សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍បានផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់និងសកម្មជនគណបក្សសង្គ្រោះជាតិ៣៦នាក់ពីបទរួមគំនិតក្បត់ ដោយផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៧ឆ្នាំពាក់ព័ន្ធនឹងការព្យាយាមមិនសម្រេចក្នុងការជួយលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិឲ្យត្រឡប់មកកម្ពុជាវិញកាលពីខែមករា ឆ្នាំ២០២១។
តុលាការបានផ្តន្ទាទោសលើមេដឹកនាំជាន់ខ្ពស់រួមទាំងលោកស្រី សុខហួរ និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងផងដែរ ដែលអ្នកទាំងពីរកំពុងនិរទេសខ្លួន។ ក្នុងចំណោមមនុស្ស៣៦នាក់នេះ មានជនជាប់ចោទតែ៤នាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងប្រទេស។
លោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និងលោក វឿង សំណាង ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែធ្នូ ឆ្នាំ២០២០ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ។
ជនជាប់ចោទទី៤ ដែលនៅកម្ពុជាគឺឈ្មោះ ហេង សុខឡេង បានស្ថិតនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព ហើយត្រូវបានព្យួរទោស។ តុលាការបានទម្លាក់បទចោទលើជនជាប់ចោទទី៣៧ ឈ្មោះ ម៉ាត់ វណ្ណី។ លោក ឈុន សុធី និង ងឹម ញេង ក៏បានព្យួរទោសផងដែរ។
ជាមួយគ្នានេះ មេដឹកនាំជាន់ខ្ពស់ចំនួន១១រូប រួមមានលោក សម រង្ស៊ី លោកស្រីមូរ សុខហួរ លោក អេង ឆៃអ៊ាងលោក ឡុង រីលោក ហូ វ៉ាន់,លោក អ៊ូ ច័ន្ទឫទ្ធិ, លោក នុត រំដួល,លោក ម៉ែន សុថាវរិន្ទ,លោក ហេង ដាណារ៉ូ លោក វ៉ាន់ ណារិទ្ធិ និងលោកស្រី ជូឡុង សូមូរ៉ា សុទ្ធតែត្រូវបានផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោតនិងដកសិទ្ធិបោះឆ្នោតរបស់ពួកគេរយៈពេលប្រាំឆ្នាំ។
លទ្ធផលនៃការកាត់ទោសទ្រង់ទ្រាយធំនេះ ត្រូវបានជនជាប់ចោទ និងក្រុមគ្រួសារថាអយុត្តិធម៌ ជាពិសេសសម្រាប់អ្នកទាំងបីដែលនឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារ។
បន្ទាប់ពីចៅក្រមប្រកាសសាលក្រម លោក គង់ ម៉ាស់ បានស្រែកនៅក្នុងបន្ទប់សវនាការថា៖ «ប្រសិនបើការកាត់ទោសខ្ញុំធ្វើឲ្យអ្នកសប្បាយចិត្តនិងធ្វើឲ្យប្រទេសរីកចម្រើន សូមកាត់ទោសទៅចុះ»។
ប្រពន្ធ និងកូនជនជាប់ចោទទាំងបីនាក់បានយំនៅក្នុងបន្ទប់សវនាការដែលធ្វើឲ្យសន្តិសុខស្នើឲ្យពួកគាត់ចាកចេញ។
អ្នកស្រី កុល សាត ភរិយារបស់លោក គង់ ម៉ាស់ បានប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការថា សាលក្រមនេះអយុត្តិធម៌ខ្លាំងណាស់សម្រាប់គ្រួសារគាត់។
អ្នកស្រីបាននិយាយទាំងទឹកភ្នែកថា៖ «វាជាជម្លោះនយោបាយ ហើយប្ដីរបស់ខ្ញុំត្រូវបានគេដាក់ពន្ធនាគារដល់ទៅ៥ឆ្នាំដោយមិនបានធ្វើអ្វីខុស។ ខ្ញុំគិតថា តុលាការមិនឯករាជ្យទេ។ បើទោះជាយើងប្តឹងឧទ្ធរណ៍ក៏ដោយ លទ្ធផលនឹងនៅតែដដែល ព្រោះតុលាការអនុវត្តតាម [បញ្ជារបស់រដ្ឋាភិបាល]»។
អ្នកស្រី ម៉ែន គន្ធាវី ភរិយារបស់លោក ខាន់ ប៊ុនផេង បាននិយាយថា ប្ដីរបស់គាត់មានបញ្ហាផ្លូវចិត្ត ហើយគាត់គួរត្រូវបានដោះលែង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមកតុលាការនៅថ្ងៃនេះ ដោយរំពឹងថា តុលាការនឹងដោះលែងប្តីខ្ញុំ ប៉ុន្តែឥឡូវនេះតុលាការបានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ ខ្ញុំមិនដឹងធ្វើម៉េចទេ»។
លោក គង់ ម៉ាស់ ត្រូវបានឃុំខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅរាជធានីភ្នំពេញ។ នៅពេលនោះ លោកទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីគាត់ត្រូវបានដោះលែងពីពន្ធនាគារក្នុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១៨ខែពីបទញុះញង់ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាល។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា នេះគឺជារឿងនយោបាយ ហើយគួរតែដោះស្រាយតាមបែបនយោបាយ។
លោកបានបន្តថា៖ «ដូចដែលយើងបានដឹងរួចហើយថា នេះគឺជារឿងនយោបាយជាជាងការអនុវត្តច្បាប់។ បញ្ហានេះគឺត្រូវលើកយកមកជជែកគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដើម្បីធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតនៅឆ្នាំក្រោយប្រសើរ»។
លោកមានប្រសាសន៍ថា ការកាត់ទោសនេះនឹងដាក់សម្ពាធលើក្រុមគ្រួសារដែលកំពុងជួបការលំបាកស្រាប់ហើយ។ លោកបានបន្ថែមថា៖ «ការធ្វើបែបនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅគ្រួសាររបស់ពួកគេ ខណៈប្ដីដែលជាអ្នករកប្រាក់ទ្រទ្រង់គ្រួសារជាប់ពន្ធនាគារ ជាពិសេសកូនៗពួកគេដែលកំពុងសិក្សា»។
លោក ឡោ ជុនធី មេធាវីការពារម្នាក់ដែលតំណាងឲ្យជនជាប់ចោទបានប្រាប់ខេមបូចាថា ក្រុមមេធាវីកំពុងរៀបចំប្តឹងឧទ្ធរណ៍។
លោកបានមានប្រសាសន៍ថា៖ «យើងស្នើឲ្យតុលាការទម្លាក់បទចោទ ព្រោះករណីរបស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ដូចការចោទប្រកាន់នោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dozens of CNRP Leaders and Activists Sentenced to up to 7 Years in Prison for ‘Plotting’