សិល្បករចាប៉ីដងវែងដែលមានវ័យចាស់ៗនិងពិការភាពមួយចំនួនបានត្អូញត្អែរថា អាជីពចាប៉ីដងវែងរបស់ពួកគាត់បានជួបនឹងបញ្ហាមួយចំនួនដែលបណ្តាលឱ្យខ្វះខាតថវិកាក្នុងការចំណាយក្នុងគ្រួសារនិងព្យាបាលជំងឺ ទោះបីជាបញ្ហាកូវីដ១៩បានធូរស្បើយក៏ដោយ។
លោកព្រឹទ្ធាចារ្យ ឯ យិន មានវ័យ៦៥ឆ្នាំ បានរៀបរាប់ថា គាត់ចាប់អាជីពចាប៉ីដងវែងនេះជាយូរឆ្នាំមកហើយ ក្រោយពេលលោកពិការភ្នែកទាំងសងខាងដោយសារត្រូវគ្រាប់ក្នុងសម័យសង្គ្រាមក្នុងឆ្នាំ១៩៧៤ ហើយដោយសារតែពិការរភាពធ្វើអោយលោកចាប់យកជំនាញចាប៉ីដងវែងដើម្បីចញ្ចឹមជីវិត។
លោកបានរំលឹកពីអាជីពនេះថា គាត់បានរៀនចាប៉ីដងវែងក្នុងឆ្នាំ១៨៨៦ ហើយជាងរៀងរាល់ឆ្នាំក្នុងឱកាសបុណ្យអុំទូក គេតែងតែមានការប្រឡងចាប៉ីដងវែងក្នុងទីក្រុងភ្នំពេញ។ ដូចនេះហើយលោកបានចូលប្រឡងចាប៉ីដងវែងនេះក្នុងឆ្នាំ២០០១ ប៉ុន្តែមិនបានជាប់ចំណាត់ថ្នាក់អ្វីទេ ប៉ុន្តែលោកមិនបានបោះបង់ចោលទេ ដូច្នេះហើយក្នុងឆ្នាំ២០០២ លោកក៏បានព្យាយាមប្រឡងម្តងទៀត ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ២។ ក្នុងឆ្នាំ២០០៤ លោកក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់មកលោកក៏ត្រូវបានគេអញ្ជើញអោយលេងចាប៉ីដងវែងក្នុងកម្មវិធីផ្សែងៗ។
លោក យិន បានឱ្យដឹងទៀតថា អាជីពចាប៉ីដងវែងរបស់លោកបានជួបនឹងបញ្ហា ដោយសារបញ្ហាកូវីដផ្ទុះឡើង ដូច្នេះវាបានបណ្តាលឱ្យជីវភាពរបស់គាត់ក៏ធ្លាក់ចុះផងដែរ។
លោកប្រាប់ថា៖ «តាំងពីកូវីដមកទីផ្សារចាប៉ីដងវែងក៏ធ្លាក់ ចាប៉ីដែលគេជួលហើយគេក៏រើ[លប់ចោល]អស់វិញ។ កាលពីមុនក្នុងមួយខែរកបានបីទៅបួនរោងប៉ុន្តែឥឡូវ ក្នុងមួយខែបានតែមួយរោងហើយមានពេលខ្លះគឺទទេ»។
លោកព្រឹទ្ធាចារ្យ ឯ យិន បានរៀបរាប់បន្តថា គាត់ក៏មានជំងឺប្រចាំកាយ គឺជំងឺឫសដូងបាត និងលើសឈាម ដូចនេះគាត់ត្រូវការថវិកាដើម្បីព្យាបាលជំងឺជាប្រចាំ ប៉ុន្តែនៅពេលដែលអាជីពនេះជួបបញ្ហា ធ្វើឱ្យគាត់អត់មានលុយព្យាបាលជំងឺ។
លោក ឯ យិន ថ្លែងថា៖ «មិនហ៊ានទៅពេទ្យពេលឈឺម្តងៗបានត្រឹមតែទិញថ្នាំនៅ ហ្វាម៉ាស៊ី (Pharmacy) ឱ្យគេផ្សំឱ្យអស់១ម៉ឺនជាងលេបបានពីរទៅបីថ្ងៃ នៅពេលខ្វះលុយខ្លាំង [គាត់]តេទៅលោកជំទាវភឿង សកុណា ហើយលោកជំទាវតែងតែជួយ ដោយប្រើប្រាស់ថវិកាផ្ទាល់របស់លោកជំទាវ»។
លោកបានបន្តថា ទោះបីជារាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យទូទាំងប្រទេស ប៉ុន្តែគាត់មិនសូវឃើញមានអ្នកហៅឱ្យទៅច្រៀងដែរ។ ដោយឡែក ថ្ងៃមុន បានតែមួយរោងពីនាក់បង វណ្ណា រុន ទទួលបានលុយម្នាក់ ៤០ម៉ឺន ហើយគ្រាន់តែដកថ្លៃធ្វើដំណើរសល់តែម្នាក់២០ម៉ឺន។
លោក យិន បានឱ្យដឹងថា ការបង្រៀនសិស្សក៏មានការអន់ថយដែរ ដោយសារតែកូនសិស្សប្រឹងប្រែងរៀន តែទីផ្សារមិនសូវមាន។ ម្យ៉ាងវិញទៀតការមកហាត់រៀនចាប៉ី គឺឆ្ងាយ ដោយសារតែលោកព្រឹទ្ធាចារ្យ បានដូរទីតាំងបង្រៀនពីភ្នំពេញទៅខេត្តព្រៃវែងវិញ ដោយសារតែគាត់មិនមានប្រាក់បងថ្លៃផ្ទះជួល ហើយម្ចាស់ផ្ទះក៏ឱ្យចេញ គាត់ក៏សម្រេចចិត្តទៅរស់នៅឯខេត្តព្រៃវែងវិញ។
លោកបន្ថែមថា៖ «ដោយសារតែខានបង់បន្ទប់ជួលជិតមួយឆ្នាំ តែសំណាងម្ចាស់ផ្ទះបានអនុគ្រោះ គេថា រើឥវ៉ាន់ចេញទៅ ហើយមិនចាំបាច់បង់ថ្លៃបន្ទប់ទេ»។
លោក យិន បានសំណូមពរទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលមានលោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រីថា៖ «សូមជួយបណ្តុះបណ្តាលខាងសិល្ប:ចាប៉ីអោយមានការផុសផុល និងបន្តជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់សិស្សដែលចង់រៀនចាប៉ីដងវែងដែលខ្វះខាតថវិកា ដោយសារតែកាលពីមុនក្រសួងបានជួយឧបត្ថម្ភដែរ ប៉ុន្តែក្រោយមកទៀតក៏ត្រូវបានកាត់ផ្តាច់វិញមិនដឹងថា ដោយសារតែមូលហេតុអ្វី»។
លោក អ៊ិន សារុន ដែលមានវ័យ៨០ឆ្នាំ គាត់ពិការភ្នែកទាំងសងខាងដោយសារតែជំងឺលើសឈាមកាលពីលោកអាយុ៦០ឆ្នាំ។ លោកបានចេញច្រៀងចាប៉ីដងវែងតាំងពីឆ្នាំ១៩៦៣ ក្នុងវ័យ២១ឆ្នាំ។ ទោះបីជាលោកស្ថិតក្នុងវ័យ៨០ឆ្នាំក៏ដោយក៏លោកនៅតែបន្តច្រៀងចាប៉ីដងវែងដោយសារតែលោកត្រូវការថវិកាដើម្បីចញ្ចឹមគ្រួសារនិងព្យាបាលជំងឺផ្ទាល់ខ្លួន។
លោក សារុន បានថ្លែងថា៖ «លោកបានទទួលប្រាប់ឧបត្ថម្ភចំនួន ១០ម៉ឺនរៀងជារៀងរាល់ខែពីលោកជំទាវភឿង សកុណា ប៉ុន្តែសំរាប់ថវិកានេះពិតជាមិនអាចព្យាបាលជំងឺគ្រប់គ្រាន់ទេដោយសារតែលោកមានជំងឺជាច្រើនដូចជាជំងឺក្រពះ ពោះវៀន និងខ្លាញ់រុំបេះដូងផងដែរ»។
ភិន សាវៃ ជាអ្នកសម្របសម្រួលមូលនិធិចាប៉ីដងវែង បានមានប្រសាសន៍ថា លោកបានចាប់ផ្តើមរៀនចាប៉ីដងវែងនេះតាំងពីឆ្នាំ២០១៥មកម៉្លេះពីលោកព្រឹទ្ធាចារ្យ គង់ ណៃ។
លោកបន្តថា ព្រឹទ្ធាចារ្យចាប៉ីដងវែងមួយចំនួនដែលមានពិការភាពដូចជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លោកព្រឹទ្ធាចារ្យ កែ ប៉ិច លោកព្រឹទ្ធាចារ្យ សាក់ ភារម្យ លោកព្រឹទ្ធាចារ្យ ឯ យិន លោកព្រឹទ្ធាចារ្យ ណូន សុខ លោកព្រឹទ្ធាចារ្យ ងាំ ងូ លោកព្រឹទ្ធាចារ្យ អ៊ិន សារុន និងព្រឹទ្ធាចារម្យមួយចំនួនទៀតដែលមិនបានរៀបរាប់ឈ្មោះអស់។
លោកឱ្យដឹងទៀតថា លើសពីនេះក៏មានព្រឹទ្ធាចារ្យរបស់យើងមានវ័យជរាផងដែរដូចជា លោកព្រឹទ្ធាចារ្យ សៅ អៀង លោកព្រឹទ្ធាចារ្យ ឯល បៀន ហៅតាកំពូលពេជ្រ ឬ ឯល ពេជ្រ លោកព្រឹទ្ធាចារ្យ ស្មៀន យាន់ ព្រឹទ្ធាចារ្យ នេត ប៉េ ព្រឹទ្ធាចារ្យ អ៊ុង សឿន ហៅតាពូថៅឆែប ព្រឹទ្ធាចារ្យ ព្រឹទ្ធចារ្យ ស្មៀន ឈឺន ហៅតាពូថៅហោះ និងព្រឹទ្ធាចារ្យមួយចំនួនទៀតនៅខេត្តពោធិសាត់។
លោក សាវៃ លើកឡើងថា៖ «ក្នុងកំឡុងពេលកូវីដ ក្នុងអាជីពជាអ្នកសិល្បៈចាប៉ីដងវែង ដែលមិនសូវមានទីផ្សារបានធ្វើឲ្យលោកទាំងអស់ជួបបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ទាំងដែលខ្លួនពិការ និងបាត់បង់ថវិកាក្នុងការចំណាយប្រចាំថ្ងៃ»។
លោក សាវៃ បន្តទៀតថា លោកចង់ជួយជ្រោមជ្រែងចាប៉ីនេះ ហើយលោកបានបង្កើតក្រុមមូលនិធិចាប៉ីដងវែងដើម្បីកៀរគរថវិកាជួយជ្រោមជ្រែងចាប៉ីដងវែងនិងរៀបចំកម្មវិធីផ្សព្វផ្សាយឱ្យចាប៉ីដងវែងមានភាពរស់រវើកឡើងវិញ។
លោករំពឹងទុកថា៖ «លោកចង់ឃើញចាប៉ីដងវែងរីកចម្រើនឡើងវិញជាមួយនឹងអ្នករៀនសូត្របានច្រើន និងមានទីផ្សារឡើងវិញ»។
លោក សាំង ហៀត អាយុ៦០ឆ្នាំ ដែលជាអ្នកលក់ដូរនៅក្នុងខេត្តព្រៃវែងប្រាប់ថា គាត់គាំទ្រនិងចូលចិត្តស្តាប់ចាប៉ីដងវែង ប៉ុន្តែគ្រាន់តែឥឡូវមិនសូវមានចាក់តាមវិទ្យុ រឺទូរទស្សន៍ទេ។
លោក ហៀត ឱ្យដឹងថា៖ «គាត់ចូលចិត្តស្តាប់ចាប៉ីដងវែងដោយសារតែវាពិរោះនិងមានបង្កប់អត្ថន័យអប់រំជាមួយនឹងសំណើច ប៉ុន្តែពេលនេះមិនសូវបានស្តាប់ដូចពីមុនទេដោយសារតែមិនឃើញគេចាក់តាមទូរទស្សន៍ដូចកាលពីមុន»។ លោកបន្តថា៖ «កាលពីក្មេងគាត់ពេលមានបុណ្យទានម្តងៗ គាត់តែងតែទៅស្តាប់ចាប៉ីដងវែងនៅក្នុងវត្តអារាម ប៉ុន្តែឥឡូវមិនមានដូចពីមុនទេ»។
លោក ពៅ ពិសិដ្ឋ មានអាយុ៤០ឆ្នាំ ជាអ្នករត់កង់បីអស់រយៈពេល១៥ឆ្នាំហើយ បានឱ្យដឹងថា
គាត់ចូលចិត្តស្តាប់ចាប៉ីដងវែងកាលពីមុនដោយសារតែវាពិរោះ ហើយមានពាក្យចុងជួន និង កំប្លែងធ្វើអោយសប្បាយចិត្ត។ តែឥឡូវសិល្បករក្មេងៗលេង គាត់ស្តាប់មិនសូវយល់ហើយក៏មិនពិរោះដូចចាស់ៗពីមុនដែរ។
លោក ស៊ីយ៉ុន សុភារិទ្ធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេទេសនៃក្រសួងវប្បធម៍និងវិសិល្បៈ ថ្លែងថា នៅឆ្នាំ២០២០ សិល្បករចាប៉ីដងវែងសរុបមានចំនួន១២៤ ហើយក្នុងនោះមានស្ត្រីប្រាំបីនាក់។ ហើយឥឡូវនេះមានសិល្បករចាប៉ីដងវែងចំនួនបីនាក់ កំពុងតែបំរើការក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
លោក សុភារិទ្ធ មានប្រសាសន៍ថា៖ «ក្រសួងវប្បធម៌និងវិចិត្រសិល្ប: មិនអាចជួយសិល្បករបានទាំងអស់នោះទេ ព្រោះក្រសួងខ្វះខាតថវិកាប៉ុន្តែក្រសួងបានជួយជាករណីចាំបាច់»៕
ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីដែលមានខ្ទង់ ហើយមានការផ្លាស់ប្តូរសំឡេង គឺប្រែប្រួលទៅតាមគម្លាតខ្ទង់ដែលអ្នកលេងចាប់ខ្ទង់នីមួយៗទៅតាមចង្វាក់នៃខ្ទង់។ ជាការពិតណាស់ បានជាគេហៅថាចាប៉ីដងវែង ព្រោះវាមានដងវែងទន្ទាំ។ ចាប៉ីដងវែង មានឈ្មោះដើមថាជា ឈើប៉ីដងវែង ជាឧបករណ៍ដែលមានខ្សែពីរ ឬបួន តែមានសំនៀងតែពីរប៉ុណ្ណោះ។
ផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដូនតាខ្មែរយើងបន្សល់មកតាំងរាជធានីនៅរាជធានីភ្នំពេញក្នុងគ.ស ១៤៣២ នោះគេអាចសន្និដ្ឋានបានថា វត្តមានរបស់ចាប៉ីដងវែងក្នុងវប្បធម៌ខ្មែរ គឺកើតមានឡើងមុនឆ្នាំ ១៤៣២ ទៅទៀត។ ម្យ៉ាងវិញទៀត ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីដែលទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា និងសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ដូចជាការសម្តែងចាប៉ីដងវែង ក្នុងន័យអប់រំ និងការសម្តែងក្នុងភ្លេងអារក្ស ភ្លេងការ និងភ្លេងមហោរី។ល។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅពីវេលាម៉ោង២រសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) ត្រូវនឹងម៉ោង១០ព្រឹក នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី។ ការណ៍នេះ បានធ្វើឲ្យវប្បធម៍ខ្មែរ ជាពិសេសសិល្បៈចាប៉ីដងវែង បានបង្ហាញវត្តមានជាថ្មីម្តងទៀតលើឆាកអន្តរជាតិ ក៏ដូចជាការបង្ហាញនូវក្តៅសង្ឃឹមយ៉ាងមុតមាំទៅសិល្បករ សិល្បការិនី ជាពិសេសដល់ស្រទាប់យុវនជនជំនាន់ក្រោយឲ្យបន្តការខិតខំសិក្សារៀនសូត្រដើម្បីបន្តថែរក្សានូវមរតកមនុស្សរស់មួយនេះឲ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្ត។