ក្នុងទឹកមុខភ័យតក់ស្លុតនៅឡើយ អ្នកស្រី វឿន វ៉ាន់នី វ័យប្រមាណ៥០ផ្លាយ បានរៀបរាប់ថា អ្នកស្រីពិតជាមានការសោកស្តាយជាខ្លាំងនៅពេលដែលមកឃើញផ្ទះរបស់អ្នកស្រី ត្រូវយោធាថៃផ្លោងគ្រាប់ចំផ្ទះរបស់គាត់ផ្នែកខាងក្រោយ ត្រូវជញ្ជាំង ដំបូលធ្លុះធ្លាយ និងផ្ទះកូនរបស់គាត់ទើបសង់រួចមិនដល់មួយឆ្នាំផង ត្រូវខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
អ្នកស្រី វឿន វ៉ាន់នី បានបន្តថា៖ «ខ្ញុំរត់ទៅសុំអ្នកស្គាល់គ្នានៅក្រោមដើមឈើចម្ងាយ១៥គីឡូពីភូមិ ទើបតែហ៊ានមកអើតភូមិ ផ្ទះកូនមិនទាន់បាននៅផង ជំពាក់គេមិនទាន់សងផង ខ្ទេចអស់ពីមុខ និងផ្ទះខ្ញុំធ្លាក់នៅក្រោយផ្ទះក្បែរត្រង់សេធ្លាប់លូនក្រាប ធ្លុះធ្លាយដំបូល និងជញ្ជាំង ឆ្មារងាប់មួយ ហើយសាលាមតេយ្យសហគមន៍ខ្ទេចជញ្ជាំងអស់!»។
សម្បុរសណ្តែកបាយពាក់ខោអាវជើងពណ៌ស្វាយ ពាក់មួកក្រណាត់អ្នកស្រី វ៉ាន់នី បានដើរឆ្លេឆ្លាពិនិត្យមើលផ្ទះសម្បែងរបស់គាត់ និងកូនជុំវិញផ្ទះដើម្បីមើលកន្លែងគ្រាប់ផ្លោងចំ។ អ្នកស្រីទើបតែហ៊ានចូលភូមិមើលផ្ទះសម្បែងរបស់ខ្លួនជាមួយប្តី នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចម្ងាយតែ៥០ម៉ែត្រប៉ុណ្ណោះពីអូរ ព្រំដែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។
ការវិលចូលភូមិនេះក្រោយមួយថ្ងៃដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយគិតពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ដែល គណៈកម្មាធិការព្រំដែនទូទៅ(GBC) ប្រជុំលើកលើកទី៣ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បឆានផាកកាត ខេត្តច័ន្ទបុរី ប្រទេសថៃ ។
អ្នកស្រី វ៉ាន់នី បន្តឱ្យដឹងថា៖ «ខ្ញុំសំណូមពររាជរដ្ឋាភិបាលធ្វើម៉េចឱ្យសង្រ្គាមស្ងាត់ទៅ កូនចៅភ័យខ្លាចណាស់ រត់លូនផ្ទះសម្បែងខ្ទេចខ្ទីអស់អ៊ីចឹង! ចង់បានសន្តិភាពរហូតអ៊ីចឹងទៅ! កុំឱ្យអាពួកឈ្លានពានមកបង្កបញ្ហាទៀត ដេកភ័យរាល់យប់ ចង់ឱ្យអន្តរជាតិជួយខ្មែរ ផ្តល់យុត្តិធម៌ឱ្យខ្មែរផង!»។
អ្នកភូមិបួនទៅប្រាំនាក់បានលើកឡើងស្រដៀងៗគ្នាថា កាលនៅពីក្មេងធ្លាប់តែលឺឪពុកម្តាយនិយាយប្រាប់ពីគ្រាប់ផ្លោងហោះចូលភូមិអ្នកស្រុក តែពេលនេះពួកគេឃើញផ្ទាល់នឹងភ្នែកតែម្តង គ្រាប់បានហោះវឺៗធ្លាក់ចំផ្ទះនេះផង ផ្ទះនោះផង! ក្បែរគ្នា ពួកគេបានរត់ប្រផាប់ប្រភីងចេញពីភូមិ ហើយយោធាថៃក៏បានផ្លោងគ្រាប់ចូលក្នុងភូមិបន្តទៀត។
ក្រៅពីផ្ទះអ្នកស្រី វ៉ាន់នី ផ្ទះប្រជាពលរដ្ឋក្បែរខាង និងអ្នកភូមិជាមួយគ្នាជាច្រើនខ្នងទៀតក៏ ត្រូវបានរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃផងដែរ។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ជឹម ចុង វ័យ៥៥ឆ្នាំ ស្លៀកកន្សែងពោះគោ ពាក់អាវយឺតពណ៌ ស្លាទុំដៃខ្លី កំពុងតែដើរមើលជុំវិញ និងខាងក្នុងផ្ទះរបស់គាត់ដែលរងគ្រាប់ផ្លោង។ ផ្ទះរបស់គាត់មានចម្ងាយប្រមាណ២០ម៉ែត្រប៉ុណ្ណោះពីផ្ទះ អ្នកស្រី វ៉ាន់នី គាត់បាននិយាយ ទាំងអួលដើមក ក្នុងទឹកមុខស្រពោនលាយឡំ និងការតក់ស្លុតថា លោកសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់គាត់ដែលត្រូវគ្រាប់ផ្លោងរបស់ទាហានថៃបាញ់ចំខ្ទេចស្ទើរទាំងស្រុង។
លោក ជឹម ចុង បានចាកចេញពីផ្ទះទៅកាន់កន្លែងសុវត្តិភាព កាលពីថ្ងៃទី២១ ខែធ្នូ ដោយនាំទាំងប្រពន្ធ និងកូន៤នាក់ ព្រមទាំងគោបួនក្បាលតាមការណែនាំពីមន្រ្តីយោធាកម្ពុជាដើម្បីសុវត្ថិភាព។ បានបានបន្តទៀតថា នៅថ្ងៃទី២៥ ខែធ្នូ ទាហានថៃផ្លោងចូលម្តុំផ្ទះរបស់គាត់ប្រមាណ៩គ្រាប់ ប៉ះចំផ្ទះរបស់គាត់ ផ្លូវថ្នល់ និងផ្ទះអ្នកភូមិ រងការខូចខាត។
លោក ជឹម ចុង បានលើកឡើងទៀតថា កាលពីខែកញ្ញា ឆ្នាំ២០២៥ គោបីក្បាលរបស់គាត់ត្រូវទាហានថៃចាប់យក ក្រោយពីវាដាច់ខ្សែឆ្លងចូលទៅដីថៃ ហើយពេលនេះផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់គាត់ត្រូវគ្រាប់ផ្លោងខ្ទេចអស់ទៀតធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារគាត់យ៉ាងខ្លាំង ដូច្នេះលោកមិនដឹងរកលុយឯណាធ្វើផ្ទះវិញនោះទេ។
លោក ជឹម ចុង បានបន្ថែមថា៖ «ខ្ញុំភ័យញ័រអស់ លើកទី១ហើយជួបចឹង! ឱ្យតែលឺគ្តឹង ញ័រខ្លួន! ដំបូល ជញ្ជាំងខ្ទេចអស់ចូល៩០ភាគរយហើយ ខ្ញុំភ័យរន្ធត់ណាស់ សោកស្តាយអត់មានលុយធ្វើវិញទេ សុំបងប្អូនជួយជំនួយស័ង្កសី២០សន្លឹកបានហើយ មិនចង់បានច្រើនទេប្រក់ដំបូលរស់នៅសិន!» ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត លោក សុខ ដារ៉េត អាយុ៣៦ឆ្នាំ រស់នៅភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងថា ផ្ទះម្តាយក្មេកដែលគាត់រស់នៅជាមួយ បានត្រូវគ្រាប់ផ្លោងទាហានថៃបាញ់ចំខ្ទេចស្ទើរទាំងស្រុង រួមទាំងចានឆ្នាំងសម្ភារៈក្នុងផ្ទះផ្សេងៗផងដែរ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងទឹកមុខស្ងួតបង្កប់ដោយភាព តក់ស្លុត លោក ដារ៉េត បានបន្តថា គ្រួសាររបស់គាត់បានជម្លៀសចេញទៅកន្លែងសុវត្ថិភាពមុន ប៉ុន្មានថ្ងៃតាមការណែនាំរបស់អាជ្ញាធរ នៅសល់លោកចាំផ្ទះម្នាក់ឯង ប៉ុន្តែសំណាងល្អ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ មន្រ្តីនគបាលស្គាល់គ្នាបានប្រាប់ឱ្យលោកចាកចេញពីផ្ទះ លុះព្រឹក ឡើងមន្រ្តីនោះតេប្រាប់ថាផ្ទះរបស់គាត់ត្រូវគ្រាប់ផ្លោងចំហើយ។
លោក ដារ៉េត បានបន្តថា៖ «ពេលខ្ញុំលឺថាផ្ទះត្រូវបានគ្រាប់ផ្លោងចំ រន្ធត់ណាស់មិននឹកស្មានដល់ ចេះខ្ញុំចេញផុត! សោកស្តាយណាស់! ខ្ទេចខ្ទីអស់ហើយក្នុងផ្ទះអី! ទ្រព្យសម្បត្តិចានឆ្នាំងខ្ទេចអស់ហើយ នៅជំពាក់គេច្រើនទៀត! អ្នកភូមិក្បែរគ្នាត្រូវមួយគ្រាប់ដែរ ផ្នែកខាងក្រោយចង្រ្កានបាយ បន្ទប់ទឹកអី»។
លោក ដារ៉េត បានបញ្ជាក់ថា ម្តាយក្មេករបស់លោកនេះនៅជំពាក់ធនាគារជាងមួយម៉ឺនដុល្លារទៀត ដោយយកមកសាងសង់ផ្ទះនេះសងមិនទាន់រួចផង ឥឡូវនេះខ្ទេចអស់ទៅហើយ។ លោកបានបន្តថា មានតែរង់ចាំចំណាត់ការខាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ពេលចប់សង្គ្រាម ក្រែងជួយបានខ្លះ ដើម្បីបានធ្វើផ្ទះរស់នៅបន្តទៀត។
លោក ដារ៉េត បានបន្ថែមថា៖ «វាជាទង្វើព្រៃផ្សៃ ជនជាតិថៃវាបាញ់មកមិនគិតថាកន្លែងប្រជា ពលរដ្ឋចឹង! វាបាញ់ចម្រុះមកចឹង! មិនដឹងសង្គ្រាមរបៀបម៉េចចឹង អត់យល់! សុំអន្តរជាតិជួយកុំឱ្យថៃវាយលុកឈ្លានពានកម្ពុជាទៀត ព្រោះប្រជាពលរដ្ឋសុទ្ធតែស្លូតត្រង់ ការរកស៊ីក៏ពិបាកទៀត ឥឡូវមានតែការចំណាយ អត់ចំណូល!» ។

សង្រ្គាមប៉ុន្មានថ្ងៃនេះ តាមរបាយការណ៍អាជ្ញាធរ និងក្រសួងការពារជាតិស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ដូចជា ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ជាដើមត្រូវបានទាហានសៀមផ្លោងចូលទាំងយប់ ទាំងថ្ងៃចំលើទីតាំងប្រជាជនស៊ីវិលរស់នៅ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ និងមានរបួសជនស៊ីវិលផងដែរ។
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ខេត្តបាត់ដំបង មានជំរំជនភៀសសឹកចំនួន២២ទីតាំង នៅស្រុកបវេល ថ្មគោល និងស្រុករតនមណ្ឌល និងប្រជាពលរដ្ឋស្នាក់នៅជាមួយសាច់ញាតិ១១ស្រុក និងប្រមូលផ្តុំគ្នាស្នាក់នៅតាមបណ្តាស្រុកផ្សេងៗសរុបចំនួនជាង ២៧ ០០០គ្រួសារ ស្មើនឹងប្រមាណជិត ១០០ ០០០នាក់ ក្នុងនោះកុមារជាង ២៧ ០០០នាក់។ សាលារៀនស្រុកជាប់ព្រំដែនទាំងបួនមានស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត ចំនួន២៤១សាលា ត្រូវបានបិទទ្វារ សិស្ស និងគ្រូជាងបួនម៉ឺននាក់ត្រូវបានប៉ះពាល់ការសិក្សា និងបង្រៀន ។
លោក ហម សំខាន់ អភិបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា តាមការប៉ាន់ស្មាន ផ្ទះប្រជាពលរដ្ឋជាង១០ខ្នងរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ។ លោកបានបញ្ជាក់ថា មកទល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកំពុងចុះស្រង់តួលេខលំនៅឋាន និងហេដ្ឋារចនសម្ព័ន្ធផ្សេងៗ ដែលរងការខូចខាតដោយគ្រាប់ផ្លោងរបស់ទាហានថៃនៅឡើយ ដោយឡែកការជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋរងគ្រោះ នឹងគិតគូរតាមក្រោយ។
លោក ហម សំខាន់ បន្ថែមថា៖ «កំពុងដើររាប់សិន ប្រហែល១០ខ្នងជាងឡើង កំពុងតែដើររាប់ ព្រោះប៉ុន្មានថ្ងៃកម្លាំងមិនទាន់ហ៊ានចុះដើរច្រើននៅឡើយ ប្រហែលពីរបីថ្ងៃទៀតដឹងច្បាស់ ពាក់ព័ន្ធការជួយ ថ្នាក់ស្រុកយើងមិនទាន់បានគិតគូរដោះស្រាយឧបត្ថម្ភគាំទ្រគាត់យ៉ាងណាទេ ព្រោះស្រុកមានកម្រិត តិចតួចដែរ គឺរង់ចាំសុំគោលការណ៍ថ្នាក់លើសិន ហើយឥឡូវនេះកំពុងចុះស្រង់តួលេខសិន»។
លោកអភិបាលស្រុកបានបន្តថា មកទល់ថ្ងៃទី៣០ ខែធ្នូ ប្រជាពលរដ្ឋស្រុកសំពៅលូន ដែលភៀសសឹកបានត្រឡប់មកផ្ទះសម្បែងវិញប្រមាណ៣០ភាគរយ ដោយគាត់រង់ចាំស្ទាបស្ទង់សភាពការណ៍សិន នឹងវិលមកវិញកាន់តែច្រើនហើយ។
លោកអភិបាលស្រុកបានបន្ថែមថា៖ «ខាងមណ្ឌលភៀសសឹកបានផ្សព្វផ្សាយ ប្រជាពលរដ្ឋមកបណ្តើរៗហើយ តែយើងមិនទាន់ផ្សព្វផ្សាយឱ្យទូលំទូលាយនោះទេ ដោយរង់ចាំមើលសភាពការណ៍៧២ម៉ោង យើងស្មានមិនត្រូវដែរព្រោះសង្គ្រាមកើតចេញពីគេអ្នកបង្ក»។
ដោយឡែក លោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក បានថ្លែងថា មកទល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានវិលត្រឡប់មកផ្ទះសម្បែងវិញបានប្រមាណ៦០ទៅ៧០ភាគរយហើយ ក្រោយពីអាជ្ញាធរផ្សព្វផ្សាយណែនាំ។ លោកបន្តថា សង្គ្រាមប៉ុន្មានថ្ងៃនេះផ្ទះប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹករងការខូចខាតធ្ងន់ធ្ងរ២ខ្នង អាជ្ញាធរមិនទាន់មានគម្រោងជួយឧបត្ថម្ភយ៉ាងណាដល់ពួកគាត់នៅឡើយទេ ដោយសារប្រជាពលរដ្ឋខ្លះស្នាក់នៅមណ្ឌលភៀសសឹកនៅឡើយ ។
លោក សុង សុភ័ក្រ្ត បានបន្ថែមថា៖ «អាជ្ញាធរខេត្តបានអនុញ្ញាតិឱ្យប្រជាពលរដ្ឋវិលមកផ្ទះសម្បែងវិញហើយ បើប្រជាពលរដ្ឋគិតថាផ្ទះរបស់គាត់ស្ថិតនៅឆ្ងាយពីទីតាំងអសុវត្តិភាព ប៉ុន្តែបើយល់ថាស្ថិតនៅជិតទីតាំង អសុវត្តិភាពអាចបន្តស្នាក់នៅមណ្ឌលសម្រាប់ជនភៀសសឹកបន្តទៀតបាន»។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានលើកឡើងថា អំឡុងពេលនេះលោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមតំបន់ព្រំដែនបន្តការអត់ធ្មត់ឱ្យបានខ្ពស់ ព្រោះរាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងខ្លាំងដែរ ក្នុងការជួយដល់ប្រជាពលរដ្ឋផង និងការពារបូរណភាពទឹកដី ពីការវាយប្រហាររបស់ប្រទេសជិតខាងផង ។
លោក អ៊ិន គង់ជិត បានថ្លែងថា៖ «ប្រជាពលរដ្ឋបន្តភាពអត់ធ្មត់ បើអាចចូលទៅរៀបចំផ្ទះសម្បែងដែលខូចខាតវិញ ចូលទៅសិនទៅ ព្រោះរាជរដ្ឋាភិបាលក៏មិនចង់ឱ្យមានការរងគ្រោះដូច្នេះដែរ ព្រោះទង្វើទាហានថៃជាទង្វើមួយព្រៃផ្សៃ មិនសមជាប្រទេសដែលមានភាពស៊ីវីល័យនោះទេ»។
លោក អ៊ិន គង់ជិត បានបន្តថា ក្នុងភាពបន្ទាន់ចាំបាច់នេះស្នើសុំអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រង់ពីទំហំខូចខាតរបស់ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមតំបន់បញ្ជូនទៅថ្នាក់លើ និងអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស មន្រ្តីរដ្ឋាភិបាលក្តី អង្គការសង្គមស៊ីវិលក្តីបន្តចូលរួមជួយឧបត្ថម្ភដល់អ្នករងគ្រោះធ្ងន់ធ្ងរដែលអត់មានធនធានដែលពួកគាត់ចាកចេញពីផ្ទះ ដោយមិនមានយកអ្វីយកទៅជាមួយសោះ ហើយត្រូវរងគ្រោះដោយគ្រាប់ផ្លោងខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិទៀត។
លោក អ៊ិន គង់ជិត បានថ្លែងថា៖ «រដ្ឋអំណាចមូលដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀត ផ្គត់ផ្គង់ទឹកស្អាត ស្បៀងអាហារ និងរៀបចំក្រុមតាមភូមិជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះ និងត្រូវគិតគូរលើសុខុមាលភាពពួកគាត់ បញ្ជូនក្រុមគ្រូពេទ្យដើម្បីបោះទីតាំងជួយព្យាបាលដល់ប្រជាពលរដ្ឋដែលខ្វះខាត ដោយយកចិត្តទុកដាក់ និងមិនគិតថ្លៃ»។
លោកបានបន្ថែមថា៖ «ហើយមីក្រូហិរញ្ញវត្ថុមួយចំនួនសូមកុំទាន់ទារបំណុលពីប្រជាពលរដ្ឋរងគ្រោះនៅតាមព្រំដែនអី ទុកពេលឱ្យពួកគាត់៣ខែ រឺ៦ខែសិន រឺឡើងតែការសិន ចាំមានសន្តិភាពបរិបូរណ៍ ចាំបន្តឱ្យគាត់ធ្វើប្រក្រតីឡើងវិញ»។
ជាពិសេសទៅទៀតនោះ បន្ទាប់ពីការឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ ទាហានកម្ពុជាទាំង១៨រូបត្រូវបានភាគីថៃសម្រេចប្រគល់មកកម្ពុជាវិញនៅថ្ងៃទី៣១ ខែធ្នូ ក្រោយពីភាគីថៃបានពន្យាពេលក្នុងការដោះលែង ក្រោយបទឈប់បាញ់៧២ម៉ោងចូលជាធរមាន៕







