នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរមន្ត្រីគណបក្សភ្លើងទៀន២៣នាក់ កាលពីចុងសប្តាហ៍ ដែលតាមចោទថា បានភូតកុហក់ប្រជាពលរដ្ឋ ខណៈប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណបក្សនយោបាយថ្មី។
នគរបាលអះអាងថា សមាជិកបក្សភ្លើងទៀនបានភូតកុហក់ពលរដ្ឋថា មេដឹកនាំគណបក្សប្រជាជនកម្ពុជានៅពីក្រោយកិច្ចប្រឹងប្រែងបង្កើតគណបក្សថ្មីនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖ «ពួកគេត្រូវបានចាប់ខ្លួនដោយសារប្រើឈ្មោះសម្តេចក្រឡាហោម [ស ខេង] និងសម្តេចពិជ័យសេនា [ទៀ បាញ់] ទៅឃោសនាដើម្បីបង្កើតគណបក្សគាត់»។ លោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក ស ខេង គឺជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ទៀ បាញ់ ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ។ ថ្មីៗនេះ លោកទាំងពីរបានចាកចេញពីមុខតំណែងជាមួយនឹងការផ្លាស់ប្តូររដ្ឋាភិបាល ដោយប្រគល់តួនាទីបន្តទៅកូនប្រុស។
សកម្មភាពរបស់នគរបាលកាលពីចុងសប្តាហ៍បង្ហាញឲ្យឃើញពីការឃាត់ខ្លួនសមាជិកមួយក្រុមធំរបស់គណបក្សភ្លើងទៀននៅក្រោមរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
កាលពីថ្ងៃអាទិត្យ អ្នកដែលត្រូវចាប់ខ្លួនចំនួន១៧នាក់ត្រូវបានដោះលែង ដែលភាគច្រើនមានតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ បន្ទាប់ពីបានចុះហត្ថលេខាលើឯកសារកិច្ចសន្យាថា ពួកគេមិនបានពាក់ព័ន្ធនឹងបទល្មើសនោះទេ។
ក្នុងចំណោមមនុស្ស៦នាក់ទៀតដែលបន្តស្ថិតក្នុងការឃុំខ្លួន មានបួននាក់មានតួនាទីខ្ពស់នៅក្នុងគណបក្ស រួមមានលោក ស៊ិន វត្ថា ប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក លោក ឡុង ឡាវី ជាអនុប្រធាន លោក ទួត វាសនា ប្រធានគណបក្សភ្លើងទៀនស្រុកមង្គលបូរី និងលោក ជុំ ស៊ីណាត ជាអនុប្រធាន។ លោក វ៉ាន់ ស៊ុយអ៊ីវ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសកម្មជន ទេព សម្បត្តិមនោ ក៏ត្រូវបានឃុំខ្លួន ដើម្បីសាកសួរផងដែរ។
លោក ស៊ិន វត្ថា ត្រូវបានក្រសួងអប់រំបណ្ដេញចេញពីតួនាទីរបស់លោកជាគ្រូបង្រៀននៅវិទ្យាល័យកាលពីខែមិថុនា ដោយសារ “ការប្រព្រឹត្តខុសវិជ្ជាជីវៈមន្ត្រីរាជការ” ប៉ុន្តែលោកជឿថា ការបញ្ចប់តួនាទីរបស់លោក គឺដោយសារតែសកម្មភាពនយោបាយរបស់លោក។
លោក សួន ខេមរិន្ទ អតីតអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ និងត្រូវបានដោះលែងវិញកាលពីថ្ងៃអាទិត្យ បាននិយាយថា នគរបាលបានប្រាប់លោក អំឡុងពេលសាកសួរថា លោក ស៊ុយ អ៊ីវ បានប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីបង្កើតគណបក្សនយោបាយ ហើយបានប្រាប់អ្នកភូមិថា គណបក្សនេះត្រូវបានគាំទ្រដោយមេដឹកនាំរដ្ឋាភិបាលកំពូលៗ។
លោក ខេមរិន្ទ បាននិយាយថា៖ «ខ្ញុំត្រូវបានដោះលែងបន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យា ព្រោះខ្ញុំមិនពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃទេ»។
លោកនិយាយថា លោកត្រូវបានសាកសួរ ដោយសារតែតួនាទីចាស់របស់លោកជាអគ្គលេខាធិការ បើទោះជាលោកបានលាលែងពីមុខតំណែងនេះកាលពីខែមិថុនាក៏ដោយ បន្ទាប់ពីដឹងថា គណបក្សនេះត្រូវបានដកសិទ្ធិមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជាតិ។
ពាក់ព័ន្ធនឹងស្ថានភាពរបស់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំគិតថា ស្ថានភាពមិនផ្លាស់ប្តូរទេ ព្រោះនៅតែមានមនុស្សច្រើន ដែលត្រូវបានចាប់ខ្លួនដោយហេតុផលផ្សេងៗ»។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធដោះលែងសមាជិកគណបក្សដែលគ្មានកំហុស។
លោកបានមានប្រសាសន៍ថា៖ «យើងបានណែនាំ [សមាជិក] រួចហើយកុំឲ្យធ្វើអ្វីដែលល្មើសនឹងច្បាប់។ ខ្ញុំមិនដឹងពីចេតនារបស់ [ស្នងការដ្ឋាននគបាល] ទេ ព្រោះក្រោយការបោះឆ្នោត គាត់នៅតែចាប់ខ្លួន [សមាជិកគណបក្ស]»។
លោកបានបន្តថា គណបក្សភ្លើងទៀនគ្មានចេតនាអ្វីក្រៅពីការចូលរួមការបោះឆ្នោតស្របច្បាប់នោះទេ។
លោកបានបន្ថែមថា៖ «យើងចង់ធ្វើការរួមគ្នា ដើម្បីការអភិវឌ្ឍបែបស្ថាបនា និងមានឯកភាពជាតិពិតប្រាកដមួយ។ រហូតមកដល់ពេលនេះ យើងមិនឃើញមានសញ្ញាណាមួយ [ស្ថានការណ៍នយោបាយ] ប្រសើរជាងមុនទេ។ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញ បើកលំហប្រជាធិបតេយ្យនៅពេលអនាគត»។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ស្ថានការណ៍នយោបាយនៅកម្ពុជា មិនទាន់ប្រសើរឡើងនៅឡើយ បើទោះជាប្រទេសមួយចំនួនបានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះតួនាទីថ្មីរបស់លោកក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ស្ថានការណ៍នយោបាយមិនបានប្រសើរឡើងទេ ដោយសារតែមានការចាប់ខ្លួនជាបន្ត [សមាជិកគណបក្សភ្លើងទៀន]។ មានរូបភាពនៃការរឹតត្បិតសិទ្ធិ និងសេរីភាពនៃសកម្មភាពនយោបាយ»។លោកបន្តថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលថ្មីនិងរដ្ឋាភិបាលចាស់ គឺរដ្ឋាភិបាលតែមួយព្រោះកើតចេញពីគណបក្សកាន់អំណាច [CPP]ដដែល»។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមិនអាចទាក់ទងបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Banteay Meanchey Police Detain 23 Candlelight Party Officials