រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យមានការបង្រ្កាបទូទាំងប្រទេសលើទីតាំងឆបោកតាមអនឡាញ ដោយលើកឡើងពីការគំរាមកំហែងរបស់បណ្តាញឧក្រិដ្ឋជនបរទេស ខណៈដែលសម្ពាធអន្តរជាតិកើនឡើងជុំវិញភាពស្មុគស្មាញក្នុងការដោះស្រាយរបស់រដ្ឋ ហើយប្រទេសថៃក៏បង្កើនការឆ្លើយតបរបស់ខ្លួនចំពេលមានជម្លោះព្រំដែនដ៏តានតឹង។
អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) កាលពីពេលថ្មីៗនេះបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានបើកឧស្សាហកម្មឆបោក ដោយអះអាងថា នៅតែមិនជឿជាក់លើការចេញបញ្ជាចុងក្រោយនេះថានឹងនាំឱ្យមានការផ្លាស់ប្តូរពិតប្រាកដ។
នាយកស្រាវជ្រាវថ្នាក់តំបន់របស់អង្គការលើកលែងទោសអន្តរជាតិ លោកស្រី Montse Ferrer បាននិយាយថា៖ «ពេលដែលយើងសង្ឃឹមថាវិធីសាស្រ្តថ្មីរបស់លោកនាយករដ្ឋមន្ត្រីនឹងមានប្រសិទ្ធភាព យើងក៏នៅតែគិតថាការឆ្លើយតបនេះនឹងមិនខុសពីវិធីមុនៗដែលបានចង្អុលបង្ហាញពីភាពស្មុគស្មាញទាក់ទងនឹងបញ្ហានេះដែរ»។
លោកស្រីបានបន្ថែមថា៖ «សញ្ញាណដែលយើងបានឃើញ ហាក់មិនបានសំដៅលើគោលការណ៍សិទ្ធិមនុស្ស ឬរបៀបដែលជនរងគ្រោះនឹងត្រូវកំណត់អត្តសញ្ញាណ និងយកចិត្តទុកដាក់នោះទេ។ រដ្ឋាភិបាលមិនបាននិយាយអំពីគោលការណ៍មិនដាក់ទណ្ឌកម្ម»។ លោកស្រី លើកជាឧទាហរណ៍ ដោយសំដៅទៅលើការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងមជ្ឈមណ្ឌលឆបោក។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលជាអ្នកជំនាញឧក្រិដ្ឋកម្មឆ្លងដែន និងធ្លាប់បានផ្តល់អនុសាសន៍ឱ្យដាក់ទណ្ឌកម្មលើការចោទប្រកាន់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក។ តាមរយៈលិខិតចុះថ្ងៃទី១៤ ខែកក្កដា ដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាឱ្យមន្ត្រីមូលដ្ឋាន និងនគរបាលចុះបោសសម្អាតបណ្តាញឆបោកនៅក្នុងភូមិសាស្ត្ររបស់ពួកគេ។
បទបញ្ជាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន មន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និយតករល្បែងស៊ីសង និងភ្នាក់ងារផ្សេងៗទៀត ដោយដាក់គោលដៅចុះបង្ក្រាបទីតាំងប្រតិបត្តិការឆបោក និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម។
«អភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត មេបញ្ជាការបណ្ដាអង្គភាព និងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ»។ ប្រភពដដែលបញ្ជាក់ថា៖ «ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុក្នុងរូបភាពវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
អាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់ចូលទៅទីតាំងឆបោកចំនួនពីរ នៅថ្ងៃតែមួយដែលបទបញ្ជានេះត្រូវបានផ្សព្វផ្សាយ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២៣៤នាក់ នៅក្នុងទីតាំងសង្ស័យមួយកន្លែង រួមនិងជនជាតិចិនចំនួន៣នាក់ នៅទីតាំងសង្ស័យតូចមួយផ្សេងទៀត។
មន្ត្រីនគរបាលភាគច្រើនដែលពាក់ព័ន្ធក្នុងប្រតិបត្តិការបានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ រួមទាំងមិនអាចបញ្ជាក់បានថា តើអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះជាអ្នកដែលត្រូវបានគេជួញដូរ ឬក៏មានជនសង្ស័យជាមេខ្លោងក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានរាយការណ៍ថា អគារគោលដៅក្នុងការវាយឆ្មក់ត្រូវបាន «ប្រគល់ជូនម្ចាស់វិញ ដើម្បីបន្តការគ្រប់គ្រង»។ នៅថ្ងៃទី១៦ ខែកក្កដា សមត្ថកិច្ចរាជធានីភ្នំពេញបានបង្ក្រាបទីតាំងដែលសង្ស័យថាមានបទល្មើសតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងទៀតផងដែរ។
នៅថ្ងៃទី១៦ ខែកក្កដា ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តក្រចេះ បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ដោយបានរកឃើញជនជាតិបរទេសជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រីចំនួន៥៦នាក់។
ថ្ងៃទី១៦នេះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams អគារកម្ពស់៣ជាន់ ១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១ នាក់ ក្នុងនោះមានស្រីចំនួន ៤៥នាក់។
ថ្ងៃដដែលនេះ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចុះបង្រ្កាបទីតាំងសង្ស័យថាមានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩នាក់។
នៅថ្ងៃទី១៥ និង១៦ ខែកក្កដា មនុស្សស្រីប្រុសជនជាតិវៀតណាមចំនួន៦៣នាក់ និងខ្មែរម្នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៦កន្លែង ក្នុងខេត្តព្រះស៊ីហនុ។
អ្នកយកព័ត៌មានខេមបូចា បានព្យាយាមសាកសួរទៅកាន់កម្មករសំណង់ជាជនជាតិខ្មែរ ដែលកំពុងសាងសង់នៅទីតាំងអគារស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបាននគរបាលចូលឆ្មក់កាលពីថ្ងៃទី១៤កន្លងទៅ ប៉ុន្តែពួកគេបានបដិសេធ។

យ៉ាងណាមិញ ម្ចាស់ហាងនៅក្បែរអគារនោះបាននិយាយថា ប៉ូលីសបានបិទផ្លូវ និងរារាំងអ្នកឈរមើលមិនឱ្យថតរូបក្នុងអំឡុងពេលឆ្មក់ចូល។ រីឯអាជីវករម្នាក់ បាននិយាយថា រថយន្តទំនើបៗបានទម្លាក់ក្រុមជនបរទេសជាញឹកញាប់នៅបរិវេណនោះ។ ដោយឡែក អាជីវករម្នាក់ទៀតបាននិយាយថា ពួកគេមានការស្រឡាំងកាំងនៅពេលឃើញមនុស្សរាប់រយនាក់ត្រូវបាននាំចេញមកក្រៅដោយអះអាងថា ពួកគេមិនដែលឃើញនរណាម្នាក់ចូល ឬចាកចេញពីអគារនេះពីមុនមកទេ។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអភិបាលខេត្ត ស្នងការនគរបាល និងមេបញ្ជាការយោធា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងការឆបោកដែលកំពុងរត់គេចខ្លួន។
ដោយឡែក ប្រទេសថៃបានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់បណ្តាញឆបោកក្នុងតំបន់ដែលភ្ជាប់ទៅនឹងកាស៊ីណូ និងមជ្ឈមណ្ឌលជួញដូរមនុស្សរបស់កម្ពុជា។
កាលពីដើមខែនេះ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងកូនៗរបស់គាត់ ដោយចោទប្រកាន់ពួកគេពីប្រតិបត្តិការឆបោកសំដៅលើជនជាតិថៃចេញពីក្រុងប៉ោយប៉ែតដែលជាតំបន់ជាប់ព្រំប្រទល់នឹងអគារកាស៊ីណូរបស់លោក កុក អាន ឈ្មោះ Crown Casino Resort។ ការវាយឆ្មក់លើទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក កុក អាន បានធ្វើឡើងដោយមានការរឹបអូសទ្រព្យសម្បត្តិ និងកំពុងដំណើរការស៊ើបអង្កេត។
ប៉ូលីសថៃ ជឿថា លោក កុក អាន បានភៀសខ្លួនចេញពីប្រទេស ហើយបានស្នើសុំឱ្យប៉ូលិសអន្តរជាតិចេញដីកាចាប់ខ្លួនលោកជាបន្ទាន់។
ការបង្រ្កាបនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ក្ដៅគគុកនៅព្រំដែនកាលពីខែឧសភា ដែលបានជំរុញឱ្យមានការបិទច្រកឆ្លងព្រំដែន ការហាមឃាត់ការនាំចូល និងការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃគឺ លោកស្រី Paetongtarn Shinawatra ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភក្រមសីលធម៌ ជុំវិញការបែកធ្លាយសារសម្លេងឆ្លងឆ្លើយតាមទូរសព្ទជាមួយអតីតមេដឹកនាំកម្ពុជាដ៏មានឥទ្ធិពល លោក ហ៊ុន សែន។
បណ្ដាញឧស្សាហកម្មនៃមជ្ឈមណ្ឌលឆបោក នៅតែបន្តដំណើរការនៅទូទាំងប្រទេសកម្ពុជា ដោយមានការប៉ាន់ប្រមាណមួយចំនួនបង្ហាញថាមានរហូតដល់៣៥០ទីតាំងកំពុងដំណើរការយ៉ាងសកម្ម ដែលរកចំណូលបានចន្លោះពី១២ពាន់លានដុល្លារទៅ១៩ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ Cyberscam Monitor ដែលជាក្រុមឃ្លាំមើលប្រចាំតំបន់ដែលតាមដានបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បានរកឃើញទីតាំងឆបោកយ៉ាងតិចចំនួន ១៨១ កន្លែងនៅទូទាំងប្រទេស និងយ៉ាងហោចណាស់ចំនួន៦បន្ថែមទៀតនៅក្នុងខណ្ឌផ្សេងៗ ជាប់នឹងខណ្ឌទួលគោក។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិកាលពីចុងខែមិថុនា បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ ៥០ កន្លែងដែលត្រូវបានគេសង្ស័យថាជាទីតាំងឆបោក។ លោកស្រី Montse Ferrer នាយកស្រាវជ្រាវថ្នាក់តំបន់របស់អង្គការលើកលែងទោសអន្តរជាតិ បានកត់សម្គាល់ថា ក្នុងនោះមាន២០ករណី ត្រូវអាជ្ញាធរបានចុះទៅពិនិត្យទីតាំងទាំងនោះរួចហើយ ប៉ុន្តែមិនបានបិទទ្វារនោះទេ។
លោកស្រី Ferrer បានថ្លែងថា៖ «របាយការណ៍របស់យើងបង្ហាញពីអំពើពុករលួយរបស់អាជ្ញាធរ ហើយរឿងនេះត្រូវតែដោះស្រាយ។ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណណាមួយដែលបង្ហាញថាបញ្ហានេះជាអាទិភាពនោះទេ»។ លោកស្រីបន្តថា៖ «នៅទីបំផុត វានឹងក្លាយជាសកម្មភាពរបស់រដ្ឋាភិបាលដែលត្រូវបានវិនិច្ឆ័យ មិនមែនជាគោលនយោបាយ ដែលរហូតមកដល់ពេលនេះបានបរាជ័យយ៉ាងអាម៉ាស»។
លោកស្រីបានជំរុញឱ្យសហគមន៍អន្តរជាតិរក្សាការប្រុងប្រយ័ត្ន ដោយអំពាវនាវឱ្យរដ្ឋាភិបាលបរទេសពិចារណាប្តូរទិសដៅក្នុងការផ្តល់មូលនិធិ និងដកការបណ្តុះបណ្តាលពីនគរបាល និងអាជ្ញាធរកម្ពុជា ហើយបង្វែរធនធានទាំងនោះទៅកាន់អង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះ និងប្រឆាំងការជួញដូរមនុស្ស៕
(រាយការណ៍បន្ថែមដោយ Coby Hobbs)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Officials Ordered to Dismantle Scams, But Past Failures Shadow Effort











