សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការសម្រុះសម្រួលទំនាស់ជាច្រើនឆ្នាំបណ្ដាលឱ្យកសិករជនជាតិដើមភាគតិច​ពូនងជំពាក់បំណុលក្រុមហ៊ុនចម្ការកៅស៊ូពហុជាតិសាសន៍

កសិករភូមិពូលុ ម៉ាលី គីម ឈរនៅលើចម្ការកៅស៊ូទំហំបីហិកតារបស់ខ្លួន ដែលក្រុមហ៊ុន Socfin បានឈូសឆាយ និងដាំដុះដើមកៅស៊ូដែល គីម កំពុងធ្វើសព្វថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនទាមទារឱ្យលោកសងថ្លៃដាំដុះនិងរៀបចំដីវិញ។ (ខេមបូចា/ Jack Brook)
កសិករភូមិពូលុ ម៉ាលី គីម ឈរនៅលើចម្ការកៅស៊ូទំហំបីហិកតារបស់ខ្លួន ដែលក្រុមហ៊ុន Socfin បានឈូសឆាយ និងដាំដុះដើមកៅស៊ូដែល គីម កំពុងធ្វើសព្វថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនទាមទារឱ្យលោកសងថ្លៃដាំដុះនិងរៀបចំដីវិញ។ (ខេមបូចា/ Jack Brook)

រយៈពេល​ជាង​មួយទសវត្សរ៍​បន្ទាប់ពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​ពហុជាតិ​សាសន៍​មួយ​ឈ្មោះ Socfin Group បាន​ឈូសឆាយនិងរឹបអូសយកដោយបង្ខំនូវ​ដីចម្ការ ដីព្រៃ​កប់ខ្មោច និងដីព្រៃ​តំណម​របស់​សហគមន៍ជនជាតិដើមភាគតិចពូនង​នៅក្នុង​ខេត្តមណ្ឌលគិរី ឥឡូវនេះ ក្រុមហ៊ុន​មាន​បំណង​ប្រមូល​លុយ​រាប់ម៉ឺនដុល្លារអាមេរិកពី​កសិករទាំងនេះ​សម្រាប់​ថ្លៃចំណាយ​លើ​«ការរៀបចំដី»​ និងថ្លៃ​ផ្សេងៗទៀត។​

នៅដើមឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជា​បាន​ផ្ដល់​ដីសម្បទានសេដ្ឋកិច្ច​ជាច្រើន​កន្លែងសម្រាប់​ការដាំដំណាំ​កៅស៊ូ​ឧស្សាហកម្ម ទៅឱ្យ​បុត្រសម្ព័ន្ធនៃក្រុមហ៊ុន Socfin Group ដែលមាន​មូលដ្ឋាន​នៅ​លុចហ្សំបួ ដែលមានពាក្យស្លោកអាជីវកម្មថា «កសិកម្មត្រូពិក​ប្រកបដោយ​ទំនួល​ខុសត្រូវ»។ បុត្រសម្ព័ន្ធ​អាស៊ី​របស់​ក្រុមហ៊ុននេះ ឈ្មោះ Socfinasia – ដែលរាប់បញ្ចូល​ចម្ការ​កៅស៊ូ​ទាំងអស់​នៅកម្ពុជា – បានរាយការណ៍​ប្រាក់ចំណេញ​ជាង៧៥លានដុល្លារ​កាលពីឆ្នាំ​ទៅមិញ ។  

នៅឯខេត្តមណ្ឌលគិរី គ្រួសារជនជាតិដើមភាគតិច​ពូនង​ជាង៨០០គ្រួសារ​មកពីភូមិ​ចំនួន​ប្រាំពីរ​បានទទួលរងផលប៉ះពាល់​ពី​ដីសម្បទានទាំងនេះដែលគ្របដណ្ដប់​លើ​ផ្ទៃដីសរុប​ជាង ១២ ០០០​ហិកតា។ នៅទូទាំងប្រទេសកម្ពុជា សិទ្ធិប្រើប្រាស់ដីធ្លីបែបប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​​​​តែងតែ​មិនត្រូវបានទទួលស្គាល់ឡើយ ដែលនាំឱ្យសហគមន៍ជនជាតិដើមភាគតិច​ងាយរងគ្រោះ​ដោយសារ​ការ​ដណ្ដើម​ដីធ្លី ។

ដើមកៅស៊ូ​នៅក្នុង​ដីសម្បទានមួយ​ក្នុងចំណោមដីសម្បទាន​សរុប ១២ ០០០ហិកតារបស់​ក្រុមហ៊ុន Socfin នៅក្នុងខេត្ត​មណ្ឌលគិរី ។ (ខេមបូចា / Jack Brook)

អ្នកភូមិជនជាតិដើមភាគតិចពូនងខ្លះនៅជាប់ជំពាក់វាក់វិននឹងការតស៊ូ​ផ្លូវច្បាប់​តទល់នឹង​ក្រុមហ៊ុន Bolloré ដែលជាម្ចាស់ភាគហ៊ុនធំជាងគេបំផុត​របស់ Socfin នៅឡើយ។ ប៉ុន្តែ អ្នកភូមិ​ ២១០គ្រួសារ​ដែល​បាន​ជ្រើសរើស​យក​ការចរចា​ជាមួយ​បុត្រសម្ព័ន្ធ​របស់ Socfin បានបញ្ចប់​ជា​ស្ថាពរ​​នូវ​ដំណើរការ​សម្រុះ​សម្រួលគ្នា​ដែលស៊ីពេលជាច្រើន​ឆ្នាំនោះ កាលពីឆ្នាំ២០២១ ដែល​ដំណើរការ​នេះ​បាន​ទទួល​​មូលនិធិ​និងការ​គាំទ្រ​ពី​​រដ្ឋាភិបាលអាឡឺម៉ង់ ស្វីស និង​លុចហ្សំបួ និងការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស​ (OHCHR)។ 

ការសម្រុះសម្រួលដែលឈានទៅដល់​កិច្ចព្រមព្រៀងលើដំណោះស្រាយសម្រាប់​ភូមិចំនួន៥ នៅក្នុង​ឃុំ​ប៊ូស្រា ដោយ​ក្រុមហ៊ុន Socfin សន្យាវិនិយោគក្នុងចំនួនថវិកាតិចតួច​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្ដល់​មូលនិធិ​អភិវឌ្ឍន៍​ដល់​គ្រួសារមួយចំនួន​ជាសំណង​សម្រាប់ដីធ្លីដែលបាត់បង់ និង​រក្សាទុកដូចដើម​នូវ​ដីព្រៃអារក្សនិងដីព្រៃកប់ខ្មោចរបស់ជនជាតិដើមភាគតិច​ពូនង។

អង្គការសិទ្ធិមនុស្ស និង​អ្នកភូមិជនជាតិពូនង​ដទៃទៀតនៅក្នុងឃុំ​ប៊ូស្រា បានរិះគន់​លទ្ធផល​នៃការចរចា​សម្រុះសម្រួលនេះ​ថាជាការផ្ដល់ភាពស្របច្បាប់​ដល់​ការដណ្ដើមដីធ្លី​ដែលរំលោភ​លើសិទ្ធិ​របស់​ជនជាតិដើមភាគតិច ប៉ុន្តែ គ្រួសារខ្លះដែលបានចូលរួមនៅក្នុងការចរចា​និយាយ​ថា ពួកគេ​គិតថាការសម្រុះសម្រួលនេះ​ប្រសើរជាង​ការបាត់បង់ដីធ្លី​ហើយមិនទទួលបាន​អ្វី​សោះ​​​មកវិញ។

ប៉ុន្តែ ការសម្រុះសម្រួល​ជាច្រើនឆ្នាំនេះមិនដែលបានដោះស្រាយ​ទិដ្ឋភាពដ៏រ៉ាំរ៉ៃមួយនៃជម្លោះ​នោះទេ៖ ក្រុមហ៊ុន Socfin នៅតែទាមទារ​ថ្លៃផ្សេងៗជាច្រើន​ម៉ឺនដុល្លារ​ពី​កសិករ​ពូនង​ជាច្រើន​នាក់ដដែល ។

ជនជាតិភាគតិចពូនងម្នាក់និយាយថា៖ «ខ្ញុំ​បង្ខំចិត្តទទួលយក»

បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ Socfin បានប្រឈមនឹងការតវ៉ា​និងការរិះគន់ពី​ក្រុមសិទ្ធិ​មនុស្ស​​ជុំវិញ​ការប្រើគ្រឿងចក្រឈូសឆាយដីរបស់​ជនជាតិដើមភាគតិចពូនង ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើសសំណង​ជាច្រើន​ទៅដល់​គ្រួសារដែលរងផលប៉ះពាល់ជាង៨៥០គ្រួសារ ដោយ​ចាប់​ផ្ដើមកាលពីឆ្នាំ២០០៩ ។ គ្រួសារ​ជាច្រើនបានទទួលយក​ដោមិនស្ម័គ្រចិត្ត​នូវសំណង​ក្រោម​​រូបភាពមួយចំនួន ។ នេះបើយោងតាម​របាយការណ៍មួយកាលពីឆ្នាំ២០១១ ដែលចេញ​ដោយ​សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ។

នៅពេលនោះ ជម្រើសមួយដែលផ្ដល់ដល់អ្នកភូមិជនជាតិដើមភាគតិចពូនង​ដែល​នឹង​បាត់​បង់​ចម្ការ​​របស់ពួកគេ គឺដាំដុះកៅស៊ូ​នៅក្នុងដីសម្បទានជាផ្នែកមួយ​នៃអ្វីដែល​ក្រុមហ៊ុន Socfin ហៅថាកម្មវិធី​«ចម្ការ​កៅស៊ូគ្រួសារ»។ Socfin បានប្រាប់ ខេមបូចា ថា អ្នកភូមិ ៥២គ្រួសារបាន​ចូល​រួម​កម្មវិធីនេះ ដោយ​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេកទេស ​និងជំនួយ ព្រមទាំង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ដែល​សន្យាថានឹងសងក្រុមហ៊ុនវិញនូវ​ថ្លៃចំណាយលើ​កូនកៅស៊ូ​ដែល​បាន​ដាំដុះនៅលើ​ដីចម្ការប្រពៃណី​របស់​ប្រជាជន ។ កសិករមិនមែនជាម្ចាស់កម្មសិទ្ធិ​នៃដី​ចម្ការ​ទាំងនោះទេ ដោយ​វាស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់ Socfin ដដែល។

អ្នកភូមិពូលុ ឈ្មោះ ង៉េស ណាំ នៅឯចម្ការរបស់គាត់ក្នុងឃុំប៊ូស្រា ជាទីដែលគាត់ដាំដំណាំស្វាយចន្ទី និងដំណាំផ្សេងទៀតដាច់ដោយឡែកពីចម្ការកៅស៊ូរបស់គាត់ដែលស្ថិតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន Socfin ។ (ខេមបូចា / Jack Brook)
អ្នកភូមិពូលុ ឈ្មោះ ង៉េស ណាំ នៅឯចម្ការរបស់គាត់ក្នុងឃុំប៊ូស្រា ជាទីដែលគាត់ដាំដំណាំស្វាយចន្ទី និងដំណាំផ្សេងទៀតដាច់ដោយឡែកពីចម្ការកៅស៊ូរបស់គាត់ដែលស្ថិតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន Socfin ។ (ខេមបូចា / Jack Brook)

អ្នកភូមិ​ពូលុមួយរូប ឈ្មោះ ង៉េស ណាំ បាននិយាយថា លោកមានអារម្មណ៍ថា លោកគ្មាន​ជម្រើស​​អ្វី​ក្រៅតែពីការចុះហត្ថលេខា​លើ​កិច្ចសន្យានោះឡើយ ។

លោក ណាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន​បានដាំកៅស៊ូនៅលើដីដែលបាន​ឈូស​ឆាយ​រួច​អស់​ហើយ ហើយ​បើ​សិនជា​យើងមិនយកទេ យើង​នឹងបាត់បង់[ដី] ដូច្នេះ យើង​បង្ខំចិត្ត​ត្រូវតែទទួលយក»។ លោកបន្តថា៖ «ខ្ញុំត្រូវបង្ខំចិត្តទទួលយក​កៅស៊ូដែលដាំនៅលើដីចម្ការ ។ ពួកគេបានដាំវារួចទៅហើយ»

នៅក្នុងកិច្ចសន្យាទាំងនេះ ក្រុមហ៊ុន Socfin បានគិតថ្លៃពីគ្រួសារកសិករសម្រាប់​«ថ្លៃដាំ»​ក្នុង​តម្លៃ១ដុល្លារ​អាមេរិក​សម្រាប់កៅស៊ូមួយដើម ព្រមទាំង​សម្រាប់«ការរៀបចំដី» និង​«ជីដែល​ប្រើប្រាស់នៅក្នុងអំឡុងពេលដាំ»។ នេះបើយោងតាម​កិច្ចសន្យាពីរពីឆ្នាំ២០០៩ និងឆ្នាំ២០១៤ ដែល​ ខេមបូចា បាន​អាន​និងពិនិត្យមើល។ កិច្ចសន្យា​ក៏រួមបញ្ចូលនូវ​«ថ្លៃរដ្ឋបាល» និង «ថ្លៃថែ​ទាំ»ជាច្រើនរយ​ដុល្លារទៀត និង​បូកបន្ថែមការប្រាក់ប្រចាំឆ្នាំ ៥% ទៀត ។​

កសិករជនជាតិដើមភាគតិចពូនង ឱ្យដឹងថា ជាធម្មតា ចម្ការមួយហិកតា​មាន​កៅស៊ូជាង៥០០​ដើម។ កសិករជាច្រើននាក់បានអះអាងថា ក្រុមហ៊ុន Socfin បានប្រាប់ពួកគេថា ពួកគេ​បាន​ជំពាក់​ក្រុមហ៊ុន​ជាង ១០ ០០០ដុល្លារនៅក្រោម​កិច្ចសន្យា​ដើម ប៉ុន្តែកសិករភាគច្រើនបំផុត​និយាយថា ពួកគេ​លែង​មាន​ឯកសារកិច្ចសន្យាទាំងនេះ​នៅក្នុងដៃ​ទៀត​ហើយ។ 

ក្រុមហ៊ុន Socfin បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលយ៉ាង​ដូច្នេះ​ថា៖ «ដោយ​សារ​តែសមាជិក​សហគមន៍​បាន​ព្រមព្រៀង​​នៅពេលចុះហត្ថលេខា​លើ​កិច្ចសន្យា​ចម្ការកៅស៊ូ​គ្រួ​សារដំបូង​ថា នឹង​សងថ្លៃវិនិយោគដែលក្រុមហ៊ុនបានចំណាយក្នុងការរៀបចំ​ដីចម្ការ​របស់​ពួកគេ វាទំនងជា​យុត្តិធម៌​ដែល​សហគមន៍គួរគោរព​ការសន្យារបស់ខ្លួន​ដែរ ដោយសារតែ​ពួក​គេ​​បានទាញយក​ប្រាក់ចំណូល​ពី​ចម្ការនោះដែរ»

ក្រុមហ៊ុន Socfin បានបន្ថែម​ថា៖ «ក្រុមហ៊ុនបានចំណាយលុយជាច្រើន​ដើម្បី​រៀបចំចម្ការ​កៅស៊ូ​​គ្រួសារ​»។ ក្រុមហ៊ុនបន្តថា៖ «បច្ចុប្បន្ន កិច្ចសន្យាថ្មីកំពុងស្ថិតក្នុងការចរចា​គ្នា»

ក្រុមហ៊ុន Socfin បាននិយាយថា ខ្លួនបានធ្វើការស្ទង់មតិ​មួយ​កាលពីខែកក្កដា ដើម្បីវាយតម្លៃ​លទ្ធភាព​របស់​គ្រួសារកសិករ​ក្នុងការសងបំណុល និង​«ស្នើឡើង​នូវ​វិធីសងដែលសមស្របទៅ​តាម​វប្បធម៌​ប្រពៃណី»

អ្នកភូមិជនជាតិដើមភាគតិចពូនង​និយាយថា ក្រុមហ៊ុន Socfin មិនព្រម​លុបចោលថ្លៃការប្រាក់​ពី​ក្នុង​កិច្ចសន្យាឡើយក្នុងអំឡុងពេលនៃការចរចា​សម្រុះសម្រួលគ្នាដែលបានបញ្ចប់​នៅឆ្នាំ​២០២១។ ក្រុមហ៊ុន​បាន​ប្រាប់​ ខេមបូចា ថា កាលពីដើមឆ្នាំ​ ខ្លួនបាន​យល់ព្រម​ដោយផ្ទាល់មាត់​ថានឹង​លុបចោល​ថ្លៃការប្រាក់និងថ្លៃ​រដ្ឋបាល​ហើយ។ Socfin បដិសេធ​ផ្ដល់ព័ត៌មានពី​បំណុល​សរុប​​ដែល​គ្រួសារពូនង​ទាំង៥២គ្រួសារបានជំពាក់ឡើយ។

ប៉ុន្តែ កសិករ​១៨នាក់មកពីភូមិ​ពូលុ និង​ភូមិ​ពូចា ដែលប្រើប្រាស់ដីប្រហែល៥៣ហិកតា​នៅក្នុង​ដី​សម្បទានរបស់ក្រុមហ៊ុន នៅជំពាក់ក្រុមហ៊ុន Socfin ជាង ៦០ ០០០ដុល្លារ​បូករួមបញ្ចូល​គ្នា​។ នេះ​បើ​យោងតាម​ឯកសារដែលមានចំណងជើងថា «បច្ចុប្បន្នភាពបំណុល»ដែល​ក្រុមហ៊ុន Socfin បានចែក​ដល់​អ្នកភូមិ​នៅឆ្នាំនេះ។ កសិករនិយាយថា «បំណុលបច្ចុប្បន្នភាព»របស់​ពួកគេ​​​បាន​ដកចេញនូវការប្រាក់ ថ្លៃថែទាំ និងថ្លៃរដ្ឋបាល–ដែលប្រសិនបើ​បូកទាំង​ការប្រាក់​និងថ្លៃទាំងនេះ​ទៀត បំណុល​អាច​នឹងឡើងដល់ជាង ១០០ ០០០ដុល្លារ។ នេះបើតាមការ​គណនា​របស់ ខេមបូចា។

ក្នុងករណីខ្លះ កសិករពូនង​ហាក់ដូចជា​សងបំណុលទៅឱ្យ Socfin ច្រើនជាងសំណង​ដែល​ពួក​គេ​​ទទួលបាន​ជាលទ្ធផលនៃការសម្រុះសម្រួលទាំងមូលទៅទៀត។ ម៉ាលី គីម ដែល​តំណាង​ឱ្យ​​ភូមិ​ពូលុ នៅក្នុង​ការចរចា​សម្រុះ​សម្រួល ជំពាក់ Socfin ចំនួន ៣ ២១៦ដុល្លារ​សម្រាប់​ចម្ការ​កៅស៊ូគ្រួសាររបស់​លោក ហើយ​លោក​ទទួលបានសំណងស្មើនឹង ៣ ០០០ដុល្លារ​ក្នុងរយៈ​ពេល​​បីឆ្នាំ​សម្រាប់​ការ​បាត់បង់​ដីចម្ការ​ផ្សេងទៀត​ជាផ្នែកនៃ​ទិដ្ឋភាពដាច់ដោយឡែក​នៃការ​សម្រុះ​សម្រួល នេះ​បើ​តាម​ឯកសារបង្ហាញ ។

ឧទាហរណ៍នៃ​កិច្ចសន្យាដែល​ Socfin បានផ្ដល់​ទៅ​ឱ្យ​អ្នកភូមិជនជាតិពូនង ដែល​ជាផ្នែក​នៃ​កម្មវិធី​ចម្ការ​កៅស៊ូគ្រួសារ។ (ខេមបូចា / Jack Brook)
រូបថត​ដែលកាត់នៃឯកសារ​«បច្ចុប្បន្នភាពបំណុល» សម្រាប់​ភូមិ​ពូចា ក្នុងឃុំប៊ូស្រា។ (ខេមបូចា / Jack Brook)

កសិករជាច្រើននាក់ដែល ខេមបូចា បានជួបសម្ភាសជាមួយ បាននិយាយថា ពួកគេនឹងទទួល​យក​​កិច្ចសន្យាថ្មីសម្រាប់​កម្មវិធីចម្ការកៅស៊ូគ្រួសារ ប្រសិនបើ​ Socfin ធ្វើតាម​ការសន្យាផ្ទាល់​មាត់​របស់​ខ្លួន​ក្នុងការ​លុបចោលការប្រាក់និងថ្លៃរដ្ឋបាល។ ប៉ុន្តែបំណុលដែលជំពាក់នៅតែ​ច្រើន​​ដដែល បើធៀបនឹងចំណូលរបស់ពួកគេ។

លោក គីម និយាយយ៉ាងដូច្នេះថា៖ «យើងអាចបង់សងជាដំណាក់កាលៗក្នុងរយៈពេលពី ៥ឆ្នាំ​ទៅ១០ឆ្នាំ នោះទើបត្រឹមត្រូវ ប៉ុន្តែបើ​ក្រុមហ៊ុន​ដាក់​កំហិត​[ពេល]សងវិញត្រឹមតែ២ឆ្នាំ វាមិន​យុត្តិធម៌ទេ»។ លោកបន្តថា៖ «បើតាមយោបល់ខ្ញុំ យើងកំពុង​ខ្វះខាត​[ចំណូល] ហើយបើ​ក្រុមហ៊ុន​បង្ខំ​ឱ្យ​យើង​សង យើងគ្មានលទ្ធភាព​សងកើតទេ»

អ្នកភូមិ​ពូលុ ឈ្មោះ ម៉ាលី ភិន ដែល​ជា​បងប្រុស​របស់​លោក គីម បាននិយាយថា លោករក​បាន​ចំណូល​​ប្រហែល ៤ ០០០ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ចម្ការកៅស៊ូ ៣ហិកតារបស់​លោកដែល​ស្ថិត​នៅក្នុង​ដីសម្បទាន​របស់ក្រុមហ៊ុន ហើយក្រុមហ៊ុន Socfin កំពុងព្យាយាម​ទារពីលោក​ចំនួន ៣ ៤៤៦ដុល្លារ។ កសិករនៅភូមិពូចា ឈ្មោះ ក្រិក ទ្រីល រកបានចំណូលប្រហែល ២ ៤០០​ដុល្លារក្នុងមួយឆ្នាំពី​ចម្ការកៅស៊ូទំហំ​១ហិកតា​របស់ខ្លួន ខណៈ​លោកជាប់បំណុល ១ ៥០០​ដុល្លារ។

នៅពេលដែល​ការសម្រុះសម្រួល​បាន​បញ្ចប់​នៅឆ្នាំ២០២១ ភូមិពូចា និងភូមិពូលុ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងដំណោះស្រាយ–ដូចគ្នានឹង​ភូមិ​ផ្សេងទៀត​ដែរ។ នេះបើតាម​ការ​ឱ្យដឹង​ពី​ក្រុមហ៊ុន Socfin–ដែល​ចែងថា ពួកគេ​នឹង​បន្ត​ចរចា​កិច្ចសន្យា​ចម្ការ​កៅស៊ូគ្រួសារ​ជាមួយ Socfin និងថាក្រុមហ៊ុន​នឹង​ផ្ដល់​កិច្ចសន្យាថ្មី​នៅខែមិថុនា ឆ្នាំ២០២២។ តំណាងភូមិ​បាន​និយាយថា ចាប់តាំងពីនោះមក ពុំមានកិច្ចសន្យាថ្មីណា​បាន​កើតឡើង​នៅឡើយទេ។ ក្រុមហ៊ុន Socfin និយាយថា ខ្លួន​គ្រោងនឹង​បង្ហាញ​«សេចក្ដីព្រាងកិច្ចសន្យា»នៅចុងឆ្នាំនេះ។

អ្នកភូមិពូនងនៅឃុំប៊ូស្រាបង្ហាញឯកសារបញ្ជីបច្ចុប្បន្នភាពបំណុលដែលក្រុមហ៊ុន Socfin ចែកឱ្យ។ (ខេមបូចា / Jack Brook)
អ្នកភូមិពូនងនៅឃុំប៊ូស្រាបង្ហាញឯកសារបញ្ជីបច្ចុប្បន្នភាពបំណុលដែលក្រុមហ៊ុន Socfin ចែកឱ្យ។ (ខេមបូចា / Jack Brook)

លោក ប៉ូច សោភ័ណ ទីប្រឹក្សាដែលត្រូវបានជួល​ឱ្យដឹកនាំ​ដំណើរការនៃការចរចា​ បានប្រាប់​ ខេមបូចា កាលពីឆ្នាំកន្លង​ទៅ តាមរយៈអ៊ីមែល ថា ការធ្វើ​កិច្ចសន្យាថ្មី​សម្រាប់គ្រួសារ​នីមួយៗ​«មិនអាចធ្វើទៅបាន​»ឡើយ ពីព្រោះវា«ចំណាយពេលច្រើន»។ លោក​ក៏បាន​និយាយ​ដែរថា លោក​«ពុំមានបទពិសោធន៍លើ​កិច្ចសន្យាកសិកម្ម ឬ​ឥណទាន/កម្ចី»ទេ។ លោក សោភ័ណ មិនបានឆ្លើយតបនឹង​សំណើ​សុំ​អត្ថាធិប្បាយបន្ថែមទៀត​ទេ។

ពីរឆ្នាំបន្ទាប់ពីដំណើរការចរចាសម្រុះសម្រួល​ផ្លូវការបានបញ្ចប់ សព្វថ្ងៃនេះ សហគមន៍​កំពុង​ចរចា​កិច្ចសន្យា​ចម្ការកៅស៊ូគ្រួសារ​ដោយ​ខ្លួន​ឯង ដោយផ្ទាល់ជាមួយក្រុមហ៊ុន Socfin។ ខុសពី​កាលក្នុងអំឡុងពេលនៃដំណើរការសម្រុះសម្រួលប្រាំឆ្នាំ ពួកគេពុំមាន​មេធាវីការពារ ឬ​អង្គការ​សង្គមស៊ីវិលផ្សេងទៀត​ដែល​ជួយគាំទ្រ​ពួកគេឡើយ។

គម្រោង​អភិបាលកិច្ចដីធ្លីនៅតំបន់ន្លេមេគង្គ (MRLG) ដែល​ជាគំនិតផ្ដួចផ្ដើម​មួយ​អនុវត្ត​ដោយ​អង្គការ​មិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិដីធ្លីចំនួនពីរ ​បាន​ទទួល​មូលនិធិ​ជំនួយប្រមាណ​ជាង ៥០០ ០០០ដុល្លារពី​រដ្ឋាភិបាល​ស្វ៊ីស អាឡឺម៉ង់ និង​លុចហ្សំបួ ដើម្បីអនុវត្ត​ការសម្រុះសម្រួល​​ពីមុន រវាង​​ក្រុមហ៊ុន Socfin និង​សហគមន៍​ពូនង។ នេះបើយោងតាមលិខិតមួយ​ពី​មន្ត្រីរដ្ឋាភិបាល​លុចហ្សំបួ ដែល​ ខេមបូចា បានទទួល។ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស ក៏បានផ្ដល់​មូលនិធិ​ ក្នុងនោះរួមទាំងមូលនិធិ​សម្រាប់​ជួយឱ្យ​សហគមន៍​ទទួលបាន​ការគាំទ្រ​និងបណ្ដុះបណ្ដាល​ផ្នែក​ច្បាប់​ផងដែរ។

គម្រោងអភិបាលកិច្ចដីធ្លី​នៅតំបន់​ទន្លេមេគង្គ បានជួល​ក្រុមហ៊ុនផ្ដល់ប្រឹក្សាមួយដែលមាន​មូលដ្ឋាន​នៅ​ទីក្រុងស៊ីដនី ឈ្មោះថា Australian Dispute Center ដើម្បី​ឱ្យ​ផលិត​របាយការណ៍​វាយតម្លៃ​មួយ ដែល​បាន​បោះពុម្ពផ្សាយ​កាលពីខែមេសា ដើម្បី​វាយតម្លៃ​ដំណើរការ​សម្រុះ​សម្រួល​​ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ។ របាយការណ៍បាន​សន្និដ្ឋាន​ថា ការសម្រុះសម្រួល​បាន​ទទួល​ជោគជ័យ​​ក្នុងការ«ដោះស្រាយ​ការទាមទារ​គ្រប់ប្រភេទ​នៅក្នុងទំនាស់» ដែលរួមបញ្ចូល​ទាំង​«ការចរចា​កិច្ចសន្យា​សម្រាប់​ចម្ការកៅស៊ូ​គ្រួសារ»ផងដែរ។

លោក គីម បាននិយាយថា រូបលោក​និងអ្នកផ្សេងទៀត​«ខ្លាច»ក្នុងការនិយាយពី​បំណុល​ដែល​មិន​ទាន់​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន នៅពេល​ដែល​ក្រុម​ការងារ​ Australian Dispute Center បានមក​ជួប​កាលពីពាក់កណ្ដាល​ឆ្នាំ២០២២ ពីព្រោះពួកគេបារម្ភថា ការធ្វើ​ដូច្នេះ​អាចនាំឱ្យ​ពួក​គេ​​មិនទទួលបានផល​ប្រយោជន៍ដែលក្រុមហ៊ុនបានសន្យា​ ដែលនៅពេលនោះ ក្រុមហ៊ុនមិន​ទាន់​បានផ្ដល់នៅឡើយ ។

Australian Dispute Center មិនឆ្លើយតប​សំណើ​សុំការអត្ថាធិប្បាយទេ ។

លោក Antoine Deligne អនុប្រធានក្រុម​នៃគម្រោងអភិបាលកិច្ចដីធ្លីនៅតំបន់​មេគង្គ បានថ្លែង​ថា លោក​មិនអាចធ្វើ​អត្ថាធិប្បាយ​ពី​ព័ត៌មានជាក់លាក់​អំពីលទ្ធផល​នៃការចរចាសម្រុះសម្រួល​ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១បានទេ ពីព្រោះ​ក្រុមហ៊ុន​ និងសហគមន៍​បានសន្យាថា​នឹងរក្សា​កិច្ច​ព្រម​ព្រៀង​ដំណោះស្រាយ​ជា​ការណ៍សម្ងាត់ ។ លោកបានទទួលស្គាល់ថា វានឹងមាន​ប្រយោជន៍​​​«ដែលគេត្រូវយល់ពី​ថា​តើ​ការសម្រុះសម្រួលនោះ​ត្រូវបានអនុវត្តជាក់ស្ដែង​យ៉ាង​ដូចម្ដេច» ប៉ុន្តែ លោកបាននិយាយថា បច្ចុប្បន្ន ពុំមានផែនការដើម្បីតាមដានថា​តើ​ក្រុមហ៊ុន​ពិតជាគោរព​តាម​ការសន្យាដែលខ្លួនបានធ្វើ​ឡើង​ជាលទ្ធផល​នៃ​ការសម្រុះសម្រួល ឬអត់​នោះ​ទេ ។

ម៉ាស៊ីនកិនស្រូវ​ដែលផ្ដល់​ដោយ Socfin ទៅ​ឱ្យ​ភូមិ​ពូចា កាលពីដើមឆ្នាំនេះជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ។ (ខេមបូចា / Jack Brook)

ការពារសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច?

របាយការណ៍វាយតម្លៃ​ដែល​គម្រោង​អភិបាលកិច្ចដីធ្លី​តំបន់ទន្លេមេគង្គ​ បាននិយាយថា ការ​សម្រុះ​សម្រួល​បានបង្ហាញជាសញ្ញាទៅដល់​វិនិយោគិនអន្តរជាតិ​នៅកម្ពុជាថា «សិទ្ធិដីធ្លី​របស់​ជនជាតិដើមភាគតិច​កំពុងត្រូវបានការពារ​ខ្ជាប់ខ្ជួន​ស្របទៅតាម​លិខិតូបករណ៍​ និង​បទដ្ឋាន​អន្តរជាតិ» ដោយ​យោងសំដៅ​ប្រកាស​របស់អង្គការសហប្រជាជាតិស្ដីពី​សិទ្ធិរបស់​ពលរដ្ឋ​ជនជាតិដើមភាគតិច (UNDRIP)។

ប៉ុន្តែលោក Michael Nanz ដែល​ជា​សហប្រធាន​អង្គការសិទ្ធិមនុស្សមួយ ឈ្មោះ FIAN Switzerland ដែលធ្វើការ​ជិតស្និទ្ធជាមួយ​សមាគម​ជនជាតិដើមភាគតិច​ពូនង មិនយល់​ស្រប​នឹង​ការវាយតម្លៃ​នេះ​ឡើយ។

លោក Nanz បានថ្លែង​នៅក្នុងសេចក្ដីថ្លែងការណ៍តាមអ៊ីមែល យ៉ាងដូច្នេះថា៖ «សិទ្ធិដីធ្លី​របស់​ជនជាតិ​​ដើមភាគតិច​បានត្រូវគេរំលោភបំពាន​ដោយបើកចំហ មិនមែនត្រូវបានការពារនោះទេ​!»។ លោកបន្តថា៖ «ហើយ UNDRIP មិនមែននិយាយអំពីសិទ្ធិនៅក្នុងការសម្រុះសម្រួលនៅ​ក្រោយ​​ការ​រំលោភ​ដីធ្លី​នោះទេ ប៉ុន្តែអំពីសិទ្ធិនៅមុនការកើតឡើង​នៃការរំលោភដីធ្លី»

នៅក្នុងចំណោម​បទប្បញ្ញត្តិជាច្រើន UNDRIP ចែងថា៖ «ប្រជាជនជនជាតិដើមភាគតិច​មិនត្រូវ​បាន​គេបណ្ដេញចេញពីដីធ្លី ឬដែនដីរបស់ខ្លួនដោយ​ការបង្ខិតបង្ខំទេ»

លោក Nanz បានពន្យល់ថា សិទ្ធិរបស់ជនជាតិដើមភាគតិច​គួរតែត្រូវ«ការពារនិង​ពង្រឹងការ​អនុវត្ត» ជាជាង«ដាក់ជាកម្មវត្ថុនៃការចរចា»។ លោកបានចោទសួរថាតើ​ម្ចាស់ជំនួយ ដូចជា រដ្ឋាភិបាលប្រទេស​ស្វ៊ីស អាល្លឺម៉ង់ និងលុចហ្សំបួ អាចគាំទ្រ​លទ្ធផលនៃការសម្រុះសម្រួលនេះ ឬអត់ នៅពេលដែល​លទ្ធផលនេះ​«បញ្ជាក់ពីដីសម្បទានទាំងនេះ និងការបណ្ដេញ​ជនជាតិ​ភាគតិច​​ពូនង​ចេញពីដែនដីរបស់​ពួកគេ»

អ្នកនាំពាក្យ​នៃទីភ្នាក់ងារ​ស្វីសដើម្បីអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) ដែល​បានផ្ដល់​មូលនិធិ​ជំនួយ​​រដ្ឋាភិបាលស្វីសសម្រាប់ដំណើរការសម្រុះសម្រួលខាងលើ បាននិយាយ​នៅ​ក្នុង​ការឆ្លើយតប​តាមអ៊ីមែលក្នុងនាម​ម្ចាស់ជំនួយរដ្ឋាភិបាលទាំងអស់ យ៉ាងដូច្នេះ «ក្នុងនាម​ជាម្ចាស់ជំនួយ (រដ្ឋាភិបាល​ស្វ៊ីស អាល្លឺម៉ង់ លុចហ្សំបួ) [sic] មិនបាន​ចូលរួម​នៅក្នុងដំណើរ​ការសម្រុះសម្រួលនេះ SDC មិនអាច​ធ្វើ​អត្ថាធិប្បាយបានទេ…»។ អ្នកនាំពាក្យ​បានបន្ថែម​ទៀត​​ថា ម្ចាស់ជំនួយ​យល់ស្របទៅតាម​របាយការណ៍​វាយតម្លៃ។ ​

របាយការណ៍វាយតម្លៃ​បានកោតសរសើរ​ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ការ​សម្រុះ​សម្រួល​នេះ ដោយថ្លែងថា OHCHR «ចូលរួមក្នុងដំណើរការសម្រុះសម្រួល​ក្នុងនាម​ជាអ្នកសង្កេតការណ៍… ដើម្បី​ធានាភាពត្រឹមត្រូវ​នៃដំណើរការនេះ» និងបានផ្ដល់«ការគាំទ្រ​ទាំងស្រុង»។ របាយការណ៍បានកត់សម្គាល់ថា OHCHR បានផ្ដល់«មូលនិធិដែលខ្វះ» និង​បាន​​ចេញ​ការចំណាយ​សម្រាប់ការគាំទ្រ​ផ្នែកច្បាប់​ដល់សហគមន៍នៅ​ក្នុងអំឡុងពេល​នៃ​ការ​សម្រុះ​សម្រួល។

ក្រុមហ៊ុន Socfin បាននិយាយថា ខ្លួន«ប្រាស្រ័យទាក់ទង​ប្រកប​ដោយតម្លាភាព»​ជាមួយនឹង​ការិយាល័យ​ប្រចាំកម្ពុជារបស់ OHCHR ដើម្បី«ធានាថា សកម្មភាព[របស់ Socfin] អនុលោម​ទាំង​ស្រុង​​ទៅតាម​បទដ្ឋានជាធរមាន ក្នុងនោះរាប់បញ្ចូល​ទាំង​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ធុរកិច្ច​និង​សិទ្ធិមនុស្ស និងប្រកាសរបស់អង្គការសហប្រជាជាតិ​ស្ដីពីសិទ្ធិរបស់ជនជាតិដើមភាគ​តិច» ផងដែរ។

មន្ត្រីព័ត៌មាន​សាធារណៈប្រចាំកម្ពុជារបស់ OHCHR លោក Hammad Ahmad បានថ្លែងតាម​អ៊ីម៉ែល​​ថា មានតែតំណាង​របស់ OHCHR ប៉ុណ្ណោះដែលអាចធ្វើសេចក្ដីថ្លែងការណ៍​សាធារណៈ​​អំពី​ទស្សនៈ​របស់ OHCHR ។ លោកបានបន្ថែមថា៖ «OHCHR នឹងបន្ត​សកម្មភាព​របស់ខ្លួន​ស្របទៅតាម​អាណត្តិរបស់​ខ្លួន និងរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ ដើម្បីធានាថា កម្ពុជា​គោរព​តាម​កាតព្វកិច្ច​សិទ្ធិមនុស្សអន្តរជាតិ​របស់​ខ្លួន»

កសិករនៅភូមិពូលុ លោក ណាំ ក៏ដូចជា​អ្នកភូមិពូនង​មួយចំនួនទៀត​នៅឃុំ​ប៊ូស្រាដែរ បាន​បញ្ជាក់​ពី​តម្លៃ​នៃការទទួលបាន​អារម្មណ៍នៃការបានដោះស្រាយបញ្ចប់ទំនាស់ជាច្រើន​ឆ្នាំ ប៉ុន្តែ សោកស្ដាយ​ដែល​សហគមន៍នៅតែខ្វះលទ្ធភាពក្នុងការទទួលបានសិទ្ធិពេញលេញ​លើដីធ្លី​របស់ខ្លួន ។

លោក ណាំ បានបន្ថែមថា៖ «យើងរស់នៅទីនេះតាមប្រពៃណីទំនៀមទម្លាប់របស់យើង យើង​មិន​ដែល​បង់ថ្លៃឈ្នួលអ្វីទេ»។ លោកបន្តថា៖ «ហើយ​យើង​មិនទាន់​បានទទួលយុត្តិធម៌ពេញ​លេញ​នៅ​​ឡើយ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Years-Long Mediation Leaves Bunong Farmers Indebted to Multinational Rubber Firm

260 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម