អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ជនបរទេសរាប់រយនាក់បានតវ៉ានៅតំបន់ China Town ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានការហាមឃាត់ពួកគេមិនឱ្យរៀបចំពិធីសាសនា ដែលជំរុញឱ្យមានជម្លោះរវាងកម្មករបរទេស និងមេការក្រុមហ៊ុន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ប្រាប់ សារព័ត៌មានខេមបូចា ថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោងប្រមាណ១០យប់ថ្ងៃទី៤ ខែតុលា ហើយបានបញ្ចប់ទៅវិញនៅម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី៥ ខែតុលា បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរខេត្ត។
យោងតាមការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ច អ្នកតវ៉ាគឺជាជនជាតិបង់ក្លាដែស និងប៉ាគីស្ថាន។ ការតវ៉ានេះធ្វើឡើងក្រោយសាសនារបស់ពួកគេរងការប្រមាថពីសំណាក់ជនបរទេសជាជនជាតិផ្សេង។
លោកមានប្រសាសន៍ថា៖ «វាផ្តើមចេញដោយមានជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ដែលបានប៉ះទង្គិចពាក្យសម្តីទាក់ទងនឹងការប្រមាថលើសាសនារបស់គាត់ទេ មិនមែនជាការតវ៉ារឿងអីផ្សេងទេ»។
បើតាមលោក រដ្ឋា ជនបរទេសដែលពាក់ព័ន្ធភាគច្រើនកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ប៉ុន្តែលោកមិនអាចបញ្ជាក់ពីចំនួនអ្នកតវ៉ាសរុបបានទេ ដោយសារអាជ្ញាធរកំពុងស៊ើបអង្កេត។
លោកឱ្យដឹងថា៖ «នៅក្នុងដៃសមត្ថកិច្ចយើងមានអ្នកពាក់ព័ន្ធមួយចំនួនធំហើយ ប៉ុន្តែរឿងនេះស្ថិតនៅក្រោមការស៊ើបអង្កេត យើងមិនអាចផ្សព្វផ្សាយបានដោយសារមានគោលការណ៍ថ្មី ដែលយើងត្រូវអនុវត្ត ដូច្នេះមិនអាចបញ្ជាក់បានទេ»។
វីដេអូជាច្រើនដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីមនុស្សរាប់រយនាក់តវ៉ានៅតាមផ្លូវ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខណៈអ្នកខ្លះត្រូវបានគេមើលឃើញថាកំពុងបំផ្លាញកុំព្យួទ័រ តុ កៅអី និងវាយកម្ទេចបង្អួចនៅខាងក្នុងអគារមួយ។

អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក ខៀវ សាវ៉ុន ថ្លែងថា ការតវ៉ានេះកើតឡើងបន្ទាប់ពីមានការមិនពេញចិត្តពីកម្មកររបរទេសដែលកំពុងរៀបចំពិធីសាសនា តែត្រូវបានមេការម្នាក់ដែលជាជនបរទេសផ្សេងហាមឃាត់មិនឱ្យធ្វើសកម្មភាពនៅក្នុងអគារនោះ។
«បើតាមព័ត៌មានបឋមដែលយើងទទួលបានវាកើតហេតុដោយសារតែករណីបុគ្គលិកគាត់ធ្វើការនៅកន្លែងហ្នឹង គឺគាត់រៀបចំធ្វើពិធីសាសនា ហើយខាងមេការគ្រប់គ្រងកន្លែងហ្នឹង ដូចតាមដែលខ្ញុំដឹងមកដូចគាត់មិនឱ្យពួកគាត់(បុគ្គលិក)ធ្វើនៅកន្លែងហ្នឹង។ ពួកគាត់ដូចជាមានអារម្មណ៍ថាខឹងសម្បារ ក៏នាំគ្នាតវ៉ា»។ នេះបើតាមការឱ្យដឹងពីលោក សាវ៉ុន ដោយភ្ជាប់ថា នេះគឺជាព័ត៌មានបឋមដែលលោកទទួលបានប៉ុណ្ណោះ ខណៈដែលអាជ្ញាធរកំពុងបន្តធ្វើការលើករណីនេះ។
យ៉ាងណា លោកបានបង្វែរសំណួរឱ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងលោក ឃាង ភិរម្យ ដែលខេមបូចាមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយ។
មេប៉ុស្តិ៍នគរបាលសង្កាត់៤ លោក សំ ប្រាក់ បានប្រាប់ សារព័ត៌មានខេមបូចា ថា អង្គភាពរបស់លោកបានចូលរួមអន្តរាគមន៍ក្នុងការតវ៉ានេះដែរ តែលោកថាមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ដោយបង្វែរសំណួរទៅអធិការក្រុង។ ដោយឡែកលោក ភី វិសាល អធិការនគរបាលក្រុងព្រះសីហនុ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាបទពិសោធន៍មួយដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោយថាមនុស្សគ្រប់រូបមានសិទ្ធិជឿលើសាសនា និងប្រពៃណីរបស់ពួកគេ ហើយត្រូវតែធានាថាពួកគេគ្មានការរឹតត្បិតការអនុវត្តប្រពៃណីសាសនា។
លោកមានប្រសាសន៍ថា៖ «កាលណាមានការហាមឃាត់ វាជាការរំលោភបំពានលើសិទ្ធិរបស់ពួកគាត់ រំលោភទៅលើសាសនា។ ដូច្នេះការដែលហាមឃាត់ គឺបង្កឱ្យមានបញ្ហាកើតឡើង អ៊ីចឹងរឿងទាំងអស់ហ្នឹងវាជាបទពិសោធន៍មួយសម្រាប់អាជ្ញាធរ»។
ទោះជាយ៉ាងណា លោកបន្តថា ជនបរទេសដែលមកបំពេញការងារនៅកម្ពុជាក៏ត្រូវគោរពច្បាប់នៅកម្ពុជាដែរ។ លោកបន្តថា បើផ្អែកតាមច្បាប់ ប្រសិនបើពួកគេតវ៉ាដោយអហិង្សា នោះមិនត្រូវមានការឃាត់ខ្លួនទេ។
លោកបន្ថែមថា៖ «បើសិនជាការតវ៉ាមិនមានអំពើហិង្សាទេ នោះជាសិទ្ធិសេរីភាពរបស់ពួកគេ មិនអាចឃាត់ខ្លួន ប៉ុន្តែបើមានការប្រើអំពើហិង្សា ឬការបំផ្លិតបំផ្លាញណាមួយ នោះវាទាក់ទងនឹងការអនុវត្តច្បាប់ដែរ»។
ចំណែកមេភូមិ៦ លោក ជា វ៉ឹង បាននិយាយថា លោកមិនស្គាល់ឈ្មោះអគារដែលមានការតវ៉ានេះកើតឡើងទេ ព្រោះជាភាសាចិន ហើយក៏មិនដឹងថាគេកំពុងធ្វើការអ្វីនៅខាងក្នុងដែរ។
លោកបានបញ្ជាក់ថា អគារនេះមានសន្តិសុខចាំយាមច្រើននាក់ ហើយថាកន្លងមកលោក «គ្មានសិទ្ធិ» ដើម្បីចូលទៅខាងក្នុងដើម្បីសួរថាពួកគេកំពុងធ្វើអ្វីទេ។ លោកបានបន្ថែមថា៖ «មានតែសមត្ថកិច្ចថ្នាក់លើប៉ុណ្ណោះ ដែលអាចចូលទៅអន្តរាគមន៍បានប្រសិនបើមានបញ្ហាណាមួយកើតឡើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Foreign Workers in Sihanoukville Protest, Destroy Office Equipment After Religious Insult











