លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងស្រាវជ្រាវករណីរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ចាយថវិកា ៨លានរៀល ឬស្មើ ២០០០ដុល្លារអាមេរិក លើការដាក់បង្គោលសូឡាមួយដើម ដែលបង្កឱ្យមានប្រតិកម្មខ្លាំងពីមហាជន និងកំពុងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនៅក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្តត្រូវរកឫសគល់នៃបញ្ហានេះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត និងត្រូវពង្រឹងការគ្រប់គ្រងថវិកាថ្នាក់មូលដ្ឋានឱ្យមានប្រសិទ្ធភាព ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកសម្រេចដោយខ្លួនឯង។
លោកបញ្ជាថា៖ «អាហ្នឹងហេតុផលយ៉ាងម៉េច ត្រូវមើល(រដ្ឋបាលខេត្ត)។ ត្រូវមើល ពិនិត្យមើលថា តើមានហេតុផលយ៉ាងម៉េច អីយ៉ាងម៉េចណា!»។ លោកបន្តថា៖ «សូមមើលកិច្ចការទាំងអស់នេះ ដើម្បីបង្កើននូវទំនុកចិត្ត ហើយបានផលច្រើនទៅដល់មូលដ្ឋាន ទៅដល់ប្រជាពលរដ្ឋរបស់យើង»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ថ្លែងថា លោកកំពុងដឹកនាំមន្ត្រីជំនាញ រដ្ឋបាលឃុំ និងភាគីក្រុមហ៊ុន ប្រជុំពិនិត្យករណីដេញថ្លៃ ដោយរំពឹងថាលទ្ធផលអាចនឹងរកឃើញនៅល្ងាចថ្ងៃទី១២ ខែសីហានេះ។
បើតាមលោកអភិបាលខេត្ត រដ្ឋបាលឃុំទឹកហូត បានបកស្រាយនៅក្នុងកិច្ចប្រជុំថា ការកំណត់តម្លៃជាសិទ្ធិរបស់ក្រុមហ៊ុន ហើយគម្រោងនេះដេញថ្លៃជាកញ្ចប់រួម ដែលមានដូចជា ផ្លូវ លូ និងបង្គោលសូឡា។ លោកបន្តថា រដ្ឋបាលឃុំទឹកហូត ក៏ទទួលស្គាល់ថាតម្លៃសូឡាថ្លៃហួសហេតុដែរ ប៉ុន្តែដោយសារការដេញថ្លៃសាងសង់សរុបរបស់ក្រុមហ៊ុននេះទាបជាងគេ ក្នុងចំណោមក្រុមហ៊ុនដែលបានចូលរួមទាំង៩។ ដូច្នេះរដ្ឋបាលឃុំសម្រេចជ្រើសយកក្រុមហ៊ុននេះ ដោយថាលុយដែលសេសសល់ពីការដេញថ្លៃ ក៏អាចជួលជុលផ្លូវបានវែងជាងមុន សម្រាប់ពលរដ្ឋប្រើប្រាស់ដែរ។
លោក សុវណ្ណារិទ្ធ បានបញ្ជាក់ពីការបកស្រាយរបស់រដ្ឋបាលឃុំទឹកហូតថា៖ «បើយើងមើលតែមួយជ្រុង វាឃើញថ្លៃមែន យើងទទួលស្គាល់វាហួសហេតុ។ វាអត់មានសូឡាណាដែលមានតម្លៃដល់ទៅ ៨លាន។ អាហ្នឹងខ្ញុំក៏អត់ទទួលស្គាល់ដែរ គ្មាននរណាទទួលយកបានទេ។ ប៉ុន្តែបើសិនជាយើងបូកទាំង៣ហ្នឹងសាងសង់ផ្លូវ លូ និងបង្គោលសូឡា) ចូលគ្នា តម្លៃក្រុមហ៊ុនហ្នឹងទាបជាងគេ»។
ចំណែកតំណាងក្រុមហ៊ុន និងមន្ត្រីជំនាញបានពន្យល់ថា ការកំណត់តម្លៃខ្ពស់លើផ្នែកមួយ និងទាបលើផ្នែកមួយទៀត ជាបច្ចេកទេសដេញថ្លៃ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ពីការបកស្រាយរបស់ក្រុមហ៊ុនថា៖ «គាត់(តំណាងក្រុមហ៊ុន)បកស្រាយថា នេះជាធម្មតាបច្ចេកទេសរបស់គាត់ក្នុងការដេញថ្លៃ ដោយទម្លាក់អានេះបន្តិច ដំឡើងនោះបន្តិច។ វាជាបច្ចេកទេសរបស់គាត់ តែគាត់ធ្វើអ្វីៗគោរពតាមច្បាប់»។
យ៉ាងណាមិញ លោកអភិបាលខេត្តអះអាងថា ពេលប្រមូលព័ត៌មានរួច លោកនឹងពិនិត្យករណីនេះឱ្យហ្មត់ចត់បំផុត ដោយបានសង្កត់ធ្ងន់ថា៖ «មន្ត្រីណាដែលធ្វើមិនត្រឹមត្រូវ គឺត្រូវតែទទួលខុសត្រូវចំពោះច្បាប់»។
ពាក់ព័ន្ធនឹងករណីនេះ មានមហាជនជាច្រើនបានបញ្ចេញមតិយោបល់លើបណ្តាញសង្គមស្រដៀងៗគ្នាថា សូឡា និងបង្គោលប្រភេទនេះអាចមានតម្លៃខ្ពស់បំផុតត្រឹមចន្លោះ១៥០ ទៅ២០០ដុល្លារប៉ុណ្ណោះ។
មេឃុំទឹកហូត លោក ជ័យ ម៉ូត បានចេញលិខិតបំភ្លឺកាលពីថ្ងៃទី៧ ខែសីហា ថា ដំបូងឡើយរដ្ឋបាលឃុំបានបើកដេញថ្លៃជាសាធារណៈនូវគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ២,០៤០ម៉ែត្រ ដែលមានកម្រាស់ ០.១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ រួមជាមួយការសាងសង់លូចំនួន ២កន្លែង សូឡា ៣ កន្លែង និងស្លាកសញ្ញាគម្រោង ១កន្លែង ដែលមានថវិកាប៉ាន់ស្មានជាង ១៣៥លានរៀល ដោយមានក្រុមហ៊ុនចំនួន៩ ចូលរួមដេញថ្លៃ។ ជាលទ្ធផលក្រុមហ៊ុនឈ្មោះ «សំណង់ឡាយផល្លា» ជាអ្នកឈ្នះការដេញថ្លៃនេះ ក្នុងតម្លៃទាបជាងគេ គឺ ៦៦.៩លានរៀល។
ប្រភពដដែលបន្តថា ដោយសារតម្លៃដេញថ្លៃទាបជាងតម្លៃប៉ាន់ស្មាន យោងតាមសៀវភៅភីម(PIM)ចែងថា ក្រុមប្រឹក្សាឃុំ អាចបន្ថែមចំនួនលទ្ធផលកិច្ចសន្យា ដើម្បីប្រើប្រាស់ថវិកាដែលនៅសល់ពីការដេញថ្លៃនោះបាន។ ស្របពេលដែលពលរដ្ឋនៅទីនោះត្រូវការផ្លូវចាំបាច់ផង រដ្ឋបាលឃុំទឹកហូត ក៏បានសម្រេចបន្ថែមកិច្ចសន្យា ដោយជួលជុលផ្លូវក្រាលក្រួសក្រហមឱ្យវែងជាងពេលដេញថ្លៃ ពីជាង ២គីឡូម៉ែត្រ ទៅជាង ៣គីឡូម៉ែត្រ បន្ថែមសូឡាដល់ ១៥កន្លែង លូចំនួន ២កន្លែង និងស្លាកសញ្ញាគម្រោងចំនួន ១កន្លែង មាន តម្លៃក្នុងកិច្ចសន្យាសរុបចំនួន ១៨៤ ៩១៩ ៨០៥ រៀលគត់។
ប្រភពបន្តថា ករណីបន្ថែមចំនួនលទ្ធផលកិច្ចសន្យា តម្លៃឯកតានៃលទ្ធផលនីមួយៗដែលបានបន្ថែមនោះ គឺត្រូវតែជាតម្លៃឯកតាដែលបានសរសរនៅក្នុងសំណើដេញថ្លៃដែលឈ្នះនោះ។ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចបន្ថែមលទ្ធផលប្រភេទថ្មីណាមួយខុសពីសំណើដេញថ្លៃដែលឈ្នះនោះបានឡើយ។
ក្រសួងមហាផ្ទៃតាមរយៈអគ្គនាយកដ្ឋានរដ្ឋបាលនៅថ្ងៃទី១២ ខែសីហា បានចេញលិខិតមួយបញ្ជាក់ថា បានរកឃើញភាពមិនប្រក្រតីនៃការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ដោយថាបង្គោល និងសូឡាមួយតម្លៃ ៨លានរៀល ជាតម្លៃខ្ពស់ជាងទីផ្សារហួសហេតុ។
ក្រៅពីឃុំទឹកហូត ក្រសួងមហាផ្ទៃអះអាងថា បានរកឃើញមានភាពមិនប្រក្រតីនៃការអនុវត្តមូលនិធិរបស់រដ្ឋបាលឃុំចំនួន៤ ផ្សេងទៀត នៅក្នុងខេត្តកំពង់ឆ្នាំងដែរ។
លិខិតដដែលបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំទាំង៥ ខាងលើមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុត»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា គ្រប់ព័ត៌មានចំហទាំងអស់ដែលផ្សព្វផ្សាយលើបណ្តាញសង្គម រួមទាំងករណីនេះផង គឺអង្គភាពតែងតែយកមកពិនិត្យបន្ថែម មុននឹងវាយតម្លៃពីនីតិវិធីបន្ទាប់ថាត្រូវចាត់វិធានការបែបណា។
លោកថ្លែងថា៖ «ព័ត៌មានចំហតាមបណ្តាញសង្គម ឬតាមសារព័ត៌មានទាំងឡាយ បើក្រុមការងារពិនិត្យឃើញថាមានតម្រុញគ្រប់គ្រាន់ អង្គភាពនឹងបន្តនីតិវិធី»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ត្រូវតែឆ្លងកាត់ដំណើរការធ្វើលទ្ធកម្ម និងការដេញថ្លៃប្រកបដោយតម្លាភាព ដោយមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីភាគីពាក់ព័ន្ធខាងក្រៅ រួមទាំងអ្នកបច្ចេកទេសថ្នាក់ស្រុកផង ដើម្បីធានាបាននូវតម្លៃទាបជាង និងមានគុណភាពខ្ពស់។ លោកយល់ថាករណីនេះអាចមានភាពមិនប្រក្រតីនៅពីក្រោយ។
លោកមានប្រសាសន៍ថា៖ «បើសិនជាការចំណាយនេះ វាជាគម្រោងរបស់ឃុំ ដែលប្រើប្រាស់មូលនិធិរបស់ឃុំ ហើយលទ្ធកម្មការដាក់ឱ្យដេញថ្លៃ ការធ្វើលទ្ធកម្មសាធារណៈតាមរយៈនីតិវិធីដាក់ដេញថ្លៃបែបនេះ ហើយតម្លៃបង្គោលសូឡាមួយមានតម្លៃរហូតដល់៨លានរៀល ខ្ញុំគិតថាមានបញ្ហាហើយ! មានបញ្ហាធ្ងន់ធ្ងរតែម្តង»៕










