សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការបរបាញ់សត្វស្លាបនៅកម្ពុជាកើតឡើងដោយសារភាពក្រីក្រ និង​ការអនុវត្ត​ច្បាប់​មិនទាន់តឹងរឹង

សត្វកុកម្ទេសទុំមួយក្បាល បានជាប់មងរាយដោយកសិករក្នុងខេត្តកំពង់ឆ្នាំង។ (រូបភាព៖ ​Yann Bigant)
សត្វកុកម្ទេសទុំមួយក្បាល បានជាប់មងរាយដោយកសិករក្នុងខេត្តកំពង់ឆ្នាំង។ (រូបភាព៖ ​Yann Bigant)

«យើងដើរដាក់អន្ទាក់ជារៀងរាល់យប់» នេះជាការលើកឡើងដោយកសិករម្នាក់មកពីខេត្តកំពង់ឆ្នាំង។ «បន្ទាប់ពីដាក់អន្ទាក់រួច យើងនាំគ្នាគេងនៅក្បែរមងទាំងនោះ​ ពេលខ្លះគេងក្នុងអង្រឹង ពេលខ្លះក្នុងវាលស្រែ»

សំណាង (មិនមែនឈ្មោះពិត) មកពីភូមិមួយ ដែលសឹងតែរាល់បុរសទាំងអស់ក្នុងភូមិនោះ ប្រកបរបរដាក់អន្ទាក់សត្វស្លាប។ ពួកគេលាតសន្ធឹងមង ដែលមានប្រវែងជាង៥០ ម៉ែត្រ នៅជិតវាលស្រែលិចទឹក និងចាក់សម្លេងសត្វស្លាបតាមបាសដែលបានយកតាមខ្លួន។

លោក សំណាង ឱ្យដឹងថា៖ «យើងអាចចាប់បានជិត ឬលើសពីដប់ក្បាលក្នុងមួយយប់ ប្រសិន​បើមានច្រើនហើរចូលក្នុងមង​»

បក្សីទាំងនោះនឹងត្រូវយកទៅលក់ជាសាច់សត្វព្រៃនៅតូបតាមដងផ្លូវ ឬផ្សារដែល​នៅជិតៗ​នោះ។

លោកបានលើកឡើងថា អ្នកបរបាញ់សត្វស្លាបនៅជិតបឹងទន្លេសាប ដែលជាតំបន់​បណ្ដុំ​ដោយបក្សីជាច្រើន អាចចាប់បានពី៥០ ទៅ ៧០ក្បាល ក្នុងមួយយប់។

កសិករម្នាក់ក្នុងខេត្តកំពង់ឆ្នាំង កំពុងរាយមង នៅជាប់នឹងវាលស្រែមួយកន្លែង។ ដោយប្រើ​ប្រាស់កូន​បាស​ដែលបានដាក់តាមខ្លួន សម្រាប់​ចាក់សម្លេងសត្វស្លាប គាត់សង្ឃឹមថា នឹងអាចចាប់បានដប់ក្បាលក្នុងមួយយប់។ (រូបភាព៖​Yann Bigant)

ការបរបាញ់សត្វស្លាប គឺជាសកម្មភាពមួយដែលកំពុងរីករាលដាលឡើងក្នុងប្រទេសកម្ពុជា និង​នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយមានប្រភេទសត្វស្លាបជាង៥០០ប្រភេទ បាន​កត់​ត្រា​ទុកថា ត្រូវបានប្រមាញ់ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ បើផ្អែកតាម​ការស្រាវជ្រាវ​របស់​អង្គការអភិរក្សក្រៅរដ្ឋាភិបាល អង្គការជីវិតសត្វស្លាបអន្តរជាតិ និងត្រូវបានចែក​រំលែក​ជាមួយក្រុមអ្នករាយការណ៍។

មានមធ្យោបាយជាច្រើនដែលត្រូវបានប្រើប្រាស់ដូចជា៖ ខ្សែរចងភ្ជាប់ជាមួយនឹងផ្លែសន្ទូច ដាក់បង្កប់នៅតាមវាលស្រែ អន្ទាក់ ការប្រើប្រាស់នុយបញ្ឆោតសិប្បនិមិ្មតនុយរស់ ចំពាម​ដងដែក ថ្នាំពុល ឈើមានកាវបិទ កាំភ្លើងខ្យល់ កាំភ្លើងកែច្នៃ រួមទាំងកាំភ្លើងស្នាផងដែរ។

មង គឺជាឧបករណ៍ដែលមានគ្រោះថ្នាក់ជាងគេ ក្នុងចំណោមឧបករណ៍ដទៃទៀត។ វាមាន​តម្លៃ​ថោក និងងាយរកទិញបានគ្រប់ទីកន្លែង ហើយមិនត្រូវការប្រើកម្លាំងច្រើន។ អ្នកអភិរក្ស​បាន​លើក​ឡើង​ថា មងទាំងនេះ គឺជាមូលហេតុ​នៃការស្លាប់របស់បក្សី​ចំណាក​ស្រុករាប់លានក្បាល​នៅ​ទូ​ទាំងអាស៊ី

ការរាយមង គឺជាឧបករណ៍មួយប្រភេទដែលពេញនិយម និងប្រើប្រាស់ដោយអ្នកបរបាញ់។ វាមានតម្លៃថោក ងាយស្រួលប្រើប្រាស់ និងអាចចាប់សត្វស្លាបបានគ្រប់ប្រភេទ។ (រូបភាព៖ ​Yann Bigant)
ការរាយមង គឺជាឧបករណ៍មួយប្រភេទដែលពេញនិយម និងប្រើប្រាស់ដោយអ្នកបរបាញ់។ វាមានតម្លៃថោក ងាយស្រួលប្រើប្រាស់ និងអាចចាប់សត្វស្លាបបានគ្រប់ប្រភេទ។ (រូបភាព៖ ​Yann Bigant)
សម្បកកំប៉ុងដែលត្រូវបានចងភ្ជាប់គ្នា ទៅនឹងមង ដើម្បីឲ្យបន្លឺសម្លេងនៅពេលដែល​មាន​បក្សីជាប់អន្ទាក់ គឺជាមធ្យោបាយសម្រាប់ផ្ដល់សញ្ញា​ទៅកាន់​អ្នកបរបាញ់​ដែល​កំពុង​សម្រាក​នៅជិតៗនោះ។ (រូបភាព៖ ​Yann Bigant)
សម្បកកំប៉ុងដែលត្រូវបានចងភ្ជាប់គ្នា ទៅនឹងមង ដើម្បីឲ្យបន្លឺសម្លេងនៅពេលដែល​មាន​បក្សីជាប់អន្ទាក់ គឺជាមធ្យោបាយសម្រាប់ផ្ដល់សញ្ញា​ទៅកាន់​អ្នកបរបាញ់​ដែល​កំពុង​សម្រាក​នៅជិតៗនោះ។ (រូបភាព៖ ​Yann Bigant)

អាស៊ីអាគ្នេយ៍ កំពុងទទួលបានការចាប់អារម្មណ៍ទៅលើបញ្ហានៃការដាក់អន្ទាក់សត្វព្រៃ ដែល​មាន​លក្ខណៈសាមញ្ញ តែមានឥទ្ធិពលខ្ពស់ នៅក្នុងតំបន់ព្រៃការពារ ដើម្បី​យក​សាច់​មក​លក់។ យ៉ាងណាមិញ ការបរបាញ់សត្វស្លាបនៅតែជាបញ្ហាដែលត្រូវបានមើលរំលង។​ មូលហេតុ​មួយ​គឺដោយសារវាត្រូវបានលាតសន្ធឹងលើសពីតំបន់ព្រៃឈើ និងតំបន់ការពារ​ធម្មជាតិ ដូចជា​នៅ​លើ​ដីសម្រាប់ធ្វើកសិកម្ម និងតំបន់ដីសើម។

បញ្ហា «ព្រៃទទេ»ដែលសំដៅលើតំបន់ដែលមានទេសភាពព្រៃឈើខៀវស្រងាត់ តែមានការ​បាត់​បង់​នូវសត្វព្រៃស្ទើរតែទាំងស្រុងដោយសារការជាប់អន្ទាក់ គឺកំពុងទទួលការ​ចង​ក្រង​ទុក​ជាឯកសាររួចជាស្រេច។

អ្នកអភិរក្សបានព្រមានថា ប្រសិនបើគ្មានវិធានការនោះទេ ស្ថានភាពដដែលនេះ នឹង​ពង្រីក​ទៅ​កាន់​តំបន់ដីសើម និងដីធ្វើស្រែចម្ការ។

ការរីកលូតលាស់នៃការជួញដូរ

ក្រុមអ្នករាយការណ៍ បានរកឃើញ​ថា មានកន្លែង​លក់​សត្វ​ស្លាប​ព្រៃ​ជាបើកចំហរ១២ទីតាំង នៅទូទាំងខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា។

ការស្វែងរកអាជីវករលក់សត្វស្លាប គឺមានភាពងាយស្រួលស្ទើរតែ​គ្រប់ទីផ្សារដែលបាន​ចុះ​ទៅ​ធ្វើទស្សនកិច្ច រួមទាំងទីផ្សារក្នុងរាជធានីភ្នំពេញផងដែរ។ នៅតាមផ្លូវជាតិ តភ្ជាប់ខេត្ត មកកាន់​ភ្នំពេញ គឺមានតូបដាក់តាំងបក្សីដែលត្រូវបានបោចរោមរួច ឬចម្អិនរួច ដូចជា៖ កូនចាបតូចៗ​ត្រូវ​បានដាក់លក់ជាហ្វូង សត្វលលក ដុំដុរ ទោម ក្រសារ រួមទាំងប្រភេទសត្វស្លាបធំៗដូចជា ចង្កៀលខ្យង។

ទីតាំងដ៏សំខាន់មួយនៅខាងក្រៅក្រុងបាត់ដំបង ឆ្ពោះទៅកាន់ភាគពាយ័ព្យ ត្រូវបានឃើញថា​ជាកន្លែងដែលមានការតាំងបង្ហាញធំបំផុត ជាមួយនឹងតូបលក់សត្វស្លាបរាប់សិបតូប។ អ្នក​លក់​​ខ្លះបានលាក់ទុកស្តុកសត្វស្លាបសម្រាប់លក់បន្ថែមរបស់គាត់ក្នុងធុងទឹកកក។

ក្រៅពីការលក់តាមដងផ្លូវ អ្នកបរបាញ់ដទៃទៀត ដូចជាសំណាងដែរ គឺយកទៅលក់​ឲ្យ​ឈ្មួញ​កណ្ដាល និងអតិថិជនក្នុងទីក្រុង៖ «មានម៉ូយដែលទិញជាប្រចាំនៅភ្នំពេញ»។ លោក​បាន​លើក​ឡើងទៀតថា៖ «យើងក៏ដឹកជញ្ជូនសត្វស្លាបទាំងនេះ​ទៅពួកគាត់តាម​យានជំនិះ​ផង​ដែរ»

ការដាក់លក់សត្វកុក នៅក្នុងផ្សារអូរឬស្សី ក្នុងរាជធានីភ្នំពេញ។ ទោះជាការដាក់លក់​ទាំង​នេះ​នៅមានលក្ខណៈលាក់លៀម និងប្រុងប្រយ័ត្នជាងនៅតាមខេត្ត ក៏នៅតែមានភាពងាយស្រួល​ដើម្បីស្វែងរកអ្នកលក់សត្វស្លាបព្រៃទាំងនេះដែរ។ (រូបភាព៖ ​Yann Bigant)  
សូម្បីប្រភេទសត្វស្លាបធំៗ ដូចជា ចង្កៀលខ្យង ក៏បានរកឃើញថា​ត្រូវបាន​ដាក់​លក់​ក្នុង​ទីក្រុង។ ម្ចាស់តូបនេះ ដែលត្រូវបានគេឃើញថាដាក់លក់សត្វស្លាបជាប្រចាំនៅផ្សារទួលទំពូង ក្នុងទីក្រុងភ្នំពេញ បានលើកឡើងថា ប៉ូលិសមិនបានមកសួរនាំគាត់នោះទេ នៅពេល​ដែល​គាត់​ប្រាប់ថា គាត់លក់សត្វស្លាបព្រៃនេះម្ដងម្កាលប៉ុណ្ណោះ។ (រូបភាព៖ ​Yann Bigant)
សត្វស្លាប ត្រូវបានគេដាក់តាំងយ៉ាងបើកចំហរ នៅទីតាំងសំខាន់មួយ តាមផ្លូវធំទៅកាន់ទីក្រុង ស្ថិតនៅក្រៅក្រុងបាត់ដំបង។ នៅក្បែរសត្វក្រួចចិញ្ចឹម ដែលត្រូវបានដាក់តាំង ក៏មានសត្វព្រៃ​ជាច្រើនប្រភេទទៀតដែរ រួមមាន សត្វលលក និងប្រវឹក ដែលត្រូវបានដាក់លក់​ទាំង​បោច​រោម​រួច និងចម្អិនរួច។ (រូបភាព៖ ​Yann Bigant)  

លោក ប៊ូ វរសក្ស នាយកអង្គការអភិរក្សជីវិតធម្មជាតិនៅកម្ពុជា ដែលជា​អង្គការ​​ដៃគូររបស់ អង្គការ​ជីវិតសត្វស្លាប បានលើកឡើងអំពីតម្រូវការនៃសាច់សត្វស្លាបព្រៃ ដែលកើត​ចេញ​មក​ពីការចង់បរិភោគសាច់ «ធម្មជាតិ» ដែលជាជំនឿមួយថាមានរសជាតិឆ្ងាញ់ ធ្វើឲ្យមាន​សុខភាព​ល្អ និងបង្កើនកម្លាំងថាមពលជាងជម្រើសសាច់សត្វដែលត្រូវបានចិញ្ចឹម។

យ៉ាងណាមិញ ទោះជាមានការអនុវត្តច្បាប់ និងការធ្វើយុទ្ធនាការបង្កើន​ចំណេះដឹងដដែលៗ​យ៉ាងណាក៏ដោយ លោក វរសក្ស បានលើកឡើងថា៖ «ក៏នៅតែមានឈប់ឡានទិញ​សាច់​សត្វ​ស្លាបព្រៃ​នៅតាមដងផ្លូវ [រឺ] ក៏ទៅភោជនីយដ្ឋានដើម្បីរកសាច់សត្វព្រៃដែរ»។ 

ការថយចុះនៃចំនួនសត្វស្លាបដោយសារសកម្មភាពរបស់មនុស្ស

ការប្រមាញ់ និងការធ្វើកសិកម្ម គឺជាការគំរាមកំហែងឈានមុខគេទៅលើសត្វស្លាប ថនិកសត្វ និងថលជលិកសត្វ នៅទូទាំងពិភពលោក។ បញ្ជីជាតិសម្រាប់ត្រួតពិនិត្យប្រភេទសត្វស្លាប​នៅ​កម្ពុជា​បានកំណត់ការបរបាញ់ «ថាជាការគំរាមកំហែង ដ៏ធំបំផុតនៅគ្រប់ទីកន្លែង» សម្រាប់​សត្វ​ស្លាប​ក្នុងប្រទេស។

ក្នុងកំឡុងពេលដែលការបរបាញ់ ត្រូវបានចាត់ទុកថាជាមូលហេតុនៃការថយចុះ​នៃ​ប្រភេទ​សត្វស្លាបកម្រ និងជិតផុតពូជ ដូចជា សត្វខ្សឹប ឬទ្រមាក់អណ្ដើក ទីតលីតចំពុះស្លាបព្រា និងចាបព្រៃវែង បច្ចុប្បន្ន អ្នកអភិរក្សក៏កំពុងមានការព្រួយបារម្ភ​កាន់តែខ្លាំងឡើងចំពោះ​ប្រភេទ​សត្វស្លាបធម្មតាផងដែរ។

ជាក់ស្ដែង មានពេលមួយដែល ចាបព្រៃវែង ដែលជាប្រភេទសត្វចំណាកស្រុក «ដ៏សម្បូរ» ត្រូវ​បាន​ចុះក្នុងបញ្ជីថាជិតផុតពូជ ក្នុងឆ្នាំ​២០១៥ ដោយសារតែការដាក់អន្ទាក់សម្រាប់​យក​សាច់​បាន​​កើតឡើងច្រើនពេកនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ (រូបភាព៖​Yann Bigant)

លោក Ding Li Yong ដែលជាអ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រភេទសត្វចំណាកស្រុក នៅអង្គការជីវិតសត្វស្លាប សម្រាប់តំបន់អាស៊ី បានលើកឡើងថា៖ «កំណើននៃសត្វស្លាប​ភាគ​ច្រើន [ប្រភេទ] កំពុងមានការធ្លាក់ចុះ» ជាពិសេស ប្រភេទសត្វចំណាកស្រុក​មកកាន់​អាស៊ី​អាគ្នេយ៍​ក្នុងរដូវរងា។

លោក Yong ដែលជាអ្នកនិពន្ធចម្បង ទៅលើទិដ្ឋភាពទូទៅនៅក្នុងតំបន់ ស្ដីអំពីមធ្យោបាយ​បរបាញ់​សត្វស្លាប ដែលបានចេញផ្សាយនៅក្នុងអនុសញ្ញាលើប្រភេទសត្វចំណាកស្រុក ឆ្នាំ២០២៤ ក្នុងកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ។

តាមរយៈការស្រង់មតិជាច្រើនឆ្នាំដោយអង្គការក្នុងស្រុក របាយការណ៍នេះបានក្រើនរំលឹកថា ការប្រមាញ់សម្រាប់បរិភោគ រឺដើម្បីធ្វើពាណិជ្ជកម្ម ត្រូវបានរំពឹងថានឹង «កាត់បន្ថយចំនួន​ប្រភេទ​សត្វធម្មតា និង/រឺ សត្វដែលមិនទាន់ស្ថិតក្នុងការការពារស្របច្បាប់ ជាពិសេស ប្រភេទសត្វដែលនៅក្រៅតំបន់ការពារ»

យោងតាមការលើកឡើងរបស់លោក Yong ផងដែរ បានឲ្យដឹងថា ការបរបាញ់សត្វស្លាប «បាន​កើនឡើងពាសពេញអាស៊ីអាគ្នេយ៍ទាំងមូល ប៉ុន្តែមានការថយចុះ​នៅក្នុងតំបន់​ទទួល​បានការការពារមួយចំនួន»។ លោកបានពន្យល់ថា បញ្ហានោះគឺ តំបន់ការពារដែល​ទទួល​បាន​ការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន គឺជាតំបន់ព្រៃឈើ និងមួយចំនួនតិចជាតំបន់ដីសើម ដោយ​សារ​មានប្រភេទសត្វជិតផុតពូជ។ យ៉ាងណាមិញ សម្រាប់សត្វស្លាប​ដែលពឹងផ្អែក​លើ​វាល​ស្រែ វាលស្រែអំបិល និងតំបន់ទំនាបលិចទឹក ដែលត្រូវបានមើលរំលង​ក្នុងកម្មវិធីអភិរក្ស​ផ្ដោតលើតំបន់។

មាន់ទឹកមួយក្បាលត្រូវបានចាប់នៅក្នុងវាលស្រែ នៅភាគនិរតីនៃខេត្តព្រះសីហនុ។ ខណៈ​ដែល មង គឺជាឧបករណ៍ប្រមាញ់ដ៏សាមញ្ញបំផុតមួយ បច្ចេកទេស​ប្រមាញ់​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើប្រាស់ រួមមាន អន្ទាក់ ដ៏ស្មុគស្មាញដូចបង្ហាញក្នុងរូបភាព។ (រូបភាព៖ ​Yann Bigant)  

បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់

អាជ្ញាធរមូលដ្ឋាន ដើរតួនាទីយ៉ាង​សំខាន់ក្នុងការទប់ស្កាត់បទល្មើសសត្វព្រៃ ប៉ុន្តែ​នៅ​ក្នុង​ប្រទេសកម្ពុជា អ្នកអភិរក្សបានចាត់ទុកថា ការអនុវត្តច្បាប់នៅមានភាពខ្វះចន្លោះ និង​ទន់​ខ្សោយ​នៅទូទាំងប្រទេស។ លោក វរសក្ស បានលើកឡើងថា ក្រុមប្រឹក្សាឃុំ និងមន្ត្រីក្នុងស្រុក ត្រូវរួមគ្នាទទួល​ស្គាល់​តួនាទី​របស់ខ្លួនដើម្បីបញ្ឈប់ការបរបាញ់សត្វស្លាបខុសច្បាប់នេះ។

ទោះការលក់សត្វព្រៃដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់ ប៉ុន្តែនៅតែមានអ្នកប្រមាញ់ និងជួញដូរសត្វព្រៃ។ គួរបញ្ជាក់ថា ភ្នាក់ងារក្នុងស្រុកជាច្រើនកំពុងខ្វះធនធាន ជាពិសេស​គឺ​ឆន្ទៈ​ក្នុងការធ្វើអន្តរាគមន៍បញ្ឈប់នេះ។ បន្ថែមពីលើនេះទៀត បទល្មើសសត្វព្រៃ ត្រូវបាន​គេមើលឃើញថាជាបទល្មើសតូចតាច ហើយមេភូមិ ឬសន្តិសុខ តែងតែមិនចង់រាយការណ៍ ឬចាប់ខ្លួនអ្នកប្រមាញ់ដែលមកពីសហគមន៍របស់ខ្លួននោះទេ។

លោក សំណាង បាននិយាយថា៖ «ពួកគេ [ប៉ូលិសប្រចាំភូមិ] បើកឲ្យយើងដាក់អន្ទាក់​ដោយ​សេរីនៅក្នុងភូមិរបស់យើង»។ លោកបន្តថា៖ «ប៉ុន្តែប្រសិនបើយើងទៅដាក់កន្លែងផ្សេង ហើយគេចាប់បាន យើងត្រូវតែបង់ប្រាក់»។ ការបង់សំណូកជាធម្មតាមានចំនួនចាប់ពី ៣០ ០០០រៀល ទៅ ៥០ ០០០រៀល (ពី ៧.៥០ ដុល្លារ ទៅ ១២.៥០ ដុល្លារ) ដោយពេលខ្លះ​ឧបករណ៍​​សម្រាប់ដាក់អន្ទាក់នឹងត្រូវបានរឹបអូស។

រយៈពេលប្រាំបីខែក្រោយពីប៉ូលិសបានវាយឆ្មក់ទីតាំងជួញដូរដ៏ល្បីមួយក្នុង​ខេត្តកំពង់ចាម អាជីវករ​បានចាប់ផ្ដើមបើកជួញដូរសត្វស្លាបព្រៃឡើងវិញ។ (រូបភាព៖ ​Yann Bigant)

ក្នុងរយៈពេលពីរទស្សវត្សមកនេះ ភ្នាក់ងារអនុវត្តច្បាប់ បានរឹបអូសសត្វស្លាប និង​ប្រភេទ​សត្វ​ដទៃទៀតពីទីផ្សារ និងតូបតាមដងផ្លូវ ដែលធ្វើឲ្យមានការកាត់​បន្ថយការជួញដូរ​លក្ខណៈ​បើក​ចំហ។ កន្លែងលក់សត្វស្លាបដ៏ល្បីឈ្មោះមួយ គឺមានទីតាំងស្ថិតនៅស្រុកបាធាយ ភាគ​ខាង​ត្បូង​ខេត្តកំពង់ចាម។ អស់រយៈពេលជាងមួយទស្សវត្សមកនេះ ទីតាំងនេះ ត្រូវបាន​ទទួលការចុះបង្ក្រាបជារឿយៗតាមការកំណត់ដែលជាធម្មតាកើតឡើងវដោយសារការរាយការណ៍ផ្សេងៗតាមប្រព័ន្ធផ្សព្វផ្សាយ។

បន្ទាប់ពីមានការវាយឆ្មក់របស់ប៉ូលិស ក្រុមអ្នករាយការណ៍ បានចុះទៅកាន់ទីតាំងនេះ​ប្រាំបីខែ​មុន និងបានរកឃើញថា មានអាជីវករម្នាក់ដែលបានលក់សត្វស្លាបដោយបើកចំហ។ ប្រជាជន​ម្នាក់បានលើកឡើងថា មានរថយន្តប៉ូលិសជាច្រើនគ្រឿង បានទៅដល់ទីតាំងនោះ បន្ទាប់ពីមានវីដេអូមួយអំពីការដាក់លក់សត្វស្លាប អណ្ដើក និងសត្វត្រកួត ត្រូវបានលេចឡើង​លើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ពលរដ្ឋម្នាក់នោះបានលើកឡើងថា៖ «ពេលនោះមិនមានការចាប់ខ្លួននោះទេ។ ប៉ូលិស​គ្រាន់តែ​ព្រមានយើងកុំឲ្យលក់ទៀតតែប៉ុណ្ណោះ»។ តូបរបស់គាត់ មានដាក់ព្យួរត្រីងៀតជាជួរៗ ដោយគាត់និយាយថា លក់ដាច់ជាងសត្វព្រៃទៅទៀត។ យ៉ាងណាមិញ គាត់បានសារភាពថា ពេលខ្លះ គាត់ក៏បានទិញសត្វស្លាបឲ្យគ្រួសាររបស់គាត់ផងដែរ។ គាត់បានបន្ថែមទៀតថា «អ្នកបរបាញ់ នៅតែបន្តបរបាញ់»

អាជ្ញាធរបានធ្វើការបដិសេធលើការជួញដូរសត្វព្រៃក្នុងតំបន់នោះ ដោយអះអាងថា វីដេអូនោះ​គឺជាវីដេអូយូរមកហើយ។

ចំណែកនៅម្ខាងផ្លូវវិញ មានអាជីវករម្នាក់ទៀតបានលក់ ដុំដុរ និងប្រវឹក។ គាត់បាននិយាយ​ការពារ​អ្នកប្រមាញ់ដែលជាអ្នកផ្ដត់ផ្គង់របស់គាត់៖ «ពួកគាត់ក្រីក្រខ្លាំងណាស់។ ពួកគាត់​គ្មាន​ផ្ទះសម្បែងត្រឹមត្រូវទេ មានតែផ្ទះប្រក់ស្បូវដែលលេចធ្លាយពេលភ្លៀងធ្លាក់។ ពេលដែល​ចាប់​បានសត្វ នោះគឺជាពេលដែលពួកគាត់អាចទិញអង្ករហូបបាន»

ការបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត

លោក វរសក្ស នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ចាក់ថា៖ «ភាពក្រីក្រ គឺជាកត្តាជំរុញ​ដ៏ចម្បង​មួយនៃការបរបាញ់សត្វ»

បឹងព្រែកល្ពៅ ដែលស្ថិតក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្រោម នឹងក្លាយជាតំបន់រាមសារ ដែល​ជា​តំបន់ដីសើមមួយ ផ្ដល់សារៈសំខាន់ជាលក្ខណៈអន្តរជាតិ។ លោក វរសក្ស បានលើក​ឡើង​ថា មានប្រជាជនក្នុងតំបន់ប្រាប់គាត់ថា៖ «ខ្ញុំដឹងថានេះគឺជាតំបន់ការពារ ហើយខ្ញុំមិន​គួរ​ប្រកប​​របរបរបាញ់សត្វ ឬនេសាទខុសច្បាប់នោះទេ តែមានការងារអ្វី​ទៀតដែល​ខ្ញុំអាច​ធ្វើ​បាន? ខ្ញុំត្រូវ​ការ​ម្ហូបដើម្បីចិញ្ចឹមគ្រួសារខ្ញុំ»

កិច្ចព្រមព្រៀមជាលាយលក្ខណ៍អក្សរ ដែលជនល្មើសត្រូវចុះហត្ថលេខាសន្យាថា​នឹង​មិន​ប្រព្រឹត្ត​បទល្មើសសត្វព្រៃម្ដងទៀត គឺជាយុទ្ធសាស្រ្តមួយរបស់មន្ត្រីអនុរក្ស ប្រើប្រាស់​សម្រាប់​ជនល្មើសដែលមានប្រាក់ចំណូលទាប។ លោកវរសក្ស បានកត់សម្គាល់ថា វិធីសាស្ត្រនេះ មិន​មាន​ប្រសិទ្ធភាពនោះទេ ដោយសារជនល្មើសដែលបន្តប្រព្រឹត្តបទល្មើសសត្វព្រៃ នៅតែមាន​ការកើនឡើង ដោយលោកបានពន្យល់ថា មន្ត្រីអភិរក្ស តែងមានការស្ទាក់ស្ទើរក្នុងការ​ចាត់​វិធានការ​តឹងរឹងទៅលើប្រជាជនកំពុងងាយរងគ្រោះ។

មន្ត្រីអភិរក្សម្នាក់ឈរនៅក្បែរសាកសពរបស់បក្សីព្រៃក្នុងឧទ្យានជាតិភ្នំគូលែន ស្ថិតនៅ​ភាគ​ខាងជើង នៃប្រទេសកម្ពុជា។ រូបភាពស្រដៀងគ្នានេះ តែងតែត្រូវបាន​ជួបជា​ញឹក​ជាប់​រាល់​ពេល​ចូលព្រៃ។ អ្នកស្រុកអាចចូលព្រៃក្នុងហេតុផលផ្សេងៗ រួមមានដើម្បីប្រមូលដើមរុក្ខជាតិ ទឹកឃ្មុំ ឬឈើ និងដើម្បីបរបាញ់សត្វស្លាបសម្រាប់ជាអាហារក្នុងពេលកំពុងដើរព្រៃជាដើម។ (រូបភាព៖ ​Yann Bigant)   

ការវិភាគលើសំណុំទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា ដោយអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Monash បានរកឃើញទំនាក់ទំនងរវាងការទទួលបានប្រាក់ចំណូលទាប ការប្រមាញ់ និងការបរិភោគសត្វព្រៃ។ អ្នកស្រាវជ្រាវដដែលបានកត់សម្គាល់ថា ទិន្នន័យ​បាន​ណែនាំ «ការបរបាញ់នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបានជំរុញ​ដោយសារ​បញ្ហា​អំពីជីវភាព»។ ជារួមមក នៅពេលដែលគ្រួសារក្រីក្រ រស់នៅក្នុងតំបន់​ជនបទ​បាត់បង់​ប្រាក់​ចំណូល ដូចជា​ដោយសារទិន្នផលកសិកម្មមានចំនួនទាប ព្រោះមានភ្លៀងធ្លាក់ជន់ជោរ ពួកគេតែងតែ​ផ្លាស់ប្ដូរទៅរកការបរបាញ់សត្វដើម្បីទ្រទ្រង់ជីវភាពវិញ។

យ៉ាងណាមិញ មិនមែនរាល់ការប្រមាញ់ សុទ្ធសឹងតែដើម្បីការចិញ្ចឹមជីវិតនោះទេ។ ជាក់ស្ដែង មានការស្ទង់មតិឆ្នាំ២០១៩ ដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានកំណត់​លក្ខណៈ​អ្នក​ប្រមាញ់​អាជីពថា បានប្រើប្រាស់សំណាញ់មង ប្រវែងរាប់រយម៉ែត្រ ដែលអាចចាប់សត្វស្លាប​បានយ៉ាងច្រើនក្បាល។ ការលើកឡើងនេះ ក៏បានទទួលការបញ្ជាក់ពីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរ។

យ៉ាងណាក៏ដោយ សត្វព្រៃភាគច្រើន ដែលត្រូវបានប្រមាញ់ គឺត្រូវបានយកមកបរិភោគ ជាជាងជួញដូរ នេះបើតាមការលើកឡើងរបស់លោក Emiel De Lange ដែលជាទីប្រឹក្សា​បច្ចេកទេសផ្ដោតលើ ផលប៉ះពាល់នៃការអភិរក្ស មកពីអង្គការសមាគមអភិរក្ស​សត្វព្រៃ​កម្ពុជា។ លោកបានបន្ថែមថា៖ «បរិមាណដែលលោកអ្នកបានឃើញក្នុងទីផ្សារ គឺមានចំនួន​តិច​បណ្ណោះ​បើប្រៀបធៀបនឹងបរិមាណដែលត្រូវបានបរិភោគ»

ការស្វែងរកដំណោះស្រាយ

អ្នកអភិរក្សម្នាក់ដែលកំពុងធ្វើការលើការជួញដូរសត្វព្រៃនៅកម្ពុជា បានបកស្រាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញ្មឈ្មោះថា សត្វស្លាបទទួលបានការយក​ចិត្តទុកដាក់​ផ្នែកច្បាប់​តិច​ជាងថនិកសត្វ ទោះជាសត្វស្លាបទទួលបានការការពារខ្លះ​ក្រោមច្បាប់​ដែល​មាន​ស្រាប់​ក៏ដោយ។ អ្នកអភិរក្សបានអះអាងថា ការមានច្បាប់ការពារសត្វស្លាប នឹងអាចជួយ​បំពេញ​ចន្លោះ​ដែលកំពុងមាន ក៏ដូចជាបង្ការការកំណត់ថា ការប្រមាញ់សត្វស្លាប គឺជាជា​បញ្ហា​តូចតាច។

គួរបញ្ចាក់ផងដែរថា ប្រទេសវៀតណាម ដែលជាប្រទេសជិតខាង បានជ្រើសយក​ជំហរ​នេះរួច​ជាស្រេច។ ក្នុងឆ្នាំ២០២២ រដ្ឋាភិបាល បានអនុម័តសេចក្ដីណែនាំទី៤ ដែលត្រូវបានបង្កើត​ឡើង​​ដើម្បី​ទប់ស្កាត់ការរីកលូតលាស់ និងការរៀបចំការជួញដូរសត្វស្លាប កើតឡើង​ដោយ​សារ​​ការ​មានតម្រូវការសាច់បក្សីក្នុងភោជនីយដ្ឋាន ដែលជាតម្រូវការរបស់ប្រជាជន​មាន​ចំណូល​​មធ្យម​។

មង សម្រាប់ចាប់សត្វស្លាបត្រូវបានលក់ក្នុងតម្លៃថោក និងងាយស្រួលរកទិញក្នុង​ទីផ្សារ​នានា​ក្នុង​ប្រទេសកម្ពុជា។ (រូបភាព៖ ​Yann Bigant)

គួរបន្ថែមថា នៅទូទាំងតំបន់ អ្នកអភិរក្សសត្វស្លាបក៏ចង់ទាមទារ​ឲ្យមានការ​រឹតបន្តឹង​លើ​ឧបករណ៍​បរបាញ់ ដែលនៅតែមានដាក់លក់យ៉ាងទូលំទូលាយក្នុងទីផ្សារក្នុងស្រុក និង​តាម​ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ជាក់ស្ដែង អាជ្ញាធរក្នុងប្រទេសចិន បានបិទការលក់ មង និង​ឧបរកណ៍​បរបាញ់ដទៃទៀត។

ជាមួយនឹងការបន្តឹងកាន់តែខ្លាំងលើកន្លែងលក់ទំនិញដែលមានទីតាំងជាក់ស្ដែង អាជីវករ​បានងាកទៅជួញដូរតាមប្រព័ន្ធអ៊ីនធឺណិតវិញ ដោយដកចេញនូវការផ្សព្វផ្សាយ​ឧបករណ៍​បរបាញ់ និងបានដាក់បង្ហាញការដាស់តឿន នៅពេលមានការស្វែងរកឧបរណ៍នោះ។

លោក វរសក្ស បានលើកឡើងថា ការបន្តឹងការអនុវត្តច្បាប់ក្នុងដែន​ជម្រកសត្វព្រៃ គឺជាកត្តា​ដ៏​ចាំបាច់ យ៉ាងណាមិញ ដើម្បីទទួលបានប្រសិទ្ធភាព រដ្ឋាភិបាល ត្រូវតែលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់ប្រជាជន។

លោក De Lange បានយល់ស្រប និងមានប្រសាសន៍ថា៖ «តាមរយៈការដាក់ទោស [ការបរបាញ់] លើសកម្មភាពនោះ…អ្នកកំពុងបង្កើនការចំណាយទៅ​ឲ្យប្រជាជន​ដែល​ងាយ​រងគ្រោះបំផុតក្នុងសង្គម»

ដំណោះស្រាយមួយដែលលោក De Lange កំពុងធ្វើការស្រាវជ្រាវ គឺការផ្ដោតលើការ​អភិរក្ស​តាមរយៈការផ្ដល់ប្រាក់៖ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃតិចតួច ដែលស្មើនឹងខ្សែបន្ទាត់នៃភាពក្រីក្រ ឬប្រមាណនឹង ២,៧០ដុល្លារ សម្រាប់មនុស្សម្នាក់ នឹងជួយទៅដល់ប្រជាជនក្រីក្របំផុត​របស់​ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការចាំបាច់ផ្សេងៗរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែក​លើ​ការបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត។

លោក De Lange បានសង្កត់ធ្ងន់ថា នេះមិនមែនជាដំណោះស្រាយមួយដ៏ល្អឥតខ្ចោះនោះទេ តែវាជាចំណែកនៃដំណោះស្រាយដ៏ធំមួយ ដែលរួមមានការអប់រំ ការយល់ដឹង ក៏ដូចជាការ​ធ្វើ​យុទ្ធនាការសង្គម ដើម្បីផ្លាស់ប្ដូរការយល់ឃើញជុំវិញប្រធានបទការបរិភោគសាច់សត្វព្រៃ។

អ្នកភូមិនៅតំបន់អភិរក្សកោះកាពិ ភាគនារតីនៃខេត្តកោះកុង បានរាយការណ៍ថា សព្វថ្ងៃនេះ ការបរបាញ់សត្វស្លាបកំពុងមានចំនួនតិចតួច ដែលជាការបង្ហាញទៅលើ​ការអនុវត្ត​ច្បាប់​ដ៏ពូកែ​របស់អង្គការអភិរក្សក្រៅរដ្ឋាភិបាល អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ (រូបភាព៖ ​Yann Bigant)
ទោះជាយ៉ាងណាក្ដី គេនៅតែមានភាពងាយស្រួល​ក្នុងការរកឃើញកន្លែង​លក់​សត្វស្លាប​ក្នុង​ទីផ្សារ និងភោជនីយដ្ឋានលក់សាច់សត្វព្រៃ​ដែលមានទីតាំងក្នុងទីរួមខេត្តក្បែរតំបន់នោះ។ សន្តិសុខប្រចាំការនៅផ្សារនេះបានឲ្យដឹងថា ការបរបាញ់សត្វស្លាប​នៅតែបន្តកើតមាន​ឡើង​នៅលើឆ្នេរសមុទ្រនៅពេលយប់។ (រូបភាព៖ ​Yann Bigant)

នៅតំបន់ផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ដីគោក ការបរបាញ់ គឺជាកត្តាដែលធ្វើ​ឲ្យចំនួន​សត្វស្លាប​កាន់តែថយចុះច្រើនឡើងៗ ជាក់ស្ដែងដូចជានៅប្រទេសវៀតណាម និងឡាវ។ យ៉ាងណាមិញ សម្រាប់ប្រទេសថៃ គឺនៅតែមានក្ដីសង្ឃឹមដោយប្រុងប្រយ័ត្ន។ ការប្រមាញ់សត្វស្លាប ដែល​ធ្លាប់​តែ​ជាសកម្មភាពកើតឡើងទូទៅ ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈកាល​បីទស្សវត្ស​ចុង​ក្រោយ​នេះ។ របាយការណ៍ដោយ អង្គការជីវិតសត្វស្លាប បានកត់សម្គាល់ផងដែរថា នៅពេល​ដែលប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង ហើយប្រជាជនផ្លាស់ទៅនៅទីក្រុង​រដ្ឋាភិបាល​​ថៃ បានបង្កើនការវិនិយោគលើការអភិរក្ស និងបានពង្រីកការអភិរក្ស និងការពារ​ទៅ​ដល់សត្វស្លាបដែលមានដើមកំណើតក្នុងស្រុក សរុបជាង ១ ០០០ប្រភេទ។

លោក Yong បានលើកឡើងថា៖ «ជាទូទៅ ប្រទេសថៃ មានទស្សនៈវិជ្ជមាន​ទៅលើ​សត្វ​ព្រៃ​»​។ លោកបានបន្ថែមថា៖ «តែមិនមែនមានន័យថា មិនមានបញ្ហា លើការអភិរក្សនោះទេ»។ ដូចជា​លើវិស័យទេសចរណ៍ និងការជួញដូរសត្វកម្រជាសត្វចិញ្ចឹមជាដើម។

លោក K. Yoganand ដែលជាអតីតមន្ត្រីដឹកនាំប្រចាំតំបន់ធ្វើការទៅលើសត្វព្រៃ និង​បទ​ល្មើស​សត្វព្រៃ នៅអង្គការ WWF បានឲ្យដឹងថា អនាគតរបស់ប្រទេសកម្ពុជា មិនត្រឹមតែត្រូវពឹងផ្អែក​លើគោលនយោបាយប៉ុណ្ណោះទេ តែក៏អាស្រ័យលើថាតើអ្នកដឹកនាំគោលនយោបាយ នឹង​យក​ចិត្ត​ទុកដាក់លើការអភិរក្ស និងជាពិសេស ធានាលើផលប្រយោជន៍អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ត្រូវ​បានចែករំលែកទៅដល់ប្រជាជនស្មើៗគ្នា។

លោកបន្ថែមថា៖​ «បើគិតលើសេដ្ឋកិច្ច ប្រទេសនឹងមានការរីកចម្រើន តែតើផល​ទាំងនោះ​នឹង​ត្រូវ​បាន​ចែក​រំលែក​រវាងមនុស្សមួយក្រុមតូច រឺត្រូវបានចែកចាយ​ធំទូលាយ​ទៅកាន់​ប្រជាជន​ផងដែរ? ខ្ញុំគិតថា នេះគឺជាកត្តាដ៏សំខាន់ដែលនឹងកំណត់​ទិសដៅ​នៃ​អនាគត​របស់ប្រទេស»

រាយការណ៍បន្ថែមដោយ ព្រី នេរុ និង Jessie Li

អត្ថបទនេះត្រូវបានផលិតឡើងក្រោមការគាំទ្រពីអង្គការតម្លាភាពកម្ពុជា។

អត្ថបទនេះត្រូវបានចេញផ្សាយដំបូងនៅ Dialogue Earth  និងស្ថិតនៅក្រោមអាជ្ញាបណ្ណរបស់ the Creative Commons BY NC ND

អត្ថបទបកប្រែដោយ កុច ស្រីមាន

212 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម