សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានរកឃើញថាមានទោសពីបទ «គំរាមកំហែងហែកកេរ្តិ៍» និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ​១៣ឆ្នាំ

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ក្រោមការធ្វើបត្យាប័នរវាង​រដ្ឋាភិបាលប្រទេសកម្ពុជា និងរុស្ស៊ី។ (រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ)
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ក្រោមការធ្វើបត្យាប័នរវាង​រដ្ឋាភិបាលប្រទេសកម្ពុជា និងរុស្ស៊ី។ (រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ)

អ្នកជំនួញ ហេង សិទ្ធី ដែលបានចោទមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសាររបស់មន្រ្តីបក្សកាន់អំណាចថា ពាក់ព័ន្ធនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ និង ៦ ខែ ពីបទព្រហ្មទណ្ឌចំនួន៤ ខណៈសមាគមសិទ្ធិមនុស្សមួយអំពាវនាវឱ្យមានស៊ើបអង្កេតលើការអះអាងកន្លងមករបស់លោក។

លោក សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី កាលពីខែមករា ឆ្នាំមុន និងត្រូវបានបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីលោកបានចោទប្រកាន់​មន្រ្តីធំៗ ប៉ុន្តែពេលនោះអ្នកនាំពាក្យក្រសួងមហាផ្ទៃបានច្រានចោលថា ការចាប់ខ្លួនលោកមិនទាក់ទងនឹងការបរិហារកេរ្តិ៍លើមេដឹកនាំរដ្ឋាភិបាលទេ។

លោកត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍» មានស្ថានភាពទម្ងន់ទោស ញុះញង់ឱ្យមានការរើសអើង បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងហិង្សាដោយចេតនា នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។

លោក ញឹម ពិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចនេះទេ ដោយសារលោកកំពុងស្ថិតនៅក្នុងកម្មវិធីសន្និសីទ និងបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក  អ៊ី រិន្ទ។ សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក អ៊ី រិន្ទ ដើម្បីស្នើសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។

សូមរំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោក  Phua Gek Seng ជាពលរដ្ឋសញ្ជាតិសិង្ហបុរី-កម្ពុជា បានប្តឹងលោក​ សិទ្ធី ពីបទបរិហារកេរ្តិ៍ និងជំរិត​ទារ​ប្រាក់ បន្ទាប់ពីអតីតឧកញ៉ារូបនេះបានចោទប្រកាន់លោក Phua Gek Seng ថា «ដំណើរការបណ្តាញកាស៊ីណូអនឡាញធំជាងគេនៅកម្ពុជា លាងលុយកខ្វក់ និងបានបង់ប្រាក់ ៥ លានដុល្លារ ទៅអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីប្រឌិតករណីចោទប្រកាន់លើខ្លួន»។​

លោក សិទ្ធី អ្នកជំនួញអចលនទ្រព្យដែលមានងារជាឧកញ៉ារបស់លោកត្រូវបានព្រះមហាក្សត្រដកហូតនៅចុងខែធ្នូ ឆ្នាំ២០២៤ ក៏បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតពីបទពុករលួយ និងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផងដែរ។

លោកបានចោទប្រកាន់ថា លោក គួច ចំរើន អភិបាលខេត្តកណ្តាល ថាបានប្រមូល «ជាច្រើនរយលានដុល្លារ ជារូបិយប័ណ្ណគ្រីបតូ» ក្នុងអំឡុងពេលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់២០២៤។

លោក សិទ្ធី ក៏បានជាប់ពាក់ព័ន្ធការចោទប្រកាន់ថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយ។ លើសពីនេះ លោកបានចោទប្រកាន់លោក ហ៊ុន តូ ជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានយកលុយ ៩ លានដុល្លារ ពីវិនិយោគិនចិនម្នាក់ ដែលស្វែងរកការអនុញ្ញាតសម្រាប់គម្រោងជីកយករ៉ែមួយ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានសរសេរថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលជាប្រភពដើមនៃជនរងគ្រោះពីការជួញដូរមនុស្ស ទៅជាប្រទេសគោលដៅសម្រាប់ជនរងគ្រោះបរទេស។ របាយការណ៍នោះក៏បានបង្ហាញថា យ៉ាងហោចណាស់មានជនរងគ្រោះ ១០០ ០០០ នាក់ ត្រូវបានជួញដូរមកកម្ពុជា ដែលពួកគេត្រូវបង្ខំឱ្យចូលរួមក្នុងការឆបោកតាមអនឡាញ។

មជ្ឈមណ្ឌលឆបោកតាមអនឡាញត្រូវបានរាយការណ៍ថាមាននៅក្នុងតំបន់ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ កណ្តាល ពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ស្វាយរៀង បាវិត និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ​ និងតំបន់សេដ្ឋកិច្ចពិសេសហេងថ្មដា។

លោក ចុង សុវណ្ណី ឪពុករបស់លោក សិទ្ធី ដែលបានលាលែងតំណែងពីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មិនអាចទាក់ទងដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបានទេ។

នាយកប្រតិបត្តិសមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា តុលាការ និងអាជ្ញាធរពាក់ព័ន្ធគួរស៊ើបអង្កេតលើការ​ចោទ​ប្រកាន់របស់លោក សិទ្ធី ទៅលើមន្រ្តីរដ្ឋាភិបាលថាបានប្រព្រឹត្តអំពើពុករលួយ ដើម្បីរកការពិតមុននឹងកាត់ទោសលោក។

លោកបានថ្លែងថា លោក សិទ្ធី បានធ្វើការចោទប្រកាន់ជាចង្កោមលើមនុស្សជាច្រើន ហើយត្រូវការការស៊ើបអង្កេតបន្ថែម ដើម្បីធានាតម្លាភាព និងសុចរិតភាព ជាពិសេសប្រសិនបើអ្នកដែលត្រូវបានចោទប្រកាន់ថាមិនពាក់ព័ន្ធ។

លោក សួស វិទ្យារ៉ាន់ឌី ​អនុ​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃសាលាដំបូង​រាជធានី​ភ្នំពេញ​ និងលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ក៏មិនអាចទាក់ទងបានដែរនៅពេលចុះផ្សាយនេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former Tycoon Heng Sithy Found Guilty of ‘Blackmail’, Sentenced to 13 Years in Prison

ព័ត៌មានថ្មី

អត្ថបទពេញនិយម