លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យត្រួតពិនិត្យបន្លែ សាច់ នាំចូលឱ្យបានតឹងរឹង និងអំពាវនាវឱ្យមានការអប់រំប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីជំងឺមហារីក ដោយថារាល់៤០នាទីជំងឺមហារីកបានសម្លាប់ប្រជាជនម្នាក់ ឬ៣៨នាក់ក្នុងមួយថ្ងៃ។
ថ្លែងក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថាជំងឺមហារីកបានបង្កជាក្ដីបារម្ភចំពោះសុខភាពសាធារណៈ និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។
លោកបានជំរុញឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឲ្យពង្រឹងការអប់រំដល់សាធារណជនអំពីវិធីបង្ការជំងឺមហារីក និងរឹតបន្តឹងលើការត្រួតពិនិត្យបន្លែ និងសាច់ដែលនាំចូល និងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់លើម្ហូបអាហារ ដើម្បីអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីក។ លោកមានប្រសាសន៍ថា៖ «លទ្ធភាពក្នុងការបង្ការ និងការរកឃើញជំងឺបានលឿន គឺជាគន្លឹះសំខាន់»។
អាជ្ញាធរតែងតែរកឃើញគ្រឿងសមុទ្រលក់លើទីផ្សារមានផ្ទុកសារធាតុគីមីហាមឃាត់ និងសាច់បង្កកខូចគុណភាព ដែលបាននាំចូល «ដោយខុសច្បាប់» មកកាន់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បញ្ជាក់ថា ក្នុងមួយឆ្នាំអ្នកកើតជំងឺមហារីកមានរង្វង់ ២០ ០០០នាក់ និងអ្នកស្លាប់ដោយជំងឺមហារីកមានរង្វង់ ១៤ ០០០នាក់ក្នុងមួយឆ្នាំ។ លោកកត់សម្គាល់ឃើញថា៧៥%នៃអ្នកមានជំងឺមហារីកមាត់ស្បូនបានស្វែងរកការព្យាបាលនៅដំណាក់កាលចុងក្រោយ ដែលដំណាក់កាលនេះឱកាសព្យាបាលជាសះស្បើយគឺស្ដួចស្ដើង។
លោកមានប្រសាសន៍ថា៖ «អត្រាស្លាប់បានបង្ហាញថារាល់៤០នាទីមនុស្សម្នាក់ស្លាប់ដោយសារជំងឺមហារីកនៅកម្ពុជា ឬប្រហែល៣៨នាក់ក្នុងមួយថ្ងៃ ដែលការណ៍នេះធ្វើឲ្យគ្រួសារជួបការលំបាកជាខ្លាំង បន្សល់ទុកក្មេងកំព្រា ពោះម៉ាយ ឬស្រ្តីមេម៉ាយ»។
ខណៈដែលលោកនាយករដ្ឋមន្ត្រីលើកឡើងថាបញ្ហាប្រឈមរបស់កម្ពុជាមួយទៀត គឺកង្វះវេជ្ជបណ្ឌិតជំនាញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលយល់ស្របថាកម្រិតនៃការឆ្លើយតបរបស់កម្ពុជាលើជំងឺមហារីកនៅមានកម្រិតនៅឡើយ។
លោកបន្ថែមថា៖ «ការណ៍នេះ នាំឲ្យឈានដល់ការរៀបចំឲ្យមានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០»។ លោកបន្តថា ផែនការនេះជំរុញដល់ការពង្រឹងវិធានការការពារនៅកម្រិតដំបូង និងកម្រិតទីពីរ ពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងការវិនិយោគលើការស្រាវជ្រាវ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសផែនការលើកកម្រិតមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសជំងឺមហារីក។
កញ្ញា សុវណ្ណ ស្រីពីន ដែលមានសាច់ញាតិកើតជំងឺមហារីកកាលពីឆ្នាំ២០២៤ ប្រាប់ ខេមបូចា ថា គ្រាន់តែបានឮជំងឺនេះភ្លាម វាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារ។ កញ្ញាចាត់ទុកជំងឺមហារីកថា ជាជំងឺដ៏គ្រោះថ្នាក់មួយ និងមានសញ្ញាព្រមានដំបូងៗតិចតួច ហើយអាចដឹងថាមានជំងឺនេះនៅពេលវារាលដាលដល់ដំណាក់កាលទីពីរ និងការព្យាបាលវិញត្រូវចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ។
កញ្ញាឱ្យដឹងថា៖ «បន្ទាប់ពីមានបទពិសោធន៍រឿងនេះ ខ្ញុំចាប់ផ្ដើមដឹងច្បាស់ថាសុខភាពគឺជារឿងសំខាន់ និងត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ មិនសម្រាប់តែរូបខ្ញុំទេ ប៉ុន្តែសម្រាប់គ្រួសារទាំងមូល»។ កញ្ញាបន្តថា៖ «សព្វថ្ងៃនេះ អាហារកែច្នៃមានផលប៉ះពាល់ខ្លាំងដល់រាងកាយរបស់យើង និងអាចធ្វើឲ្យយើងកើតជំងឺកាចសាហាវផ្សេងៗដោយងាយ»។
កញ្ញាបន្ថែមថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ដែលទើបង្កើតនេះ គឺជាជំហានវិជ្ជមានមួយ ដែលវាអាចជួយឲ្យសាធារណជនបានយល់ដឹងកាន់តែច្រើន និងជួយឲ្យប្រជាពលរដ្ឋអាចការពារខ្លួនពីជំងឺបាន។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ប្រាប់ សារព័ត៌មានខេមបូចា ថា ជំងឺមហារីកជាប្រភេទជំងឺមិនឆ្លងដ៏គ្រោះថ្នាក់មួយនៅកម្ពុជា។ លោកបន្តថា ជំងឺនេះភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង និងការប៉ះពាល់សារធាតុគីមីគ្រោះថ្នាក់នានា។
ទន្ទឹមនឹងការស្វាគមន៍ចំពោះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ លោកលើកឡើងថា ដើម្បីឲ្យការអនុវត្តសម្រេចទៅបានគឺពឹងអាស្រ័យលើការគាំទ្រដោយពេញលេញទាំងលើការអនុវត្តពិតប្រាកដ និងថវិកា ដើម្បីអាចទិញសម្ភារពេទ្យទំនើបៗ និងមានបច្ចេកវិទ្យាខ្ពស់។
លោកបញ្ជាក់ថា ជំងឺមហារីកបានដាក់ជាបន្ទុកធ្ងន់ធ្ងរដល់រដ្ឋាភិបាល និងគ្រួសារ។ លោកជឿថាការហាមឃាត់ផលិតផលគ្រោះថ្នាក់ និងការដំឡើងពន្ធលើទំនិញទាំងនោះនឹងអាចរួមចំណែកដ៏ធំធេងក្នុងការបង្ការជំងឺមហារីក។
លោកបន្ថែមថា៖ «សម្រាប់រដ្ឋាភិបាល ដើម្បីមានធនធានគ្រប់គ្រាន់ គួរតែដាក់ពន្ធខ្ពស់លើផលិតផលដែលអាចនាំឱ្យមានជំងឺមហារីក»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “One Death Every 40 Minutes” – Cambodia Unveils Plan to Tackle Cancer Crisis