សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី នឹងត្រឡប់មកកម្ពុជាវិញនៅអំឡុងបុណ្យចូលឆ្នាំខ្មែរ

លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលបានផុសលើហ្វេសប៊ុកផេករបស់លោកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលបានផុសលើហ្វេសប៊ុកផេករបស់លោកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស នឹងត្រឡប់មកកម្ពុជាវិញនៅអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីប្រមុខរដ្ឋស្តីទីនៃប្រទេសកម្ពុជាបានចេញព្រះរាជក្រឹត្យលើកឡើងទោស។

លោក សេរី បានឆ្លើយតបជាមួយ សារព័ត៌មានខេមបូចា តាមអ៊ីម៉ែល នៅថ្ងៃទី៨ ខែមេសា ថា លោកនឹង​ត្រឡប់​មក​កម្ពុជា​វិញតាមជើងយន្តហោះ ហើយនឹងចុះនៅទឹកដីតំបន់អង្គរវត្តដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោក សេរី ថ្លែងថា៖ «ខ្ញុំសង្ឃឹមថាសមាជិករបស់ខ្ញុំដែលជាប់គុកនឹងត្រូវដោះលែងនៅពេលខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញ»

លោក សេរី បានបន្តថា លោកនឹងត្រូវបានធានាសុវត្ថិភាពដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន។ លោក សេរី បន្ថែមថា៖ «ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនអីទេ»

លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃប្រទេសកម្ពុជាបានចេញព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមេសា លើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ដែលធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន៦ករណីសរុបទោសជាង៤០ឆ្នាំពាក់ព័ន្ធនឹងបទល្មើសប្រឆាំងនឹងរដ្ឋាភិបាល ។

លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលសព្វថ្ងៃរស់នៅប្រទេស ដាណាម៉ាក សហភាពអឺរ៉ុប បានស្នើទៅកាន់លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីសុំលើកលែង នឹងអាចបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។ យោងតាមលិខិតរបស់ លោក សេរី​ ចុះថ្ងៃទី១​ ខែមេសា ឆ្នាំ២០២៥។

លោក សម សេរី​ ក៏បានប្រកាសរំលាយចោលនូវរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស នៅថ្ងៃដដែលនោះផងដែរ។

ក្នុងលិខិតស្នើសុំលើកលែង លោក សេរី បានថ្លែងថា៖ «ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»

ប្រវត្តិខ្លះរបស់ លោក សម សេរី បានចាប់ផ្តើមដំបូងជាគ្រូបង្រៀននៅកម្ពុជា ខណៈដែលលោកកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រោយ​មក​គាត់​បានក្លាយជា​សាស្ត្រាចារ្យម្នាក់​នៅ​សាកល​វិទ្យាល័យ​មួយ​ដែល​ឥឡូវ​លែង​ដំណើរការ​គឺ​សាកលវិទ្យាល័យ Wan Lan ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដើម​សតវត្សន៍។ នៅឆ្នាំ ១៩៩៨ គាត់ត្រូវបានគេរាយការណ៍ថាជាសមាជិកនៃគណបក្ស សម រង្ស៊ី ដែលធ្លាប់ប្រឆាំងលោក ហ៊ុន សែន ហើយក្រោយមកគាត់បានបដិសេធលោក សម រង្ស៊ី ក្រោមហេតុផលថាលោក រង្ស៉ីមិនបានផ្តល់ការប្រឆាំងពេញលេញចំពោះរដ្ឋាភិបាល។ ការ​ប្រឆាំង​នឹងរបប​កុម្មុយនិស្ត​ហាក់​ដូច​ជា​គោល​គំនិត​សំខាន់​នៃ​ទស្សនៈ​របស់​លោក ​សម សេរី ។

គេហទំព័ររណសិរ្សរំដោះខ្មែរ សរសេរថា លោក សេរី បានសរសេរសៀវភៅចំនួន៣ក្បាល ស្តីពីការដឹកនាំនៅកម្ពុជា ដែលត្រូវបានបោះពុម្ពក្នុងប្រទេសថៃ ប៉ុន្តែត្រូវបានហាមប្រាមក្នុងប្រទេសកម្ពុជា។ តាមរយៈគណនីផ្ទាល់ខ្លួនរបស់គាត់ម្តងទៀត គាត់អះអាងថា សកម្មភាពរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំកម្ពុជា ហ៊ុន សែន ក្នុងឆ្នាំ ២០០៥។ ការត្រួតពិនិត្យនោះបានជំរុញឱ្យគាត់ផ្លាស់ទៅប្រទេសថៃមួយរយៈ។ លោក សេរី អះអាង​ថា លោក​ត្រូវ​បាន​ភ្នាក់ងារ​ខ្មែរ​តាម​ចាប់​ចូលដល់​ប្រទេស​ថៃ។ គាត់បានត្រឡប់មកកម្ពុជាវិញមួយរយៈខ្លី មុនពេលការហោះហើរចុងក្រោយរបស់គាត់ទៅនិរទេសខ្លួនពីប្រទេសក្នុងឆ្នាំ២០១០ និងបន្តទៅកាន់ប្រទេសដាណឺម៉ាក។

ក្នុងឆ្នាំ២០១៨ អាជ្ញាធរ​ថៃ បាន​ចាប់​លោក សម សេរី ដោយសារតែរស់នៅប្រទេសថៃហួសកាលកំណត់នៃទិដ្ឋាការ ​។

សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា តែង​ប្រុងប្រយ័ត្ន និង​តាមដាន​សកម្មភាព​រប​ស់លោក សម សេរី ទោះជា​លោក ស្ថិតនៅ​ក្រៅប្រទេស​ក៏ដោយ​។ រដ្ឋាភិបាល ចាត់ទុក​លោក ថា​ជា​មនុស្ស​ម្នាក់ ដែលមាន​បំណង​បង្ក​អសន្តិសុខ និង​ចលាចល​ដល់​សង្គម​កម្ពុ​ជា​។ គេ ដឹង​ឮថា លោក សម សេរី ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​។

អតីតលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ផែនការ​របស់លោក សម សេរី ដែល​ចង់​បំផ្ទុះ​គ្រាប់បែក នៅ​ម្តុំ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប មុន​ចូលឆ្នាំ​ខ្មែរ ​។ ប៉ុន្តែ លោក ហ៊ុន សែន ប្រកាស​នៅពេលនោះ​ថា ផែនការ​របស់លោក សម សេរី ត្រូវបាន​រដ្ឋាភិបាល ដឹង​មុន ហើយក៏​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធទប់ស្កាត់​។

ប្រភពមួយចំនួនត្រូវបានរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាបានភ្ជាប់សកម្មភាពរបស់​រណសិរ្សរំដោះជាតិខ្មែរ និងលោក សម សេរី ទៅនឹងក្រុមមុនៗដែលធ្វើសកម្មភាពនៅកម្ពុជា ដែលត្រូវបានបង្ក្រាបដោយអាជ្ញាធរ។ នៅឆ្នាំ២០០៦ មេចលនាក្បាលខ្លា ដែលជាក្រុមប្រឆាំង ត្រូវបានមន្ត្រីសមត្ថកិច្ចកម្ពុជា កំណត់ថាជាការគំរាមកំហែង បន្ទាប់ពីខ្លួនបានចាប់ផ្តើមចែកខិតប័ណ្ណ​រិះគន់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន នៅរាជធានីភ្នំពេញ និងខេត្តតាកែវ។ ក្រុមនេះត្រូវបានផ្សារភ្ជាប់ទៅនឹងផែនការរៀបចំការបំផ្ទុះគ្រាប់បែកនៅជិតស្តូបមិត្តភាពកម្ពុជា វៀតណាម ឡាវ ក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ និងមុខក្រសួងការពារជាតិក្នុងឆ្នាំ២០០៩។ ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងផែនការនេះ ទោះបីជាពួកគេបានអះអាងជាយូរមកហើយថាគ្មានកំហុសក៏ដោយ។ ក្រុម​នេះ​ត្រូវ​បាន​គេ​ដាក់​ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​២០ឆ្នាំ​ទៅ​២៨​ឆ្នាំ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោក សម សេរី ត្រូវបានតុលាការកាត់ទោសរួចហើយ ព្រោះគាត់បានធ្វើសកម្មភាពប្រឆាំងជាមួយរដ្ឋាភិបាលយូរឆ្នាំដែរហើយ ហើយគាត់មានពិរុទ្ធភាព និងមានសាលក្រម សាលដីការបស់តុលាការហើយ ដូច្នេះទើបអាចមានព្រះរាជក្រឹត្យលើកលែងទោសបាន។

លោក ឥសាន បានបន្តថា គាត់អាចនិយាយបានតែត្រឹមព្រះរាជក្រឹត្យសិន ព្រោះការតែងតាំងអ្វីផ្សេងទៀត គឺគាត់មិនទាន់ឃើញនៅឡើយ ដូច្នេះវាមិនទាន់មានទេ។

នៅពេលសួរថា មានសកម្មជនផ្សេងៗដែលជាប់ទោសដោយសារពាក់ព័ន្ធនឹងលោក សម សេរី តើពួកគាត់អាចនឹងត្រូវបានបន្ថូរបន្ថយ រឺរួចទោសដែរទេ? លោក ឥសាន បានឆ្លើយតបថា តាមច្បាប់ សក់នរណា ក្បាលអ្នកនោះ មិនអាចភ្ជាប់បានទេ សូម្បីតែជនណាដែលត្រូវបានតុលាការកាត់ទោសហើយ ទាល់តែសាមីខ្លួនដោះស្រាយរឿងហ្នឹងដោយខ្លួនឯងទើបបាន។

អ្នកសារព័ត៌មានខេមបូចា បានសួរទៀតថា តើអាចជាភ្លើងខៀវសម្រាប់សកម្មជនផ្សេងទៀតសុំលើកលែងទោសទេ? លោក ឥសាន បានតបថា៖ «វាអាស្រ័យទៅលើឥរិយាបទរបស់អ្នកផ្សេងនោះ»

លោក​ ឥសាន បានបន្ថែមថា លោកក៏មិនបានដឹងថា លោក សម​ សេរី ចូលមកប្រទេសកម្ពុជាថ្ងៃណាទេ លោកបានឱ្យអ្នកសារព័ត៌មានសួរទៅលោក សេរី វិញចុះ។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា​ លោក សម សេរី ត្រូវបានលើកលែងទោស ដោយសារគាត់ទទួលកំហុស ហើយគាត់ប្រកាសទទួលស្គាល់កំហុស និងប្រកាសរំលាយអង្គការចាត់តាំងរបស់គាត់ ហើយគាត់សុំទោសថ្នាក់ដឹកនាំ។

លោក បូណា លើកឡើងថា៖ «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលការណ៍មួយ គឺសណ្ដោសប្រោសប្រណី ធ្វើម៉េចឱ្យខ្មែរមានសាមគ្គីជាតិ ឯកភាពជាតិ តែងតែលើកលែង អត់ឱន ឱ្យជានិច្ច ទោះបីអតីតកាលមានកំហុសប៉ុណ្ណាក៏ដោយ»។ លោក​ បូណា បន្តថា «យើងឃើញខ្មែរក្រហម ទោះបីជាសត្រូវស្លាប់រស់ប្រយុទ្ធគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុត ក្រោមនយោបាយឈ្នះឈ្នះក៏ត្រូវបានរាជរដ្ឋាភិបាលអត់ឱន ហើយនិងធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាល ដើម្បីឯកភាពជាតិខ្មែរ»

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន បានថ្លែងថា លោកមិនបានដឹងឱ្យស៊ីជម្រៅ និងសកម្មភាពរបស់លោក សម សេរី ដែលមានឈ្មោះច្រើននោះទេ ប៉ុន្តែសម្រាប់លោកជាអ្នកធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា លោកចង់ឃើញសង្គមកម្ពុជា បើកសិទ្ធិធ្វើនយោបាយឱ្យកាន់តែទូលំទូលាយ និងកុំឱ្យមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពក្នុងការធ្វើនយោបាយ។

លោក ច័ន្ទរឿន បានបញ្ជាក់ថា ប្រសិនបើមេដឹកនាំនយោបាយណាម្នាក់ ឬក៏ក្រុមណាមួយត្រូវបានសម្របសម្រួលលើកលែងទោសពីបទពិរុទ្ធដែលខ្លួនបានប្រព្រឹត្តពីអតីតកាលដោយសារតែការសម្របសម្រួលនយោបាយហើយ។ «អ្នកដើរតាម ឬអ្នកជឿមេដឹកនាំនោះ ឬក៏ជឿក្រុមអ្នកនយោបាយណាមួយដែលត្រូវបានជាប់ពិរុទ្ធ ឬជាប់ទោសដោយសារតែការជឿ ឬធ្វើសកម្មភាពតាមអ្នកនយោបាយ ឬក៏ចូលរួមក្នុងសកម្មភាពនយោបាយណាមួយ ហើយពួកគាត់ត្រូវបានចាប់ខ្លួនចោទប្រកាន់ទោស ឬបានឃុំខ្លួនក្នុងពេលបច្ចុប្បន្ននេះ គួរតែសម្របសម្រួលឱ្យមានការដោះលែងឱ្យមានសិទ្ធិសេរីឱ្យគ្នាមកវិញដែរ»៕​

357 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម