សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនភៀសសឹកដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម និងធ្លាក់ខ្លួន«ពិការភាព» ពួកគេមិនចង់បានអ្វីក្រៅពី«សន្តិភាព»

លោក ណុល​ នី អាយុ៥៩ឆ្នាំ ជាអតីតទាហាន ដែលមានពិការភាពជើងខាងឆ្វេងដោយសារតែដើរជាន់គ្រាប់មីន កំពុងឈរនៅមុខតង់របស់គាត់​ នៅជំរំភៀសសឹក ក្នុងខេត្តព្រះវិហារ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​ ២០២៥​ ។ (ខេមបូចា/ ម៉ិច ជូឡាយ)
លោក ណុល​ នី អាយុ៥៩ឆ្នាំ ជាអតីតទាហាន ដែលមានពិការភាពជើងខាងឆ្វេងដោយសារតែដើរជាន់គ្រាប់មីន កំពុងឈរនៅមុខតង់របស់គាត់​ នៅជំរំភៀសសឹក ក្នុងខេត្តព្រះវិហារ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​ ២០២៥​ ។ (ខេមបូចា/ ម៉ិច ជូឡាយ)

ដោយ ម៉ិច ជូឡាយ និង គង់ ស្រីរ័ត្ន

ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដែលស្ថិតនៅលើដីក្រហម ក្រោមផ្ទៃមេឃខៀវស្រងាត់គ្របដណ្ដប់ពីលើ គឺមានដីទួលដ៏ធំមួយ បណ្ដុំទៅដោយខ្ទមដែលប្រក់តង់តូចធំរាប់ពាន់តង់ ខណៈពេលដែល មានចាស់ជរា ស្ត្រីមេម៉ាយ និងជនដែលមានពិការភាពកំពុងតែអង្គុយក្នុងខ្ទមតូចៗរបស់ពួកគេ ឯក្មេងៗវិញកំពុងតែរត់លេងនៅលើដងផ្លូវដែលមានស្លាកសញ្ញាមួយដ៏ធំសរសេរថា «កម្ពុជាត្រូវការសន្តិភាព»។

នៅក្នុងខ្ទមតូចប្រក់ដំបូលតង់ប្លាស្ទិកមានចងខ្សែខ្វាត់ខ្វែង ខ្ទមដែលគ្មានគ្រែ ប៉ុន្តែជំនួសដោយកន្ទេលកៅស៊ូ និងមុងភួយខ្នើយ ជុំវិញ អមទៅដោយខ្ទមតូចៗផ្សេងទៀតជាច្រើនដែលគេស្គាល់​​ថា ជាជំរំសម្រាប់ជនភៀសសឹកស្នាក់នៅ គឺមណ្ឌលភៀសសឹក វត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ កំពុងអង្គុយលើកន្ទេលក្រាលផ្ទាល់នៅលើដី លោក ណុល នី មានអាយុ៥៩ឆ្នាំ មកពីភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាអតីតទាហានតស៊ូមួយរូបតាំងពីឆ្នាំ១៩៨១ ហើយបានធ្លាក់ខ្លួនពិការភាពជើងឆ្វេង ជាអចិន្ត្រៃយ៍អស់រយៈពេលជិត៤០ឆ្នាំមកហើយ ដោយសារតែវិបត្តិសង្គ្រាមនៅសម័យរដ្ឋកម្ពុជា កំឡុងឆ្នាំ១៩៨៩។

កាលវ័យកុមារ លោកធ្លាប់បានឆ្លងកាត់នូវបញ្ហាសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឆ្នាំ ១៩៧៥-១៩៧៩  ដែលគេស្គាល់ថា ជាសម័យខ្មែរក្រហម ប្រជាជនខ្មែរទូទាំងប្រទេសបានរងទុក្ខវេទនាអស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ។

លោកជាសាក្សីមួយរូបដែលបានដឹង និងយល់ច្បាស់ថា បញ្ហាសង្គ្រាមតែងតែនាំមកនូវផលប៉ះពាល់ និងការគំរាមកំហែងដល់សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងខ្លួនលោកផ្ទាល់ផងដែរ ដែលធ្វើឱ្យលោក ណុល នី មានអារម្មណ៍ថា «ខ្ញុំឈឺចាប់ខ្លាំងណាស់បាទ » ហើយលោក​មិនចង់ឃើញប្រទេសមានសង្គ្រាមទៀតនោះទេ។

រៀបរាប់ទាំងទឹកមុខស្មើជាមួយសម្ដីម៉ាត់ៗមិនដាច់ពីគ្នាថា លោកមានការឈឺចាប់ និងភ័យខ្លាចនៅពេលដែលប្រទេសជាតិមានបញ្ហាសង្គ្រាម ដោយ​សារលោកបានឆ្លងផុតរួចជីវិតបានមកនេះគឺមិនងាយស្រួលនោះទេ។ លោកចង់ឱ្យប្រទេសមានសន្តិភាព និងកុំឱ្យមានសង្គ្រាមតទៅមុខទៀត ព្រោះលោកមិនចង់ឱ្យកូនចៅជំនាន់ក្រោយរបស់លោកទទួលបានបទពិសោធន៍មិនល្អ និងលំបាកដូចលោកនោះទេ។

លោក ណុល នី បន្តថា៖ «ខ្ញុំភ័យខ្លាចរឿងសង្គ្រាមព្រោះសង្គ្រាមសម័យខ្ញុំវាផុតហើយ តែនៅចុងក្រោយនេះ ភ័យខ្លាចអី ភ័យខ្លាចដោយសារកូនចៅខ្ញុំ…អ្នកខ្លះក៏បានឆ្លង អ្នកខ្លះក៏មិនបានឆ្លង។ ឥឡូវខ្ញុំភ័យខ្លាចណាស់»។

អតីតយុទ្ធជនចូលនិវត្តន៍រូបនេះបានបង្ហាញពីក្ដីទុក្ខព្រួយថា បញ្ហាសង្គ្រាមរវាងខ្មែរ-ថៃ នេះធ្វើឱ្យលោកបាត់បង់ប្រាក់ចំណូល និង​ខាត​បង់ពេលវេលា មិនអាចធ្វើការងារបានដូចសព្វមួយដង ហើយទ្រព្យសម្បត្តិជាច្រើន រួមទាំងសត្វ និងរបស់ប្រើប្រាស់ផ្សេងៗ ត្រូវបានគេលួច និងបំផ្លាញគ្មានសល់នោះទេ។ លោកមិនដឹងថាត្រូវធ្វើបែបណាបន្តទៅមុខទៀតបន្ទាប់ពីបញ្ហាសង្គ្រាមបញ្ចប់ទៅ តែបញ្ហាជីវភាព​គ្រួសារ បញ្ហាសេដ្ឋកិច្ច នឹងក្លាយជារឿងមួយប្រឈមសម្រាប់គ្រួសារលោក។

លោក ណុល នី លើកឡើងថា៖ «វិលពីជំរំទៅវិញ [ទៅផ្ទះវិញ] មិនដឹងបានអីទីពឹងទេ អស់ហើយរាល់ថ្ងៃនេះ គេគាស់គេកាយផ្ទះសម្បែង អស់ហើយអារឿងទ្រព្យរបស់ហ្នឹងហ៎ នឹកគិតថាវិលពីជំរំទៅវិញមិនដឹងបានអីទីពឹងទេ»។

ក្រៅពីការប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត និងព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ លោក ណុល នី មានការពិបាកជាខ្លាំង ត្រូវមករស់នៅក្នុងខ្ទមដ៏តូចនៅលើដីផ្ទាល់ មិនមានជញ្ជាំងបិទជិតត្រឹមត្រូវនោះទេ នៅពេលដែលមានភ្លៀង និងខ្យល់ម្ដងៗតែងតែបោកបក់ខ្ទមក៏ដូចជាសម្ភារៈ​ប្រើប្រាស់ផ្សេងៗ ហើយទឹកលិចពាសពេញទីតាំងដែលលោករស់នៅផងដែរ ព្រោះនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ និងមានខ្យល់បក់បោកខ្លាំងផងដែរ។

លោក ណុល នី បន្ថែមថា៖ «ពេលខ្ញុំភៀសខ្លួនមកនេះ ពិបាកណាស់ ពិបាកទី១ យើងនៅណានៅហ្នឹងដី ទី២ ទាំងដែលការហូបចុកវាមិនសូវអីទេ តែគ្រាន់ថា ដូចថាវាផ្ទាល់នឹងដី ភ្លៀងរលឹម តង់ខ្យល់បក់បោកមកលំបាក ហើរឆ្នាំងហើរចានហ្នឹងហើយ ខោអាវ ពេលខ្យល់​បក់មកម្ដងៗ»។

ជាអតីតទាហាននៅក្នុងសម័យសង្គ្រាមស៊ីវិលកាលពីឆ្នាំ១៩៧០ ក្នុងរបបសាធារណរដ្ឋ​ខ្មែរ លោក ឆៃ យីម អាយុ ៧៨ឆ្នាំ មកពីឃុំកន្ទួត ​ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ថា លោកមានបទពិសោធន៍ឆ្លងកាត់សង្គ្រាមជាច្រើនមកហើយ និងធ្លាប់ធ្វើជាទាហានតស៊ូម្នាក់យ៉ាងស្វិតស្វាញកាលពីឆ្នាំ១៩៧០ រហូតដល់សម័យខ្មែរក្រហម តែជាអកុសល លោកធ្លាក់ខ្លួនពិការភាពជើងខាងស្តាំជិត​​៥០​ឆ្នាំ​មកហើយ ដោយសារគ្រាប់បែកផ្លោងនៅសម័យខ្មែរក្រហមនៅកំឡុងឆ្នាំ១៩៧៥-១៩៧៩ ​។

លោកតា ឆៃ យីម ចង់ឃើញប្រទេសមានសន្តិភាព គ្មានសង្គ្រាម ហើយគ្រួសារលោក និងបងប្អូនដែលនៅជំរំភៀសសឹកទាំងអស់អាចវិលត្រឡប់ទៅស្រុកកំណើតវិញ និងអាចប្រកបរបរចិញ្ចឹងជីវិតរបស់ពួកគេរៀងៗខ្លួន។

លោក ឆៃ យីម លើកឡើងថា៖ «ខ្ញុំចង់ឱ្យបាន ចង់ឃើញឱ្យបានតែចប់សង្គ្រាមទៅខ្ញុំអរហើយ  ចប់ ដូចយើងទៅស្រុកទៅទេសវិញទៅ»។

លោក ឆៃ យី អាយុ៧៨ឆ្នាំ ធា្លប់ធ្វើជា​ទាហានដែលមានពិការភាពជើងខាងស្តាំដោយសារតែដើរជាន់គ្រាប់មីន កំពុងតែអង្គុយជិតតង់របស់គាត់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​ ២០២៥​។ (ខេមបូចា/ ម៉ិច ជូឡាយ)

លោកតា មានការប៉ះទង្គិចផ្លូវចិត្ត និងមានអារម្មណ៍ឈឺចាប់នៅពេលដែលប្រទេសថៃធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀត ដែលតម្រូវឱ្យលោក និងក្រុមគ្រួសារ ត្រូវភៀសខ្លួនចេញពីទីកន្លែងដែលខ្លួនរស់នៅ ទៅរកទីកន្លែងដែលមានសុវត្ថិភាពបណ្ដោះ​អាសន្នសិន។

លោក ឆៃ យីម បន្តថា៖ «ខ្ញុំឈឺចាប់ណាស់ សុំគេទៅវ៉ៃដែរ តែគេមិនឱ្យទៅ ចាស់ហើយ»។

លោកបន្តថា ទាហានថៃបានធ្វើការវាយប្រហារមកតំបន់ដែលលោករស់នៅ និងតំបន់ជាច្រើននៅក្នុងខេត្តព្រះវិហារបានទទួលរកការបំផ្លាញពី​គ្រាប់​ផ្លោង​កាំភ្លើង​ធំ និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​អាកាស និងផ្សែងពុលផងដែរ។

បើទោះបីជាលំបាកយ៉ាងនេះក្ដីក៏លោកតា ឆៃ យីម ទ្រាំតស៊ូបន្តទៅមុខទៀតរហូតដល់ប្រទេសទទួលបានសុខសន្តិភាពពេញលេញម្ដងទៀត។

លោក ឆៃ យីម បន្ថែមថា​៖ «លំបាក ទោះបីលំបាកយ៉ាងណាក៏ទ្រាំ ទ្រាំ»។

តាមសេចក្តីថ្លែងការណ៍ចេញផ្សាយនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុមអង្គការសង្គមស៊ីវិល ចំនួន​៨ រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)​  និងវេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជាជាដើម បានរកឃើញថា ការប្រើសារធាតុគីមី និងផ្សែងពុលពីសំណាក់ទាហានថៃមកលើប្រជាជនកម្ពុជា ក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រជាជនដែលនៅតាមតំបន់ព្រំដែននោះបានរងផលប៉ះពាល់ដល់សុខភាព និងអាចបង្កជាហានិភ័យក្នុងរយៈពេលវែងផងដែរ។

នៅលើគោយន្ត នៅក្នុងជំរំភៀសសឹក អតីតទាហានម្នាក់ដែលមានពិការជើងស្តាំម្ខាង តាំងពីសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ១៩៧៩ លោក សំ សេង អាយុ ៦១​ មកពីភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើកឡើងថាសន្តិភាពមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទាំងមូល ព្រោះវាធ្វើឱ្យប្រទេសមានស្ថិរភាព និង «សន្តិភាពមានសារៈសំខាន់ព្រោះថាប្រជាពលរដ្ឋមានការកក់ក្ដៅ» ពលរដ្ឋគ្មានទុក្ខព្រួល ក្ដីកង្វល់ ហើយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

កំពុងអង្គុយលើគោយន្តបណ្តើររៀបរាប់ពីក្ដីកង្វល់របស់ខ្លួនបណ្តើរថា ខ្លួនលោកធ្លាប់បានឆ្លងកាត់សង្គ្រាមច្រើនណាស់ ហើយបញ្ហាសង្គ្រាមនេះវាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់លោក ប៉ះពាល់ដល់សុខភាព ធ្វើឱ្យបាត់បង់ចំណូល ខាតបង់ពេលវេលា និងជាពិសេសវាប៉ះពាល់ដល់ការសិក្សារបស់កូនៗលោកផងដែរ នៅពេលបច្ចុប្បន្ននេះកូនៗរបស់លោកមិនអាចទៅសាលារៀនបាននោះទេ។

លោក សំ សេង ថា៖ «វាពិបាករឿងការរស់នៅ ដូចជាភៀសខ្លួនមកអ៊ីចឹងទៅវាមិនដូចជាការស់នៅ នៅក្នុងផ្ទះទេ វាប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់កូនចៅរៀនសូត្រ ប៉ះពាល់ដល់ការធ្វើការប្រកបកិច្ចការងារ ប្រាក់ចំណូលចំណាយហ្នឹងវារកអត់កើត»។

អង្គុយនៅលើរទេះរុញ នៅក្នុងខ្ទម លោក លក្ខណ មានអាយុ៤៥ឆ្នាំ មកពីភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ថា លោកធ្លាក់ខ្លួនពិការស្វិតជើងទាំងសងខាង តាំងពីលោកមានអាយុ​៥ឆ្នាំម្លេះ នៅក្នុងកំឡុងពេលដែរប្រទេសជាតិមិនទាន់មានស្ថិរភាពពេញលេញ លោកមានជំងឺ ហើយគ្មានការព្យាបាលត្រឹមត្រូវនោះទេ។

បញ្ហាសង្គ្រាមបានប៉ះទង្គិចផ្លូវចិត្តរបស់លោកជាខ្លាំង ហើយលោកមានអារម្មណ៍ឈឺចាប់នៅពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាមជាមួយប្រទេសថៃ ហើយថៃតែងតែមើលងាយមកលើប្រទេសកម្ពុជា និងបង្កសង្គ្រាមម្ដងហើយម្ដងទៀតបែបនេះ។

លោក លក្ខណ បន្តថា៖ «ប៉ះពាល់ច្រើន ប៉ះពាល់អារម្មណ៍ផ្លូវចិត្ត កាលណានឹកឃើញគេជិះជាន់ទឹកដី ណាគេមើលងាយយើង បានប៉ះពាល់ច្រើន ប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្ញុំជាជនពិការ»។

កំពុងអង្គុយលើរទេះរុញបណ្ដើររៀបរាប់បណ្ដើរថា  លោកចង់ឃើញប្រទេសជាតិមានសន្តិភាព និងគ្មានសង្គ្រាម ព្រោះនៅពេលប្រទេសជាតិគ្មានសង្គ្រាមប្រជាជនមានឱកាស អាចធ្វើដំណើរទៅណាមកណាបានស្រួល អាចស្វែងរកការងារធ្វើតាមតម្រូវការ គ្មានការព្រួយបារម្ភ គ្មានការភ័យខ្លាចពីសុវត្ថិភាព គ្មានការគំរាមកំហែងអាយុជីវិតនោះទេ។

លោក លក្ខណ ថា៖ «អត់មានសង្គ្រាម ទៅណាយើងអត់បាច់ភ័យព្រួយ ឮសម្លេងគ្រាប់ ឈ្លោះបាញ់អី ដូចថាយើងទៅណាមានសេរីភាព ទៅរកការងារធ្វើក៏បាន ទៅខេត្តណាក៏បាន ដល់ពេលនេះមានអីទៅខេត្តណាមិចបានព្រោះអីផ្ទះយើងកំពុងអ៊ីចឹង»។

ខ្ទមតូចៗរបស់ប្រជាពលរដ្ឋភៀសសឹក នៅជំរំវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ថតនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២៥​ ។ (ខេមបូចា/ ម៉ិច ជូឡាយ)

អភិបាលរងខេត្តព្រះវិហារ និងជាក្រុមការងារនៅមណ្ឌលភៀសសឹក វត្តពោធិ៍ ៥០០០ដើម លោក សុខ សាន្តតារ៉ា មានប្រសាសន៍ថា ជនភៀសសឹកដែលភៀសខ្លួនមកនៅជំរំភៀសសឹកនេះកាលពីមុនមានចំនួនសរុប ២ម៉ឺននាក់ ស្មើនឹង ៥ ៥០០គ្រួសារ តែពួកគាត់បាន​វិលត្រឡប់ទៅស្រុកកំណើតខ្លួនជាបណ្ដើរៗហើយ។ បច្ចុប្បន្ននៅសល់តែ ២ ១៧០គ្រួសារ ស្មើនឹង ៧ ៨៨៦នាក់ ហើយមានចំនួនស្ត្រីច្រើនជាងបុរសផងដែរប្រហែល ៥ពាន់នាក់ជាង ក្នុងនោះមានស្រ្តីមានផ្ទៃពោះសរុបចំនួន ៦១នាក់ កុមារសរុបមាន ២ ៤៦៥ នាក់ កុមារីមាន ១ ២៤៧នាក់ និងជនដែលមានពិការភាពនៅសល់សរុបជាង ១០០នាក់ផងដែរ។

លោកបានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរចង់បានសន្តិភាព និងចង់បញ្ចប់សង្គ្រាម ពីព្រោះ​​ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមឥតឈប់ឈរជាច្រើនទសវត្សរ៍ ហើយនៅឆ្នាំ ២០០៨ និងឆ្នាំ២០១១ ក៏មានសង្គ្រាមកើតឡើងផងដែរ ដែលកងទ័ពថៃបានចូលឈ្លាន​ពាន​លើទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារ ដែលបញ្ហាសង្គ្រាមទាំងនោះវាបានប៉ះពាល់ដល់មនុស្សគ្រប់គ្នា មិនថាប្រជាជនដែលមានវ័យចំណាស់ ឬក៏ក្មេងៗនោះទេ សុទ្ធតែឆ្លងកាត់​សង្គ្រាម ដែលវាប៉ះទង្គិចជាខ្លាំងដល់ផ្លូវចិត្តរបស់ពួកគាត់ ពួកគាត់មានការភ័យក្លាច និងបាក់ស្បាត​ខ្លាចមិនចង់ឱ្យមានសង្គ្រាមកើតឡើង និងអូសបន្លាយយូរនោះទេ ចំពោះបញ្ហា​សង្គ្រាម​ដែលកំពុងកើតឡើងថ្មីៗនេះ។

លោក សុខ សាន្តតារ៉ា បានថ្លែងថា៖ «យើងធ្លាប់មានចម្បាំងរាប់ទសវត្សរ៍ហើយ អ៊ីចឹងទេបងប្អូនយើងដែលមានវ័យចំណាស់ៗ គាត់ឆ្លងកាត់ ហើយជាពិសេសអឺបងប្អូនកូនក្មួយទាំងអស់ដែលមានអាយុជាង១០ឆ្នាំក៏បានជួបប្រទះដែរ ពួកយើងឆ្លងកាត់ការទន្ទ្រានពីសំណាក់ទ័ពសៀម នៅក្នុងឆ្នាំ ២០១១ ២០១២ ទាំង ២០១០។ អ៊ីចឹងយើងធ្លាប់មានស្នាមការប្រព្រឹត្តនូវអំពើឈ្លានពានរបស់សៀម អញ្ចឹងទេ អាការប្រព្រឹត្តនេះឯងវាចូលទៅក្នុងអារម្មណ៍នៅក្នុងអឺការភ័យក្លាចចំពោះចោរជិតខាងរបស់យើង»។

តាមរបាយការណ៍ស្ទង់មតិរបស់អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា(World Vision) ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះបង្ហាញថា ជិតពីរភាគបី ឬប្រហែល ៦៦ភាគរយ​នៃគ្រួសារជនភៀសសឹកដែលមកពី៤៣ជំរំភៀសសឹក កំពុងរងការប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ផងដែរថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង បានបង្ហាញពីលទ្ធផលវិជ្ជមានមួយចំនួន ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា រយៈពេល៣សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ហើយនឹងការពិភាក្សា​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨នាក់​ឱ្យឆាប់​បាន​វិល​ត្រលប់​មកកម្ពុជា​វិញ​។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសថៃគឺជាម្ចាស់ផ្ទះដែរ។

នាយកប្រតិបត្តិអង្គការ​ពិព័រណ៍​សន្តិភាព​កម្ពុជា លោក ណា រតនៈ បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើន ហើយ​បញ្ហាសង្គ្រាមទាំនោះបានបន្សល់ទុកនូវការឈឺចាប់ជាច្រើនដល់ប្រទេសកម្ពុជា ហើយវាបានដក់ជាប់នៅក្នុងចិត្ត និងការចងចាំរបស់ប្រជាជនទាំងអស់ដែលបានឆ្លងកាត់សង្គ្រាមទាំងនោះ។

មិនតែប៉ុណ្ណោះ បើទោះបីជាប្រជាពលរដ្ឋមួយចំនួនដែលមិនបានឆ្លងកាត់សង្គ្រាមក៏ដោយ ក៏ពួកគាត់មានការឈឺចាប់ដូចគ្នាផងដែរ នៅពេលដែលពួកគាត់បានសិក្សា និងយល់ដឹងពីប្រវត្តិសាស្ត្រសង្គ្រាមទាំងនោះដែលដូនតារបស់ពួកគាត់បានទទួលរងនៅការឈឺចាប់ និងទុក្ខវេទនាជាច្រើន។

លោកបានបន្ថែមថា៖ «ពេលយើងសិក្សាពីប្រវត្តិសាស្ត្រ ចិត្តរបស់យើងមានការឈឺចាប់ និងគិតពីសង្រ្គាមភ្លាមៗ»។

យ៉ាងណាមិញ ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវធ្វើយ៉ាងណាឱ្យប្រទេសទទួលបានសន្តិភាព និងព្យាបាលដំបៅដែលធ្វើឱ្យមានការឈឺចាប់ទាំងនោះ ហើយធ្វើយ៉ាងណាឱ្យប្រជាជនទទួលបានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក្នុងវត្តពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ មានពុទ្ធសាសនិក និងជនភៀសសឹកជាច្រើនបានមកជួបជុំគ្នាធើ្វសមាធិដើម្បីសូមសន្តិភាព នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២៥។​ (ខេមបូចា/ ម៉ិច ជូឡាយ)

ដោយសារតែបញ្ហាសង្គ្រាមមិនបានជួយអ្វីក្រៅពីផ្ដល់ការលំបាកនោះទេ លោក ណុល នី និង ប្រភពផ្សេងទៀត ចង់ឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាដោះស្រាយបញ្ហាសង្គ្រាមនេះឱ្យបានឆាប់រហ័សដើម្បីប្រជាពលរដ្ឋអាចទទួលបានក្ដីសុខ សុវត្ថិភាព និងគ្មានក្ដីកង្វល់ គ្រួសារលោក និងជនភៀសសឹកផ្សេងទៀតអាចវិលត្រឡប់ទៅស្រុកកំណើតពួកគេវិញ។

 លោក ណុល នី បានបន្ថែមថា៖ «រកសន្តិវិធីណាដើម្បីឱ្យខ្ញុំឈប់ភ័យឈប់ខ្លាច។ ខ្ញុំរាល់ថ្ងៃមិនបានទាមទារអីទេ ទាមទារចង់ឱ្យបានសន្តិភាព សន្តិភាពឆាប់ៗមកដើម្បីខ្ញុំបានវិលទៅផ្ទះ ទៅសម្បែង ទៅស្រុកខ្ញុំវិញ តែប៉ុណ្ណឹងទេ…។ ចង់ឱ្យរាជរដ្ឋាភិបាលដោះស្រាយវិធីណាដើម្បីឱ្យយើងបានសន្តិភាពឆាប់ៗ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម