មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ១,៧ ពាន់លានដុល្លារ អាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោកក៏បានលើកឡើងផងដែរថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមានភាពប្រសើរឡើង ផ្ទុយពីការយល់ឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល។
ខណៈពេលលោកកំពុងចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ព្រែកជីកនេះ នឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ឬប្រទេសវៀតណាមឡើយ។
លោក ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាទីតាំងវិនិយោគប្រកបដោយសក្តានុពលសម្រាប់សហរដ្ឋអាមេរិក ហើយកម្ពុជាក៏មានកំណើននៃការវិនិយោគផងដែរ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលសិក្សាគម្រោងណាលម្អិតដូចជាគម្រោងព្រែកជីកហ្វូណនតេជោនេះទេ ព្រោះយើងចង់ធានាថា គ្មានផលប៉ះពាល់ទៅលើប្រទេសទាំងពីរ។ កម្ពុជានឹងមិនលេងល្បែងផលបូកស្មើសូន្យ ដែលកម្ពុជាឈ្នះ ហើយប្រទេសជិតខាងយើង គឺវៀតណាមចាញ់នោះទេ។ យើងមិនអាចធ្វើដូច្នេះបានទេ»។
លោកបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅឆ្នាំ២០២៨ហើយនឹងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ដែលផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន អាជីវកម្ម និងសេដ្ឋកិច្ច។ វាក៏នឹងមានមជ្ឈមណ្ឌលភស្តុភារ ឃ្លាំង មជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាមជ្ឈមណ្ឌលទេសចរណ៍តាមបណ្តោយព្រែកជីកផងដែរ។
«យើងនឹងផ្តល់សំណងឱ្យពួកគាត់»
ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី លោក ស៊ុន ចាន់ថុល លើកទ្បើងថា សារព័ត៌មាននេះ បានធ្វើសេចក្តីរាយការណ៍ ដែលបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានដកហូតយកដីពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រែកជីក ក៏ដូចជាផ្លាស់ប្តូរទីជម្រកប្រជាពលរដ្ឋប្រមាណ ១០.០០០ គ្រួសារ។
លោកបាននិយាយថា៖ «ខ្ញុំមិនដឹងថា លោកយកលេខ ១០.០០០ មកពីណាទេ។ ចំនួនពិតប្រាកដនៃគ្រួសារ ដែលរងផលប៉ះពាល់ គឺ ២ ៣០៥ គ្រួសារ ។ យើងបានរាប់ចំនួន ដោយប្រើដ្រូន»។
លោក ចាន់ថុន បន្តថា៖ «យើងបានជួលភាគីទីបីឲ្យចុះដល់គ្រប់ផ្ទះដែលរងផលប៉ះពាល់។ យើងបានពិគ្រោះយោបល់ជាមួយពួកគាត់។ យើងមិនទាន់បានយកដីពួកគាត់មួយម៉ែត្រនៅឡើយទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំអាចប្រាប់លោកថា [យើងរាប់] ដើមឈើមាន ១៤៩ ១៦៣ ដើមរួមមាន ដើមស្វាយ ដើមដូង និងដើមឈើផ្សេងៗទៀត។ យើងនឹងផ្តល់សំណងឱ្យពួកគាត់ [អ្នកដែលផលប៉ះពាល់]។ យើងនឹងផ្តល់សំណងដល់ពួកគាត់»។
គម្រោងព្រែកជីកប្រវែង ១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកែប ឆ្លងកាត់ផ្លូវទឹក ដែលមានស្រាប់ក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ផ្នែកទីមួយ ដែលមានប្រវែង២១គីឡូម៉ែត្រ នឹងត្រូវគ្រប់គ្រងដោយអ្នកវិនិយោគកម្ពុជាតាមរយៈគម្រោងបណ្តាក់ទុនរួមគ្នា។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញកាន់កាប់ ៥១ភាគរយ ចំណែកក្រុមហ៊ុន Overseas Cambodian Investment Corp កាន់កាប់ ៤៩ភាគរយ នៅក្នុងក្រុមហ៊ុនថ្មី ដែលត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។
ទាំង CDC និងក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពិភាក្សាគ្នា ដើម្បីស្វែងរកក្រុមហ៊ុន ដើម្បីគ្រប់គ្រងផ្នែកនៅសល់ ១៥៩គីឡូម៉ែត្រនៃព្រែកជីកនេះ។ បន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើង កិច្ចព្រមព្រៀងសម្បទាននឹងត្រូវបានរៀបចំឡើងសម្រាប់ក្រុមហ៊ុនផ្សេងៗ ដើម្បីគ្រប់គ្រងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃព្រែកជីក។

ភាពស្ងៀមស្ងាត់ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង
លោក អេង វាសនា ប្រជាពលរដ្ឋរស់នៅក្បែរការដ្ឋានសាងសង់ព្រែកជីក ស្ថិតនៅព្រែកតាកែវ នៃខេត្តកណ្តាល បានប្រាប់ខេមបូចាថា អាជ្ញាធរធ្លាប់បានទាក់ទងលោក បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគាត់មិនបានទាក់ទងមកលោកទេ។
លោក វាសនា បារម្ភពីភាពស្ងៀមស្ងាត់នេះ ហើយបារម្ភថា ប្រសិនបើការសាងសង់ចាប់ផ្តើមដោយគ្មានការជូនដំណឹង វាអាចរំខានដល់ការងាររបស់លោក និងធ្វើឲ្យលោកមិនបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទីតាំង។
លោកបាននិយាយថា៖ «ខ្ញុំខ្លាចថា គេនឹងចាប់ផ្តើមសាងសង់ភ្លាមៗ ហើយទុកពេលវេលាតិចតួចឱ្យយើង ដើម្បីរុះរើ [ផ្ទះរបស់យើង] និងរៀបចំសម្រាប់កន្លែងថ្មី»។
លោក វាសនា ចង់ឲ្យអាជ្ញាធរកំណត់ពេលវេលាច្បាស់លាស់។ លោកបាននិយាយថា៖ «ឧទាហរណ៍ ប្រសិនបើពួកគាត់មានគម្រោងចាប់ផ្តើមនៅឆ្នាំក្រោយ ឬក្នុងរយៈពេលពីរឆ្នាំទៀត កុំឲ្យចេះតែបន្លាយពេលតទៅទៀត។ ប្រសិនបើការសាងសង់ប៉ះពាល់ដីលំនៅឋាន ឬចម្ការរបស់ខ្ញុំ ខ្ញុំត្រូវការសំណងពីរដ្ឋាភិបាល ដូច្នេះខ្ញុំអាចផ្លាស់ប្តូរទីតាំងបាន»។
បើទោះបីជាលោកនៅតែបន្តធ្វើការមើលថែដំណាំរបស់លោក ប៉ុន្តែលោកធ្វើតិចជាងមុន។ លោកបានរៀបរាប់ថា៖ «ខ្ញុំមានដើមដូងក្រអូបចំនួន៥០០ដើម ដែលត្រូវការជីដើម្បីចេញផ្លែនៅខែឧសភា និងមិថុនាឆ្នាំក្រោយ [ប៉ុន្តែ] ខ្ញុំមិនចង់ចំណាយលើជីព្រោះវាថ្លៃ។ ប៉ុន្តែបើគ្មានជីទេ ដើមឈើរបស់ខ្ញុំខ្លះត្រូវប៉ះពាល់»។
លោក វាសនា និយាយថា៖ «មុនពិធីបើកការដ្ឋានសាងសង់ ខ្ញុំបានដាក់ជីដើមឈើរបស់ខ្ញុំជាប្រចាំ។ ប៉ុន្តែក្រោយមក ខ្ញុំគិតថា អាជ្ញាធរប្រញាប់ប្រញាល់ចាប់ផ្តើមសាងសង់ ដូច្នេះខ្ញុំក៏ផ្អាក។ ជាលទ្ធផល ដើមឈើរបស់ខ្ញុំមួយចំនួនត្រូវបានសត្វពាហនៈបំផ្លាញ ហើយមួយចំនួនទៀតមិនបានលូតលាស់ល្អទេ»។
អ្នកស្រី ចេង គឹមសុង ប្រជាពលរដ្ឋម្នាក់ទៀត ដែលរស់នៅតាមបណ្តោយព្រែកតាហ៊ីង ក្នុងស្រុកកោះធំ ខេត្តកណ្តាល បាននិយាយថា អាជ្ញាធរថ្នាក់ជាតិមិនបានទាក់ទងពួកគាត់នោះទេ ចាប់តាំងពីមេភូមិបានហៅទៅប្រជុំនិយាយអំពីផ្ទះរបស់អ្នកស្រីដែលរងផលប៉ះពាល់ពីគម្រោងនេះ។
អ្នកស្រី គឹមសុង និយាយថា គ្មានអ្នកណានៅក្នុងតំបន់របស់អ្នកស្រីបានផ្លាស់ទីលំនៅនៅឡើយទេ ព្រោះមិនទាន់បានទទួលសំណង។
អ្នកស្រីរំពឹងថា អាជ្ញាធរនឹងផ្តល់សំណងសមរម្យ ប៉ុន្តែក៏មានការព្រួយបារម្ភអំពីថវិកាផងដែរ។ អ្នកស្រីបានបន្ថែមថា៖ «ដោយសារគ្មានអ្នកណាម្នាក់និយាយពីរឿងនេះ ខ្ញុំមានការព្រួយបារម្ភ និងឆ្ងល់ថា តើខ្ញុំនឹងមានលុយគ្រប់គ្រាន់ ដើម្បីទិញផ្ទះថ្មីឬយ៉ាងណា» ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធធ្វើអត្ថាធិប្បាយ ដោយអះអាងថា លោកជាប់រវល់។
សេរីភាពនៃការបញ្ចេញមតិមិនស្មើគ្នា
និយាយអំពីការចាប់ខ្លួន លោក ម៉ិច ដារ៉ា ជាអ្នកកាសែតឯករាជ្យ ដែលទទួលបានពាន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា «ប្រសើរជាងប្រទេសដទៃទៀតនៅក្នុងតំបន់»។
លោក ចាន់ថុល និយាយថា៖ «ខ្ញុំហ៊ានអះអាងថា នៅក្នុងប្រទេសមួយចំនួន អ្នកអាចនិយាយបានតិចតួច [ហើយ] អ្នកនឹងត្រូវគេប្ដឹង [ឬ] ត្រូវជាប់ពន្ធនាគារ។ ប៉ុន្តែនៅកម្ពុជា ដោយសារអ្នកផ្តល់ព័ត៌មាន […] តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ តួនាទីរបស់អ្នកសារព័ត៌មាន គឺត្រូវផ្តល់ព័ត៌មាន ប៉ុន្តែមិនមែនអុចអាលទេ»។
លោក ដារ៉ា ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលលោកបានបង្ហោះរូបភាពនៅលើហ្វេសប៊ុក និងទ្វីតធ័រ ដែលទំនងជាបង្ហាញពីរូបភាពខូចខាតដែលបង្កឡើងដោយសកម្មភាពកាយដីនៅបាភ្នំ ទីដែលជាវត្តមួយ និងជាកន្លែងទាក់ទាញទេសចរណ៍ក្នុងស្រុក។ មន្ត្រីសាលាខេត្តព្រៃវែងបានចេញសេចក្តីថ្លែងការណ៍ច្រានចោលការបង្ហោះរូបភាពរបស់លោក ដារ៉ា ហើយថា ជា «ព័ត៌មានក្លែងក្លាយ»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានឱ្យដឹងថា ក្រុមមួយចំនួនដែលគាំទ្ររដ្ឋាភិបាលអាចបញ្ចេញមតិដោយសេរី ប៉ុន្តែអ្នកដែលមានមតិរិះគន់ត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ «[យើង] គិតថា វាជាសេរីភាពមួយ ដែលមិនឆ្លុះបញ្ចាំងពីដំណើរការ នៃសង្គមប្រជាធិបតេយ្យ។ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ មិនត្រឹមតែមតិស្របអាចនិយាយដោយសេរីប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលមានមតិផ្ទុយឬទស្សនផ្ទុយក៏អាចបញ្ចេញមតិដោយសេរីដោយមិនមានការភ័យខ្លាចដែរ អាហ្នឹងបានឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយនយ»។
លោក នី សុខា បាននិយាយថា៖«ប្រសិនបើសេរីភាពមានសម្រាប់តែអ្នកដែលនិយាយស្របជាយមួយរដ្ឋាភិបាល ឬអាជ្ញាធររដ្ឋ យើងមិនទានន់អាចនិយាយបានថា វាឆ្លុះបញ្ចាំងពីសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសប្រជាធិបតេយ្យនោះទេ»។
លោកក៏បានកត់សម្គាល់ផងដែរថា នៅកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន ប៉ុន្តែមានតែអ្នកសារព័ត៌មានតិចតួចប៉ុណ្ណោះ ដែលហ៊ាននិយាយការពិត ឬប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានរិះគន់រដ្ឋាភិបាល ព្រោះថា «គ្មានសុវត្ថិភាព» ក្នុងការលាតត្រដាងការពិត ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sun Chanthol Boasts Funan Techo Canal Benefits To US Investors, Stresses That ‘Freedom of Expression Has Improved’