សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកល្បាតព្រៃឡង់រិះគន់ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ

ទិដ្ឋភាពផ្នែកមួយនៃព្រៃឡង់នៅភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ JSC
ទិដ្ឋភាពផ្នែកមួយនៃព្រៃឡង់នៅភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ JSC

បណ្តាញសហគមន៍ព្រៃឡង់បានរិះគន់ទីភ្នាក់ងារ USAID ដែលផ្តល់មូលនិធិដល់គម្រោងព្រៃឡង់បៃតង (Greening Prey Lang ) ដោយសាតែស្ថាប័នមួយនេះអះអាងថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ ផ្ទុយទៅវិញ​ទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកបានទុកក្រុមនេះនៅក្រៅគំរោងការពារព្រៃឈើ។

បណ្តាញសហគមន៍ព្រៃឡង់ ដែលធ្លាប់ដឹកនាំការល្បាតព្រៃនៅដែនជម្រកសត្វព្រៃក្នុងព្រៃឡង់រហូតដល់ឆ្នាំមុនបានអះអាងថា ទីភ្នាក់ងារUSAID កំពុងប្រើឈ្មោះរបស់ខ្លួនដើម្បីបន្តរបៀបវារៈរបស់ទីភ្នាក់ងារនេះ ហើយថា ខ្លួនមិនដែលត្រូវបានអញ្ជើញជាភាគីពាក់ព័ន្ធនៅក្នុងគម្រោង ដែលដំណើរការជាមួយក្រសួងបរិស្ថានឡើយ។

ក្រុមនេះបាននិយាយថា ទីភ្នាក់ងារUSAID បានបដិសេធពួកគេម្តងហើយម្តងទៀតមិនឲ្យជួបឬក៏អញ្ជើញឱ្យចូលរួមកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកចេញថ្ងៃទី៨ ខែមីនា បានសរសេរថា៖ «តាមរយៈគម្រោងព្រៃឡង់បៃតង(GPL) របស់ទីភ្នាក់ងារUSAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ក្នុងការល្បាតរួមគ្នានៅព្រៃឡង់ជាមួយក្រសួងបរិស្ថាន»។

សេចក្តីថ្លែងការណ៍​ បានបន្ថែមថា៖​ «សកម្មភាពភាគច្រើនរបស់ គម្រោងព្រៃឡង់បៃ តង ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍និងអង្គការមិនមែនរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សហើយគ្មានថវិកាណាផ្តល់តាមរយៈប្រព័ន្ធរដ្ឋាភិបាលទេ»

បណ្តាញសហគមន៍ព្រៃឡង់ បានអះអាងថា ទីភ្នាក់ងារUSAID បានជួលអតីតសមាជិកសហគមន៍ ដើម្បីល្បាតតែតំបន់ការពារសហគមន៍ប៉ុណ្ណោះ ដែលជាផ្នែកតូចមួយនៃតំបន់ព្រៃ។ លើសពីនេះ ក្រសួងបរិស្ថានបានបង្ខំឲ្យក្រុមល្បាតព្រៃសន្យាថា នឹងមិនចូលតំបន់ព្រៃឡង់ទេ ប្រសិនបើពួកគេចង់ឃ្លាំមើលតំបន់ការពារ។

លិខិតចំហរបស់បណ្តាញសហគមន៍ព្រៃឡង់ សរសេរថា៖ «ប្រសិនបើទីភ្នាក់ងារUSAID មិនចង់ធ្វើការជាមួយប្រជាជនក្នុងមូលដ្ឋាននិងជនជាតិដើមភាគតិចទេ នោះគឺជាការសម្រេចចិត្តរបស់USAID។ ប៉ុន្តែសូមគោរពយើងខ្ញុំជាបណ្តាញ​ ហើយមិនត្រូវយកឈឈ្មោះរបស់យើងខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនឡើយ។

ក្រសួងបរិស្ថានបានរារាំងបណ្តាញព្រៃឡង់ ពលរដ្ឋក្នុងមូលដ្ឋាន ព្រះសង្ឃនិងក្រុមសង្គមស៊ីវិលមិនឲ្យធ្វើពិធីបំបួសដើមឈើកាលពីឆ្នាំមុន ដោយចោទប្រកាន់ថា ក្រុមនេះ មិនបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ទោះបីជាកន្លងមកធ្លាប់បានធ្វើការជាមួយក្រុមល្បាតព្រៃនេះក៏ដោយ។

លោក ហឿន សុភាព តំណាងបណ្តាញព្រៃឡង់មកពីខេត្តកំពង់ធំបាននិយាយថាទីភ្នាក់ងារUSAIDពិតជា «ខុសទាំងស្រុង» ដែលអះអាងថា ខ្លួនបានធ្វើការជាមួយឬផ្តល់មូលនិធិដល់ក្រុមល្បាតព្រៃតាមរយៈគម្រោងព្រៃឡង់បៃតង។

លោក សុភាព បាននិយាយថា៖​ «តាមពិត យើងមិនបានធ្វើការជាមួយទីភ្នាក់ងារ USAID ឬទទួលបានមូលនិធិរបស់ទីភ្នាក់ងារនេះ ដើម្បីការពារតំបន់ព្រៃឡង់ទេ»។

លោកបាននិយាយថា គម្រោងរបស់ទីភ្នាក់ងារUSAID ដែលធ្វើការជាដៃគូជាមួយអនុរក្សរបស់ក្រសួងបរិស្ថានបានបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅ ក្នុងតំបន់ការពារ ដែលលោក សុភាព បន្ថែមថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ។

លោកបាននិយាយថា៖ «យើងបានឃើញអនុរក្សនិងអាជ្ញាធរដែលល្បាតមិនបានបំ ពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារធនធានធម្មជាតិទេ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីខ្លះរវល់តែចូលរួមកាប់បំផ្លាញព្រៃឈើទៅវិញ»។

លោក ឯក សុវណ្ណា អាយុ៣៥ឆ្នាំ ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តក្រចេះដែរនោះ បាននិយាយថា សកម្មភាពកាប់បំផ្លាញព្រៃឈើបែរជាកើនឡើង បន្ទាប់ពីទីភ្នាក់ងារUSAIDចាប់ផ្តើមធ្វើការជាមួយក្រសួងបរិស្ថាន។

លោក សុវណ្ណា បាននិយាយថា៖ «ដោយសារពួកគេបានអនុវត្តគម្រោងនោះ បទល្មើសព្រៃឈើនៅតែកើតឡើងជាធម្មតា»។

បណ្តាញសហគមន៍ព្រៃឡង់ បានចេញផ្សាយរបាយការណ៍មួយដោយសហការជាមួយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Copenhagenកាលពីថ្ងៃទី២៧ ខែកុម្ភៈដែលរបាយការណ៍នេះបានបង្ហាញពីការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០១៩ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីកម្រិតនៃការបំផ្លាញព្រៃឈើក្នុងឆ្នាំ២០១៦នៅពេលដែលព្រៃត្រូវបានគេកំណត់ថា ជាដែនជម្រកសត្វព្រៃនោះ។

គួរបញ្ជាក់ផងដែរថា អង្គការលើកលែងទោសអន្តរជាតិ ដោយប្រើទិន្នន័យពីសាកលវិទ្យាល័យ Maryland បានបង្ហាញថា ព្រៃឡង់បានបាត់បង់គម្របព្រៃឈើចំនួន ៧.៥១១ហិកតាក្នុងឆ្នាំ២០១៩ គឺកើនឡើង៧៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លង មក។

ខេមបូចាបានទាក់ទងទីភ្នាក់ងារUSAIDនៅភ្នំពេញ ដែលបានបង្វែរសំណួរទៅស្ថាន ទូតអាមេរិកនៅភ្នំពេញ។ ស្ថានទូតមិនបានបកស្រាយការចោទប្រកាន់ជាក់លាក់ដែលធ្វើឡើងដោយបណ្តាញសហគមន៍ព្រៃឡង់ទេ។

លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា សហ រដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារក្នុងប្រទេសកម្ពុជា។

ដោយមិនបានលើកឡើងថាតើបណ្តាញសហគមន៍ព្រៃឡង់ កំពុងទទួលបានការគាំទ្រពីទីភ្នាក់ងារUSAIDឬយ៉ាងណានោះទេ លោក Roedemeier គ្រាន់តែមានប្រសាសន៍ថា៖ «ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នាយកទីភ្នាក់ងារ USAID និងគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារUSAIDបានជួបប្រជុំជា ច្រើនលើកច្រើនសាជាមួយសមាជិកសហគមន៍ និងបន្តស្វាគមន៍និងលើកទឹកចិត្តដល់កិច្ចពិភាក្សាប្រកបដោយផលិតភាព»។

លោក Roedemeierបានបន្ថែមថា៖ «គម្រោងព្រៃឡង់បៃតងត្រូវបានរៀបចំឡើង ដើម្បីបញ្ចូលនូវសមាសភាពរបស់សហគមន៍ដ៏រឹងមាំនិងបង្កើនការគាំទ្រសម្រាប់ការល្បាតរួមគ្នា»។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានមិនចង់ឆ្លើយតបនឹងសេចក្តីថ្លែងការ ណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ទេ ប៉ុន្តែបាននិយាយថា ក្រុមល្បាតព្រៃនិងអង្គ ការលើកលែងទោសអន្តរជាតិកំពុងប៉ុនប៉ងបង្កើត «ភាពអនាធិបតេយ្យ» ក្នុងការគ្រប់ គ្រងនិងការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «ពួកគេកំពុងលើកទឹកចិត្តនិងគាំទ្រការបន្តរំលោភច្បាប់ក្រោមស្លាកសិទ្ធិមនុស្ស សេរីភាពនិងប្រជាធិបតេយ្យ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prey Lang patrollers criticize US claim it supported the forest group

548 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម