សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អង្គការក្រៅរដ្ឋាភិបាលកម្ពុជាលើកឡើង​ថា ការផ្អាក​​​ជំនួយបរទេសរបស់រដ្ឋការ​លោក ត្រាំ​ គឺជា​រឿង​គួរ​ឱ្យ​បារម្ភ

លោកស្រី សាម៉ាន់ថា ផាវើ នាយិកាទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​ ហៅកាត់ថា USAID ជិះរ៉ឺម៉កកង់បីកាត់មុខ​ការិយាល័យដែលមានស្លាកសញ្ញា USAID នៅខេត្តសៀមរាប អំឡុងពេលលោកស្រីមកទស្សនកិច្ច​នៅ​កម្ពុជាក្នុងខែតុលា ឆ្នាំ២០២៤។ (រូបភាព​៖ USAID Cambodia)
លោកស្រី សាម៉ាន់ថា ផាវើ នាយិកាទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​ ហៅកាត់ថា USAID ជិះរ៉ឺម៉កកង់បីកាត់មុខ​ការិយាល័យដែលមានស្លាកសញ្ញា USAID នៅខេត្តសៀមរាប អំឡុងពេលលោកស្រីមកទស្សនកិច្ច​នៅ​កម្ពុជាក្នុងខែតុលា ឆ្នាំ២០២៤។ (រូបភាព​៖ USAID Cambodia)

ការផ្អាកផ្តល់​ជំនួយ​បរទេស​រយៈពេល៩០​ថ្ងៃរបស់រដ្ឋការ​លោក ត្រាំ​ បានធ្វើឱ្យ​កម្ម​​វិធីអភិវឌ្ឍន៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជាជាប់គាំង ដែលបង្កឱ្យមានការព្រួយ​បារម្ភក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​លើ​គម្រោង​ដែល​គាំទ្រ​ដោយទីភ្នាក់ងារ USAID ក្នុង​វិស័យ​សំខាន់ៗ​នៅ​ឡើយ​ទេ។

កាលពីថ្ងៃទី២០ ខែមករា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បានចុះហត្ថលេខាលើ​បទបញ្ជាប្រតិបត្តិដែលផ្អាក​កម្មវិធីផ្តល់​ជំនួយបរទេសរបស់សហរដ្ឋអាមេរិករយៈពេល៩០​ថ្ងៃ ដើម្បីពិនិត្យមើលឡើងវិញ​ថា តើ​កម្មវិធីទាំងនោះស្រប​​ជា​មួយនឹង​គោលដៅនៃ​គោលនយោបាយនៃរដ្ឋការ​របស់លោកឬយ៉ាងណា​​។

ការផ្អាកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីធានាថាជំនួយបរទេសរបស់សហរដ្ឋអាមេរិកឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិក និងបម្រើផលប្រយោជន៍ជាតិ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ភ្លាមៗទៅលើកម្មវិធីដែលមានស្រាប់គឺមិនច្បាស់លាស់ទេ ដោយសារកម្មវិធី​ជាច្រើនបានទទួលមូលនិធិតាមរយៈការអនុម័ត​របស់​សភា។

ចំណាត់ការនេះបាន​រងការរិះគន់ពីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស​ ដែលជាអ្នកនាំពាក្យរបស់លោក គឺ​លោក Stephane Dujarric បានដកស្រង់សម្តីរបស់​លោកថា ការផ្អាកជំនួយនេះ គឺជារឿង​ដ៏​គួរ​ឱ្យ​បារម្ភ ដោយសារ​សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយធំបំផុតនៅក្នុងពិភពលោក។​

នៅទូទាំងពិភពលោក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាត់ចែង​ថវិកាចំនួន២២,៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥។ នៅ​កម្ពុជា ទីភ្នាក់ងារ USAID បានបរិច្ចាគជាង៣ពាន់លានដុល្លារដល់វិស័យផ្សេង​​ៗក្នុងរយៈពេលបី​ទសវត្សរ៍កន្លងមកនេះ រាប់ចាប់ពីវិស័យសុខាភិបាល កសិកម្ម រហូតដល់អភិបាលកិច្ច និងការអប់រំ។​

អំឡុងដំណើរ​ទស្សនកិច្ចនៅកម្ពុជាកាលពីខែតុលា លោកស្រី សាម៉ាន់ថា ផាវើ នាយិកា​ទីភ្នាក់ងារ USAID បានប្រកាសផ្តល់ជំនួយជាង១៧លានដុល្លារ ដើម្បីកែលម្អការថែទាំ​សុខភាព និង២៩លានដុល្លារសម្រាប់កម្មវិធី Food for Progress ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ។ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានផ្តល់ប្រាក់ជាង៦លានដុល្លារសម្រាប់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមការងារ រួមជាមួយនឹងប្រាក់​៣លានដុល្លារទៀត​ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចសហការ និងផ្តល់​ឱកាសសម្រាប់ជនពិការ។

ការផ្អាកផ្តល់​ជំនួយបរទេសរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យអនាគតនៃកម្មវិធីនៅ​កម្ពុជាជាច្រើនប្រឈមនឹងហានិភ័យ។ ស្រប​ពេល​​អង្គការ​សង្គម​ស៊ីវិល​រាយការ​ណ៍​​ពី​ការ​រំខាន​ភ្លាមៗ រដ្ឋាភិបាលកម្ពុជាមិន​ទាន់​បញ្ជាក់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​ឡើយ​ទេ។

អង្គការក្រៅរដ្ឋាភិបា​លព្រមានថា ការផ្អាកក្នុង​រយៈពេល​យូរ​អាចរារាំងវឌ្ឍនភាពរបស់កម្ពុជាលើវិស័យនានាដូចជា សិទ្ធិមនុស្ស ការអប់រំ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទន្ទឹមនឹងនោះ វាក៏កម្រិត​ឱកាសការងារ និងគំនិតផ្តួចផ្តើមកំណើនសហគមន៍​ផងដែរ។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា៖ «ការ​ផ្អាកជំនួយនេះ មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​​ទៅលើសកម្មភាពរបស់អង្គការ​អាដហុក ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជា​ គឺ​ជា​ប្រទេស​ក្រីក្រ​ ដែល​ត្រូវ​ការ​ជំនួយ​បរ​ទេស​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ក៏​ដូច​ជា​ធនធាន​មនុស្ស»

លោកបានកត់សម្គាល់ថា ការកាត់ផ្តាច់ជំនួយសំខាន់ៗដល់ប្រទេសក្រីក្រអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក ត្រាំ​ ដោយបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងពិចារណាពី​ជំហររបស់ខ្លួនឡើងវិញ​។ លោក​បាន​ព្រមាន​ថា ការ​ផ្អាក​ជំ​នួយ​ទាំងស្រុង​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​ នឹង​បង្ក​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​អង្គការ​​សង្គម​ស៊ីវិល ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។

លោក​បាន​បន្ថែម​ថា៖​ «ការធ្វើបែប​នេះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​គាំទ្រ​ដល់​សហគមន៍​ងាយ​រងគ្រោះ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

ការ​ផ្អាក​នេះ​បាន​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​រួច​ហើយ។ លោកស្រី​ ឆន សុគន្ធា នាយិកា​ប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានប្រសាសន៍ថា គម្រោងចំនួនពីរដែលគាំទ្រដោយទីភ្នាក់ងារ USAID ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានពលរដ្ឋបានរងផលប៉ះពាល់។

ម៉េង លីហួរ ដែលជាយុវជនដឹកនាំលើគម្រោង «Cornnect Phum 5» ក្រោមអង្គការ​វេទិកាអនាគត បាននិយាយថា គម្រោង​កសាងសហគមន៍តាមប្រឡាយស្ទឹងមានជ័យរបស់នាង ត្រូវបានផ្អាកកាលពីថ្ងៃទី២៥ ខែមករា។

លីហួរ ​បន្ត​ថា៖​ «យើង​មិន​បាន​គិត​ថា ​ការ​ផ្អាក​នេះ​នឹង​ប៉ះ​ពាល់​ដល់​គម្រោង​តូច​ៗ​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ យើង​មាន​អារម្មណ៍​សោកស្តាយ​​ព្រោះ​គម្រោង​នេះ​មាន​ប្រយោជន៍​ដល់​សហគមន៍»

ស្រដៀង​គ្នា​នេះដែរ លោក ហេង គឹមហុង ប្រធានប្រតិបត្តិបណ្តាញសមាគម​យុវជនកម្ពុជា (CYN) បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែងដោយសារ​ការផ្អាក​ផ្តល់​ជំនួយនេះ។

CYN លើកកម្ពស់ការការពារបរិស្ថាន រួមជាមួយនឹងសេរីភាពយុវជន សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ដូច្នេះការដកខ្លួនរបស់លោក ត្រាំ​ ពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស នឹងមានផលប៉ះពាល់អវិជ្ជមានលើការងាររបស់ពួកគេ។

លោក​បាន​និយាយថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្អាកជំនួយជាអចិន្ត្រៃយ៍ ពីព្រោះ​ប្រទេសកម្ពុជាងាយរងគ្រោះដោយសារ​​ការបាត់បង់ការគាំទ្រពីអន្តរជាតិ។ យើង​បាន​ឃើញ​ប្រទេសមួយចំនួន​រូច​មកហើយ​ ​ដូចជា ​ស៊ុយអែត​បាន​ដក​ជំនួយ​ពី​កម្ពុជា​»

ទោះបីជាយ៉ាងនេះក្តី លោកនៅតែសង្ឃឹមថា មូលនិធិ ឬដំណោះស្រាយជា​ជម្រើស​នឹងត្រូវបានរកឃើញ ដើម្បីធានាបាននិរន្តរភាព។ លោកបានបញ្ជាក់​ពី​តួនា​ទីសំខាន់នៃជំនួយក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការការពារបរិ​ស្ថាន ការបង្កើតការងារ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ជាពិ​សេស​តាមរយៈគំនិតផ្តួចផ្តើមកសាងជំនាញ។

លោកបាន​បន្ថែម​ថា៖ «ក្នុងនាមជាសង្គមស៊ីវិល ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក និងម្ចាស់ជំនួយផ្សេងទៀតនឹងបន្តការគាំទ្ររបស់ពួកគេ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការ​ធ្វើ​បែប​នេះនឹងធានាបាននូវការបន្ត​លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស»

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បា​យ​​ទេ ដោយបានលើកឡើងពីសេចក្តី​ណែនាំជាសកល និងបាន​បង្វែរ​សំណួរ​ទៅកាន់​ក្រសួងការបរទេស។ ក្រសួងការបរទេសអាមេរិក​ និងទីភ្នាក់ងារ USAID នៅ​កម្ពុជា មិនបាន​ឆ្លើយតបទេ។

ក្តីកង្វល់ដែលលើក​ឡើង​ដោយអង្គការក្រៅរដ្ឋាភិបាលនៅ​ក្នុងស្រុកត្រូវបានគាំ​ទ្រ​ដោយអង្គការ​ផ្តល់​គំនិត​ Stimson Center ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយ​ដែលគម្រោងផ្តោតលើទន្លេមេគង្គមួយ​ចំនួន​របស់​អង្គការ​នេះ ត្រូវបានបញ្ជាផ្អាកផងដែរ​។ ទោះបី​ជាយ៉ាងណាក៏ដោយ អង្គការនេះ​កំពុងធ្វើការយ៉ាង​សកម្មក្នុងការដោះស្រាយបញ្ហាដោយចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់ការបន្តការងារសំខាន់ៗរបស់ខ្លួន​នៅក្នុងតំបន់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា នៅតែមិនប្រាកដប្រជាអំពីផលប៉ះពាល់​ដោយ​ផ្ទាល់នៃការ​ផ្អាក​ជំនួយនេះ​។ លោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គេ​មិនទាន់​ច្បាស់ថា ការផ្អាកនេះនឹងប៉ះពាល់ដល់គម្រោងរបស់ទីភ្នាក់ងារ​ទាំងនោះ​យ៉ាងដូចម្តេចនោះទេ។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានប្រសាសន៍ថា លោក​ស្រីមិនទាន់​ទទូល​បាន​ព័ត៌មានផ្លូវការណាមួយនោះទេ។

លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ការផ្តល់មូលនិធិរបស់ USAID សម្រាប់គម្រោង​គាំពារ​សុខភាព មិនត្រូវបានរំខាននោះទេ។ លោក​មាន​ប្រសាសន៍​ថា៖ «​ដំណើរការ​កំពុង​បន្ត​ដូច​ធម្មតា»

ទីភ្នាក់ងារជំនួយអាមេរិក USAID បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ គម្រោងអប់រំបរិយាបន្ន​ថ្នាក់​បឋមសិក្សា (IPEA) ដែលមានទឹកប្រាក់​២៥លានដុល្លារ ផ្តោតលើការពង្រឹងអក្ខរកម្ម និង​ជំនាញលេខសម្រាប់សិស្សបឋមសិក្សា ដោយគាំទ្រដល់កម្មវិធីកុមាររៀន កុមារចេះ (Komar Rien Komar Cheh) ​ ដើម្បីបង្កើនអក្ខរកម្មមូលដ្ឋានរបស់កុមារនៅទូទាំងប្រទេស។

នៅឆ្នាំ២០២៣ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចាប់គម្រោង​លើកកម្ពស់គុណភាពសេវា​ថែ​ទាំង​សុខភាពដំណាក់កាល​ទី​២​ (EQHA II) រយៈពេល៥ឆ្នាំ ជាមួយនឹងមូលនិធិចំនួន៣៥លានដុល្លារ។ គម្រោង EQHA II នឹងត្រូវបានអនុវត្តដោយអង្គការ​ FHI 360 ដោយមានការសម្របសម្រួលពីក្រសួងសុខាភិបាល។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលមិន​បាន​ឆ្លើយ​តប​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Trump Administration’s Foreign Aid Halt Is Worrying, Cambodian NGOs Say, As Programs Left in Limbo

956 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម