មនុស្សជាង២០០នាក់ បានជួបជុំគ្នាក្នុងភោជនីយដ្ឋានមួយកន្លែងនាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន រួមមាន អ្នករត់ម៉ូតូឌុប អ្នកបើករ៉ឺម៉កកង់បី អ្នករើសអេតចាយ អ្នកធ្វើការតាមផ្ទះ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។ វាជាការជួបជុំប្រចាំឆ្នាំរបស់សមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សមាជិកទាំងអស់បានជជែកគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមផ្សេងៗរបស់គាត់ ប៉ុន្តែបញ្ហាដែលចម្បងរបស់ពួកគាត់ក្នុងពេលនេះគឺការទទួលសេវាសុខភាពដោយពុំគិតថ្លៃ។
មានទឹកមុខក្រៀមក្រំ ពាក់អាវសដៃខ្លី សំពត់បត់ ពាក់ស្បែកជើងផ្ទាត់និងអង្គុយកៅអីមុខគេ ព្រមទាំងកាន់បណ្ណមួយអស់សុពលភាពផងនោះ គឺអ្នកធ្វើការតាមផ្ទះវ័យ៦១ឆ្នាំ អ្នកស្រី ឃុន សុវណ្ណនី។ អ្នកស្រី ឱ្យដឹងថា អ្នកស្រីមកជួបជុំប្រចាំឆ្នាំលើកនេះ មានបំណងស្វែងរកមតិរួមគ្នា ដើម្បីទាមទារឱ្យរដ្ឋាភិបាលបន្តសុពលភាពបណ្ណមូនិធិសមធម៌សុខាភិបាល។
អ្នកស្រី សុវណ្ណនី និយាយថា៖«ខ្ញុំចង់បានបណ្ណសុខភាព(បណ្ណមូនិធិសមធម៌សុខាភិបាល)ថ្មីព្រោះបណ្ណនេះប្រើលែងកើត ខ្ញុំលែងហ៊ានទៅពេទ្យហើយ »។
សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង៤ពាន់នាក់ កំពុងកាន់បណ្ណមូនិធិសមធម៌សុខាភិបាលផុតកំណត់ដូចៗគ្នាទាំងអស់ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់សេវាសុខាភិបាលឥតបង់ថ្លៃដូចពេលមុន។
អ្នកស្រី ឃុន សុវណ្ណនី សព្វថ្ងៃជាស្ត្រីម៉េម៉ាយ រស់នៅជាមួយចៅស្រីម្នាក់អាយុ១៥ឆ្នាំ។ អ្នកស្រីត្រូវរ៉ាប់រងការចំណាយហូបចុកប្រចាំថ្ងៃនិងការសិក្សារបស់ចៅ ចាប់តាំងពីកូនប្រុសនិងកូនប្រសាររបស់គាត់បានបាត់បង់អាយុជីវិតដោយ សារគ្រោះថ្នាក់ចរាចរណ៍កាលពី៥ឆ្នាំមុន។ អ្នកស្រីឱ្យដឹងថា ប្រាក់ចំណូលរបស់គាត់ បានធ្លាក់ចុះ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក។
អ្នកស្រីឃុន វណ្ណនី ឲ្យដឹងថា៖ «មុនកូវីដខ្ញុំធ្វើចុងភៅនៅផ្ទះបារាំងមានប្រាក់ខែ៣៥០ដុល្លារ ដល់មានកូវីដ១៩ថៅកែមុនទៅវិញបាត់ ខ្ញុំត្រូវមកធ្វើការនៅផ្ទះខ្មែរយើងវិញបានប្រាក់ខែតែ២០០ដុល្លារទេ។
អ្នកស្រី ឃុន សុវណ្ណនី បន្ថែមថា អ្នកស្រីបានប្រើប្រាស់បណ្ណសមធម៌សុខាភិបាល តាំងពីឆ្នាំ២០១៩មក តែបណ្ណរបស់គាត់អស់សុពលភាពកាលពីចុងវិច្ឆកាឆ្នាំ២០២០។ អ្នកស្រីបន្តថា គាត់មិនមានប្រាក់បង់ថ្លៃពេទ្យនោះទេ នៅពេលឈឺថ្កាត់ម្ដងៗ ។
អ្នកស្រី ឃុន សុវណ្ណនី មានប្រសាសន៍ថា៖ « កាលឆ្នាំមុន មីងឈឺឡើងឈាម និងឈឺក្រពះ ទៅដេកពេទ្យអង្គឌួង៤យប់ យកថ្នាំមកលេប១អាទិត្យអត់អស់លុយទេ អីចឹងធូរច្រើនណាស់។ ដល់ប៉ុន្មានខែក្រោយមកទៀត ខ្ញុំអត់ស្រួលទៀតទៅពេទ្យដដែលពេទ្យប្រាប់ថា បណ្ណមីងប្រើលែងកើត ខ្ញុំក៏ចេញពីពេទ្យមកវិញអត់ព្យាបាលទេ ព្រោះអត់លុយឱ្យពេទ្យ»។
អ្នកធ្វើការងារតាមផ្ទះម្នាក់ទៀត អាយុ៤២ឆ្នាំ អ្នកស្រី ចាន់ ស៊ីណេន មានប្រសាសន៍ថា បណ្ណមូលនិធិសមធម៌សុខាភិបាល ដែលអ្នកស្រីកាន់ក្នុងដៃអស់សុពលភាពតាំងពីខែកក្កដាឆ្នាំ២០២០។ អ្នកស្រីបារម្ភខ្លាចធ្លាក់ខ្លួនឈឺចំពេលដែលមិនមានប្រាក់និងគ្មានបណ្ណមូលនិធិសមធម៌នៅក្នុងដៃ។
អ្នកស្រី ចាន់ ស៊ីណេន៖« ខ្ញុំ ពេលនេះពួកខ្ញុំព្រួយចិត្តខ្លាចឈឺ ខ្លាចអត់មានលុយចូលពេទ្យស្លាប់អត់អ្នកចិញ្ចឹមកូន»។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យដឹងថា ថាសមាជិកសមាគមនេះនិងអ្នករកស៊ីក្រៅប្រព័ន្ធដែលមិនមែនជាសមាជិកសមាគមសរុបចំនួនជាង៦ម៉ឺននាក់ បានទទួលបណ្ណមូលនិធិសមធម៌នេះតាំងពីដើមឆ្នាំ២០១៨។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅអះអាងថា អ្នករកស៊ីរបរក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់អាចបន្តសុពលភាព
បណ្ណមូលនិធិសមធម៌នេះបាននៅឡើយ ដែលធ្វើឲ្យលោកមានការព្រួយបារម្ភដល់ពួកគេក្នុងការទទួលសេវាដោយពុំគិតថ្លៃ។
លោក វន់ ពៅ ៖« ខ្ញុំបានទទួលបណ្ដឹងនិងសំណូមពរច្រើនណាស់ លើបញ្ហាបណ្ណមូលនិធិសមធម៌សុខាភិបាលនេះ។ ពួកយើង បានជួបតំណាងក្រសួងការងារដែរ តែតំណាងក្រសួងប្រាប់ខ្ញុំវិញថា ឥឡូវនេះរាជរដ្ឋាភិបាលមិនមានលទ្ធភាព គេប្រាប់ខ្ញុំផ្ទាល់មាត់ថាកន្លងទៅគេផ្ដល់បណ្ណសមធម៌ឱ្យច្រឡំប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោកតូច ចាន់នី មានប្រសាសន៍ថា ក្រសួងរបស់លោកមិនមានដែនសមកិច្ចផ្ដល់បណ្ណមូលនិធិសមធម៌ជូនអ្នករកស៊ីក្រៅប្រព័ន្ធនោះទេ។
លោក តូច ចាន់នី៖«ខាងក្រសួងការងារជាអ្នកធ្វើរឿងនេះ សូមប្អូនទាក់ទងក្រសួងការងារ»។
ចំណែកឯអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនធ្វើអត្ថាធិប្បាយតបចំពោះបញ្ហាទាំងនេះឡើយ។
លោក ហេងសួរ គ្រាន់តែសរសេរក្នុងបណ្តាញសង្គមតេឡេក្រាមថា៖« សេចក្ដីណែរនាំរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានណែនាំដល់ប្រធាន សមាគមឬអង្គការវិជ្ជាជីវៈ ស្ដីពីនិតិវិធីនៃការចុះបញ្ជីចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធក្នុងបេឡាជាតិរបបសន្តិសង្គម ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល»។
សេចក្ដីណែនាំនោះបញ្ជាក់ថា ដើម្បីចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធក្នុងបេឡាជាតិរបបសន្តិសង្គម តម្រូវឱ្យសមាគមត្រូវមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ខណៈដែលកម្មករនិយោជិតក្រៅប្រព័ន្ធដែលជាសមាជិកសមាគមត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតបញ្ជាក់អំពីមុខរបរ និងទីលំនៅ ដែលចេញដោយអាជ្ញាធររាជធានីខេត្តតាមនិតិវិធី។
លោក វន់ ពៅ លើកឡើងថា និតិវិធីស្មុគស្មាញជាឧបសគ្គ ដែលរារាំងមិនឱ្យសមាគមរបស់ លោក សុំបន្តសុពលភាពបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីផ្ដល់ជូនសមាជិកបាន។
លោក វន់ ពៅ៖ «ពួកយើងទៅទាក់ទងក្រសួងការងារ គេប្រាប់ឱ្យទៅខាងសង្គមកិច្ច ខាងសង្គមកិច្ចគេថាជាកិច្ចការក្រសួងការងារ។ ពួកយើងទាមទារឱ្យរាជរដ្ឋាភិបាល សម្រួលធ្វើបណ្ណមូលនិធិសមធម៌ជូនកម្មករក្រៅប្រព័ន្ធឡើងវិញ »។
ការផ្ដល់បណ្ណសមធម៌ ជូនកម្មករនិយោជិតក្រៅប្រព័ន្ធនិងផ្ដល់ប្រាក់ឧបត្ថមជូនស្ត្រីសម្រាលកូន ជាការអនុវត្តន៍តាមប្រសាសន៍របស់មេបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហាឆ្នាំ២០១៧ និងសារនយោបាយដែលគណបក្សប្រជាជនកម្ពុជាយកទៅឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ២០១៨។
ដំណើរការផ្ដល់បណ្ណមូលនិធិសមធម៌ជូនកម្មករនិយោជិតក្រៅប្រព័ន្ធនេះត្រូវបានប្រកាសរួមគ្នា ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល កាលពី១១ខែតុលាឆ្នាំ២០០៧ គឺរយៈពេលជាង១ខែមុនថ្ងៃដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា(API) លោក ឡាំ សុជាតិ មានប្រសាសន៍ថា ស្ថាប័នរដ្ឋមិនត្រូវប្រើប្រាស់និវិធីស្មុគស្មាញជាងមុន ចំពោះដំណើរការស្នើសុំបន្តសុពលភាពប័ណ្ណមូលនិធិសមធម៌សុខាភិបាលនោះទេ។
លោក ឡាំ សុជាតិ ៖«ពលរដ្ឋ(អ្នករកស៊ីក្រៅប្រព័ន្ធ) ធ្លាប់បានទទួលបណ្ណហើយអត់បានវិញ អាហ្នឹងមិនបានន័យថារដ្ឋាភិបាលបោកពួកគាត់? មុនបោះឆ្នោតរដ្ឋាភិបាលផ្ដល់បណ្ណនេះដល់ពួកគាត់ លើកទឹកចិត្តគាត់(អ្នករកស៊ីក្រៅប្រព័ន្ធ)។ ពួកគាត់គាំទ្រសប្បាយចិត្តដល់តែជាប់ឆ្នោតហើយបញ្ឈប់លែងឱ្យបណ្ណទៅគាត់ រដ្ឋយកនិតិវិធីលម្អិតមកដាក់កម្រិតពលរដ្ឋវិញ ដូច្នេះប្រជាពលរដ្ឋច្បាស់ជា មិនពេញចិត្តទេ»។
ប្រកាសអន្តរក្រសួងកាលពីឆ្នាំ២០១៧ បង្ហាញថា អ្នកកាន់បណ្ណមូលនិធិសមធម៌សុខាភិបាល បានទទួលសេវាសុខភាពពីមន្ទីរពេទ្យរដ្ឋឬគ្រឹះស្ថានសុខាភិបាលសាធារណៈ ដោយមានរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ។
អ្នកស្រី សុវណ្ណនី បន្តថាក្រសួងពាក់ព័ន្ធគួរពិនិត្យលទ្ធភាពឡើងវិញក្នុងការផ្តល់សុពលភាពបណ្ណសមធម៌នេះ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកក្រីក្រ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកស្រី ឃុន សុវណ្ណនីបន្ថែមថា៖«សព្វថ្ងៃព្រួយណាស់ព្រួយខ្លាចឈឺភ្លាមៗទៅ មិនដឹងមានអីមើលជំងឺទេ ។ ខ្ញុំគិតថារដ្ឋាភិបាលមានតួនាទីជាអ្នកជួយពួកយើង ដូច្នេះគួរតែធ្វើបណ្ណនេះឱ្យខ្ញុំវិញ »៕