សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម​ស៊ីវិល​អះអាងថា ការឃុំខ្លួនសកម្មជននយោបាយជា​បណ្តោះអាសន្ន គឺ «មិនចាំបាច់»និង​​ប៉ះពាល់ជីវភាពគ្រួសាររបស់​ពួកគេ​

សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នៅ​ដើម​សប្តាហ៍​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​​បាន​តម្កល់​សេចក្តី​​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​តុលាការ​ជាន់​ទាប​លើ​សកម្មជន​នយោបាយ លោក ខឹម ចាន់វណ្ណៈ លោក ម៉ា ចិន្តា លោក ហាក់ កុសល និង​លោក ស៊ុន ចន្ធី ប្រធាន​គណបក្សកម្លាំង​​ជាតិ (NPP)។

 ស្របពេលជាមួយគ្នានេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា តុលាការ​កំពូល ក៏​បាន​តម្កល់សាលដីកា​​​របស់​តុលា​ការ​​ជាន់​​ទាបក្នុង​ការ​​ឃុំ​ខ្លួន លោក នី ណាក់ ​អ្នក​អត្ថាធិប្បាយពី​បញ្ហា​​សង្គម និង​ជា​អ្នក​​រិះគន់​រដ្ឋាភិបាល ខណៈ​​​​តុលាការ​កំពូល​ក៏បាន​តម្កល់សាលដីកាឃុំខ្លួនលោក មឺ សេងហ៊ សកម្មជន​នយោបាយ ​​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ផងដែរ​។ 

លោក សេងហ៊​ ដែលត្រូវបានចោទប្រកាន់ពីបទជេ​រប្រមាថជាសាធារណៈតាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឱ្យមានការរើសអើងតាមមាត្រា ៤៩៤ និង៤៩៦ នៃច្បាប់ដូចគ្នា បានប្រាប់តុលាការកំពូល កាលពីសវនាការ ​ថា ការឃុំខ្លួនលោក​ជា​បណ្តោះអាសន្ន គឺមិនសមស្របនឹងបទ​ចោទ​ និងច្បាប់ទេ​។ 

លោកមេធាវី ជូ​ង ជូងី បានមាន​ប្រសាសន៍​កាលពីថ្ងៃចន្ទ ថា សាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួនលោក​ ចាន់វណ្ណៈ លោក ចិន្តា និងលោក កុសល ក្រោមហេតុផលថា សំ​ណុំ​រឿងរបស់ពួកគេ បាន​ឈានដល់ដំណាក់​កាល​ជំនុំជម្រះនៅសាលាដំបូងរាជធា​នី​​​ភ្នំពេញ ហើយវាផុតពី​យុត្តាធិកា​រ​​របស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍។

 អ្នកស្រី ឡង់ សុដានី ភរិយា​លោក ខឹម ចាន់វណ្ណៈ និយាយ​​ថា ការ​បដិសេធ​សំ​ណើ​​សុំ​នៅ​ក្រៅ​ឃុំ គឺ​​ជា​រឿង​អយុត្តិធម៌ ​ព្រោះ​ប្ដី​របស់​អ្នក​ស្រី​​គ្មាន​កំហុសទេ​។ អ្នកស្រី​បានទទូច​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក ចាន់វណ្ណៈ ដោយ​សារ​លោក​ គឺ​ជាមេ​គ្រួសារតែម្នាក់គត់​ ដោយអ្នក​ស្រី​អះអាង​ថា អ្នកស្រីនិងកូន​​​ពីរ​នាក់ ដែលនៅសិក្សា​នៅឡើយ មាន​ការប៉ះទង្គិច​ផ្លូវចិត្ត និងជួប​ការ​លំបាក​ដោយសារ​ខ្វះខាតចំណូល។

អ្នកស្រី និយាយថា៖ «កូនខ្ញុំទាំងពីរនាក់ គ្នាមានអារម្មណ៍ថា អត់បានជួបឪពុក ចឹង គ្នានឹកឪពុក ធ្លាប់មកពីរៀន មានឪពុកនៅផ្ទះ ធ្លាប់បាយជុំគ្នា ដល់ពេលចឹងកូនមានអារម្មណ៍ ថា​ ដូចបាក់ទឹកចិត្តដែរ[ឥលូវ] ខ្ញុំអត់ហ៊ានចំណាយផ្ដេសផ្ដាសដូចមុនទេ ការហូបចុកដូចជាម្ហូបយើងត្រូវបន្ថយ របស់របរប្រើប្រាស់ក្នុងផ្ទះដូចជាភ្លើងវិញ យើងត្រូវតែ [កាត់បន្ថយ]»

 កាល​ពី​ថ្ងៃ​អង្គារ លោក​មេធាវី ជូង ជូងី ដែល​​ការពារក្តី​ឱ្យ​​លោក ស៊ុន ចន្ធី មេដឹក​​នាំ​​​បក្ស​កម្លាំង​ជាតិ​ បាន​ដើរ​ចេញ​ពី​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ចន្ធី បន្ទាប់​ពី​សមត្ថកិច្ច​ខកខាន​​មិន​បាន​នាំ​កូន​ក្តី​របស់​លោក​មក​​តុលាការ​។

លោក និយាយថា៖ «តុលាការឃុំខ្លួនកូនក្ដីក្នុងគោលបំណងដើម្បីទុកជូនតុលាការចាត់ការតាមនីតិវិធី ហើយថាបើនៅក្រៅឃុំខ្លាចរត់គេចខ្លួន ខ្លាចអត់ចូលសវនការ ដល់ពេលឥលូវសវនាការអត់យកគាត់មក។ ចឹងវាប៉ះពាល់លើសិទ្ធិគាត់ ចឹងសួរថា ឃុំខ្លួនដើម្បីអ្វី?។ […] ខ្ញុំទៅការពារ ទៅការពារខ្យល់? វាប៉ះពាល់ដល់តម្លៃខ្ញុំទៀត»។ 

លោក ជូងី បានមានប្រសាសន៍ថា ការមិននាំលោក ចន្ធី ទៅកាន់តុលាការសម្រាប់សវនាការនៅក្រៅឃុំគឺជាការរំលោភសិទ្ធិរបស់គាត់ក្នុងការទទួល​បាន​ការ​ជំនុំជម្រះ​ដោយយុត្តិធម៌ ដោយ​​សារ​គាត់មិនទាន់មាន​ទោស​នៅឡើយ ហើយលោក​សង្កត់​ធ្ងន់​ថា «ច្បាប់​មិន​មែន​ជា​​​បញ្ហា​ចម្បងទេ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​អ្វីដែល​​ជាបញ្ហា​ គឺ​​មន្ត្រី​​អនុវត្ត​ច្បាប់»។ 

លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដោយសារ​​​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​លោក ស៊ុន ចន្ធី។ 

អ្នកស្រី ស៊ុន វណ្ឌី ប្អូនស្រីរបស់លោក​ ស៊ុន ចន្ធី​ បានសម្តែងការខកចិត្តចំពោះអវត្តមានបង​ប្រុសអ្នកស្រី​នៅសវនាការ។ អ្នកស្រី​ចង់ជួបបង​ប្រុស​​របស់​អ្នក​ស្រី​ដែល​ខាន​បាន​​ជួប​គ្នា​មួយខែហើយ​ បន្ទាប់ពីលោក ចន្ធី ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ពេលត្រឡប់មកពីប្រទេសជប៉ុន។ អ្នក​ស្រី ​សង្ឃឹម​ថា តុលា​ការ​​នឹង​ចាប់​ផ្តើម​កាត់ក្ដី​ ហើយ​ផ្តល់​យុត្តិធម៌​ជូន​បង​ប្រុសរបស់អ្នកស្រី​​ក្នុង​ពេល​ឆាប់ៗ​នេះ។

 អ្នកស្រី និយាយថា៖ «អត់ដឹងថា តុលាការ ឬខាងនោះ [អយ្យការ]  គាត់គិតយ៉ាងម៉េច បានជាអត់យកបងប្រុសមកដោះស្រាយ ក្នុងថ្ងៃណាត់ (សវនាការ) ចឹង។ ចង់ឃើញ (បងប្រុស) ចង់ជួប ធម្មតាគ្រួសារដែលធ្លាប់ឃើញមុខ ព្រឹក ល្ងាច បែរជាប់រងទុក្ខវេទនាបែបហ្នឹង មិនអាចទទួលយកបាន តែចេះតែស៊ូទ្រាំពុះពាធ្វើម៉េចចង់ជួបមុខបង»។

 លោក ឆាត វិជ្ជា ជា​អ្នក​គាំទ្រ​លោក ស៊ុន ចន្ធី មួយរូប មក​ពី​ខេត្ត​បន្ទាយមានជ័យ និយាយ​​ថា ការ​មិន​នាំ​លោក ចន្ធី​ ទៅ​តុលាការ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គាត់​​ធ្ងន់ធ្ងរ។

 លោក​ និយាយថា៖ «បើមិនឃើញមានវត្តមានគាត់ យើង [តុលាការ] ចោទប្រកាន់គាត់ តើឱ្យគាត់បកស្រាយបែបណា»។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍ថា ចៅក្រមបាន​តម្កល់​សាលក្រម​ អំឡុង​សវនាការលើបណ្តឹងសុំនៅក្រៅ​ឃុំ​របស់​លោក ចន្ធី​ ព្រោះខ្លាចជនជាប់ចោទគេចខ្លួន។

 លោក ឃុន លាងម៉េង មាន​ប្រសាសន៍ថា៖«ដោយសារការសម្រេចឃុំខ្លួនហ្នឹងចៅក្រមស៊ើបសួរ គាត់ សំអាងថា​ បទល្មើសហ្នឹងទណ្ឌកម្ម លើសពី១ឆ្នាំ ហើយដើម្បីចៀសវាងជនត្រូវចោទគេចវេះ ចៅក្រមស៊ើបសួរ គាត់ បានសម្រេចឃុំខ្លួន ហើយនៅពេលដែលប្ដឹងឧទ្ធរណ៍ គាត់ (លោក ចន្ធី) មិនមានមូលហេតុណាដែលលើកឡើង ដើម្បីក្រុមប្រឹក្សាជំនុំជម្រះលើកយកមកពិចារណា»។ 

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធធ្វើអត្ថាធិប្បាយ ដោយមាន​ប្រសាសន៍​ថា លោកជាប់រវល់។ 

អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស យល់ថា ការឃុំខ្លួនសកម្មជននយោបាយជា​បណ្តោះអាសន្ន «មិនចាំបាច់»  និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ សេរីភាព និងជីវភាព​គ្រួសាររបស់ពួកគេ។ ការ​លើក​ឡើង​នេះ​កើត​មាន​បន្ទាប់​​​ពី​មាន​ការ​សម្រេច​របស់​តុលាការ​នា​ពេល​ថ្មីៗ​នេះ ក្នុង​ការ​​តម្កល់​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើ​សកម្មជន​និង​មេដឹកនាំនយោបាយ​។

អង្គការ​ទាំង​នោះ អះអាង​ថា ការទទួលបានការ​ដោះលែង​នៅ​ក្រៅឃុំបណ្តោះអាសន្ន​​សម្រាប់សកម្មជននយោបាយ គឺកម្រមានណាស់ លើកលែងតែនៅពេលមាន «ការចរចា» «ការទទួលយកកំហុស» ឬ «ការប្រកាសចូលរួមជាមួយបក្សកាន់អំណាច»

អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានរិះគន់អ្វីដែល​បាន​កើត​ឡើង​នេះ ​ការដែលសកម្មជនងាកទៅប្រើ​មធ្យោបាយ​ដែលមិនធ្លាប់មានពីមុនមកក្នុងការស្វែងរកការនៅ​ក្រៅឃុំ​ ដែលការ​ធ្វើបែបនេះ​ធ្វើ​ឲ្យ​​កាន់​តែ​សង្ស័យថា ការឃុំខ្លួនរបស់​ពួកគេ គឺជា​រឿង​នយោបាយជាជាង​បទល្មើស​​។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការឃុំខ្លួនសកម្មជននយោបាយជាបណ្តោះអាសន្ន​មុន​ការ​កាត់​ក្តី​ គឺមិនចាំបាច់ទេ ព្រោះសកម្មជនមួយចំនួនមិនដែលប្រព្រឹត្តបទល្មើសអ្វីឡើយ។ ពួកគេ​មាន​ផ្ទះ​សម្បែង និង​មាន​ការងារ​ធ្វើ ហើយ​គ្មាន​អំណាច​ទៅ​គំរាមកំហែង​អ្នក​ដទៃផងដែរ។ 

លោក និយាយថា៖ «ចឹងខ្ញុំគិតថា រឿងនេះ គេ [សហគមន៍ជាតិ និងអន្តរជាតិ​] មើលឃើញថា មិនមែនជាការឃុំខ្លួនដើម្បីអនុវត្តនីតិវិធីទេ គឺថា គេមើលឃើញរូបភាពនៃការឃុំខ្លួន ក្នុងការដាក់សម្ពាធ ទៅលើសកម្មជនទាំងអស់ហ្នឹងច្រើនជាងឃុំខ្លួនក្នុងការអនុវត្តច្បាប់។ ចឹងបានមតិជាតិ អន្តរជាតិ [ថា] ករណីហ្នឹង វាមានចរិតនយោបាយច្រើនជាងរឿងច្បាប់»។

លោក បានគូសបញ្ជាក់​ថា ការដោះលែងសកម្មជននយោបាយឱ្យនៅក្រៅឃុំបណ្តោះ​អាសន្ន​​អាចជួយកាត់បន្ថយការចំណាយរបស់រដ្ឋ និងភាព​ចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជាកាត់បន្ថយបន្ទុកលើ​សាច់ញាតិរបស់ជនជាប់ចោទដែលត្រូវ​ចំណាយប្រាក់ទៅសួរសុខទុក្ខ​នៅ​ពន្ធនាគារ។ 

ផ្ទុយទៅវិញ ការឃុំខ្លួនសកម្មជននយោបាយជា​បណ្តោះអាសន្ន លោក អះអាងថា រដ្ឋាភិបាលនឹងប្រ​ឈមការរិះគន់ពីអង្គការ​ជាតិ និងអន្តរជាតិ ដោយសាររារាំងសេរីភាពនយោ​បាយ ហើយក៏អាចធ្វើ​ឲ្យ​អ្នកវិនិយោគ​មិន​មក​វិនិយោគ​នៅកម្ពុជា។ លើស​ពី​នេះ វា​អាច​ប៉ះពាល់​ដល់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​ក្នុង​ជីវភាពនយោបាយ និង​សង្គម ​ដែល​​រដ្ឋធម្មនុញ្ញបាន​អនុញ្ញាត​។

 លោក នី សុខា ​មាន​ប្រសាសន៍​​ថា​៖ «វាជាការពិតតុលាការមិនមានភាពឯករាជ្យពីគណបក្សនយោបាយទេ ជាពិសេសទៅលើសកម្មនយោបាយ សកម្មជនសង្គមទាំងអស់ហ្នឹង គឺថាយើងមិនទាន់មើលឃើញពីភាពឯករាជ្យរបស់តុលាការក្នុងការសម្រចចិត្ត ដោយខ្លួនឯងនោះទេ»។ 

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​​នៃ​អង្គការលីកាដូ បាន​មាន​ប្រ​សា​សន៍​ ថា យោង​តាម​ច្បាប់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មុន​ការ​កាត់​ក្តី គឺ​ជា​ «ជម្រើស​ចុង​​ក្រោយ» ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជន​ជាប់​ចោទ និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​។

 លោក បន្ថែមថា មុនសម្រេចឃុំខ្លួន [តុលាការ] គួរតែគិតជាមុនអំពីផលប៉ះពាល់លើសិទ្ធិរបស់ជនជាប់ចោទ និងអំពីបញ្ហាប្រឈម ដែលគ្រួសាររបស់ជនជាប់ចោទអាចជួបប្រទះ ព្រោះប្រ​សិនបើគ្រួសារពឹងផ្អែកទាំង​ស្រុង​លើជនជាប់ចោទសម្រាប់ប្រាក់ចំណូល ការឃុំ​ខ្លួនជា​បណ្តោះអាសន្ននឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ។ 

លោក សំអាត និយាយថា៖ «ចឹងហើយបានគេ [ច្បាប់] ឱ្យយកជម្រើសេរីភាពជាជាងការឃុំខ្លួនបណ្ដោះអាសន្ន លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ»។ លោក មាន​ប្រសាសន៍​យោង​តាម​មាត្រា ២០៣ និង ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Pretrial Detention of Political Activists “Unnecessary”, Impacts Livelihoods, Say Civil Societies

751 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម