ក្នុងសំលៀកបំពាក់អាវពណ៌ស ខោពណ៌ខ្មៅ សក់ពណ៌ខ្មៅរួញតិចៗមានទឹកមុខញញឹមស្រស់ប្រកបដោយសំដីនិងកាយវិការរួសរាយរាក់ទាក់ ព្រមទាំងមានជំនឿចិត្តយ៉ាងមោះមុត គឺជាស្រ្តីខ្មែរដំបូងដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជួយសង្គ្រោះសត្វដំរីក្នុងខេត្តរតនគិរីនៃប្រទេសកម្ពុជា ស្ត្រីនោះឈ្មោះថា ខៃ ចិន្តា។
លោកស្រី ចិន្តា ប្រធានសមាគមអៃរាវតា មានដើមកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានឪពុកជាមន្ត្រីរាជការ និងម្តាយជាកសិករ។ មុនសង្រ្គាមបានផ្ទុះឡើងគ្រួសាររបស់លោកស្រីមានជីវភាពធូរធារ ប៉ុន្តែបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ជីវភាពរបស់គ្រួសាររស់នៅមួយថ្ងៃគិតមួយថ្ងៃ ដោយសារតែលោកស្រីបានបាត់បង់ឪពុកក្នុងសម័យខ្មែរក្រហមដូចនេះម្តាយលោកស្រីត្រូវមានកាតព្វកិច្ចមើលថែកូនប្រាំនាក់ក្នុងបន្ទុកគ្រួសារ។
លោកស្រីបន្តថា៖ «ពេលនោះខ្ញុំទើបតែមានអាយុប្រាំឆ្នាំតាមពិតទៅឪពុករបស់ខ្ញុំមិនបានធ្វើអ្វីខុសទេតែដោយសារតែ ពល ពត ច្រលំយកគាត់ទៅសម្លាប់ដោយសារតែគាត់បានសុំគេទៅជួយបេះពោតក្នុងចំការគឺគិតថាអង្គការនឹងអាចឱ្យពោត២រឺ៣ដើម្បីយកមកឱ្យកូននិងប្រពន្ធ»។
បន្ទាប់ពីពេលនោះមកម្តាយរបស់លោកស្រី ចិន្តា បានចាប់ផ្ដើមដាំបន្លែជាលក្ខណៈគ្រួសារ ប៉ុន្តែដោយមានការខ្វះកម្លាំងផងដែលធ្វើឱ្យការដាំបន្លែមិនបានផលច្រើន ហេតុដូចនេះហើយទើបម្តាយរបស់លោកស្រី ចិន្តា ក៏សម្រេចចិត្តផ្លាស់មករស់នៅភ្នំពេញដើម្បីធ្វើការជាអ្នកលក់ដូរនៅអំឡុងឆ្នាំ១៩៨០។
ក្នុងពេលផ្លាស់ទីលំនៅទៅទីក្រុងភ្នំពេញ គ្រួសាររបស់កុមារី ចិន្តា រកចំណូលបានតិចតួច ដូច្នេះពួកគេមិនមានអាហារូបត្ថម្ភសម្រាប់បរិភោគនោះទេក្នុងស្ថានភាពបែបនេះបានធ្វើឱ្យការសិក្សារបស់កុមារី ចិន្តា ធ្លាក់ចុះនិងបង្ខំចិត្តធ្វើការតាមហាងមួយចំនួនដើម្បីបន្តការសិក្សា។
លោកស្រីប្រាប់ថា៖ «កាលនោះយើងអត់មានអីហូបទេ មានតែហូបបាយជាមួយអំបិលហើយពេលខ្លះយើងអត់មានអំបិលទៀត»។
ដោយសេចក្ដីខិតខំព្យាយាមលោកស្រី ចិន្តា បានបន្តការសិក្សារហូតដល់បញ្ចប់មហាវិទ្យាល័យផ្នែកអក្សសាស្រ្តភាសារបារាំងបន្ទាប់ពី ចិន្តា ប្រឡងជាប់ជាអ្នកបកប្រែភាសាបារាំងក្នុងចំណោមសិស្ស ៥០០នាក់ដែលមានបេក្ខជនជាង ១២០០នាក់ក្នុងសម័យ អ៊ុន តាក់។
បន្ទាប់ពីប្រឡងជាប់ ចិន្តា តម្រូវឱ្យរៀនបន្ថែមពីជំនាញបកប្រែភាសាបារាំង ខណៈនោះ ចិន្តា មើលឃើញថាមានសមត្ថភាពកាន់តែប្រសើរ ជាពិសេសទទួលបានប្រាក់លើកទឹកចិត្ត៥០ដុល្លារក្នុងម្នាក់ដែលធ្វើឱ្យ ចិន្តា រៀនកាន់តែពូកែ។
លោកស្រី ចិន្តា បន្តទៀតថា៖ «នេះជាប្រាក់ខែដំបូងខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើបាន»។
ក្រោយមក ចិន្តា ចាប់ផ្ដើមសិក្សាអក្សរសាស្ត្របារាំងក្នុងគោលបំណងក្លាយជាគ្រូគាត់ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្របារាំងនៅឆ្នាំ១៩៩៧។
លោកស្រីបន្តទៀតថា៖ «ប៉ុន្តែគោលបំណងមួយនេះត្រូវបានផ្លាស់ប្តូរដោយសារតែលោកស្រីស្រលាញ់ធម្មជាតិហើយវិស័យទេសចរណ៍ពិតជាមានឱកាសច្រើននិងចង់ជួបមនុស្សគ្រប់មជ្ឈដ្ឋាននិងរៀនពីមនុស្សផ្សេងៗគ្នាហើយក៏មានគំនិតចង់បើកអាជីវកម្មដោយខ្លួនឯង»។
បន្ទាប់ពីរៀបការនៅឆ្នាំ១៩៩៨មក លោកស្រីចិន្តាបានចាប់ផ្ដើមក្លាយជាម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ដោយបើកផ្ទះសំណាក់នៅរាជធានីភ្នំពេញ និងបន្ទាប់មកនៅខេត្តរតនគីរីដែលមានឈ្មោះថាសណ្ឋាគារទែរូ។
លោកស្រីបន្តថា៖ «[ខ្ញុំ]ទៅខេត្តរតនគីរីដំបូងមានសត្វដំរីប្រមាណជាង៧០ក្បាលដែលចញ្ចឹមដោយជនជាតិភាគតិចដែលនៅរតនគីរីនោះផ្ទាល់ ជាអកុសលសត្វដំរីដ៏ច្រើននោះត្រូវបានស្លាប់ម្ដងមួយៗរហូតសល់ត្រឹមតែ៣ក្បាលដោយសារតែសហគមន៍មិនបានរៀបចំឱ្យបានល្អមិនបានបង្កាត់ពូជឱ្យបានត្រឹមត្រូវ កង្វះចំណេះដឹងក្នុងការថែទាំងក៏ដូចជាបញ្ហាហិរញ្ញវត្ថុផងដែរ»។
ដោយយល់ឃើញថាសត្វដំរីជាសត្វដែលគួរឱ្យស្រលាញ់ ជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចក៏ដូចជាផ្នែកមួយនៃវិស័យទេសចរណ៍នៅខេត្តភាគឦសានក្រៅពីទឹកជ្រោះព្រៃភ្នំជាដើម ទើបលោកស្រី ចិន្តា ចាប់ផ្ដើមអាជីវកម្មអេកូទេសចរណ៍អភិរក្សដំរីនៅឆ្នាំពី២០១៥ បើទោះបីជាលោកស្រីនៅខ្វះចំណេះដឹងខាងផ្នែកចញ្ចឹមដំរីក៏ដោយ។
លោកស្រីលើកឡើងថា៖ «នៅពេលឃើញដំរីស្លាប់ម្ដងមួយៗចឹង ខ្ញុំសោកស្ដាយព្រោះដំរីជាអត្តសញ្ញាណជាតិមួយដែលជួយពលរដ្ឋខ្មែរជាច្រើន ដូច្នេះទើបខ្ញុំចង់អភិរក្ស និងចង់លើកស្ទួយវិស័យទេសចរណ៍ផងដែរ»។
លោកស្រីបន្តថា នៅពេលចាប់ដើមអាជីវកម្មដំបូងមានភាពលំបាកច្រើនដោយសារតែលោកស្រីមិនមានបទពិសោធន៍ក្នុងការចញ្ចឹមដំរី ត្រូវការហ្មដំរីពីនាក់សម្រាប់ដំរីមួយក្បាលព្រមទាំងការចំណាយថវិកាជាច្រើនលើចំណីជាពិសេសការចំណាយលើការទិញដំរីមកអភិរក្សដែលមាន៧ម៉ឺនដុល្លាឡើងទៅសម្រាប់ប្រភេទដំរីដែលមានអាយុចាប់ពី២០ ទៅ៣០ឆ្នាំក្នុងពេលបច្ចុប្បន្ន។
បន្ថែមពីនេះការលំបាកបានថែមមួយកម្រិតទៀតនៅអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះ និងផ្អាករយៈពេលជិតពីរខែនៅពេលដែលបិទក្រុងប៉ុន្តែការមើលថែដំរីនៅតែដំណើរការជាធម្មតា។
លោកស្រីបានលើកឡើងថា៖ «ទោះបីជាមិនមានភ្ញៀវមកសោះក៏ខ្ញុំទៅជួយលើកទឹកចិត្តអ្នកថែរក្សាដំរីថាមិនអីទេ យើងនៅតែមើលថែដំរីធម្មតាចឹង»។
បន្ថាប់ពីបានបើកប្រទេសឡើងវិញអាជីវកម្មអេកូទេសចរណ៍នេះបានចាប់ផ្ដើមដំណើរការប្រសើរជាងមុនដោយមានភ្ញៀងភាគច្រើនក្នុងស្រុក និងមួយចំនួនតូចមកពីបរទេស។ លោកស្រី ចិន្តា បន្តថា ខេត្តរតនគីរីមានចម្ងាយឆ្ងាយជាងខេត្តដទៃហេតុដូចនេះចំនួនភ្ញៀវដែលមកទស្សនានៅក្នុងកម្រិតតិចតួចនៅឡើយ។
ហេតុដូចនេះលោកស្រីសង្ឃឹមថា មានប្រលានយន្តហោះនៅខេត្តភាគឦសាននេះនឹងជួយដល់វិស័យទេសចរណ៍ដែលចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជនជាតិដើមភាគតិចនៅទីនោះផងដែរ។ លោកស្រីបន្តថា ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ដំរី៤ក្បាលដែលកំពុងចិញ្ចឹមក្នុងនោះរួមទាំងកូនដំរីដែលតែកើត ដែលនេះជាក្ដីសង្ឃឹមរបស់លោកស្រី និងប្រជាពលរដ្ឋដែលនៅទីនោះ ដោយសារតែប្រជាពលរដ្ឋដែលនៅទីនោះមានការងារធ្វើ អាចលក់ចំនីដំរី និងអាចលក់ផលិតផលរបស់ពួកគេផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំអភិរក្សធ្វើឱ្យខ្ញុំខ្សត់ខ្សោយមែន តែទោះជាយ៉ាងណាខ្ញុំនៅតែសប្បាយចិត្ត មានទឹកចិត្តចេះតែធ្វើបន្តទៅមុខទៀត ហើយខ្ញុំចង់ឃើញកូនដំរីស្រុកកើតបានច្រើនជាប្រចាំរាល់ឆ្នាំ»។
លោកស្រីបានបន្តថា៖ «ដោយសារតែវត្តមានរបស់ដំរី គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមក្នុងវិស័យអេកូទេសចរណ៍ដើម្បីជួយទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើន ជាពិសេសទៅទៀតនាងខ្ញុំចង់ឃើញដំរីរស់នៅក្នុងជម្រកធម្មជាតិ គឺនៅក្នុងព្រៃធម្មជាតិនេះ»។
លោកស្រី បន្ថែមថា សមាគមអៃរាវតាត្រូវចំណាយថវិកាលើការចិញ្ចឹមដំរីនេះក្នុងមួយឆ្នាំៗសរុបអស់ជា១០ម៉ឺនដុល្លារ ភាគច្រើនថវិកាដែលចំណាយលើការចិញ្ចឹមដំរីនេះជាថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគាត់ ហើយក្នុងពេលកូវីដ១៩កំពុងរាលដាលកន្លងមក គឺពិតជាមានផលពិបាកមែនទែនក្នុងការរកថវិកាដើម្បីចំណាយក្នុងការចិញ្ចឹមដំរីនេះ។
សព្វថ្ងៃនេះលោកស្រី ចិន្តា និងស្វាមីជនជាតិបារាំង Pierre Yves Clais មានកូនបីនាក់ គឺប្រុសម្នាក់និងស្រី២នាក់ហើយកូនទាំងអស់របស់គាត់កំពង់សិក្សានៅប្រទេសបារាំង។
បច្ចុប្បន្ននេះ មានដំរីព្រៃប្រមាណពី៤០០ ទៅ ៦០០ក្បាលនៅក្នុងប្រទេសកម្ពុជា ដោយមានការប្រមូលផ្តុំសំខាន់នៅជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងវាលទំនាបភាគខាងកើតនៃខេត្តមណ្ឌលគិរី យោងទៅតាម FAUNA AND FLORA INTERNATIONA ( FFI )។
ដំរីនិងសត្វដទៃជាច្រើនទៀតភាគច្រើនបានបាត់បង់ជីវិតពិការរភាពដោយសារតែការដាក់អន្ទាក់និងការបាត់បង់ព្រៃឈើយោងតាមសារព័ត៍របស់ The Guardian News បានបង្ហាញថាឆ្មាំការពារព្រៃបានរកឃើញអន្ទាក់ចំនួន១០៩ ២១៧ក្នុងរយៈពេលតែប្រាំមួយឆ្នាំប៉ុណ្ណោះនៅក្នុងឧទ្យានតែមួយក្នុងប្រទេសកម្ពុជា។
លោក ផន ចាន់ថន ជាមេឃុំល្បាងពីរនៃខេត្តរតនះគិរី បានលើកឡើងថា មិនដែលធ្លាប់ជួបជាមួយម្ចាស់អភិរក្សដំរីនោះទេ តែលោកផ្ទាល់ក៏ធ្លាប់ទៅទស្សនាកន្លែងចញ្ចឹមដំរីនោះផងដែរ។ លោកបន្តថាបន្ទាប់ពីមានកសិដ្ឋានដំរីមក ប្រជាពលរដ្ឋមានជីវភាប្រសើរជាងមុនដោយសារប្រជាពលរដ្ឋអាចលក់កសិផលដែលជាចំណីរបស់ដំរី និងឧបករណ៍ផ្សេងៗបន្តទៅកន្លែងចញ្ចឹមដំរីនោះ។
លោកបានឱ្យដឹងថា៖ «គាត់មកទិញផ្ទាល់ គាត់ទិញតាមចំការ គាត់ទិញដើមចេក អំពៅ នៅតាមចំការរបស់អ្នកស្រុក ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលមានកន្លែងចញ្ចឹមដំរីនេះ ដែលបានជួយសង្គ្រោះដំរីដែលជិតបាត់បង់ដោយសារតែកង្វះចំណេះដឹងទាក់ទិននឹងការចញ្ចឹមដំរីបានធ្វើឱ្យដំរីស្លាប់ម្ដងមួយៗពីចំនួន១០ក្បាលក្នុងរយៈពេលជាង២០ឆ្នាំមុន មកត្រឹមតែចំនួន៤ក្បាលប៉ុណ្ណោះនៅលើទឹកដីខេត្តរតនគិរីនេះ»។
លោក ម៉ាអាន អាយុ 60ឆ្នាំ ជាជនជាតិភាគតិច បានថែទាំដំរីឈ្មោះ អ៊ី កែវ និង បុកវ៉ា តាំងពីឆ្នាំ2015 នៅមូលនិធិអៃរាវតា ទោះបីជាការមើលថែដំរីវាពិតជាមិនងាយស្រួលទេតែដោយសារតែការស្រលាញ់និងចូលចិត្តដំរីនិងដោយសារតែជនជាតិដើមភាគតិចពួកគាត់ចាត់ទុកដំរីជាដូនតារបស់ពួកគាត់ ហើយក៏ចូលចិត្តធ្វើការជាមួយលោកស្រី ចិន្តា ព្រោះគាត់ជាមនុស្សល្អ។
លោក ម៉ាអាន និយាយថា៖ «គាត់ពិតជាចូលចិត្តធ្វើការងារជាមួយលោកស្រីចន្តាដោយសារតែគាត់មានចិត្តល្អមិនថាចំពោះមនុស្សរឺក៏សត្វទេតែងតែជួយទាំងថវិកានិងកំលាំងចិត្ត ហើយប៉ុន្មានសប្តាណ៍មុនខ្ញុំមិនបានទៅធ្វើការទេដោយសារតែខ្ញុំទើបនឹងបើកភ្នែកហើយលោកស្រី ចិន្តាតែងតែសួរសុខទុក្ខនិងជួយចេញការព្យាបាល»។
អ្នកស្រី សួន នារី មានមុខរបរជាអ្នកលក់សូត្រនៅអង្គការមិត្តសំឡាញ់ហើយក៏ធ្លាប់ធ្វើការងារជាមួយលោកស្រី ចិន្តា តាមបទពិសោធន៍របស់គាត់សង្កេតឃើញថា៖ «លោកស្រី ចិន្តា ជាមនុស្សមានចិត្តល្អគួរឱ្យគោរព ជាមនុស្សស្រីចាត់ទុកថាជាវីរៈនារីក្នុងសម័យនេះ ដោយសារក្នុងសម័យនេះពិបាករកនារីដែលចិត្តល្អដូចគាត់ណាស់ គាត់ចូលចិត្តធ្វើការដែលជួយដល់ប្រយោជន៍សង្គម ស្រលាញ់អ្នកក្រីក្រ កុមារកំព្រា ជនពិការ និងសត្វគ្រប់ប្រភេទ ជាពិសេស គឺសត្វដំរី មិនតែប៉ុណ្ណោះគាត់បានផ្តល់ឱកាសឱ្យក្មេងកំព្រាធ្វើការក្នុងកន្លែងរបស់គាត់ទៀតផង»។
អ្នកស្រី នារី បន្តថា លោកស្រី ចិន្តា តែងតែចេះចែករំលែក ដោយមិនគិតពីដើមទុន ការចំណាយទាំងអស់ រាល់ពេលប្រមូលផលម្តងៗគាត់តែងតែជិះឡានទៅដឹកផ្លែឈើ និងបន្លែដល់កន្លែងលក់របស់គាត់ចាប់តាំងពីគាត់ជួបគ្រោះថ្នាក់ពិការជើងមក។
អ្នកស្រី នារី បានបន្ថែមថា៖ «គាត់ចង់មើលឃើញស្រ្តីខ្មែរដទៃទៀតមានភាពក្លាហ៊ាន សប្បុរធម៌ និងមិនរើសអើងជនពិការ ហើយការជួយអ្នកណាម្នាក់ដោយមិនចង់បានការតបស្នងមកវិញ»៕