កម្មករដាក់ក្តីសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦របស់ពួកគេនឹងកើនឡើង ក្រោយកិច្ចពិភាក្សាចប់ជាស្ថាពរនៅខែកញ្ញារវាងតំណាងនិយោជក និយោជិត ព្រមទាំងភាគីរដ្ឋាភិបាល ខណៈការចំណាយប្រចាំថ្ងៃនៅតែជួបការលំបាក និងសងបំណុលធនាគារទាំងត្រដាបត្រដួស។
ការរំពឹងនេះ កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នៅលើកទី១ កាលពីរសៀលថ្ងៃទី២០ ខែសីហា។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកឆឺរី (ខេមបូឌា) ខមភេនី លីមីធិត នៅស្រុកអង្គស្នួល ខេត្តកណ្តាល លោកស្រី ចេន ចាន់ទី បានប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី២១ ខែសីហា ថា អ្នកស្រីធ្វើការងាររោងចក្រកាត់ដេរសម្លៀកបំពាក់រយ:ពេល១១ឆ្នាំមកហើយ ដោយទទួលប្រាក់ខែ២០៨ដុល្លារ ឬស្មើនឹង៤៣២០០០រៀលក្នុងមួយខែអំឡុងឆ្នាំ២០២៥។
បច្ចុប្បន្នលោកស្រី ចេន ចាន់ទី កំពុងជំពាក់ធនាគារចំនួន១ម៉ឺនដុល្លារ និងត្រូវរ៉ាប់រងថ្លៃសិក្សាកូនៗចំនួនពីរនាក់ ព្រមទាំងចំណាយប្រចាំថ្ងៃផង។
លោកស្រី ចេន ចាន់ទី បន្ថែមថា៖ «ប្រាក់ឈ្នួលប្រចាំខែមិនគ្រប់គ្រាន់ទេ ប្រាក់តិចចំណាយច្រើន ឯណាថ្លៃកូនរៀនផង បង់ធនាគាផង ចាយវាយប្រចាំថ្ងៃផង ទឹកភ្លើង បន្ទប់ជួលអីវ៉ាន់ឡើងថ្លៃទៀត ខ្ញុំចេះតែទ្រាំធ្វើទៅៗព្រោះយើងអត់មានការងារធ្វើ ទប់ៗសិនសម្រាប់អ្នកធ្វើការរោងចក្រដូចជាពួកខ្ញុំ»។
កម្មកររោងចក្រឡឺក្រោន សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងដែរថា លោកស្រីបានធ្វើជាកម្មកររោងចក្រដេរស្បែកជើងរយៈពេល១០ឆ្នាំមកហើយ ដោយទទួលបានប្រាក់ឈ្នួលចំនួន ២០៨ដុល្ហារ ក្នុងមួយខែដូចលោកស្រី ចេន ចាន់ទី ដែរ។ តែយ៉ាងណា លោកស្រីនៅតែដាក់ក្តីរំពឹងថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦នឹងកើនឡើងមួយកម្រិតទៀត ខណៈជីវភាពកំពុងរងការលំបាក ហើយក៏ដូចជាដើម្បីលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋ និងជួយសម្រាលបន្ទុករបស់កម្មករទូទាំងប្រទេសកម្ពុជា។
កម្មកររូបនោះបន្តស្នើថា៖ «ខ្ញុំសង្ឃឹមថា ខាងក្រសួងការងារ និងភាគីពាក់ព័ន្ធពួកគាត់នឹងជួយពិនិត្យប្រាក់ឈ្នួលបន្ថែមតាមអ្វីដែលអាចជួយបាន ដល់ការចំណាយកម្មករដែលធ្វើការក្នុងរោងចក្រប្រឈមនឹងបញ្ហាប្រាក់ឈ្នួល។ ម្យ៉ាងទៀត បើរោងចក្រថែមម៉ោងជាប់លាប់ទៀត អាចរកលុយថែមម៉ោងច្រើន កម្មករទាំងអស់ក៏សប្បាយចិត្តនឹងធ្វើការដែរ»។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ថ្លែងតាមរយ:វីដេអូជាង៤នាទី ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំ ដើម្បីឱ្យនិយោជក និងភាគីកម្មករនិយោជិតពិភាក្សា ចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំបន្ទាប់ ដែលមានក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតខាងរដ្ឋាភិបាលជួយសម្របសម្រួល។
ក្រោយពីការប្រកាសទទួលស្គាល់សមាសភាព និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារួច ក្រសួងក៏បានស្តាប់នូវបទបង្ហាញ អង្កេត និងចងក្រង ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ពីស្ថានភាពសកល សេដ្ឋកិច្ច កំណើននៃការនាំចេញ ដែលជាទីផ្សារនាំចេញ និងបច្ចុប្បន្នភាពនៃអត្រាចំណេញដែលមានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។
លោក ហេង សួរ បានបន្តថា៖ «ដូចឆ្នាំមុនៗដែរ យើងធ្វើបទបង្ហាញនេះដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយជក និងភាគីតំណាងឱ្យកម្មករនិយោជិតគាត់បានជ្រាប និងយោងលើបទបង្ហាញនេះ ភាគីនីមួយៗនឹងត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួនក្នុងកិច្ចប្រជុំបន្ទាប់»។

រីឯអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏ចេញមកបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានតំណាងសហជីព និងនិយោជកចូលរួមចំនួន៥១រូប ស្មើៗគ្នាទាំងបីភាគី ដែលបាននិងកំពុងពិភាក្សាយ៉ាងផុលផុស ព្រមទាំងឯកភាពគ្នាលើទិន្នន័យសំខាន់ៗតាមលក្ខណ្ឌវិនិឆ្ឆ័យសង្គម បែបសង្គមកិច្ចទាំងប្រាំពីរ សម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ជាមូលដ្ឋាន។
លោក ស៊ុន មេសា បានលើកឡើងថា៖ «ភាគីទាំងអស់បានឯកភាពគ្នាលើការប្រាស់ប្រាស់ទិន្នន័យ ស្ថិតិ ដែលអង្គប្រជុំបានបង្ហាញក្នុងបទបង្ហាញយកទៅពិភាក្សាផ្ទៃក្នុងរបស់ខ្លួនដើម្បីបង្ហាញគោលជំហររួមមួយក្នុងកិច្ចប្រជុំបន្តបន្ទាប់ ហើយបន្ថែមពីនេះ ក៏បានឯកភាពគ្នាក្នុងការកំណត់ថ្ងៃកិច្ចប្រជុំជាបន្តបន្ទាប់ដែលលើកទីពីរនឹងធ្វើនៅថ្ងៃទី៣ខែកញ្ញា លើកទីបីថ្ងៃទី១០ លើកទីបួនធ្វើថ្ងៃទី១៥ លើកចុងក្រោយធ្វើនៅថ្ងៃ១៩។»
លោក ស៊ុន មេសា បន្តថា ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមាយ៉ាងណានោះ គឺខាងក្រសួងទុកពេលឱ្យភាគីខាងនិយោជក និងនិយោជិតធ្វើការជជែករវាងគ្នា ដើម្បីបង្ហាញជំហររៀងៗខ្លួន ដោយឡែកក្រសួងការងារគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រធានសហជីពការងារកម្ពុជា លោក គង់ អាទិត្យ ដែលចូលរួមក្នុងកិច្ចប្រជុំ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ អះអាងថា ទាក់ទងបញ្ហានេះ ខាងតំណាងសហជីពមិនទាន់លើកសំណើណាមួយទៅកាន់និយោជក និងក្រសួងការងារ នៅឡើយទេ។
លោក គង់ អាទិត្យ មានប្រសាសន៍៖ «ក្នុងខែ៩ខាងមុខទើបមានការចរចាគ្នា! ជាក់ស្តែងមកទល់ពេលនេះមិនទាន់មានការចរចានៅឡើយទេ ក៏មិនទាន់មានការបង្ហាញទិន្នន័យអ្វីដែរ គេគ្រាន់តែលើកឡើងថាយើងនឹងចរចាគ្នា ហៅថាបង្ហាញនូវសំណើរបស់សហជីពបន្តបន្ទាប់ទៀត ដែលចង់ឱ្យមានការថ្លឹងថ្លែងគ្នាបន្ថែមទៀត រវាងការតម្លើងប្រាក់ឈ្នួល ការប្រកួតប្រជែង ជីវភាពសុខុមាលភាពរបស់កម្មករ»។ លោកបានបន្តថា៖ «ហើយខាងនិយោជកគេសុំពន្យាពេលអត់ចរចា ខាងសហជីពក៏មិនទាន់ឆ្លើយតប រដ្ឋាភិបាលក៏មិនទាន់ឆ្លើយតបថាអត់ចរចាអត់អីដែរ អ៊ីចឹងយើងនៅបន្តការចរចាដដែលជួបគ្នាដាក់សំណើដើម្បីឱ្យមានទិន្នន័យ»។
ទន្ទឹមនឹងនេះ អនុប្រធាន CCAWDU លោក អាត់ ធន់ យល់ថា បើផ្អែកតាមការស្រាវជ្រាវក្នុងនាមជាតំណាងសហជីពមួយរូប សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ត្រូវតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករជាដាច់ខាត។
លោក អាត់ ធន់ បានថ្លែងថា អតិផរណាឆ្នាំ២០២៥ឡើងដល់២,១ភាគរយបើយើងពិនិត្យមើលទៅ វាឡើងបន្ថែមទៀត បើទោះបីប្រាក់ឈ្នួលនៅដដែលក៏កម្មករនៅតែពិបាក ដូចនេះ ត្រូវតែតម្លើងឱ្យទាន់នឹងអតិផរណា។
លោកបានបន្តទៀតថា ម្យ៉ាងទៀតកម្រិតចំណេញដែលយើងទទួលផ្លូវការ គឺ២,៨ភាគរយដែលជាទូទៅកាលណាកម្រិតចំណេញនៅខ្ពស់នយោជកនឹងមានសក្តានុពលចំណេញច្រើននៅឡើយ ដែលជារៀងរាល់ឆ្នាំគេចែកគ្នាពាក់កណ្តាលយ៉ាងហោចណាស់ក្នុងចំណោមជិត៣ភាគរយក៏ត្រូវចែកឱ្យកម្មករខ្លះដែរ តាមលោកសង្កេតឃើញថាការនាំចេញឆ្នាំនេះមានការកើនឡើង។
លោក អាត់ ធន់ បានបន្ថែមថា «ការតម្លើងប្រាក់ឈ្នួលសមរម្យនេះ មិនត្រឹមតែជាគោលនោយោបាយនៃរដ្ឋដែលគួរតែយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសក្តានុពលក្នុងប្រទេស ជៀសវាងមានបញ្ហាខ្វះកម្លាំងពលកម្ម ក៏ដូចជាការលើកទឹកចិត្តបង្កើនលទ្ធភាពសេដ្ឋកិច្ចជាតិ»៕










