កម្ពុជានឹងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែនរ៉ាំរ៉ៃជាមួយប្រទេសថៃនៅតំបន់ជុំវិញប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំងតំបន់មុំបីក្នុងខេត្តព្រះវិហារ។
កងទាហានការពារព្រំដែនកម្ពុជា-ថៃ បានប៉ះទង្គិចប្រដាប់អាវុធគ្នាមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលហេតុការណ៍នេះបានបណ្ដាលឲ្យទាហានខ្មែរម្នាក់ពលីជីវិត។
ថ្លែងក្នុងសមាជលើកទីមួយរបស់ព្រឹទ្ធសភា-រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងគោលបំណងបញ្ចប់បញ្ហាដែលបន្តអូសបន្លាយរហូតឈានដល់មានការប្រឈមមុខដាក់គ្នាជាមួយភាគីថៃដោយសារតែមិនទាន់មានបង្គោលព្រំដែនច្បាស់លាស់។
លោកថ្លែងថា៖ «ទោះបីជាភាគីថៃមិនយល់ព្រមយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក៏កម្ពុជានឹងដាក់ពាក្យបណ្ដឹងដើម្បីបញ្ចប់បញ្ហាតែម្ដង និងដើម្បីបញ្ចប់ការយល់ច្រឡំផ្សេងៗទៀត [ហើយ] ជាពិសេសការបង្កហេតុពីក្រុមជ្រុលនិយមតូចៗនៅក្នុងប្រទេសថៃ និងកម្ពុជាដែលអាចនាំឲ្យមានការប្រឈមមុខផ្នែកប្រដាប់អាវុធដាក់គ្នា»។
លោកថ្លែងបន្តថា កម្ពុជាតាមរយៈគណៈកម្មាកាធិការព្រំដែនចម្រុះ (កម្ពុជា) ឬហៅកាត់ថា (JBC) នឹងបន្តវាស់វែង ហើយបោះបង្គោលព្រំដែនប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងនោះទេបើសិនជាមានការបំពានបូរណភាពទឹកដី។
ក្រោយចប់ការថ្លែងសាររបស់លោកនាយករដ្ឋមន្ត្រី សមាជិកសភា និងព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រទាំងស្រុងដោយមានសំឡេងសរុប១៨២ ចំពោះការរៀបចំបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
ទន្ទឹមនឹងគាំទ្ររដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនគោកជាមួយប្រទេសថៃ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងលោក គង់ ម៉ូនីកា បានស្នើឱ្យរដ្ឋាភិបាលនាំយកបញ្ហាជម្លោះដែនសមុទ្រជាមួយថៃទៅកាន់តុលាការអន្តរជាតិជាមួយគ្នាផងដែរ។
លោកបន្ថែមថា ជាការកត់សម្គាល់ជម្លោះព្រំដែនទឹក និងគោករវាងកម្ពុជា-ថៃជារឿងរសើបមួយ ដែល «តែងតែជាកង្វល់របស់ប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់» ហើយគួរតែមានដំណោះស្រាយបញ្ចាប់បញ្ហានេះ។
គណបក្សប្រឆាំងផ្សេងទៀតរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិជាដើម បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលចង់ដោះស្រាយជម្លោះតាមរយៈតុលាការអន្តរជាតិ។ គណបក្សទាំងនោះក៏បានអំពាវនាវឲ្យមានការរួបរួមគ្នារវាងអ្នកនយោបាយ និងប្រជាពលរដ្ឋដើម្បីការពារបូរណភាពទឹកដី និងការពារការឈ្លានពានពីបរទេស។
ជាមួយគ្នានេះដែរ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងទៅកាន់អង្គសមាជដោយបង្ហាញថា បញ្ហាព្រំដែនជាមួយប្រទេសថៃនេះមានរយៈពេល២៥ឆ្នាំមកហើយ។ លោកបានកត់សម្គាល់ថា ជម្លោះនេះអាចដោះស្រាយបានតែតាមផ្លូវតុលាការប៉ុណ្ណោះ ព្រោះថា «ភាគីទាំងពីរមិនអាចដកថយបានទេដោយបារម្ភពីការរិះគន់របស់ពលរដ្ឋរៀងខ្លួន »។
លោកបន្ថែមថា កម្ពុជានឹងប្រើផែនទីនៃសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ ជាភស្តុតាងដាក់ទៅកាន់តុលាការអន្តរជាតិ។ លោកបន្តថា៖ «កម្ពុជាសន្យាគោរពនឹងការសម្រេចចិត្តរបស់តុលាការ (ICJ)»។
សារព័ត៌មានខេមបូចា មិនទាន់ទទួលបានការឆ្លើយតបណាមួយពីស្ថានទូតថៃប្រចាំរាជធានីភ្នំពេញនោះទេគិតមកដល់ម៉ោងផ្សាយនេះ។
យ៉ាងណាក៏ដោយ ជាមេទ័ព និងជាអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក វិនថៃ ស៊ូវ៉ារី (Winthai Suvaree) បានបញ្ជាក់ថា សំណើដែលលោក ហ៊ុន ម៉ាណែត បានលើកថា ចង់យកបញ្ហាជម្លោះព្រំដែននេះ ទៅកាន់តុលាការអន្តរជាតិគឺជារឿងដាច់ដោយឡែក បើទោះបីជានឹងមានជំនួបគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅពាក់កណ្ដាលខែមិថុនានេះក៏ដោយ។
លោកថា បញ្ហាស្នូលបច្ចុប្បន្ននៅត្រង់ថា៖ «តើភាគីទាំងពីរអាចរស់នៅជាមួយគ្នាដោយសន្តិភាពនៅលើតំបន់ត្រួតស៊ីគ្នា ដែលមិនទាន់បានកំណត់ព្រំដែនច្បាស់លាស់បានយ៉ាងដូចម្ដេច»។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ The Nation។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា ក្រសួងការពារជាតិបានរៀបចំ «យើងមានឯកសារ [ភស្តុតាង] អស់ហើយ» ទុកដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ។ លោកបញ្ជាក់ថាសំណុំរឿងនេះ «ប្ដឹងតែពីបញ្ហាជម្លោះដែនគោកប៉ុណ្ណោះ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលនឹងចេញសេចក្ដីប្រកាសមួយនៅពេលដែលកម្ពុជាសម្រេចកំណត់កាលបរិច្ឆេទដាក់ពាក្យបណ្ដឹង។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បន្ទាប់ពីកម្ពុជាដាក់ពាក្យបណ្ដឹង កម្ពុជាគួរតែស្វែងរកការគាំទ្រផ្នែកការទូតជាអន្តរជាតិ និងពង្រឹងសមត្ថភាពយោធារបស់ខ្លួនថែមទៀត។
លោកបង្ហាញការយល់ឃើញថា បើសិនជាថៃចាញ់ក្ដី វាអាចជារឿងមិនងាយស្រួលទេដែលថៃនឹងយល់ព្រមប្រគល់ដីមកឲ្យកម្ពុជា។
លោកបន្តថា៖ «តែកម្ពុជាត្រូវពង្រឹងលើសមត្ថភាពខ្លួនឯងដែរ។ បើពឹងតែលើតុលការជូនការអត់អាចដោះស្រាយបានពេញលេញទាំងស្រុងទេ។ ដូចករណីព្រះវិហារ ឆ្នាំ១៩៦២ ដែលតុលាការកាត់ក្ដីឱ្យខ្មែរ ក៏ភាគីថៃមិនប្រគល់ឱ្យយើងដែរ។ យើងនៅតែប្រើកម្លាំងយោធាកម្លាំងប្រដាប់អាវុធដណ្ដើមកាន់កាប់»។
លោកបន្ថែមថា៖«បើខ្មែរនៅក្រៅប្រទេសមួយចំនួនបាតុកម្ម [ប្រឆាំង] រដ្ឋាភិបាល ថ្នាក់ដឹកនាំយើងក៏បានបាត់តម្លៃដែរ។ [រដ្ឋាភិបាល] កុំឱ្យអន្តរជាតិលើកចំណុចអវិជ្ជមានកម្ពុជា»។
រវាងឆ្នាំ២០០៨ និង២០១១ កងទ័ពកម្ពុជា-ថៃបានប៉ះទង្គិចគ្នានៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ហេតុការណ៍នេះកើតក្រោយពេលដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យ៉ាងណា ភាពតានតឹងរវាងកម្ពុជា-ថៃ បានផ្ទុះឡើងសារជាថ្មីបន្ទាប់ពីទាហានថៃដែលកម្ពុជាអះអាងថា បានបាញ់មកលើលេណដ្ឋានកងទ័ពកម្ពុជានៅវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ និងបានបណ្ដាលឲ្យលោកព្រឹន្ទបាល សួន រ៉ោន ពលីជីវិត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia to File Lawsuit with ICJ to End 25-Year-Old Border Dispute with Thailand