សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា មានការតាមដានតាមប្រព័ន្ធឌីជីថលកាន់តែខ្លាំងឡើង ដើម្បីគាបសង្កត់សង្គមស៊ីវិល

អ្នកប្រើប្រាស់កម្មវិធីហ្ស៊ូមរៀបចំកិច្ចប្រជុំមួយនៅភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា។ ខេមបូចា/ ព្រីង សំរាំង
អ្នកប្រើប្រាស់កម្មវិធីហ្ស៊ូមរៀបចំកិច្ចប្រជុំមួយនៅភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា។ ខេមបូចា/ ព្រីង សំរាំង

ខណៈអាជ្ញាធរចាប់សកម្មជនជាច្រើននាក់ដាក់ពន្ធនាគារ ដោយសារការនិយាយតាមប្រព័ន្ធអ៊ីនធើណិត ក្រុមសិទិ្ធមនុស្ស និងសមាជិកសង្គមស៊ីវិលកំពុងសម្តែង ការមិនសប្បាយចិត្ត ជុំវិញការតាមដានតាមប្រព័ន្ធឌីជីថល របស់រដ្ឋាភិបាលនិងការចោទប្រកាន់បទព្រហ្មទណ្ឌចំពោះការប្រើប្រាស់ពាក្យសម្តី។

ប្រហែលជា២សប្តាហ៍មុន មន្រ្តីប៉ូលីសបានចាប់ខ្លួនសមាជិក៣នាក់ នៃក្រុមការពារបរិស្ថានមាតាធម្មជាតិ ហើយក្រោយមកបានប្រើវីដេអូឃ្លីប ដែលតាមចោទថា បានដកស្រង់ពីកិច្ចប្រជុំអនឡាញតាមកម្មវិធីហ្ស៊ូមនិងបង្ហោះតាមបណ្តាញសង្គម ដើម្បីចោទប្រកាន់សកម្មជនទាំងនោះ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។

កាលពីសប្តាហ៍មុន កូនប្រុសអាយុ១៦ឆ្នាំរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់និងជេរប្រមាថមន្រ្តីសាធារណៈខណៈពេលជជែក គ្នាតាមកម្មវិធីផ្ញើសារតេឡេក្រាម។

ជាង លី ជាសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ ជាក្រុមការពារបរិស្ថានក្នុងខេត្តស្ទឹងត្រែង បានប្រាប់ខេមបូចាថា នា​ងមានការព្រួយបារម្ភថា ក្រុមរបស់នាងអាចជាគោលដៅ តាមរយៈវិធីសាស្ត្រនៃការលួចស្តាប់ស្រដៀងគ្នា និងការចោទប្រកាន់ជាផ្លូវការ។

ជាង លី និយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំព្រួយបារម្ភ ពីព្រោះក្រុមរបស់យើង តែងតែរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធើណិត ដើម្បីពិភាក្សាពីបញ្ហាបរិស្ថាននិងការកាប់ឈើខុស ច្បាប់»។ នាងបន្ថែ​ថា​​ បណ្តាញសហគមន៍នេះ ​​ប្រើប្រាស់ ​​កម្មវិធីផ្ញើសារ​ជាប្រចាំ ដើម្បីទំនាក់ទំនងគ្នា។

នាងនិយាយថា៖ «យើងបារម្ភថា នៅពេលយើងនិយាយអំពីបញ្ហានេះ ពួកគេនឹងចោទប្រកាន់យើងថា ជាប់​ពាក់ព័ន្ធនឹង​រៀងនយោបាយ»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានពង្រីកឧប ករណ៍ច្បាប់របស់ខ្លួនគួរឲ្យកត់សម្គាល់ ដោយអនុម័តនូវវិធានការណ៍ ដែលផ្តល់នូវអំណាចតាមដាន លើអំពើធ្វេសប្រហែសតិចតួច។

លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «ការវិវឌ្ឍន៍ថ្មីៗនេះបានបង្ហាញថា ឧបករ ណ៍ច្បាប់ទាំងនេះ ត្រូវបានប្រើប្រាស់ខុសជាញឹកញាប់ ដើម្បីផ្តោតគោលដៅលើអ្នក រិះគន់រដ្ឋាភិបាល ដោយបញ្ជាក់ពីការព្រួយបារម្ភរបស់ក្រុមសិទ្ធិមនុស្ស ដែលថា នេះ គឺជាឧបករណ៍របស់រដ្ឋាភិបាល ដើម្បីធ្វើការគាបសង្កត់»។

លោក ង៉ែត ម៉ូសេ ជាអ្នកបណ្តុះបណ្តាលសុវត្ថិភាពឌីជីថលមានប្រសាសន៍ថា អ្នកប្រើប្រាស់អ៊ីនធើណិតអាចកាត់បន្ថយហានិភ័យតាមអនឡាញ ដោយគ្រាន់តែប្រើកម្មវិធី ដែលមានអាជ្ញាបណ្ណនៅលើឧបករណ៍របស់ពួកគេ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការជាប្រចាំទៅជំនាន់ចុងក្រោយបំផុត។

លោក ម៉ូសេ ដែលបានសរសេរអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណិតនៅលើប្លុករបស់គាត់ ក៏បានផ្តល់អនុសាសន៍ឱ្យប្រើប្រព័ន្ធ VPN ឬបណ្តាញឯកជននិម្មិត ដើម្បីការពារទិន្នន័យរបស់ពួកគេពីអ្នកទាំងឡាយណា ដែលនឹងប្រមូលវាមិនថា សម្រាប់គោល បំណងពាណិជ្ជកម្មឬនយោបាយទេ។

ការស្ទង់មតិរបស់ CCHR ចាប់ពីខែធ្នូ ឆ្នាំ២០២០ បានរកឃើញថា ៥២ភាគ រយនៃអ្នកឆ្លើយតបទាំង៧៩០នាក់នៅទូទាំងប្រទេសបាននិយាយថា ពួកគេមានអារម្មណ៍ថា គ្មានសេរីភាពក្នុងការនិយាយស្តីនៅលើបណ្តាញសង្គម។ ការស្ទង់មតិមួយកាលពីខែតុលា បានរកឃើញថា ៤០ភាគរយនៃមេដឹកនាំមកពី១៧៨ស្ថាប័នរួម មានសង្គមស៊ីវិល និង​មេដឹកនាំ​សហជីពបាននិយាយថា មន្រ្តីរដ្ឋាភិបាលបានឃ្លាំមើលឬតាមដានសកម្មភាពអង្គការរបស់ពួកគេក្នុងមួយឆ្នាំកន្លងមក។

ការស្ទង់មតិនេះ បានលើកឡើងថា ៧៥ភាគរយក្នុងចំណោមពួកគេមានអារម្មណ៍ថា ការឃ្លាំមើលនេះច្រើនលើសលប់ពេកឬជ្រៀតជ្រែកក្នុងសកម្មភាពរបស់អង្គភាពខ្លួន។

លោកស្រី សុភាព បាននិយាយថា តួលេខនេះ គឺស្របទៅនឹងនិន្នាការពីឆ្នាំមុនៗ ហើយខណៈពេលការបោះឆ្នោតឆ្នាំ២០២២និង២០២៣កាន់តែខិតជិតមកដល់នោះ លោកស្រីបារម្ភថា ការបង្ក្រាបតាមរយៈការតាមដាននេះ នឹងកើនឡើង បើពិចារណាលើការមិនអត់ឱនរបស់រដ្ឋាភិបាលចំពោះការរិះគន់និងនិន្នាការគាបសង្កត់សំឡេងប្រ ឆាំង។

លោកស្រី សុភាព បានមានប្រសាសន៍ថា រដ្ឋាភិបាល ត្រូវតែអនុវត្ត និងគោរពសិទ្ធិមនុស្សទាំងអស់ ដោយស្មើភាពទាំងនៅក្រៅនិងនៅលើបណ្តាញអ៊ីនធើណិត។

លោកស្រីបន្ថែម​ថា៖ «យើងទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្តោតគោល ដៅនិងការបំបិទសំឡេងរិះគន់ ហើយប្រើអំណាចរបស់ខ្លួន ដើម្បីជាប្រយោជន៍ ជា ជាងរំលោភបំពានអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»។

កាលពីឆ្នាំ២០១៧ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនិងមន្រ្តីគណ បក្សប្រឆាំងផ្សេងទៀត ត្រូវបានគេលួចថត ដោយសម្ងាត់នូវការសន្ទនាតាមទូរសព្ទ និងត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាលួចលាក់ក្រៅចំណងអាពាហ៍ពិពាហ៍ ។ កាលពីឆ្នាំមុន ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនសិទ្ធិមនុស្សបានក្លាយជាកម្ម វត្ថុនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កឡើងដោយបុគ្គលមួយចំនួន ដោយប្រើប្រាស់ព័ត៌មាន ដែលដកចេញពីការនសន្ទនាឯកជន។

មានសញ្ញាបង្ហាញថា រដ្ឋាភិបាល កម្ពុជាមានចេតនារឹតបន្តឹងបន្ថែមលើការសន្ទនាតាមប្រព័ន្ធឌីជីថល។ កាលពីថ្ងៃទី១៦ ខែកុម្ភៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យ ឱ្យបង្កើតច្រកទ្វារអ៊ីនធើណិតជាតិ ដើម្បីគ្រប់គ្រងចរាចរតាមអ៊ីនធើណិតក្នុងប្រទេសកម្ពុជា។

យោងតាមអនុក្រឹត្យ ច្រកទ្វារអ៊ីនធើណិតជាតិនឹងតម្រូវ​ឲ្យ អ្នកផ្តល់សេវាអ៊ីនធើណិត ផ្តល់របាយការណ៍ប្រចាំខែ ត្រីមាសនិងប្រចាំឆ្នាំ ដល់​រដ្ឋាភិបាលនិងផ្តល់សិទ្ធិក្នុងការ ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈបរិក្ខារបស់ក្រុមហ៊ុន។

លោក Vitit Muntarbhorn ជាអ្នករាយការណ៍ពិសេស ដែលទើបត្រូវបានតែងតាំងថ្មីរបស់អង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានលើកឡើងពីការព្រួយបារម្ភជុំវិញអនុក្រឹត្យនេះ កាលពីខែឧសភា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានប្រាប់ ខេមបូចាក្នុងខែនេះថា សហរដ្ឋអាមេរិកក៏បាននិងកំពុងពិភាក្សាអំពីច្រកទ្វារ អ៊ីនធើណិតជាតិដ៏ចម្រូងចម្រាសរបស់ប្រទេសកម្ពុជាផងដែរ ដោយជំរុញឱ្យអាជ្ញាធរកម្ពុជាពិគ្រោះយោបល់ជាមួយសាធារណៈជន ដើម្បីបញ្ចូលសេរីភាពនៃការបញ្ចេញមតិ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានគាំទ្រការបង្ក្រាបតាមប្រព័ន្ធឌីជី ថលរបស់រដ្ឋាភិបាល ដោយមានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនភ្ជាប់សកម្មភាពខុសច្បាប់ទៅនឹងនយោបាយនិងសិទ្ធិមនុស្ស។

លោកថ្លែងថា៖ «ការសន្ទនាឯកជនមិនគួរប៉ះពាល់ដល់សណ្តាប់ ធ្នាប់សង្គមនិងសន្តិសុខជាតិឡើយ។ ដូច្នេះ ប្រសិនបើពួកគេប្រើសិទ្ធិនៃការសន្ទនាឯកជនដើម្បីគំរាមកំហែងដល់សន្តិសុខជាតិ វាមិនមែនជាសិទ្ធិឯកជនទៀតទេ។ នៅពេលនិយាយអំពីការញុះញង់ ច្បាប់មិនអាចការពារពួកគេបានទេ»។

លោក ម៉ាលីន បន្ត​ថា នៅពេលការសន្ទនាលេចធ្លាយតាមរយៈបណ្តាញសង្គម អាជ្ញាធរអាចយកធ្វើជាភស្តុតាងមូលដ្ឋាន ដើម្បីប្រើក្នុងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា ព័ត៌មានលេចធ្លាយខ្លះអាច ចេញមកពីសមាជិកក្រុមខ្លួនឯង ប៉ុន្តែបានប្រាប់ខេមបូចាថា លោកមិនដឹងថា តើការ សន្ទនាបែកធ្លាយជាសាធារណៈតាមរបៀបណាទេ។

លោក ស៊ីផាន បានមានប្រសាសន៍ថា៖ «វាមិនមែន​ជារឿង​រំលោភលើសិទ្ធិឯកជនរបស់ ពួកគេទេប៉ុន្តែវា រំលោភលើច្បាប់»។

លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូមានប្រ សាសន៍ថា រដ្ឋាភិបាលបានបង្កើនការត្រួតពិនិត្យលើការរិះគន់តាមបណ្តាញសង្គមខណៈពេលប្រជាពលរដ្ឋប្រើប្រាស់វេទិកាបែបនេះកាន់តែខ្លាំងឡើង។ លោក សំអាត បានពន្យល់ថា រដ្ឋាភិបាលពិតជាមានអំណាចខ្លះក្នុងការតាមដានតាមប្រព័ន្ធឌីជីថល ប៉ុន្តែលោកបានច្រានចោលការប្រើប្រាស់អំណាចនេះក្នុងការតាមដានអ្នករិះគន់និងសកម្មជននយោបាយ។

លោកបានមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថា ច្បាប់អនុញ្ញាតឲ្យអាជ្ញាធរតាម ដានឬអង្កេតតែឧក្រិដ្ឋជននិងអ្នកដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឬជនសង្ស័យភេរវកម្ម ដែលគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។ ដោយបន្ថែមថា៖ «ប៉ុន្តែវាមិនមានន័យថា ពួកគាត់អាចតាមដានការសន្ទនាគ្រប់បុគ្គលនោះទេ ពីព្រោះវារំលោភលើឯកជនភាព។ យើងជឿជាក់ថា នៅពេលរដ្ឋាភិបាលធ្វើបែបនេះ នឹងមានការរិះគន់កាន់តែខ្លាំងពីសំណាក់សាធារណជនឬសហគមន៍អន្តរជាតិ ជុំវិញការគាបសង្កត់របស់រដ្ឋាភិបាលទៅលើសេរីភាពនៃការបញ្ចេញមតិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Digital surveillance increasingly used to oppress civil society, rights groups say

297 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម