបីត្រូវបានអនុម័តនៅខេត្តរតនគិរី ប៉ុន្តែព័ត៌មានលម្អិតអំពីទីតាំង ឬវិស័យដែលពាក់ព័ន្ធ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈឡើយ។ មានតែផ្ទៃដី ៣០០ ហិកតា ដែលបានបម្រុងទុកសម្រាប់ផ្នែកកសិកម្មរបស់ក្រុមហ៊ុនធំ THACO ពីវៀតណាម ដើម្បីអភិវឌ្ឍជាសួនកសិឧស្សាហកម្ម នៅទីតាំងដែលមិនបានបញ្ជាក់ច្បាស់លាស់។

ក្រុមហ៊ុននេះបានដំណើរការចម្ការចេក និងដំណាំផ្សេងៗទៀតរាប់ពាន់ហិកតារួចហើយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលស្ថិតនៅភាគខាងត្បូង ដែលជាតំបន់ដែលរដ្ឋាភិបាលចាត់ទុកថាជា «តំបន់ប្រើប្រាស់ដោយចីរភាព»។

លោក ចឹ បាននិយាយថា៖ «សហគមន៍មានការព្រួយបារម្ភយ៉ាងខ្លាំង» ដោយសំដៅលើគម្រោងដែលត្រូវបានអនុម័តថ្មីៗនេះនៅក្នុងខេត្ត។ លោកបន្តថា៖ «ពួកគេខ្លាចថា នៅពេលដែលក្រុមហ៊ុនមួយចូលមក ពួកគេនឹងបាត់បង់អ្វីៗទាំងអស់ និងត្រូវបានបណ្តេញចេញ ជំនួសដោយអ្នកខាងក្រៅ ហើយនៅសល់តែការភ័យព្រួយ»។

សមាជិកម្នាក់នៃសហគមន៍ទំពួន ដើរឆ្លងកាត់ទីសក្ការៈបញ្ចុះសពមួយ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

អ្នកស្រី ញ៉យ ពីង ស្ត្រីជនជាតិដើមភាគតិចទំពួនម្នាក់ដែលបានលក់ទំនិញនៅបឹងយក្សឡោមអស់រយៈពេលមួយទសវត្សរ៍ បាននិយាយថា អ្នកស្រីរកបានប្រហែល ៣០ ០០០រៀល ក្នុងមួយ​ថ្ងៃដើម្បីចិញ្ចឹមគ្រួសាររបស់គាត់។ អ្នកស្រីខ្លាចថា អ្នកលក់ឯកជនអាចនឹងដណ្តើមយកកន្លែងរបស់គាត់ ប្រសិនបើគម្រោងពាណិជ្ជកម្មណាមួយត្រូវបានអនុម័ត។

លោក ចឹ ក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ដែលជាប់គាំងយូររបស់ក្រុមហ៊ុន BVB នៅភ្នំយោល ដែលលោកថា ធ្លាប់សន្យាបង្កើតការងារ និងការពារព្រៃឈើ ប៉ុន្តែការងារទាំងនោះមិនមានឡើយ ថែមទាំងផ្នែកខ្លះនៃព្រៃឈើត្រូវបានបំផ្លាញ ហើយសហគមន៍ភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូលតំបន់នោះទៀតផង។

ពេលសារព័ត៌មានខេមបូចាទាក់ទងទៅកាន់លេខទូរសព្ទដែលបានចុះបញ្ជីសម្រាប់ក្រុមហ៊ុន BVB នៅក្នុងទិន្នន័យចុះបញ្ជីអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម មិនមានអ្នកទទួលឡើយ។

សារព័ត៌មានខេមបូចា ក៏បានព្យាយាមទាក់ទងការិយាល័យចុះបញ្ជីរបស់កម្មវិធី SPIN នៅខេត្តរតនគិរីជាច្រើនដងដែរ ប៉ុន្តែមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។

ទាំងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ខេមរិន្ទ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សុខសេនសាន បានអះអាងថា មិនមានគម្រោងណាមួយគ្រោងធ្វើនៅបឹងយក្សឡោមឡើយ ប៉ុន្តែមិនទាន់ឆ្លើយតបភ្លាមៗទៅសំណួរបន្ថែមថាតើមានក្រុមហ៊ុនឯកជនណាត្រូវបានអនុញ្ញាតឱ្យដំណើរការនៅសង្កាត់យក្សឡោមឬយ៉ាងណានៅឡើយទេ។

លោក ខេមរិន្ទ បាននិយាយថា ប្រសិនបើមានគម្រោងណាមួយត្រូវបានស្នើឡើងនៅក្នុងខេត្ត ឬក្បែរបឹង រដ្ឋាភិបាលនឹងពិគ្រោះយោបល់ជាមួយសហគមន៍ជនជាតិដើមភាគតិច និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីបម្រើ «ផលប្រយោជន៍ជាតិ»។ លោកបន្ថែមថា នៅពេលអនាគត បឹងនេះនឹងត្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាការចាក់បេតុងផ្លូវដី ដែលលោកថា នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។

អ្នកភូមិជនជាតិដើមភាគតិចទំពួនបាននិយាយថា ពួកគេបើកចិត្តទទួលយកការអភិវឌ្ឍ ប៉ុន្តែមិនចង់ឱ្យប៉ះពាល់ដល់ការអភិរក្សឡើយ។

លោក ថុង បាននិយាយថា៖ «ការអភិវឌ្ឍអាចល្អ ប៉ុន្តែបើគ្មានការអភិរក្ស វានឹងក្លាយជាការខាតបង់»។ លោកបន្តថា៖ «ខ្ញុំខ្លាចបាត់បង់វប្បធម៌ និងប្រពៃណីរបស់យើង»។

លោក មាស ហឿន ដែលជាព្រឹទ្ធាចារ្យម្នាក់ទៀតរបស់ជនជាតិដើមភាគតិចទំពួន បានលើកឡើងថា បឹងនេះជាកន្លែងដែលនាំសហគមន៍ឱ្យមកជុំគ្នា និងជាទីកន្លែងសក្ការៈ ដែលពួកគេជឿថាការពារអ្នកស្រុក។ លោកបានបន្តថា៖ «ជនជាតិដើមភាគតិចទំពួននឹងគ្រប់គ្រងបឹងនេះជារៀងរហូត» ដោយបន្ថែមថា ពួកគេមិនស្វែងរកការអភិវឌ្ឍទ្រង់ទ្រាយធំនោះទេ។

លោកបញ្ជាក់ថា៖ «យើងនឹងមិនប្រគល់វាឱ្យក្រុមហ៊ុនណាមួយឡើយ។ វានឹងបន្តពីមួយជំនាន់​ទៅមួយជំនាន់ នៅក្នុងភូមិទាំងប្រាំរបស់យើង។ ការអភិវឌ្ឍ និងការអភិរក្សបែបនេះគឺគ្រប់គ្រាន់សម្រាប់យើងហើយ»។

ខណៈពេលដែលមេដឹកនាំជនជាតិដើមភាគតិចបាននិយាយថា ពួកគេមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការថែរក្សាតំបន់ការពារសហគមន៍ ក្រុមផ្សេងទៀតបានកត់សម្គាល់ថា វឌ្ឍនភាពត្រូវបានរារាំងដោយសារកង្វះខាតថវិកា។

ភ្ញៀវបរទេសម្នាក់លោតពីផែឈើតូចមួយចូលបឹងយក្សឡោមនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

លោក សំពយ ចាន់សុភា ដែលជាមន្ត្រីគម្រោងនៅសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បាននិយាយថា វឌ្ឍនភាពនៅក្នុងសង្កាត់យក្សឡោមមានភាពយឺតយ៉ាវ មិនមែនដោយសារការគ្រប់គ្រងរបស់សហគមន៍នោះទេ ប៉ុន្តែដោយសារតំបន់នេះខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោកថា៖ «បើរដ្ឋមានផែនការ និងថវិកា គួរតែគាំទ្រសហគមន៍ជនជាតិដើមភាគតិចឱ្យអភិវឌ្ឍ ខណៈពួកគេនៅតែរក្សាភាពជាម្ចាស់ និងគ្រប់គ្រងចំណូល»។ លោកបន្ថែមថា៖ «គម្រោងដែលមិនគ្រប់គ្រងដោយសហគមន៍ នឹងមិនផ្តល់អត្ថប្រយោជន៍ដល់ភូមិទាំងប្រាំឡើយ»។

គម្រោងមុនៗដែលរំលងរបៀបគ្រប់គ្រងរបស់សហគមន៍ជនជាតិដើមភាគតិច បានធ្វើឱ្យសហគមន៍ទំពួនមានការប្រុងប្រយ័ត្ន និងមិនសូវទុកចិត្ត ទោះបីជាអាជ្ញាធរអះអាងថា បឹងនេះត្រូវបានហាមឃាត់មិនឱ្យអភិវឌ្ឍក្នុងទ្រង់ទ្រាយពាណិជ្ជកម្មក៏ដោយ។ ប៉ុន្តែ ដោយមិនទាន់មានការបញ្ជាក់បន្ថែមអំពីគម្រោង SPIN ទាំងបីដែលគ្រោងចាប់ផ្តើមនៅរតនគិរី សំណួរនៅតែមានថា តើដីសហគមន៍អាចរងផលប៉ះពាល់ឬអត់ ហើយតើការងារណាខ្លះនឹងកើតមានពិតប្រាកដ​៕

រាយការណ៍បន្ថែមដោយ ទ្រី ថានី

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Northeast Investment Plans Revive Land Grab Fears for Indigenous Community

ព័ត៌មានថ្មី

អត្ថបទពេញនិយម