សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានសហជីពទើបចេញពីពន្ធនាគារថា ​ការ​កាត់ទោស​«មាន​ភាព​អយុត្តិធម៌» តែប្ដេជ្ញាបន្តការពារ​សិទ្ធិកម្មករ​

លោក ម៉ម រិទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ខេមបូចាក្រោយ​ពី​លោក​ត្រូវ​បាន​​ដោះ​លែង​ពី​ពន្ធនាគារ​។ រូបភាពថតកាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ ទ្រី ថានី)
លោក ម៉ម រិទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ខេមបូចាក្រោយ​ពី​លោក​ត្រូវ​បាន​​ដោះ​លែង​ពី​ពន្ធនាគារ​។ រូបភាពថតកាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ ទ្រី ថានី)

លោក ម៉ម រិទ្ធី ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារព្រៃស​​រយៈពេល​១៨​ខែ ក្រោយ​ពីបាន​រិះគន់​ម្ចាស់​កាស៊ីណូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក ម៉ម រិទ្ធី ដែល​ជា​ថ្នាក់​ដឹកនាំសហជីព ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០២៥​។ លោក​បាន​ហៅ​ការ​កាត់ទោស​មក​លើ​រូប​លោក​ថា «អយុត្តិធម៌» ហើយ​លោក​នៅ​តែ​ប្ដេជ្ញាបន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិកម្មករ​បើ​ទោះបីជាមានការ​គំរាមកំហែង និង​កំពុង​មាន​បញ្ហា​សុខភាព​ក៏​ដោយ​។​

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា (CTSWF) និ​ង​ជា​អតីតអនុ​ប្រធាន​​ទី២នៃសហភាពការងារកម្ពុជា (CLC)។ លោក​បាន​ប្រាប់​ សារព័ត៌មានខេមបូចា ថា ​ការ​ជាប់​ពន្ធនាគារ​របស់​លោក​គឺ​ជា​រឿង «អយុត្តិធម៌​ខ្លាំង​បំផុត​សម្រាប់​បុគ្គលិក​សង្គម​ដូច​ជា​រូប​លោក» ព្រោះ​តែ​ការពារ​សិទ្ធិ​កម្មករ​ មិនមែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​គឺ​ដើម្បី​ប្រយោជន៍​រួម​។​

លោក​មាន​ប្រសាសន៍​ថា ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ ​គឺ​លំបាក​ខ្លាំង​ដោយ​សារ​តែ​មានអ្នកជាប់​ឃុំ​ច្រើន មិន​សូវ​មាន​អនាម័យ និង​កង្វះទឹកស្អាត​ប្រើប្រាស់​។ លោក រិទ្ធី​ ​ពេល​នេះ​កំពុង​មាន​បញ្ហា​សុខភាព រួម​ទាំង​ជំងឺសួត និង​បញ្ហា​បំពង់​ក ដែលបណ្ដាល​មក​ពី​ស្រូប​ផ្សេង​បារី​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ ដែល​ទាមទារ​ឲ្យ​លោក​ត្រូវ​ទទួល​ការព្យាបាល​ជា​ប្រចាំ​។ លោក​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​ក្រពះ​ពោះ​វៀន​ និង​ស្បែក​ផង​ដែរ​។​

លោក​ឱ្យ​ដឹងថា​៖ «ក្នុង​រយៈពេល​១៨​ខែ ខ្ញុំ​លេប​ថ្នាំ​មិន​តិចជាង​៥០០​គ្រាប់​នោះទេ​។ បញ្ហា​សុខភាព​របស់​ខ្ញុំ​អាច​និយាយបាន​ថា​ធ្ងន់ធ្ងរ​…​រយៈពេល​១ឆ្នាំ​កន្លះ គឺ​​ខ្ញុំ​ជាប់​ឃុំដោយ​អយុត្តិធម៌ និង​បាន​រឹតត្បិត​រូប​ខ្ញុំ​មិន​ឲ្យ​ជួយ​សង្គម​បាន​ ជាពិសេស​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​»។​

លោក ម៉ម រិទ្ធី ត្រូវ​បានកាត់ទោស​​កំបាំង​មុខ​​កាលពី​ខែឧសភា ឆ្នាំ២០២៤ និង​ក្រោ​យមក​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាកាំរ​ព្រៃស​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​២លាន​រៀល​ តាម​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ចិន​ជីនប៉ី​ គ្រុប​។​

កាល​នោះ លោក​បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រហ្វេសប៊ុក​ដោយ​បាន​រិះគន់​លើ​កាស៊ីណូ ជីនប៉ី​ ២ ​ដែល​ខាង​កាស៊ីណូ​បាន​ចោទ​ប្រកាន់​បុគ្គលិក​ជា​ស្រ្តី​ម្នាក់​ថា​ បាន​ «ជួយ» ឲ្យ​អ្នក​លេង​ល្បែង​​ក្នុង​កាស៊ីណូ​ម្នាក់​​ឈ្នះ​ប្រាក់​១៨ ០០០​ដុល្លារ និង «មិន​អនុញ្ញាត» ឲ្យ​បុគ្គល​នោះ​ចូល​លេង​កាស៊ីណូ​ទៀត​ឡើយ​។ ស្រ្តី​រូប​នោះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​កាលពី​ឆ្នាំ២០២២​។​​

ក្នុង​ការ​ផ្សាយ​ផ្ទាល់​កាល​នោះ លោក​បាន​លើក​ឡើង​ថា លោក «បាត់​បង់ជំនឿចិត្ត​លើ​តុលាការ» ខណៈ​ស្រ្តី​ជាបុគ្គលិក​កាស៊ីណូ​រួប​នោះ​ត្រូវ​បាន​កាត់ទោស​ទាំង​មិន​មាន​ភស្ដុតាង​។​

លោក​បាន​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​ចំនួន​ពីរ​ដង តែ​ត្រូវ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ទាំងពីរ​លើក​។​

​លោក យី សុខសាន្ត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់អង្គការ​អាដហុក ប្រាប់ សារព័ត៌មានខេមបូចា​ ថា ​បុគ្គលិក​សង្គម​ស៊ីវិល​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ «បំពេញ​ចន្លោះ​ខ្វះ​ខាត​របស់រដ្ឋាភិបាល» និង​ថា​ពួក​គាត់​គួរ​តែត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ជួយ​ប្រជជាពល​រដ្ឋ ជាពិសេស​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពីការ​រំលោភសិទ្ធិការងារ និង​បញ្ហាសហជីព​។​

លោក​ឲ្យ​ដឹង​ដែរថា បើទោះបីជា​អាជ្ញាធរ​ក្រោ​យ​មក​បាន​រក​ឃើញ​ថា​កាស៊ីណូ​ ជីនប៉ី​ បាន​ប្រតិបត្តិការ​ដោយ​ខុស​ច្បាប់​ និង​ដក​បណ្ដឹង​ក្ដី ក៏​តុលា​នៅ​តែ​បន្ត​នីតិវិធីលើ​សំណុំ​រឿង​នេះ​។​

លោក សុខសាន្ត បាន​ជំរុញ​ឲ្យ​​តុលាការ​ទម្លាក់​ចោល​បទ​ចោទនានា និង​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​

លោក​បន្ថែមថា៖ «យើង​ជំរុញ​ឲ្យ​តុលាការ និងអាជ្ញាធរ​ការពារ​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៀត។ ពេល​មាន​ការ​ស្នើ​សុំ ឬ​ផ្ដល់​ជា​មតិយោបល់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​គួរ​តែ​ពិចារណាថា ​តើ​ការ​ចោទ​ប្រកាន់​នោះ​ពិត​ឬអត់ ជាជាង​ដាក់​ពាក្យ​ប្ដឹង​វិញ បំបាត់​ព័ត៌មាន ឬ​បំពាន​សិទ្ធិ​មនុស្ស​»។​

គណៈកម្មាធិការ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ស្ដីពី​ការអនុវត្តស្ដង់ដារ​បាន​ថ្លែង​ថា ​បញ្ហា​ផ្លូវ​ច្បាប់ និង​ឧបសគ្គជាក់ស្ដែង​​ចំពោះ​សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ​ក្នុង​ប្រទេស​គឺជា​រឿង «ដែល​គួរ​ឲ្យ​សោកស្ដាយ»។​

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) និងជាអតីតអនុប្រធានទី២នៃសហភាពការងារកម្ពុជា (CLC) បានជួបជាមួយក្រុមគ្រួសារ បន្ទាប់ពីចេញពីពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ហ្វេសប៊ុក លោក អាត់ ធន់)
លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) និងជាអតីតអនុប្រធានទី២នៃសហភាពការងារកម្ពុជា (CLC) បានជួបជាមួយក្រុមគ្រួសារ បន្ទាប់ពីចេញពីពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ហ្វេសប៊ុក លោក អាត់ ធន់)

លោក អាត់ ធន់ អនុប្រធាន​សហជីព​ស៊ីខៅឌូ ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​លោក រិទ្ធី ប៉ុន្តែ​លោក​ថា វា​ជារឿង​អកុសល​មួយ​ដែល​ការ​ដោះ​លែង​នេះ​ធ្វើឡើង​នៅ​ពេល​ការ​អនុវត្ត​ទោស​ត្រូវ​បាន​បញ្ចប់​។​​

លោកបន្ត​ថា៖​ «មាន​ភាព​មិន​ប្រក្រតីជា​ច្រើ​ន​នៅ​ក្នុង​សំណុំ​រឿង​នេះ។ ក្នុង​ពេល​គាត់ធ្វើជា​ប្រធានសហជីព គាត់ត្រូវ​បាទចោទប្រកាន់ [បទល្មើស]​ ព្រោះ​ការងា​ររបស់​គាត់​។ ក្រុម​ហ៊ុន​បាន​ដក​ពាក្យ​បណ្ដឹង ប៉ុន្តែ​នៅ​ទីបំផុត លោក ​រិទ្ធី ​នៅ​តែត្រូវ​កាត់ទោស។ ដូច​នេះ​ខ្ញុំ​គិត​ថា​វាមិ​ន​យុត្តិធម៌​ទេសម្រាប់​គាត់​»។​

​លោក អាត់ ធន់ ជំរុញ​ឲ្យ​អាជ្ញាធរ​ឈប់​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​គាប​សង្កត់​មេដឹកនាំ​សហជីព ដែល​ធ្វើ​ការ​​ការពារ​សិទ្ធិ​កម្មករ ដែល​នេះជា​ការ​ធ្វើ​ដើម្បី​ប្រយោជន៍​រួម​។​

លោក​បានបន្ថែមថា៖ «សហជីព គឺជាផ្នែក​មួយ​នៃ​សង្គម ពួកគាត់ចូល​រួម​ជួយ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​គាបសង្កត់​សេរីភាព​កម្មករ​មាន​ការ​កើន​ឡើងខ្ពស់ ហើយ​ពេល​សហជីព​ព្យាយាមជួយ​​ដោះស្រាយ​បញ្ហា ពួកគេ​បែរជា​ត្រូវ​ជាប់ពន្ធនាគារ​ទោវិញ»។​

អ្នកស្រី គង់ សូដា​ ភរិយាលោក រិទ្ធី បង្ហាញ​ការ​សប្បាយ​ចិត្ត​ដែល​ស្វាមី​មាន​សេរីភាព​វិញ​ ជាពិសេស​​ក្រោយ​ពី​ការ​រែកពន់​អំរែក​គ្រួសារ​ដ៏​ធ្ងន់​តែម្នាក់​ឯង​​​។ យ៉ាងណា អ្នកស្រី​នៅ​តែ​មានការ​សោកស្ដាយ​ចំពោះ​សុខភាព​ប្ដី ដែល​បាន​ចុះ​ទ្រុឌទ្រោម​ក្រោយ​ចេញ​ពី​ពន្ធនាគារ ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ទៀងទាត់ ដោយសារ​តែ​បាន​ស្រូប​ផ្សែង​បារី​ច្រើន​ក្នុង​ពន្ធនាគារ​។​

អ្នកស្រី​បានលើកឡើងថា៖ «ខ្ញុំ​សប្បាយចិត្ត​ដែល​គាត់​បាន​មក​វិញ​ ហើយ​ខ្ញុំ​នឹង​នៅ​តែបន្ដគាំទ្រ​ការងារ​របស់​គាត់ ​ដើម្បី​​យុត្តិធម៌របស់​កម្មករ​»។​​

ជាមួយ​គ្នា​នេះដែរ លោក រិទ្ធី បាន​ឲ្យ​ដឹ​ងដែរថា ​លោក​នៅ​បន្ត​ទទួល​បទពិសោធន៍​នៃ​ការគំរាមកំហែង ការ​រឹតត្បិត​សេរីភាព​ក្នុងការ​ធ្វើការងារ​សង្គម​ ប៉ុន្តែ​លោក​នៅ​តែ​ប្ដេជ្ញា​បន្ត​ជួយ​ការពារ​​សិទ្ធិការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​បាន​តាំង​ចិត្ត​ធ្វើ​ការងារ​សង្គម​មក​ជាយូរ​ហើយ​។ ខ្ញុំ​មិន​រត់ចោលស្រុកទេ ប៉ុន្តែ​នឹង​បន្ត​ការងារ​ជាមួយ​សហជីព​ដើម្បី​ជួយ​កម្មករ [ក្នុង​ប្រទេស​កម្ពុជា]»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Freed Union Leader Decries ‘Unjust’ Sentence, Vows to Continue Defending Workers’ Rights

125 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម