សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើសកម្មជនគណបក្សប្រឆាំង

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សសញ្ជាតិខ្មែរ-អាមេរិកស្លៀកពាក់ជាអ្នករបាំអប្សរា ខណៈពេលលោកស្រីមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សសញ្ជាតិខ្មែរ-អាមេរិកស្លៀកពាក់ជាអ្នករបាំអប្សរា ខណៈពេលលោកស្រីមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះបានបន្តសវនាការជំនុំជម្រះ​លើសំ​ណុំ​រឿងសកម្មជន​គណបក្សប្រឆាំងចំ​នួន៤៤នាក់ ដែលជាប់​ចោទ​ពីបទរួមគំនិតក្បត់​និងញុះញង់បង្កឲ្យមានភាព​វឹកវរក្នុងសង្គមពាក់ព័ន្ធ​នឹងការ​ព្យាយាម​មិនបានសម្រេច​របស់​លោក សម រង្ស៊ី ក្នុងការវិល​ត្រឡប់​​មកកម្ពុជាវិញកាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ សវនាការនេះ​ត្រូវបានពន្យារពេល​ជាច្រើនខែដោយសារការរីករាលដាល​ជំងឺ​កូវីដ-១៩។ 

ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​៦​នាក់​ដែល​មាន​វត្តមាន​នៅ​តុលាការ​ថ្ងៃ​នេះ មាន​បី​នាក់​គឺ​លោក ទុំ ប៊ុនថន លោក កាក់ កុម្ភារ និង​លោក ហេង ច័ន្ទសុធី ស្ថិតក្នុង​ការ​​ឃុំ​​ខ្លួន​បណ្តោះអាសន្ន។ សកម្មជន​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​សាកសួរ​នៅ​ព្រឹក​នេះ​។ 

សវនាការនេះ​នឹងបន្តធ្វើរហូតដល់ប្រាំពីរលើកនៅរៀងរាល់​ថ្ងៃអង្គារហើយសវនាការ​បន្ទាប់ត្រូវ​បានកំណត់នៅថ្ងៃទី​១៤ ខែធ្នូ។ សវនាការចុងក្រោយនឹងធ្វើឡើងនៅ​ថ្ងៃទី៨ ខែកុម្ភៈ។ នឹងមិនមានសវនាការនៅថ្ងៃទី១៨ ខែមករាទេ។ 

ចៅក្រមនិងព្រះរាជអាជ្ញារងបានសាកសួរលោក ប៊ុនថន និងលោក ភួង ថា ជុំវិញ​ការចោទ​ប្រកាន់ថា ពួកគាត់គាំទ្រគណបក្សប្រឆាំងបន្ទាប់ពីគណបក្សនេះត្រូវបានរំលាយ​ ដោយចោទ​សួរ​ពួកគាត់ថា តើពួកគាត់ជឿថា តើវាគឺជាការអនុវត្តសិទ្ធិសេរីភាព​ក្នុងការបញ្ចេញ​មតិ​ឬ​យ៉ាងណា ក្នុងការបន្តធ្វើសកម្មភាពនយោបាយ ទោះបីជាមានការហាមឃាត់ពី​តុលាការ។ 

ព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរអ្នកទាំងពីរជុំវិញអ្វីដែលលោកបានហៅថា ជាការប៉ុនប៉ងរបស់លោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលនិងការចោទ​ប្រ​កាន់ថា បានប្រមាថព្រះមហាក្សត្រ។ 

លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ​បានសាកសួរជនជាប់ចោទភាគច្រើន​អំពីសកម្មភាពរបស់ពួកគាត់​ពាក់ព័ន្ធនឹងការព្យាយាម​​វិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាកាលពីថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសួរថា តើពួកគេមាន​បានចែករំលែក​ឬទទួលព័ត៌មានពីថ្នាក់ដឹកនាំគណបក្សដែរឬទេ។ 

លោកក៏បានចោទសួរលោក ប៊ុនថន អំពីមូលហេតុដែលសកម្មជនរូបនេះបានធ្វើដំណើរ​ទៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ឆ្នាំ២០១៩ ដោយជជីកសួរថា អ្នកណាបានផ្គត់ផ្គង់​ការធ្វើដំណើរហើយ​លោកបានជួបអ្នកណាខ្លះនៅទីនោះ។ 

បើទោះបីជាលោក ប៊ុនថន ទទួលស្គាល់ថា ខ្លួនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ក៏ដោយ ក៏លោកបានបដិសេធមិនឆ្លើយសំណួរបន្ថែមទៀត​ពី​ព្រះរាជអាជ្ញានិងប្រធានក្រុមប្រឹក្សាដែរ។ 

រថយន្ត​ពន្ធនាគារ​នាំ​អ្នក​ទោសនិងអតីតសកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ​
រថយន្ត​ពន្ធនាគារ​នាំ​អ្នក​ទោសនិងអតីតសកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ​

លោក ភួង ថា អាយុ២៩ឆ្នាំ អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេស​កូរ៉េខាងត្បូងបានអះអាងថា លោកមិនបានជាប់ពាក់ព័ន្ធជាមួយគណបក្សប្រឆាំងទេ ចាប់តាំង​ពីគណបក្សនេះត្រូវ​បាន​រំលាយ​។

លោកបាននិយាយថា៖ «ខ្ញុំបានឮព័ត៌មានខ្លះតាមបណ្តាញសង្គមអំពីការវិលត្រ​លប់​របស់លោក សម រង្ស៊ី ប៉ុន្តែខ្ញុំមិនបានពាក់ព័ន្ធអ្វីទាំងអស់ ហើយក្នុងនាមជា​សកម្មជនធម្មតា ខ្ញុំក៏គ្មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ដែរ»

លោក​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ព្រះរាជអាជ្ញា​ដែរ។

លោក​បាន​អះអាងថា “ការ​ចោទ​ប្រកាន់​​មក​លើ​ខ្ញុំ​គឺមិន​ត្រឹម​ត្រូវ​ទេ។ ខ្ញុំ​គ្រាន់​តែ​អនុវត្ត​​សិទ្ធិ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា​​ស្រប​ច្បាប់ មិន​បាន​ប្រព្រឹត្ត​ការ​ញុះញង់​អ្វី​ឡើយ”។

លោក អំ សំអាត អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូមាន​ប្រសាសន៍​ថា សវនាការ​ដែល​កំពុង​បន្ត​នេះ មាន​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាងដិតដល់​ពី​សហគមន៍​អន្តរជាតិ។

លោក​មានប្រសាសន៍ថា៖​ «សហគមន៍​អន្តរជាតិ​ចាត់​ទុក​ករណី​នេះ​ថា ​ជា​រឿង​នយោបាយ​ជា​ជាង​​ការ​អនុវត្ត​ច្បាប់​ពីព្រោះ​ពួកគាត់​ទាំងអស់​សុទ្ធតែ​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ ចៅក្រមមានសិទ្ធិសួរ ប៉ុន្តែជនជាប់ចោទមានសិទ្ធិមិនឆ្លើយ ប៉ុន្តែចុងចោទ​អាចបាត់បង់​ផល​ប្រយោជន៍របស់ពួកខ្លួន​ដែរ ប្រ​សិន​បើពួកគេបន្តនៅ​ស្ងៀម»

លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុកបានប្រាប់ ខេមបូចាថា ករណី​នេះ​ទាក់​ទង​នឹង​រឿង​នយោបាយ។

លោក​បាន​មានប្រសាសន៍ថា៖ «ការ​ប្រើ​ប្រព័ន្ធ​តុលាការ ​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ​ប្រឆាំង​​គឺ​ជា​ការ​រំលោភ​សិទ្ធិ​នយោបាយ។ វាគឺជារឿងធម្មតាទៅហើយ​ចំពោះ​អ្នក​​ដែល​ប្រើ​សារ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​តែងតែត្រូវបាន​រដ្ឋាភិបាល​​ចាត់វិធានការ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​រដ្ឋាភិបាល​វិញ គ្មាន​​វិធានការ​ផ្លូវច្បាប់នោះ​ទេ។ វា​គឺជា​ការ​អនុវត្ត​ច្បាប់​ដែលមាន​ស្តង់ដារ​ពីរ​ដូច​ដែល​យើង​ឃើញស្រាប់»។

លោក​បានប្រាប់ខេមបូចាថា លោក​ជឿ​ថា ការ​ចរចា​នយោបាយ​ជា​ច្រកដ៏ប្រសើរឆ្ពោះទៅ​មុខ​ល្អ​ជាង​ប្រព័ន្ធ​តុលាការ។

លោក​មានប្រសាសន៍​ថា៖​ «​ត្រូវ ឬ​ខុស​អាស្រ័យ​លើ​តុលាការ ប៉ុន្តែ​យើង​មិន​ចង់​ឃើញ​ជម្លោះ​នយោបាយ​ដោះស្រាយ​ដោយ​ប្រព័ន្ធ​តុលាការ​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ។ ផ្ទុយទៅវិញ វាគួរតែត្រូវបានដោះស្រាយដោយការចរចារ​ក្នុងចំណោមអ្នក​នយោបាយ​ទាំងនោះ»

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សសញ្ជាតិខ្មែរ-អាមេរិក ស្លៀកពាក់ជាអ្នករបាំអប្សរាមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន ខណៈកញ្ញាអញ្ជើញដល់ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សសញ្ជាតិខ្មែរ-អាមេរិក ស្លៀកពាក់ជាអ្នករបាំអប្សរាមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន ខណៈកញ្ញាអញ្ជើញដល់ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសញ្ជាតិអាមេរិកដើមកំណើតខ្មែរ​ដែលជា​ជនជាប់​ចោទ​ម្នាក់ក្នុងចំណោមជនជាប់ចោទទាំង៦នាក់នៅក្នុងតុ​លាការនៅ​ថ្ងៃនេះ បានធ្វើឲ្យ​អ្នកឃ្លាំ​មើល​​មាន​ការភ្ញាក់ផ្អើលដោយស្លៀកសំលៀក​បំពាក់ប្រពៃណីជាអ្នករបាំ​អប្សរាកម្ពុជា។ ព្រះរាជអាជ្ញារង សេង ហៀង បានស្នើឲ្យលោកស្រី សេង ធារី ស្លៀកសម្លៀកបំពាក់​ធម្មតា​នៅពេលបង្ហាញខ្លួននៅ​តុលាការលើកក្រោយ។

លោក ព្រះរាជអាជ្ញារង​មាន​ប្រសាសន៍ថា៖ «ពិតជា​ស្អាត​ណាស់​ដែល​ស្លៀកពាក់​បែប​ខ្មែរ​ដូច​អប្សរា ប៉ុន្តែ​ពេលវេលានេះ​និង​នៅ​ថ្ងៃនេះ​ ក្នុង​នាម​ជា​ចុងចោទ [​គាត់​] មិនគួរ​ស្លៀកពាក់​បែប​នេះ​ទេ​​។ [ជនជាប់ចោទ] គួរតែស្លៀកពាក់ដូចអ្នកផ្សេងទៀត»

កញ្ញា ធារី ដែល​នឹង​ត្រូវឡើងសវនាការ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​មានប្រសា​សន៍​​ថា ចៅក្រម​ប្រាប់​លោកស្រី​ថា ការ​ស្លៀកពាក់​បែប​នេះ​ខុស​នឹង​គោលការណ៍​តុលាការ។

កញ្ញាបាន​មានប្រសាសន៍ថា៖ «ពលរដ្ឋខ្មែរដែលស្លៀកសំលៀកបំពាក់បរទេស​អាចចូលរួម​សវនាការ​បានដោយសេរី ប៉ុន្តែខ្ញុំស្លៀកពាក់បែបប្រពៃណីខ្មែរ ហេតុអ្វីគេហាមខ្ញុំមិនឲ្យចូល​រួម? វាមិនសមហេតុផលទេ»

កញ្ញា ធារី ​​ថា ចៅក្រម​នឹង​សាកសួរលោកស្រី​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ព្រោះ​នៅពេលនោះ​ នឹងមិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ដោយសារជា​ថ្ងៃ​ឈប់​សម្រាកចុងឆ្នាំ។

កញ្ញាបាន​មានប្រសាសន៍ថា៖ «ប្រសិន​បើ​ពួកគេ​ទម្លាក់​ការ​ចោទ​ប្រកាន់​ឬក៏​ចាប់ខ្ញុំ​ដាក់ពន្ធនាគារ​នោះនឹងគ្មាន​នរណាគេ​យក​ចិត្ត​ទុក​ដាក់​ឡើយ​។ វាគឺជាល្ខោននយោបាយ ដែលពួកគេបានជំរុញឲ្យខ្ញុំធ្វើជាតួសម្តែងនៅក្នុងរឿងនេះ។ ខ្ញុំស្លៀកពាក់បែបនេះ ដើម្បីតំណាងឲ្យស្ត្រីនិងបានកោរសក់របស់ខ្ញុំ​ចូលរួមរំ​លែក​ទុក្ខ ដើម្បីបង្ហាញពីការឈឺចាប់ និងការសោកស្តាយ​របស់​ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីការសម្លាប់យ៉ាងព្រៃផ្សៃលើ [សកម្មជនបក្សប្រឆាំង] ស៊ិន ខុន»

កញ្ញា ធារី ​បាន​មានប្រសាសន៍បន្ថែមថា៖ «​វា​គឺជារឿង​​នយោបាយ​សុទ្ធសាធ​​ដែល​ពួកគេ​ចង់​បំបិទ​សំឡេង​របស់ខ្ញុំ ​ព្រោះ​ខ្ញុំ​ជា​អ្នក​តស៊ូ​មតិដើម្បី​​សិទ្ធិ​សេរីភាព​តាំងពី​ឆ្នាំ ១៩៩៥​មក​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Municipal Court resumes trials of opposition party activists

498 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម