សាលាដំបូងរាជធានីភ្នំពេញ នឹងពិចារណាបន្ថែមថ្ងៃសវនាការសម្រាប់ជំនុំជម្រះក្តីក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងនឹងលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងបន្ទាប់ពីមានសំណើពីមេធាវីរបស់លោក។ ក្រុមសង្គមស៊ីវិលបានអះអាងថា ការកាត់ក្តីដែលធ្វើឡើងត្រឹមតែម្តងក្នុងមួយសប្តាហ៍ រយៈពេលតិចជាងបួនម៉ោងម្តងៗ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបាននូវការកាត់ក្តីឱ្យបានឆាប់រហ័ស។
លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីបួននាក់ដែលការពារ លោក កឹម សុខា បានសង្កត់ធ្ងន់ថាកាលវិភាគរបស់តុលាការនៅពេលនេះ មិនបានធ្វើការដំណើរការជំនុំជម្រះដើរទៅមុខលឿននោះទេ។
លោក បានមានប្រសាសន៍ថា៖«តុលាការគួរតែដាក់កាលវិភាគជំនុំជម្រះក្តីចំនួន៥ថ្ងៃ ឬយ៉ាងហោចណាស់ក៏ឱ្យបាន៣ថ្ងៃក្នុងមួយសប្តាហ៍ដែរ ដោយសារតែកូនក្តីរបស់ខ្ញុំត្រូវបានចាប់ខ្លួន៤ឆ្នាំ ហើយវាបានប៉ះពាល់ដល់ប្រយោជន៍របស់កូនក្តីខ្ញុំដែរ»។
ជាការឆ្លើយតប ប្រធានចៅក្រុមជំនុំជម្រះ លោក កូយ សៅ បានប្រាប់ថា៖« តុលាការនឹងពិចារណា ទៅតាមអង្គហេតុនៃស្ថានភាពសមស្របជាក់ស្តែង»។
ក្រុមអង្គការសង្គមស៊ីវិល បានសង្កេតឃើញថាការកាត់ក្តីមានដំណើរការយឺតយ៉ាវជាងធម្មតា សូម្បីតែនៅថ្ងៃសវនាការក៏ដោយ ដោយថាដំណើរកាត់ក្តីចំណាយពេលវេលាច្រើនពេកលើការប្រគល់ និងបញ្ជាក់ភស្តុតាង។ លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា ក្នុងអំឡុងពេលសវនាការ ព្រះរាជអាជ្ញាបានចំណាយពេលវេលាច្រើនពេកក្នុងការជំរុញឱ្យមេធាវីរបស់ កឹម សុខា ផ្ទៀងផ្ទាត់កាលបរិច្ឆេទជាក់លាក់នៃភស្តុតាងវីដេអូនីមួយៗ។
លោក សែនករុណា បានថ្លែងថា៖« បើទោះបីជាមានថ្ងៃសវនាការបន្ថែមយ៉ាងណាក្តី រឿងក្តីនេះនឹងមិនបញ្ចប់ឆាប់ៗទេ»។ ទោះយ៉ាងណា លោកថាការបន្ថែមថ្ងៃជំនុំជម្រះ ពិតជាមានភាពចាំបាច់មែន។
លោក បានបន្ថែមថា៖«យើងមិនឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ច្រើនអីទេ ក្នុងអំឡុងពេលសវនាការនោះ»។
លោក សែនករុណា បានថ្លែងថាមេធាវីទាំងសងខាងសុទ្ធតែខុស ដោយកត់សម្គាល់ថា ព្រះរាជអាជ្ញា និងមេធាវីការពារក្តីតែងតែនិយាយដដែលៗ និងចំអកឱ្យគ្នាទៅវិញទៅមក។
លោកថាដំណោះស្រាយនយោបាយគឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយសំណុំរឿង កឹម សុខា ព្រោះសហគមន៍អន្តរជាតិកំពុងសង្កេតមើលដំណើរការរបស់តុលាការ ហើយបានរិះគន់កម្ពុជាថាបានធ្វើឱ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរយៈការកាត់ទោសសំឡេងអ្នកប្រឆាំង។
លោក បានបន្តថា៖ «ប្រសិនបើមានការដោះលែង កឹម សុខា សហគមន៍អន្តរជាតិនឹងទទួលយកចំណុចមួយចំនួនទាក់ទងនឹងស្ថានការណ៍នយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស។ លោក ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារទៅជាការឃុំខ្លួនក្នុងផ្ទះវិញ មួយឆ្នាំបន្ទាប់ពីការចាប់ខ្លួន។ បន្ទាប់មក លោក ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះក្នុងខែវិច្ឆិកា២០១៩ ប៉ុន្តែការចោទប្រកាន់លើមេបក្សរូបនេះនៅតែមានដដែល។ រដ្ឋាភិបាលបានចោទប្រកាន់លោក កឹម សុខា ថាបានធ្វើការជាមួយសហរដ្ឋអាមេរិក ដោយប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
លោក កឹម សុខា នៅតែរក្សាជំហរ ថាលោកគ្រាន់តែធ្វើសកម្មភាពស្របច្បាប់ និងតម្លាភាព ដើម្បីទទួលបានជ័យជំនះក្នុងការឆ្នោតប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ ដោយមានសមាជិកបក្សជាច្រើននាក់ត្រូវចាប់ខ្លួនក្រុមហេតុផលដែលគេជឿថាជាបទចោទពាក់ព័ន្ធនយោបាយ។ មេដឹកនាំកំពូលរបស់គណបក្សនេះបាននិរទេសខ្លួន ហើយសមាជិកជាន់ខ្ពស់ជាង១០០នាក់ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងនយោបាយរយៈពេល ៥ឆ្នាំ។
នៅក្នុងសវនាការកាលពីថ្ងៃពុធ មេធាវីការពារក្តីលោក កឹម សុខា បានចាក់ខ្សែអាត់សំឡេងចំនួនពីរដែលខ្លួនដើម្បីបន្តកាលពីសប្តាហ៍មុន។ មេធាវី ក៏បានអានសេចក្តីថ្លែងការណ៍ចំនួនពីររបស់គណបក្សសង្គ្រោះជាតិ ដែលក្នុងសេចក្តីថ្លែងការណ៍នោះនិយាយពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោតមួយចំនួន ក្នុងពេលបោះឆ្នោតនាឆ្នាំ២០១៣។
ខ្សែអាត់សម្លេងមួយបានមកពីការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរាយការណ៍ថាអង្គការតម្លាភាពអន្តរជាតិ បានរកឃើញពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលប៉ះពាល់ដល់ឆន្ទៈអ្នកបោះឆ្នោត។
ព្រះរាជអាជ្ញារង ប្លង់ សុផល បានឆ្លើយតបថាមេធាវីការពារក្តីឱ្យលោក កឹម សុខា ខ្វះសុចរិតភាព ដោយកត់សម្គាល់ថាការផ្សាយរបស់វិទ្យុអាស៊ីសេរីមានបីទំព័រ ប៉ុន្តែមេធាវី លោក កឹម សុខា បង្ហាញតែពីរទំព័រ។
លោកស្រី ម៉េង សុភារី មេធាវី ការពារក្តីឱ្យលោក កឹម សុខា បានឆ្លើយតបវិញថាតុលាការបានយល់ព្រមទទួលរួចហើយនូវអត្ថបទដែលស្រង់ចេញពីខ្សែអាត់សំឡេងនោះ ដូច្នះហើយវាមិនមានបញ្ហានោះទេថាតើព្រះរាជអាជ្ញាស្តាប់ឬអត់។
លោក សុផល បានឆ្លើយតបទៅវិញថា៖« កន្លែងហ្នឹងចង់មានន័យយ៉ាងម៉េច ចង់ឱ្យស្តាប់ ឬមិនចង់ឱ្យស្ដាប់? លោកស្រីមិនអាចប្រើពាក្យបែបហ្នឹងបានទេណា ឬលោកស្រីគ្រាន់តែដាក់ភស្តុតាងហ្នឹងជាការលេងសើច»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលបានចូលរួមសវនាការកាលពីថ្ងៃពុធ មានប្រសាសន៍ថា វាសមហេតុផលថាសំណុំរឿងនេះដំណើរការយឺត ដោយសារភាពរឿងក្តីនេះវាជារឿងនយោបាយដែលរសើប។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាពួកគេមានចេតនា [អូសបន្លាយករណីនេះ] ដែលពាក់ព័ន្ធនឹងនយោបាយ។ តុលាការ បានរងឥទ្ធិពលពីអ្នកនយោបាយ»។
លោកបន្ថែមថា ប្រសិនបើតុលាការឯករាជ្យ ហើយចៅក្រមមានឆន្ទានុសិទ្ធិក្នុងដំណើរការតុលាការ ពួកគេគួរតែពន្លឿននីតិវិធី ដើម្បីបង្ហាញថាតុលាការមិនស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ។
សវនាការ លោក កឹម សុខា នឹងបន្តទៅថ្ងៃទី២ ខែមីនា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sokha’s lawyer asks for more trial days