សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សិស្សប្រឹងប្រែងសិក្សាយ៉ាងខ្លាំង បន្ទាប់ពីក្រសួងកំណត់កាលបរិច្ឆេទប្រឡង ថ្នាក់ទី១២

សិស្សចេញពីថ្នាក់រៀននៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សិស្សចេញពីថ្នាក់រៀននៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បន្ទាប់ពីជួបប្រទះការលំបាកនិងភាពមិនច្បាស់លាស់ជាច្រើន​ អំឡុង​ពេល​មានការរីក​រាលដាល​​នៃជំងឺកូវីដ-១៩ សិស្សថ្នាក់ទី១២ បានចាប់ផ្តើមត្រៀម​ខ្លួន​សម្រាប់ការប្រឡងបញ្ចប់​ឆ្នាំសិក្សា​ ដែលគ្រោងធ្វើ​នៅថ្ងៃទី២៧ ខែធ្នូ។

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ខ្លួន​នឹងរៀប​ចំការ​ប្រឡង​បាក់ឌុប​នៅ​​ទូ​ទាំង ប្រទេស ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ មាន​លំនឹង ហើយយុទ្ធនាការចាក់វ៉ាក់សាំង ត្រូវបានបញ្ចប់ដោយជោគជ័យ។ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា អត្រាចាក់វ៉ាក់សាំងបានកើន​ដល់៨៨,០៧​ភាគរយនៃប្រជាពលរដ្ឋ​កម្ពុជាចំនួន១៦ លាននាក់។

ង៉ោ ពេជ្រមរកត សិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកបាននឹងកំពុងសិក្សាយ៉ាងសកម្ម សម្រាប់ការប្រឡងបញ្ចប់​ឆ្នាំ​សិក្សា​។ ការ​ត្រៀម​ខ្លួននេះ គឺពិតជា​មាន​ការ​លំបាក ប៉ុន្តែ​នាង​ព្យាយាម​ជម្នះ​ភាព​ភ័យ​ខ្លាចនិង​កង្វះទំនុក​ចិត្ត​លើខ្លួន​ឯង។

យុវសិស្ស ពេជ្រមរកត​ បាន​និយាយថា៖ «យើងបានចំណាយពេលច្រើនណាស់​ក្នុងការរៀន​តាម​​អនឡាញ​ មុនពេលប្តូរ​មក​រៀនក្នុង​ថ្នាក់ដោយ​ផ្ទាល់​។ ហើយនោះគឺជាបញ្ហា​។ យើង​មិន​ទាន់​ត្រៀម​ខ្លួនរួច​រាល់​ ​ដើម្បី​ប្រឡង​ថ្នាក់ជាតិនោះ​ទេ»

យុវសិស្ស ពេជ្រមរកត បានប្រាប់ខេមបូចាថា បន្ទាប់ពីមាន​បញ្ហាប្រឈម​ដែលនាងបាន​ជួបប្រទះ អំឡុង​ពេលរៀន​តាម​អនឡាញ​ នាងបានចូលរៀនគួរបន្ថែម ដើម្បីរៀនឡើង​វិញ​នូវអ្វីដែលនាង​ខកខាន​​មិនបានរៀន និងបំពេញ​បន្ថែម​ចំណុចខ្សោយរបស់នាងក្នុងមុខវិជ្ជា​នីមួយៗ។

យុវសិស្ស ពេជ្រមរកត​ បាន​ឲ្យដឹងថា៖ «មិត្តភ័ក្តិ​ខ្ញុំនិង​ខ្ញុំ​រវល់​ខ្លាំងណាស់​ក្នុង​ការ​ត្រៀម​​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​​​ប្រាកដ​ថា ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ប្រឡងនាពេល​​ខាង​មុខ។ ពេល​នេះ ខ្ញុំកំពុងរៀនគួរ​បន្ថែមប្រាំមួយមុខវិជ្ជាក្នុង​ចំណោម​មុខវិជ្ជាចំនួនប្រាំ​មួយ​ផ្សេងគ្នា។ វា​ជួយ​ខ្ញុំ​បាន​ច្រើន ជា​ពិសេស​លើ​​អ្វី​ដែល​ខ្ញុំ​ខកខានមិនបានរៀន​​ អំឡុង​ពេល​​​រៀន​តាមអនឡាញ​»

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ កាល​ពី​ដើមខែនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យ​ក្រសួងអប់រំរៀបចំការប្រឡងថ្នាក់ទី១២។ លោក​បានមានប្រសាសន៍ថា សិស្ស​មិន​គួរ​ត្រូវបាន​​អនុញ្ញាត​ឲ្យ​​ជាប់​ដោយ​​ស្វ័យ​ប្រវត្តិនោះ​​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​​រយៈពេល​វែង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំដឹងថា ពួកគេមិនបាន​រៀនគ្រប់គ្រាន់ដោយសារជំងឺកូវីដ​-១៩ ដូច្នេះពួកគេគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បី​បានជាប់​។ ​បើ​ប្រឡងមិនជាប់ទេ ពួកគេ​អាច​ព្យាយាម​​ប្រឡងម្ដងទៀតនៅឆ្នាំក្រោយ»។

សិស្សកំពុងសិក្សា​ក្នុង​ថ្នាក់រៀនរបស់ពួកគេក្នុងទីក្រុងភ្នំពេញ។ រូបភាពថតថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង

រិន សូយ៉ារី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហេង សំរិន ក្នុង​ខេត្តកំពង់ចាម បានប្រាប់​ខេមបូ​ចា​ថា អាចទទួលយកបានការឲ្យ​សិស្សប្រឡងថ្នាក់ជាតិ ព្រោះពួកគេមានពេល​គ្រប់គ្រាន់​ត្រឡប់​ចូល​រៀន​វិញ​ ដើម្បីតាម​ឲ្យទាន់មេរៀនដែលខកខានមិនបានសិក្សា​។

សូយ៉ារី បាន​និយាយថា៖ «ខ្ញុំខ្លួន​ឯងគិត​ថា ​វា​សម​ល្មម​ហើយ​សម្រាប់​យើង​ក្នុង​នាម​ជា​សិស្ស​ថ្នាក់​ទី​១២ ​ដែល​ត្រូវ​ប្រឡង​នៅ​ចុង​ឆ្នាំ​នេះ។ ដោយសារ​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ចូល​រៀន​​វិញ​មុន​សិស្ស​ផ្សេង​ទៀត ហើយ​ខ្ញុំ​គិត​ថា ​យើង​មាន​ពេល​គ្រប់គ្រាន់ ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​យើង»

សូយ៉ារី បានបន្តថា នាងចំណាយពេល៥ម៉ោងក្នុងមួយថ្ងៃសម្រាប់ថ្នាក់ក្រៅម៉ោង​ ដែលនាង​និយាយថា ជារឿងធម្មតាក្នុងចំណោមមិត្តរួមថ្នាក់របស់នាង។ នាងបាននិយាយថា រៀនគួរ​ក្រៅម៉ោង​ត្រូវបានចាត់ទុកថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើន​សមត្ថភាព​របស់សិស្ស ហើយការរៀន​គួរ​កាន់​តែមានសារៈសំខាន់ អំឡុងពេលមាន​រីករាល​ដាលជំងឺកូវីដ-១៩ ដោយសារសិស្សមិនអាចទៅ​​រៀនបាន។ 

សូយ៉ារី​ បាន​និយាយថា៖ «ខ្ញុំមិនចង់ជាប់​ដោយស្វ័យប្រវត្តិដូចដែល​យើង​ឃើញ​កាល​ឆ្នាំមុនទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រសួងនឹងធ្វើឲ្យការប្រឡងងាយស្រួលជាងមុន​បន្តិច ដើម្បី​ឲ្យ​ស្របតាមការ​យល់ដឹងរបស់សិស្ស»។ 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ខេមបូចាថា ក្រសួងកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ដើម្បីផ្តល់ពេល​វេលាបន្ថែមដល់សិស្ស។ 

លោក សុវាចា មានប្រសាសន៍ថា៖ «ការប្រឡងថ្នាក់ជាតិត្រូវតែបន្តអនុវត្តតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន ស្របតាមវិធានការសុវត្ថិភាព​ សុខភាព»។ 

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់ខេមបូចា​ថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ការសិក្សា​របស់​សិស្សថ្នាក់ទី១២​​មាន​ភាពរអាក់​រអួល។​ ទោះបីជាពួកគេអាចសិក្សា​តាមអនឡាញ​ក៏ដោយក៏​សិស្ស ជាពិសេសអ្នក​ដែលរស់​នៅក្នុងតំបន់ជនបទ មិនអាចប្រើប្រាស់ប្រព័ន្ធ​នេះ​បានទេ ដោយសារកង្វះខាតសម្ភារ និង​បណ្តាញ​​អ៊ីនធឺណិតមិនស្ថិតស្ថេរ។

លោកស្រី ឆាយ៉ាវី មានប្រសាសន៍ថា៖ «ពួកគេ [សិស្ស] បានប្រឈមមុខនឹងការលំបាកផ្សេងៗ​គ្នាដែលបណ្តាលមកពីការរីករាល​ដាល​ជំងឺកូវីដ-១៩ ហើយផ្អែកលើអ្វីដែលខ្ញុំបានសង្កេត ខ្ញុំ​អាច​និយាយ​បានថា មិនមានសិស្សច្រើនទេដែលនឹងប្រឡងជាប់​នៅឆ្នាំនេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With grade 12 exam date set, students furiously studying

266 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម