សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាល​ខេត្ត​បាត់ដំបង​ឃាត់​​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​រត់ពន្ធ​អាវុធ​ ហើយ​បញ្ជូន​ទៅ​ខេត្ត​​ព្រះសីហនុ ​ដើម្បី​បន្តនីតិវិធី

ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញក្នុងស្រុកកាលពីថ្ងៃពុធបានបង្ហោះរូបថតកម្លាំងសមត្ថកិច្ចជាមួយនឹងអាវុធដែលរឹបអូសបាន បន្ទាប់ពីការឆ្មក់ចូលឆែកឆេរ។
ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញក្នុងស្រុកកាលពីថ្ងៃពុធបានបង្ហោះរូបថតកម្លាំងសមត្ថកិច្ចជាមួយនឹងអាវុធដែលរឹបអូសបាន បន្ទាប់ពីការឆ្មក់ចូលឆែកឆេរ។

នគរបាលខេត្តបាត់ដំបងបានចាប់​​ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរត់ពន្ធអា​វុធចំនួន​៤០ដើម និងឃាត់ខ្លួនមនុស្ស​ពីរទៅបីនាក់ផ្សេង​ទៀត ដើម្បីសាកសួរ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីដឹងថា ពួកគេមិនជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះ​។

 លោក ពេញ រ៉ានី នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាប៉ុន​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ឈ្មោះ អៀង សុជា និង​មនុស្ស​ពីរទៅ​បី​នាក់ផ្សេង​​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។ 

លោកបានមានប្រសាសន៍ថា «មុខសញ្ញា​» ត្រូវបានតាមប្រមាញ់តាំង​ពីខេត្តព្រះសីហនុ ហើយគាត់​បានមក​ខេត្តបាត់ដំបង ដើម្បីទិញដីមួយកន្លែងនៅស្រុកសង្កែ ដោយស្នាក់នៅទីនោះប្រហែលបីខែ។ លោក ពេញ រ៉ានី បាន​មាន​ប្រសាសន៍​ថា៖ «បាទ! វា​គឺ​ជា​ការ​រត់​ពន្ធ និង​កាន់​កាប់​អា​វុធ​​ខុស​ច្បាប់»។ 

លោក​បាន​មាន​ប្រសាសន៍​ថា៖ «[គាត់] បាន​សារភាព​ថា ​គាត់​ធ្លាប់​ផ្ញើ ទំនិញ [អាវុធ] តាម​ឡាន​ក្រុង ហើយ​ពេល​ខ្លះ​ដឹក​ទំនិញ​​ដោយ​ខ្លួន​គាត់»។

 បើតាមលោក រ៉ានី បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យត្រូវបានបញ្ជូនទៅ​ស្នងការដ្ឋានន​គរ​បាល​ខេត្តព្រះសីហនុវិញ ដែលជា​ម្ចាស់​ករណី​ ចំណែកអ្នកផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

 កំណត់ហេតុ ដែលខេមបូចា​ទទួលបាន បានបង្ហាញថា នគរបាល​បានរឹបអូសបាន​កាំភ្លើង AK-47 ចំនួន១១ដើម កាំភ្លើងM16 ចំនួន៤ដើម កាំភ្លើង M4 ចំនួន២ ដើម Thunder X ១ដើម CKC ១ដើម កាំភ្លើងខ្លី ១ដើម និងកាំភ្លើងបាញ់​សត្វ​ ១៨ ដើម។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់) បានបញ្ជាក់ថា នគរបាលបានឃាត់​ខ្លួនលោក អៀង សុជា ដែលបាន​លាលែងពីមជ្ឈមណ្ឌលនេះកាលពីឆ្នាំ២០០៥។

 លោក​បាន​មាន​ប្រសាសន៍​ថា៖ «បាទ! ខ្ញុំ​បាន​ឃើញ​សេចក្តី​រាយ​ការណ៍​នៅ​ថ្ងៃនោះ [​ទី៤ ខែ​មិថុនា]។ គាត់​​បាន​លា​ឈប់​កាល​ពី​២០​ឆ្នាំ​មុន ហើយ​មិន​ពាក់​ព័ន្ធ [​នឹង​ស៊ីម៉ាក់] ​ទៀត​ទេ»។

លោក សុជា ធ្លាប់ធ្វើការជាអ្នកកាន់​ឃ្លាំង​ បន្ទាប់ពីចូលបម្រើការ​ងារ​នៅស៊ីម៉ាក់កាល​ពី​ខែមករា ឆ្នាំ២០០៣។ 

លោក អឹម កុសល ជាអ្នកនាំពាក្យនិង​ជា​ស្នងការរងនគរបាលខេត្តបាត់ដំបង មាន​ប្រ​សាសន៍ថា លោក សុជា ត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត​​។ លោក​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក ដួង សារ៉ន​ អ្នក​នាំ​ពាក្យអយ្យការ​អម​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​​ ប៉ុន្តែ​មិន​អាច​ទាក់​ទងសុំការអត្ថាធិប្បាយ​​បាន​ទេ​។

 កាល​ពី​ឆ្នាំ២០២២ មនុស្ស៧នាក់ត្រូវបានចោទប្រកាន់ពីបទរត់​ពន្ធអាវុធនៅក្នុងខេត្តបាត់ដំបង និងរឹបអូសគ្រាប់បែកដៃប្រមាណ៥០គ្រាប់ និងគ្រាប់​​​កាំភ្លើងវែង១ម៉ឺនគ្រាប់ នេះបើយោងតាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន​វីអូឌី​។​ 

លោក អ៊ិន គង់ជិត អ្នកសម្របសម្រួល​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​និង​បន្ទាយ​មាន​ជ័យ​​បាន​សាទរ​ចំពោះ​នគរបាល​​ដែល​បាន​ទប់ស្កាត់​បទ​​ល្មើស និង​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​​អាវុធ។ លោក​បាន​អំពាវនាវ​ឲ្យ​នគរបាល​​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​រក​ឲ្យ​ឃើញ​ថា ​មាន​អ្នក​ផ្សេង​ទៀត​ពាក់ព័ន្ធ​ដែរឬ​អត់​។ 

លោកបានមានប្រសាសន៍ថា៖ «ប្រហែលជា [មានអ្នកផ្សេងទៀត]។ ពួកគេមានរចនាសម្ព័ន្ធដឹកនាំ។ យើង​បាន​ស្នើ​​ឲ្យ​នគរបាល​​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​អ្នក​​ដែល [អាច] សមគំនិត [និង] ដាក់​ទោស [ពួកគេ]»។

លោក គង់ជិត បានមាន​ប្រសាសន៍​ថា៖ «ការបង្រ្កាបនេះ នឹងទប់ស្កាត់បទល្មើសនាពេលអនាគត និងការរត់ពន្ធអាវុធដែលរំខានដល់សន្តិសុខផ្ទៃក្នុង»។ 

លោក ឆាយ គឹមឃឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​​យ៉ាង​​ខ្លី​ថា ​​នគរបាល​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ។ លោក

ស រដ្ឋា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Battambang Police Arrest A Man for Smuggling Weapons, Sent to Preah Sihanouk For Further Action

1,717 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម