សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិន​គោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅ​ក្រោមសមត្ថកិច្ចតុលាការ​កាលពីព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈ​​កញ្ញា​​ត្រឡប់​មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​។

លោក អ៊ី រិន្ទ បានមានប្រសាសន៍ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​បាន​សម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងកញ្ញាមិនបាន​គោរពតាមលក្ខខណ្ឌ​ដែល​ដាក់ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចតុលាការ។

លោក អ៊ី រិន្ទ បានបញ្ជាក់ថា៖ «ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនគាត់ ដោយសារគាត់​មិនគោរពលក្ខខណ្ឌ​ដែលដាក់ឱ្យស្ថិតនៅក្រោមតុលាការ ហើយបានបញ្ជូនទៅឃុំខ្លួនម២​ហើយ»

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានឱ្យដឹងថា សមត្ថកិច្ច​ផ្នែក​អន្តោប្រវេសន៍បានធ្វើការឃាត់ខ្លួន កញ្ញា ឈឹម ស៊ីថរ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពីរូបនាងត្រឡប់មកពីក្រៅប្រទេសនៅព្រឹកថ្ងៃសៅរ៍ យោងតាមដីការរបស់តុលាការ។

លោកសំអាត បន្តថា ការឃាត់ខ្លួននេះ មិនទាន់ដឹងច្បាស់ពីមូលហេតុអ្វីឡើយ ហើយមេធាវី​អង្គការ លីការដូ បានទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ហើយដើម្បីតាមដាន​ករណី​នេះ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតឱ្យជួបកញ្ញា ឈឹម ស៊ីថរ ឡើយ។

លោក សំអាត ថ្លែងថា៖ «នៅពេលដែល ស៊ីថរ គាត់ទាក់ទងមិត្តភក្ភិបាន គាត់ប្រាប់ថា ប៉ូលិស​ឃាត់ខ្លួនដោយមានដីការពីតុលាការ»

លោក សំអាត ចាត់ទុកថា ការឃាត់ខ្លួនមេដឹកសហជីព គឺ កញ្ញា ឈឹម ស៊ីថរ ជាការគំរាម និងបំភិតបំភ័យស្មារតីទៅដល់សហជីព ព្រមទាំងអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងបន្តធ្វើកូដកម្មសព្វថ្ងៃនេះ។

លោកបានបន្ថែមថា៖ «ខ្ញុំគិតថាការចាប់ខ្លួននេះជាការគំរាមកំហែងបន្ថែមទៀត ទៅលើមេដឹកនាំសហជីព ហើយទីពីរគឺការបំបាក់ស្មារតីទៅលើក្រុមកូដករ»

ចំណែកលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលទូរសព្ទ ដោយ​អះអាងថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីករណីនេះនៅឡើយទេ។

លោកវណ្ណថន ថ្លែងថា៖ «ខ្ញុំអត់ទាន់ទទួលបានសេចក្ដីរាយការណ៍ហ្នឹង ខ្ញុំអត់ទាន់ទទួល​បានរបាយការណ៍ ចឹងខ្ញុំសូមឆែកមើលបន្តិច»

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយបានពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការ​រាជធានី​ភ្នំពេញ។

គួរជម្រាបថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកន្លែង​តវ៉ាក្បែរ​​ស្ថានទូត​អូស្រ្តាលី​កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ខណៈពេលថ្មីៗនេះអតីតបុគ្គលិកប្រាំពីរនាក់ផ្សេងទៀត ក៏ទទួលរងបណ្ដឹងពីក្រុមហ៊ុន​ណាហ្គាវើលដ៍​ផងដែរ ពីបទរំលោភលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមាន​ស្ថាន​ទម្ងន់​ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់៕

681 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម