សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ និងសកម្មជនពីរនាក់ទៀតរួមគ្នាសងសំណងការខូចខាតចំនួនបួនរយលានរៀល [ប្រហែល៩,៨ម៉ឺនដុល្លារ]ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ យោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
លិខិតជូនដំណឹង បានបញ្ជាក់ថា៖ «ឈ្មោះ រ៉ុង ឈុន ឈ្មោះ ស កណិការ និងឈ្មោះ តុន និមល ត្រូវយកប្រាក់មកបង់ឱ្យម្ចាស់បំណុលនៃការអនុវត្តនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ»។ លិខិតជូនដំណឹងបន្តថា៖ «ក្នុងករណីសហកូនបំណុលនៃការអនុវត្ត បានទទួលលិកខិតជូនដំណឹងនេះហើយ មិនអនុវត្តតាមការជូនដំណឹងខាងលើ តុលាការនឹងបន្តអនុវត្តតាមនីតិវិធីតាមច្បាប់»។
សំណុំរឿងនេះកើតឡើងក្នុង២០២០ ហើយការចាប់ខ្លួនលោក រ៉ុង ឈុន បានកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះលោកអះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដីធ្លីអំឡុងពេលបោះបង្គោលព្រំដែនជាមួយវៀតណាម។ លោក ឈុន បានធ្វើដំណើរទៅតំបន់ព្រំដែនកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីពិនិត្យមើលតាមការអះអាងរបស់ប្រជាពលរដ្ឋ និងបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃបន្ទាប់នៅលើហ្វេសប៊ុក។ កញ្ញា ស កណិការ និងលោក និមល ត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មេដឹកនាំសហជីព លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីអំឡុងពេលដំណើរការបោះបង្គោលព្រំដែន។
ជាមួយគ្នានោះដែរ សកម្មជន ស កណិការ និង តុន និមល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ៕