គេរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើនទៀតនៅចុងសប្តាហ៍នេះនៅពេលដែលព្យុះត្រូពិចមកដល់ប្រទេសកម្ពុជា ហើយវានឹងធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ជាងនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស្១៨នាក់និងបង្ខំឲ្យពលរដ្ឋជាងពីរម៉ឺនប្រាំពាន់នាក់ផ្សេងទៀតជម្លៀសទៅរកទីទួលសុវត្ថិភាពក្នុង១៩ខេត្ត ចាប់តាំងពីដើមខែតុលា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ។
ព្យុះត្រូពិចឈ្មោះ សូឌែល (Saudel) ត្រូវគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់នៅតាមតំបន់ទំនាបក្នុងខេត្តមួយចំនួន រួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាលនិងក្រុងភ្នំពេញ នៅពេលព្យុះនេះមកដល់ប្រទេសវៀតណាមនៅថ្ងៃទី១៧ ហើយនឹងបន្តសំដៅមកប្រទេសកម្ពុជា នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធន់ធានទឹកនិងឧតុនិយម។
ក្រុមមន្ត្រីបានអះអាងថា ទឹកភ្លៀងនឹងធ្វើឲ្យស្ថានភាពទឹកជំនន់ដែលមានស្រាប់នេះ រឹតតែធ្ងន់ធ្ងរ ដែលបានធ្វើឲ្យខូចផ្លូវប្រវែងជាង ១.៥០០គីឡូម៉ែត្រ និងផ្ទះ ៥០.០០០ខ្នងក្នុង១៩ខេត្ត ចាប់តាំងពីថ្ងៃទី៩ ខែតុលា ខណៈខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រុងភ្នំពេញ និងខេត្តពោធិ៍សាត់រងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមលោក ឃុន សុខា ជាអ្នកនាំពាក្យ NCDM។
លោក ឃុន សុខា បានមានប្រសាសន៍ថា អាជ្ញាធរកំពុងធ្វើការងារជាមួយក្រុមមន្ត្រីខេត្ត ចំណែកក្រុមសង្គ្រោះនិងរុករករបស់យោធាបន្តជួយសង្គ្រោះពលរដ្ឋដែលជាប់គាំងនៅតាមផ្ទះ ស្របពេលមនុស្ស ២៥.១៩០នាក់ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោក សុខា បានមានប្រសាសន៍ថា៖ «ដោយសារយើងដឹងព័ត៌មានហ្នឹងពីការព្យាករណ៍ទុកមុនឥឡូវយើងបានត្រៀមកម្លាំងនិងត្រៀម មធ្យោបាយ ហើយនិងអ្វីដែលជាសម្ភារៈមធ្យោបាយដឹងជញ្ជូនប្រជាពលរដ្ឋ ក្នុងករណីដែលពួកគាត់ត្រូវជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ដោយមានគោលការណ៍មួយគឺធ្វើយ៉ាងណា មិនឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ទេ។ យើងបានត្រៀមខ្លួនរួចនិងការទទួលស្ថានការណ៍នាពេលខាងមុខនេះ»។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតាមដានការព្យាករណ៍ហ្នឹងហើយ ហើយកំពុងពិនិត្យទៅលើខេត្តជាពិសេសខេត្តដែលរងឥទ្ធិពលហ្នឹង ដូចជាខេត្តភាគឦសាន និងខាងលិចហ្នឹង។ ហើយបានអប់រំ បានផ្ញើសារទៅដល់ពួកគាត់ឲ្យប្រុងប្រយ័ត្ន ឲ្យតាមដានការព្យាករណ៍។ ទាំងអាជ្ញាធរថ្នាក់ជាតិនិងអាជ្ញាធរមូលដ្ឋានកំពុងតែយកចិត្តទុកដាក់និងតាមដាន ពិនិត្យដល់ប្រជាំរដ្ឋតែប្រឈមមុខខ្លាំងនៅក្នុងតំបន់ទាំងអស់នោះ ហើយ ។ ប្រសិនបើករណីធ្ងន់ធ្ងរ យើងចាប់ផ្តើមជួយគាត់ ដោយសារយើងមានកម្លាំងរួចជាស្រេចនៅតំបន់ទាំងអស់នោះ»។
លោកបានបន្ថែមថា អាហារ ទឹកស្អាតនិងវត្ថុចាំបាច់ផ្សេងទៀតត្រូវបានចែកជូនដល់ក្រុមគ្រួសារ ដែលជាប់គាំងនៅតាមផ្ទះនិងអ្នកដែលត្រូវបានជម្លៀសចេញរួចហើយ។
ទឹកជំនន់នេះក៏ធ្វើឲ្យខូចផ្លូវជាតិប្រហែល២៨៤គីឡូម៉ែត្រនិងផ្លូវលំនៅតាមខេត្តប្រវែង ១.៤៥៩ គីឡូម៉ែត្រផងដែរ នេះបើតាមសេចក្តីថ្លៃងការណ៍របស់ NCDM។ ស្រពេលពេលនេះដែរ រថយន្តធុនធំត្រូវបានហាមឃាត់មិនឲ្យធ្វើចរាចរណ៍តាមផ្លូវជាតិលេខ២ លេខ៣ លេខ៤និងផ្លូវជាតិលេខ៥ ក្នុងខេត្តកណ្តាល ដើម្បីបង្ការកុំឲ្យមានការខូចខាតបន្ថែមទៀត។
គិតមកត្រឹមថ្ងៃសុក្រនេះ NCDM បានប៉ាន់ប្រមាណថា មានផ្ទះ ៥១.១៣៣ ខ្នងនិងសាលារៀន ៤៣៩ ខ្នងរងការខូចខាតដោយសារគ្រោះធម្មជាតិ ដែលបានបំផ្លាញស្រូវ ១៣៧.១៦០ ហិកតានិងដំណាំរួមផ្សំ ៦៧.៤៩០ហិកតា។
ជំនន់ភ្លាមៗនេះក៏បានបង្កឲ្យបាក់ទំនប់នៅខេត្តកំពង់ស្ពឺ ទំនប់នៅឧទ្យានជាតិគីរីរម្យនិងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅ។
ចំណែកនៅខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តរងគ្រោះធ្ងន់ធ្ងរជាងគេនោះ អាជ្ញាធរមូលដ្ឋានបានបង្ខំចិត្តជម្លៀសអ្នកទោសជាង១.៦០០នាក់ចេញពីពន្ធនាគារខេត្តដោយសារការជន់លិច នេះបើយោងតាមលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោកមានប្រសាសន៍ថា កាលពីថ្ងៃទី១៣ និង១៤ ខែតុលានេះ អាជ្ញាធរបានដឹកអ្នកទោសតាមរថយន្តទៅកាន់មណ្ឌលអប់រំកែប្រែផ្សេងទៀតនៅខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តត្បូងឃ្មុំ ដោយលោកបានបន្ថែមថា អ្នកទោសនៅខេត្តនេះធ្លាប់ត្រូវបានជម្លៀសចេញផងដែរកាលពីឆ្នាំ២០១៣ ដោយសារតែបញ្ហាទឹកជំនន់។
លោកមានប្រសាសន៍ថា៖ «នៅពេលចាប់ផ្តើមការជម្លៀសចេញ ទឹកមិនទាន់ចូលក្នុងអគារនៅឡើយទេ។ ប៉ុន្តែក្រោយជម្លៀសចេញរួចរាល់នៅថ្ងៃទី១៤ ទឹកចាប់ផ្តើមហូរចូលពេញអគារ។ អ្នកទោសបានចាកចេញអស់ហើយ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ទឹកជំនន់នៅក្រុងភ្នំពេញនៅឆ្នាំនេះធ្ងន់ធ្ងរមែនទែនចាប់តាំងពីឆ្នាំ២០១៦ មក ដោយលោកពន្យល់ថា ក្រុងភ្នំពេញមានកម្ពស់ទឹកភ្លៀង ១៩០មីលីម៉ែត្រនៅសប្តាហ៍នេះ បើធៀបនឹងទឹកភ្ញៀវរដូវវស្សាជាមធ្យមត្រឹម១០៥មីលីម៉ែត្រ។
អាជ្ញាធរក្រុងបានព្យាយាមកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ដោយបូមទឹកចេញពីតំបន់បឹងទំពុន និងបឹងជើងឯក ជាកន្លែងស្តុកទឹកភ្លៀងសំខាន់ពីរក្នុងទីក្រុងភ្នំពេញ។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ សង្កាត់ចំនួន៥នៅខណ្ឌដង្កោត្រូវបានជន់លិច ហើយពលរដ្ឋមួយចំនួនត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅផ្សារព្រែកជ្រៃ។
លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ «យើងនៅតែសម្របសម្រួលការជម្លៀសចេញ ពីព្រោះពលរដ្ឋមួយចំនួនកំពុងស្ថិតនៅទីតាំង [ ជន់លិច ]។យើងមិនទាន់បានរាប់ចំនួនពួកគាត់នៅឡើយទេ ខណៈពេលយើងកំពុងព្យាយាមនាំយកពួកគាត់ចេញពីតំបន់ប៉ះពាល់មកកាន់តំបន់សុវត្ថិភាព»។
លោកបានមានប្រសាសន៍ថា៖ «ការយកចិត្តទុកដាក់និងអាទិភាពចម្បងរបស់យើងនៅពេលនេះ គឺនាំយកប្រជាពលរដ្ឋមកកាន់កន្លែងជម្លៀស ពីព្រោះវាពាក់ព័ន្ធការសង្គ្រោះអាយុជីវិត»។
កាលពីយប់ថ្ងៃទី១៥ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសួរសុខទុកប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅខណ្ឌដង្កោ និងបានអំពាវនាវឲ្យអាជ្ញាធរផ្តោតការយកចិត្តទុកដាក់សង្គ្រោះអាយុជីវិតនិងផ្តល់អាហារនិងទឹកស្អាតដល់ពលរដ្ឋដែលត្រូវបានជម្លៀសចេញ។
លោកបានមានប្រសាសន៍ថា៖ «គ្រប់ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ការពារគ្រោះទឹកជំនន់នេះ។ អាទិភាពធំបំផុតក្នុងបេសកកម្មនេះ គឺដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋមិនឲ្យស្លាប់ដោយសារការលង់ទឹក លង់ទឹកដោយការយើងមិនបានទៅសង្គ្រោះគាត់»។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជន់លិចក្នុងក្រុងភ្នំពេញគឺជាគ្រោះមហន្តរាយធម្មជាតិ និងបានប្រាប់ពលរដ្ឋកុំឲ្យសន្និដ្ឋានថា ការជន់លិចនេះបណ្តាលមកពីការលុបបឹងនិងតំបន់ទំនាបក្បែររាជធានីភ្នំពេញសម្រាប់ការអភិវឌ្ឍក្រុងនោះ។
លោកបានមានប្រសាសន៍ថា វិភាគទានសម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់បានកើនដល់៦លានដុល្លារ ហើយទឹកប្រាក់ ៨០០.០០០ដុល្លារត្រូវបានប្រើប្រាស់រួចហើយ។
ស្ត្រីមេផ្ទះឈ្មោះ ម៉ៅ វណ្ណៈ អាយុ៤១ឆ្នាំ រស់នៅសង្កាត់ចោមចៅនៅជាយខណ្ឌដង្កោបានប្រាប់ខេមបូចាថា ផ្ទះរបស់អ្នកស្រីបានជន់លិចចាប់តាំងពីថ្ងៃអង្គារ ហើយថា រាល់ឆ្នាំ តំបន់របស់អ្នកស្រីតាមធម្មតាមានការជន់លិចតិចតួច ប៉ុណ្ណោះ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំកំពុងធ្វើដំណើរត្រឡប់មកពីខេត្ត ហើយនៅពេលខ្ញុំមកដល់ផ្ទះនៅម៉ោងប្រហែល ៨ [ យប់ ] ទឹកហូរចូលពេញផ្ទះរបស់ខ្ញុំបាត់ទៅហើយ។ ការជន់លិចនេះមានរយៈពេលបួនថ្ងៃហើយ។ ខ្ញុំមិនធ្លាប់ឃើញការជន់លិចនៅទីនេះទេ ក្នុងរយៈពេល១០ឆ្នាំ ដែលខ្ញុំបានមករស់នៅទីនេះ»។
អ្នកស្រីបាននិយាយថា អ្នកស្រីនិងក្រុមគ្រួសារមិនដឹងថា នឹងទៅស្នាក់នៅទីណាទេ ស្របពេលផ្ទះរបស់ពួកគាត់បន្តជន់លិច ហើយបានអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការណ៍ទប់ស្កាត់ការជន់លិចនាពេលអនាគត។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា បន្ទាប់ពីនេះទៅ អាជ្ញាធរអាចស្តាប្រព័ន្ធលូឲ្យបានប្រសើរជាងនេះ ដើម្បីអាចជួយ [ កាត់បន្ថយការជន់លិច ]»៕