សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក រ៉ុង ឈុន ស្នើសុំតុលាការបង់សំណងបណ្តាក់ក្នុងសំណុំរឿងញុះញង់

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ស្នើសុំទៅតុលាការបង់សំណងបណ្តាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែល​ពាក់ព័ន្ធនឹងបទញុះញង់ ប៉ុន្តែក្រឡាបញ្ជីមិនព្រមទទួល ហើយប្រាប់ថាទាល់តែគ្រប់ចំនួន​។

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២​ ខែកុម្ភៈ ថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវីរបស់គាត់បានដាក់ពាក្យទៅតុលាការសុំបង់បណ្តើរៗ ប៉ុន្តែក្រឡាបញ្ជីប្រាប់ថា មិនទទួលទេ ចាំដល់ថ្ងៃបង់សិន។ នៅថ្ងៃទី១១ ខែមីនា លោកមេធាវីបាននាំយកថវិការមួយចំនួនទៅបង់ជូនតុលាការ ប៉ុន្តែក្រឡាបញ្ជីមិនទទួល ដោយប្រាប់ថា ទាល់តែគ្រប់ចំនួន ហើយក្រឡាបញ្ជីក៏ប្រាប់ទៀតថា ចៅក្រមដែលកាន់សំណុំរឿងហ្នឹងជាប់បេសកកម្មទៅក្រៅប្រទេស។

លោក ឈុន បញ្ជាក់ថា៖ «បើតុលាការនៅតែទាមទារយកគ្រប់ អាហ្នឹង អត់មានទេ ធ្វើបែបហ្នឹងដូចអារកខ្យងយកឈាម»

លោក ឈុន​ ថ្លែងថា ថា្នក់ដឹកនាំគណបក្សកម្លាំងជាតិបានប្រគល់សិទ្ធិជូនលោក ថាតើបង់ ឬមិនបង់ គឺអាស្រ័យលើការសម្រចចិត្តរបស់លោក។ លោកបន្តថា ជំហររបស់លោកយ៉ាងម៉េចពីមុន គឺនៅដដែល តម្កល់ផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរជាធំ ប៉ុន្តែដើម្បីអាចមានវត្តមាន និងធ្វើដំណើរទៅមុខទៀតបាន លោកជ្រើសរើសយកមធ្យោបាយបង់សំណង។

លោកបន្តថា គួរតែជ្រើសរើសផ្លូវដើរបន្តទៀត ដូច្នេះខ្ញុំត្រូវដើរតាមមតិចាស់ទុំ គឺជ្រើសរើសការបង់ ប៉ុន្តែបង់តាមលទ្ធភាពដែលមាន ព្រោះលោកមិនមានលុយគ្រប់ចំនួនបង់ក្នុងមួយលើកទេ។

លោកលើកឡើងទៀតថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋដែលប្រើQR ចំនួន ២ ១៣៣ នាក់បានចូលរួមជួយគាំទ្រជាថវិកាដល់លោក ហើយថវិកាដែលទទួលបានសរុប ២១០៣៧,៥៤ ដុលារ និង ៧ ៧៤៣ ៥១០លានរៀលទៀត​។ លោក​បន្តថា ទោះបីពលរដ្ឋខ្លះចូលរួមជួយជាថវិកាតិចតួចមែន ប៉ុន្តែទឹកចិត្តគាត់ធំធេងណាស់ គឺពួកគាត់ស្រឡាញ់យុត្តិធម៌។

លោក ឈុន បន្ថែមថា៖ «[ទោះបី]តុលាការទាំងបីថ្នាក់មិនផ្តល់យុត្តិធម៌ឱ្យខ្ញុំមែន ប៉ុន្តែមានមួយតុលាការថ្នាក់ទៀត ថ្នាក់ទី៤ គឺតុលាការប្រជាពលរដ្ឋ ប្រជាពលរដ្ឋនឹងផ្តល់យុត្តិធម៌ឱ្យខ្ញុំ»

លោក ឈុន បានក៏លើកឡើងថា បញ្ហាទឹកដី គឺសំខាន់ខ្លាំងណាស់ ដូច្នេះបានជាលោកតែងតែយកចិត្តទុកដាក់លើបញ្ហាព្រំដែននេះ។

លោក ឈុន បន្តទៀតថា អ្វីដែលគាត់ខិតខំប្រឹងប្រែង គឺមិនឥតប្រយោជន៍ទេ ព្រោះបច្ចុប្បន្នកូនខ្មែរទាំងក្នុង និងក្រៅប្រទេសបានយកចិត្តទុកដាក់ជាមួយនឹងបូរណភាពទឹកដីខ្លាំងណាស់​។

លោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ ក៏បានលើកឡើងក្នុងសន្និសីទ ថា សំណង១០ម៉ឺនដុល្លារសម្រាប់គ្នាបីនាក់ គឺច្រើនណាស់ ព្រោះលោក រ៉ុង ឈុន មិនមានមុខរបរ រឺការងារអ្វីដែរ ហើយលោកក៏មិនមានប្រពន្ធដែរ។ លោក មុនី បន្តថា លោក រ៉ុង ឈុន មិនគេចវេះទេ ប៉ុន្តែសុំបង់បណ្ដាក់ៗ។

លោក មុនី បានថ្លែងថា៖ «យើងមិនគេចវេះជាមួយតុលាការទេ គឺយើងអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែសុំបង់បណ្ដាក់»

បន្ទាប់មក លោក រ៉ុង ឈុន ក៏បានបន្តទៀតថា គាត់បានត្រៀមលក្ខណៈរួចហើយ បើតុលាការមិនព្រម មានតែធ្វើទៅតាមហ្នឹងចុះ។

លោកក៏សូមឱ្យរដ្ឋាភិបាលបើកលំហរការធ្វើនយោបាយដើម្បីប្រកួតប្រជែងដោយសេរីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ហើយជាមួយគ្នានោះ លោកក៏សូមឱ្យ​តុលាការ​​ដោះលែងអ្នកទោសមនសិការមួយចំនួនឱ្យមានសេរីភាព។

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សំណុំរឿងនេះកើតឡើងក្នុង២០២០ ហើយការចាប់ខ្លួនលោក រ៉ុង ឈុន បានកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានសរសេរសារបង្ហោះលើ​បណ្តាញសង្គមហ្វេសប៊ុក និងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះលោកអះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដីធ្លី​អំឡុងពេលបោះបង្គោលព្រំដែនជាមួយវៀតណាម។ លោក ឈុន បានធ្វើដំណើរទៅ​តំបន់ព្រំដែនកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីពិនិត្យមើលតាមការអះអាងរបស់ប្រជាពលរដ្ឋ និងបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃបន្ទាប់នៅលើហ្វេសប៊ុក។ កញ្ញា ស កណិការ និងលោក និមល ត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីបានចូលរួមក្នុង​ការតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មេដឹកនាំសហជីព លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំពីបទញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។ 

ជាមួយគ្នានោះដែរ សកម្មជន ស កណិការ និង តុន និមល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែ​ពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។

បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ​ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ៕

107 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម