កាលពីថ្ងៃអង្គារ រដ្ឋាភិបាលថៃបានសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា លើដែនសមុទ្រត្រួតស៊ីគ្នា ដោយមិនមានការយល់ព្រមពីភាគីកម្ពុជានោះទេ ហើយការដកខ្លួនរបស់ថៃក៏បានទាញស្ថានការណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពតានតឹងបន្ថែមទៀតក្រោយពីបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកាលពីឆ្នាំមុន។
អនុស្សរណៈនៃការយោគយល់គ្នាត្រូវគេស្គាល់ថា MoU ២០០១ សម្រាប់ប្រទេសកម្ពុជា និងនៅថៃគេហៅថា MoU ៤៤។ អនុស្សរណៈនៃការយោគយល់គ្នា បានបើកផ្លូវឲ្យប្រទេសទាំងពីរអាចរួមគ្នារុករកប្រភពថាមពលនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូសមុទ្រថៃ។ អនុស្សរណៈនៃការយោគយល់គ្នានេះបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពី២៥ឆ្នាំមុន ហើយដំណើរការអនុវត្ត MoU នេះហាក់មានវឌ្ឍនភាពតិចតួច និងមានការប្រឆាំងយ៉ាងខ្លាំងក្លាពីអ្នកជាតិនិយមថៃ។
ការដកខ្លួនជាឯកតោភាគីនេះ បានកើតឡើងតាមអ្វីដែលលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន Anutin Charnvirakul បានសន្យាជាមួយប្រជាពលរដ្ឋខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយលោកក៏បានឈ្នះឆ្នោតនៅឆ្នាំនេះ។ ក្រោយពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធចំនួនពីរដងជាមួយកម្ពុជា និងបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង១០០នាក់ និងមានជនភៀសសឹករាប់សែននាក់ ហើយមានបទឈប់បាញ់មួយបានកើនឡើងនៅខែធ្នូ ឆ្នាំ២០២៥ រវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីថៃលោក Anutin ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ការលុបចោលកិច្ចព្រមព្រៀងនេះមិនជាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែជាផ្នែកមួយនៃគោលនយោបាយរបស់ខ្ញុំ។ វាមានរយៈពេល២៥ឆ្នាំមកហើយ និងមិនឃើញមានវឌ្ឍនភាពអ្វីសោះ»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈសារលើហ្វេសប៊ុករបស់ខ្លួន បានហៅការដកខ្លួនរបស់ថៃពី MoU នេះថា «ជារឿងគួរឲ្យសោកស្ដាយ» ហើយលោកមានប្រសាសន៍ទៀតថារាជរដ្ឋាភិបាលកម្ពុជាដឹងបន្ដដោះស្រាយបញ្ហាព្រំដែននេះតាមរយៈអនុញ្ញាអង្គការសហប្រជាជាតិលើផ្នែកស្ដីពីច្បាប់សមុទ្រ ឬហៅកាត់ថាUNCLOS
លោកបានសរសេរទៀងថាកម្ពុជានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ហើយការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពី «សេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានគាំទ្រចំពោះគោលជំហររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងបានជំរុញឲ្យអ្នករិះគន់ទាំងឡាយកុំចោទប្រកាន់រដ្ឋាភិបាលក្រុងភ្នំពេញចំពោះការធ្វើអន្តរជាតូបនីយកម្មលើបញ្ហាជម្លោះទ្វេភាគី។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhnadirek បានលើកឡើងកាលពីថ្ងៃអង្គារថាការជជែកគ្នាជាមួយកម្ពុជានៅថ្ងៃមុខអំពីព្រំដែនសមុទ្រនឹងត្រូវផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។
រដ្ឋាភិបាលក្រុងបាងកងនាពេលកន្លងមកតែងតែច្រានចោលលើការទាមទាររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមយន្តការអន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ ដោយថាជម្លោះនេះត្រូវដោះស្រាយដោយទ្វេភាគីវិញ។
ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញដែលប្រតិបត្តិការក្នុងនាមតំណាងការទូតមានកម្រិតក្រោយពីរដ្ឋាភិបាលថៃបានកោះហៅឯកអគ្គរាជទូតត្រឡប់ចូលប្រទេសវិញកាលពីឆ្នាំមុន មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំនួរអ្នកសារព័ត៌មាននោះទេ។ រដ្ឋមន្ត្រីការបរទេសថៃ ក៏មិនបានឆ្លើយតបដូចគ្នា។
លោក Pavin Chachavalpongpun សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Kyoto បានលើកឡើងថាការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃបានឆ្លុះបញ្ចាំងពីភាពច្របល់គ្នារវាងសម្ពាធនយោបាយក្នុងស្រុក និងបញ្ហាថាមពលដែលកំពុងកើតមាន។
លោកមានប្រសាសន៍ថា៖ «នៅថៃ រដ្ឋាភិបាលតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាក្រុមអភិរក្សនិយម និងក្រុមជាតិនិយមខ្លាំង បានមើលឃើញថាការចរចាពីបញ្ហាព្រំដែនសមុទ្រ គឺជាលទ្ធភាពមួយនាំឲ្យពួកគេបាត់បង់បូរណភាពទឹកដី»។
លោកបន្ថែមថាកម្ពុជាក៏ប្រឈមនឹងសម្ពាធក្នុងការអភិវឌ្ឍធនធាននៅដែនសមុទ្រត្រួតស៊ីគ្នានេះដែរ និងមានការប្រុងប្រយ័ត្ន និងចៀសវាងការចោទថារដ្ឋាភិបាលកំពុងកាត់ដីឲ្យប្រទេសជិតខាង។
លោក Pavin ថាកម្ពុជាជំរុញឲ្យមានការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺទំនងជាមិនអាចបង្កើតបាននូវដំណោះស្រាយតាមផ្លូវច្បាប់រឹងមាំមួយទេ ប៉ុន្តែក៏បានបង្ហាញថារដ្ឋាភិបាលក្រុងភ្នំពេញបានបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈបានដាក់បញ្ហាជម្លោះទៅជាលក្ខណៈអន្តរជាតិ។
អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាលោក សេង វ៉ាន់លី មានប្រសាសន៍ថាការផ្សះផ្សារដោយចាប់បង្ខំ គឺជាមធ្យោបាយដែលត្រូវធ្វើ ព្រោះថាវាអាចជួយឲ្យកម្ពុជាបន្តចរចានៅក្រោមនីតិសមុទ្ររបស់អង្គការសហប្រជាជាតិ បើទោះជាថៃមិនឯកភាពក៏ដោយ។
លោកបន្តថាជំហរនេះបានបង្ហាញពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាស្ថានភាពចរចាឲ្យនៅដូចដើម ចៀសវាងការមានជម្លោះ និងឆ្លើយតបទៅនឹងក្ដីកង្វល់របស់សាធារណជនលើបញ្ហាបូរណភាពទឹកដី ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Scraps Energy Pact with Cambodia Amid Lingering Tensions





